ភ្នំពេញៈ មិត្តភក្ដិ និង​សាច់ញាតិ​បាននាំគ្នា​ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា និង​អុជ​ធូប​រំឭក​វិញ្ញាណ​ក្ខន្ធ​នៅ​ទីតាំង​រូប​សំណាក​លោក ជា វិជ្ជា គម្រប់​ខួប ១៥ ឆ្នាំ កាល​ពី​ម្សិលមិញ ខណៈ​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា បន្ត​មាន​សេរីភាព​នៅ​ឡើយ ហើយ​ខាង​អាជ្ញាធរ​វិញ​បាន​ធ្វើការ​អះអាង​ថា ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​រូប​នេះ កំពុង​បន្ត។

ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ ១៥ ឆ្នាំ​នៃ​មរណភាព​របស់លោក ជា វិជ្ជា ដែលជា​អតីត​ប្រធាន​សហជីព​សេរី​កម្ពុជា ក្រុម​អ្នក​ចូលរួម​មួយ​ចំនួន​បាន​ថ្លែង​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បើក​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​របស់​លោក ជា វិជ្ជា។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​អះអាង​ថា ការ​អូស​បន្លាយ​រក​ឃាតករ​ពិត មិន​ទាន់​ឃើញ​នេះ គឺជា​រូបភាព​មួយ​បន្ត​គំរាម​កំហែង​ដល់​អ្នក​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស ក៏​ដូចជា​សហជីព​ទាំង​អស់​ដែល​កំពុង​បំពេញ​ការងារ​ការពារ​សិទ្ធិ​ជូន​កម្មករ ខ្លាច​ញញើត​ក្នុងការ​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​របស់​ខ្លួន។

លោក ធន់ បាន​ថ្លែងថា៖ «រដ្ឋាភិបាល​មិនត្រូវ​ទុកឱ្យ​ជនណាម្នាក់​ត្រូវគេ​បាញ់​សម្លាប់​ទាំង​អយុត្តិធម៌​ឡើយ ព្រោះ​កម្ពុជា​មាន​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​បុគ្គល សិទ្ធិ​ជន​រង​គ្រោះ និង​ច្បាប់​ការពារ​ជីវិត​របស់

ពលរដ្ឋ​គ្រប់​រូប»។

លោក ធន់ បាន​ថ្លែងបន្តថា លោក ជា វិជ្ជា ត្រូវបាន​បាញ់សម្លាប់​កណ្ដាល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០០៤ ហើយ​ក្រោយ​មក​មាន​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណា​រ៉េត ក៏​ជា​តំណាង​សហជីព​នៅ​តាម​មូលដ្ឋាន​ទៀត ហើយ​អ្នក​ទាំង​អស់​នេះ ក៏​អត់​ទាន់​រក​ឃាតករ​ឃើញ​ដែរ។

កាលពី​ឆ្នាំ ២០១៣ តុលាការ​កំពូល​បានសម្រេច​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​សង្ស័យ​ចំនួន ២ នាក់ គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​គេ​ហៅថា​ជា​ឃាតករ​សិប្បនិម្មិត​សម្លាប់​លោក ជា វិជ្ជា ឱ្យមាន​សេរីភាព​វិញ ក្រោយ​ពី​ពួកគេ​ត្រូវ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​ប្រហែល ៦ ឆ្នាំ តាម​ការ​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​គុក ២០ ឆ្នាំ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ទី ១៤ មករា​កន្លង​មក​នេះ​ថា អាជ្ញាធរ​មិន​ទាន់​រក​ឃើញ​ភ័ស្ដុ​តាង​អ្វី​ថ្មី ប៉ុន្តែ​ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​ធ្វើ​ឡើង​ជា​ដដែល។

លោក សុភ័គ ថ្លែងថា៖ «ចង់​បញ្ជាក់ថា សំណុំរឿង (ឃាតកម្ម​លើ​លោក ជា វិជ្ជា) មិន​ទាន់​ចប់​ទេ»។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ថ្លែងថា៖ «សំណុំ​រឿង​របស់ ជា វិជ្ជា ហាក់​មាន​ការ​ជាប់​ពាក់ព័ន្ធ​ច្រើន​ជាមួយ​អ្នក​មាន​អំណាច ព្រោះ​ខ្ញុំ​បាន​នាំ​លោក ជា វិជ្ជា ទៅ​ប្ដឹង​ដល់​អាជ្ញាធរ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក ជា វិជ្ជា រង​ការ​គំរាម​សម្លាប់ ប៉ុន្តែ ២-៣ ថ្ងៃ​ក្រោយ​មក អាជ្ញាធរ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឆ្លើយ​តប​មក​ពួក​យើង​វិញ​ថា បុគ្គល​ដែល​ខល​ទូរស័ព្ទ​គំរាម​សម្លាប់​លោក ជា វិជ្ជា គឺជា​អ្នក​មាន​អំណាច​ខ្ពង់​ខ្ពស់​ម្នាក់ ដែល​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ។ (ប៉ុន្តែ) ខ្ញុំ​មាន​ជំនឿ​ថា​រដ្ឋាភិបាល ក៏​ដូចជា​អាជ្ញាធរ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​វែក​មុខ​រក​ឃាតករ​ពិត»។

ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ នោះ​ផងដែរ លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ថ្លែង​ថា មូល​ហេតុ​ដែល​កម្មករ​មិន​អាច​បំភ្លេច​បាន​ចំពោះ​ស្នាដៃ​របស់​លោក ជា វិជ្ជា គឺ​ដោយសារ​បុគ្គល​តែ​ម្នាក់​នេះ​បាន​បង្រៀន និង​កសាង​សមត្ថភាព​ដល់​កម្មករ ក្នុងការ​បង្កើត​ឱ្យ​មាន​ចលនា​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ពៅ ថ្លែងថា៖ «ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​កាល​ខ្ញុំ​នៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ ខ្ញុំ​តែង​តែ​ជួប​លោក ជា វិជ្ជា រៀង​រាល់​ថ្ងៃ​អាទិត្យ​នៅ​ពេល​ខ្ញុំ​សម្រាក​ពី​ការងារ គាត់​បាន​បង្រៀន​យើង​ខ្ញុំ​នៃ​ការ​កសាង ចងក្រង​ចលនា​សហជីព​នៅ​តាម​បណ្ដា​រោងចក្រ​សហគ្រាស ហើយ​គឺជា​គ្រឹះ​នៃ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ នេះ​គឺជា​ចំណុច​សំខាន់​ដែល​យើង​ទាំង​អស់​គ្នា​ជា​អតីត​កម្មករ​មិន​អាច​បំភ្លេច​បាន»។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​អះអាង​ថា ជុំវិញ​ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​សហជីព ជាពិសេស​សំណុំ​រឿង​របស់​លោក ជា វិជ្ជា គឺ​ខាង​អង្គការ ILO និង​សហគមន៍​អន្តរជាតិ​តែង​តែ​ទទូច​ឱ្យមាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​រក​ឱ្យ​ឃើញ​ឃាតករ​ពិត និង​អ្នក​នៅ​ពីក្រោយ។

លោក សំអាត ថ្លែង​ថា​៖ «បើ​យើង​មើល​ទៅ​ហាក់​ដូចជា​អំពើ​និទ្ទណ្ឌ​ភាព​មួយ​ពី​ព្រោះ ១៥ ឆ្នាំ​ហើយ​ទោះបី​រដ្ឋាភិបាល​ថា​នៅ​តែ​បន្ត​ក៏ដោយ ប៉ុន្តែ​ការ​បង្កើត​គណៈកម្មការ​ធ្វើការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ជា​ញឹក​ញាប់ អត់​ទាន់​មាន​បង្ហាញ​អំពី​លទ្ធផល​ឬ​ការ​វិវឌ្ឍ​ទេ»៕