
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកអំណោយចែកជូនប្រជាពលរដ្ឋនាពេលកន្លងមក។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញៈ មន្ត្រីអង្គការសង្គមស៊ីវិលបានទទួលស្គាល់ និងអះអាងថា មិនមានករណីដែលពលរដ្ឋអត់មានបាយ ឬអ្វីហូបនៅក្នុងផ្ទះនោះទេ ខណៈរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ព្រមទាំងអង្គការសង្គមស៊ីវិល កំពុងបន្តផ្តល់ស្បៀងអាហារទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។
មកដល់ពេលនេះ សាលារាជធានីភ្នំពេញបានខិតខំនាំយកអំណោយជាស្បៀង និងគ្រឿងឧបភោគបរិភោគចែកជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត និងអ្នកដែលរស់នៅក្នុងតំបន់ក្រហមបានជិត ២០ ម៉ឺនគ្រួសារហើយ ដែលទទួលបានអំណោយជាស្បៀងសម្រាប់ផ្គត់ផ្គង់ដល់ពួកគាត់។
ប្រជាពលរដ្ឋដែលទទួលបានស្បៀង និងមិនទាន់ទទួលបានស្បៀង
លោក ហុន សីហា ជាប្រជាពលរដ្ឋនៅក្នុងសង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ បានទទួលអំណោយពីអាជ្ញាធររួចហើយ កាលពីថ្ងៃទី ២៨ ខែមេសា ជាអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមី សម្រាប់ផ្គត់ផ្គង់ដល់គ្រួសាររបស់លោកមួយរយៈទៀតរហូតដល់មានការបើកផ្លូវឡើងវិញជាធម្មតា។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃអាទិត្យថា៖ «ម្ចាស់ផ្ទះជួលរបស់ខ្ញុំ គាត់បានស្វះស្វែងជួយកត់ឈ្មោះពួកខ្ញុំ ដែលជួលបន្ទប់ស្នាក់នៅ ហើយបញ្ជូនឈ្មោះទៅខាងមេភូមិ ដើម្បីខាងអាជ្ញាធរចុះយកអំណោយចែកមកឱ្យពួកយើង»។
លោក សីហា ថា ស្បៀងទាំងនេះ អាចជួយដល់គ្រួសាររបស់លោកដែលមានចំនួន ៤ នាក់ ប្រហែលជាបានរយៈពេល ១ ខែ ហើយលោកសង្ឃឹមថា អាជ្ញាធរនឹងបើកផ្លូវឡើងវិញ ហើយជំងឺកូវីដ ១៩ នឹងមានការធូរស្បើយក្នុងពេលឆាប់ៗ។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី សេង រ័ត្ន ដែលកំពុងរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌមានជ័យ បានប្រាប់ផងដែរថា អ្នកស្រីបានទទួលអំណោយជាស្បៀងកាលពីថ្ងៃសៅរ៍ ទី ០១ ខែឧសភា បន្ទាប់ពីម្ចាស់ផ្ទះជួលរបស់គាត់ស្រង់ឈ្មោះបញ្ជូនទៅអាជ្ញាធរ។
អ្នកស្រី សេង រ័ត្ន បានប្រាប់ថា៖ «ខ្ញុំកត់ឈ្មោះប្រហែលជា ១ ខែហើយ ទើបតែទទួលបានអំណោយនៅថ្ងៃម្សិលមិញ។ ខ្ញុំមិនដឹងមូលហេតុយ៉ាងណាទេ តែខ្ញុំឮគេថា គេចែកទៅដល់អ្នកដែលជួបការលំបាកខ្លាំងមុនសិន ទើបចែកមកដល់ពួកខ្ញុំ»។
អ្នកស្រីបន្ថែមថា នៅម្តុំកន្លែងអ្នកស្រីរស់នៅនេះក៏មានអ្នកដែលមិនទាន់បានទទួលអំណោយដែរ ដោយសារម្ចាស់ផ្ទះជួលមិនសូវយកចិត្តទុកដាក់ក្នុងការស្រង់ឈ្មោះអ្នកដែលជួលបន្ទប់ស្នាក់នៅ យកទៅឱ្យមេភូមិ ឬសង្កាត់។
ដោយឡែកអ្នកស្រី ពេជ្រ សុភឿន អាយុ ៤០ ឆ្នាំ ដែលកំពុងតែស្នាក់នៅបន្ទប់ជួលមួយក្នុងភូមិតំណាក់ធំ ៤ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ដែលទើបតែព្យាបាលជាសះស្បើយពីជំងឺកូវីដ ១៩ និងកំពុងបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អ្នកស្រីមិនទាន់បានទទួលអំណោយ ឬស្បៀងពីអាជ្ញាធរនៅឡើយទេ ចាប់តំាងពីមុនពេលអ្នកស្រីមានជំងឺរហូតមកដល់ពេលនេះ។
អ្នកស្រី ពេជ្រ សុភឿន បានប្រាប់ថា៖ «ម្ចាស់ផ្ទះខ្ញុំបានស្រង់ឈ្មោះពួកខ្ញុំហើយ តែមកដល់ពេលនេះ មិនទាន់មានអ្នកណាយកអំណោយមកឱ្យពួកខ្ញុំទេ ហើយម្ចាស់ផ្ទះខ្ញុំក៏មិនសូវជាយកចិត្តទុកដាក់ជួយពួកយើងសោះ»។
អ្នកស្រីបានបន្តថា៖ «ពេលខ្ញុំសួរគាត់គាត់ឱ្យខ្ញុំទាក់ទងទៅមេភូមិដោយខ្លួនឯងទៅ តែដោយសារខ្ញុំមិនមានលុយសម្រាប់ទាក់ទងទៅមេភូមិទើបបានជាខ្ញុំមិនទាន់ទទួលបានអំណោយនេះ។ ម្ចាស់ផ្ទះរបស់ខ្ញុំពិបាកណាស់មិនសូវជាជួយដល់អ្នកជួលបន្ទប់ក្នុងការបានទទួលស្បៀងនេះទេ»។
អ្នកស្រី ពេជ្រ សុភឿន បានស្នើសុំឱ្យអាជ្ញាធរជួយផ្តល់ស្បៀងដល់គ្រួសារគាត់ផង ដោយសារគាត់ជាអ្នកជំងឺកូវីដ ១៩ មិនមានការងារធ្វើគ្មានប្រាក់ចំណូលទេនៅពេលនេះ។
ទោះបីជាអ្នកស្រី ពេជ្រ សុភឿន មិនមានប្រាក់ចំណូល និងទទួលបានស្បៀងពីអាជ្ញាធរ ប៉ុន្តែអ្នកស្រីនៅមានប្រាក់សន្សំបន្តិចបន្តួចផងដែរ ហើយក្មួយស្រីរបស់គាត់ក៏តែងតែផ្តល់អាហារ ម្ហូបមកឱ្យគាត់ស្ទើររាល់ថ្ងៃផងដែរ។
អ្នកស្រីបានប្រាប់ថា៖ «អង្ករនៅសល់អាចនៅដាំបាយបានប្រហែល ២ ថ្ងៃទៀត ហើយក្មួយស្រីរបស់ខ្ញុំក៏តែងតែទិញម្អូប និងសាច់ មកឱ្យខ្ញុំដែរ។ វាជាការជួយបន្ទុកសម្រាប់ខ្ញុំផងដែរ ខណៈពេលដែលប្តី និងកូនប្រុសខ្ញុំ កំពុងសម្រាកព្យាបាលជំងឺកូវីដនៅមន្ទីរពេទ្យ»។
អ្នកស្រីថា អ្នកស្រីប្រហែលជាដកលុយសម្រាប់បង់ថ្លៃបន្ទប់ជួលយកទៅទិញអង្ករសិន ដោយសារគាត់គ្មានជម្រើស ហើយរំពឹងថា ម្ចាស់ផ្ទះជួលរបស់គាត់នឹងមានការយោគយល់ចំពោះគាត់ក្នុងអំឡុងពេលលំបាកនេះ។
ពលរដ្ឋមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះមានលំនៅឋានមុខផ្សារត្រពំាងថ្លឹង ដែលជាតំបន់ក្រហមមួយក្នុងខណ្ឌដង្កោ បានប្រាប់ឱ្យដឹងដែរថា លោកមិនទាន់បានទទួលអំណោយដែរ លោកឃើញតែអ្នកនៅក្បែរខាងលោកបានទទួល ដែលអ្នកទាំងនោះជាកម្មករោងចក្រនៅតាមបន្ទប់ជួល។
លោកបានប្រាប់ថា៖ «អ្នកដែលទទួលបាន គឺដោយសារមេភូមិបានចុះស្រង់ឈ្មោះ តែមេភូមិមិនបានចុះគ្រប់ផ្ទះទេ។ សម្រាប់ខ្ញុំមិនចង់បានអំណោយទេ ហើយខ្ញុំក៏មិនជាមានបញ្ហាប៉ះពាល់ធ្ងន់ធ្ងរទេ ទោះជាខ្ញុំនៅក្នុងតំបន់ក្រហម ហើយមិនបានអំណោយក៏ដោយ»។
សម្រាប់គ្រួសាររបស់លោក ក្នុងអំឡុងពេលបិទខ្ទប់នេះ អ្វីដែលពិបាក គឺការចេញទៅរកទិញអាហារឆ្ងាញ់ៗនៅខាងក្រៅផ្ទះប៉ុណ្ណោះ ដោយអាជ្ញាធរសមត្ថកិច្ចមិនឱ្យចេញក្រៅ។ លោកអាចធ្វើការនៅផ្ទះបាន និងទទួលបានប្រាក់ខែធម្មតា ដូចនេះមិនមានការប៉ះពាល់ខ្លាំងក្នុងជីវភាពនោះឡើយ។
ការឆ្លើយតបពីអាជ្ញាធរ និងការជួយផ្ដល់ព័ត៌មានពីម្ចាស់ផ្ទះជួល
មេភូមិតំណាក់ធំ ៤ លោក វ៉ា ផា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា មកដល់ពេលនេះប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោក ប្រមាណពី ៧០% ទៅ ៨០% បានទទួលស្បៀងហើយ ហើយខាងលោកក៏កំពុងតែចែកស្បៀងបន្តទៀតដែរទៅដល់អ្នកដែលមិនទាន់បានទទួល។
លោកបានថ្លែងថា៖ «បើគិតជាចំនួនគ្រួសារដែលបានទទួលរួចហើយគឺ ១ ១៧៤ គ្រួសារហើយដែលទទួលបាន ហើយពួកគាត់សុទ្ធតែជាអ្នកស្នាក់នៅតាមបន្ទប់ជួល ហើយថ្ងៃនេះ ខ្ញុំក៏នឹងចាប់ចែកដល់អ្នកដែលមិនទាន់បានទទួលបន្តទៀត»។
លោក វ៉ា ផា បានបញ្ជាក់ថា ម្ចាស់ផ្ទះជួល ឬតំណាងម្ចាស់ផ្ទះជួល មកទំនាក់ទំនងខាងភូមិ ឬសង្កាត់ នោះខាងភូមិនឹងចុះទៅចែកតែម្តង។
លោកទទួលស្គាល់ថា អ្នកខ្លះក៏មិនទាន់ទទួលបានអំណោយដែរ ដោយសារពេលខ្លះលោកមិនបានទទួលព័ត៌មានពីម្ចាស់ផ្ទះជួល ហើយរាល់ការចែកអំណោយ គឺត្រូវតែមានលិខិតអញ្ជើញ ហើយការផ្តល់ជូននេះ មិនទាន់ទៅតាមតម្រូវការរបស់ពួកគាត់ទេ។
ប៉ុន្តែលោកមេភូមិរូបនេះបញ្ជាក់ថា លោកនឹងខិតខំក្នុងការផ្តល់ជូនអំណោយឱ្យបាន ១០០% តែម្តង។
ទាក់ទងនឹងការស្រង់ឈ្មោះរបស់អ្នកជួលបន្ទប់ស្នាក់នៅតាមផ្ទះជួលនេះ អ្នកស្រី រី សត្យានិកា ដែលមានបន្ទប់ជួលចំនួន ៩ បន្ទប់ និងមានអ្នកជួលចំនួន ១៣ នាក់ កំពុងស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ២ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី ០២ ខែឧសភាថា អ្នកស្រីបានយកចិត្តទុកដាក់ជួយដល់អ្នកជួលបន្ទប់របស់អ្នកស្រី ដោយបានស្រង់ឈ្មោះពួកគាត់យកទៅឱ្យមេភូមិ ដើម្បីបានអំណោយនេះ។
អ្នកស្រីមានប្រសាសន៍ថា៖ «អ្នកជួលបន្ទប់របស់ខ្ញុំទាំង ៩ បន្ទប់នេះ បានទទួលអំណោយរួចហើយ។ អាជ្ញាធរចុះមកយកឈ្មោះអ្នកដែលខ្វះខាតស្នាក់នៅតាមបន្ទប់ជួល ហើយខ្ញុំក៏បានជួយពួកគាត់រួចរាល់រហូតបានអំណោយពីអាជ្ញាធរកាលពីថ្ងៃម្សិលមិញនេះដែរ»។
អ្នកស្រី សត្យានិកា បានបញ្ជាក់ថា ម្ចាស់ផ្ទះជួលត្រូវជួយយកអាសា និងស្វះស្វែងជួយដល់ពួកគាត់ដែរ ទើបទទួលបានអំណោយនេះ ដោយសារអាជ្ញាធរស្រង់ឈ្មោះតាមរយៈម្ចាស់ផ្ទះជួល ដើម្បីដឹកយកអំណោយដល់អ្នកទាំងនេះ។
អ្នកស្រីបានបន្ថែមថា៖ «មេភូមិ ឬអាជ្ញាធរចុះមកជួបជាមួយនឹងម្ចាស់ផ្ទះផ្ទាល់ ដើម្បីយកចំនួនបន្ទប់ ដើម្បីបានដឹងចំនួនច្បាស់សម្រាប់ចែកជូន ហើយអ្នកជួលបន្ទប់បាន ឬមិនបានអំណោយក៏អាស្រ័យលើការជួយជ្រោមជ្រែង ពីម្ចាស់ផ្ទះផងដែរ»។
ជាមួយនេះដែរ អ្នកស្រី សត្យានិកា មិនបានយកថ្លៃបន្ទប់ជួលពីអ្នកស្នាក់នៅទេ ក្នុងរយៈពេលលំបាកនេះ។
យន្តការនៃការទទួលអំណោយ ការបែងចែក ផ្តល់ជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ និងការចូលរួមពីអង្គការ សង្គមស៊ីវិល
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យដឹងថា បន្ទាប់ពីមានការបិទខ្ទប់តំបន់មួយចំនួន លោកនាយករដ្ឋមន្រ្តីបានប្រកាសផ្តល់អំណោយទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះដូចជា អង្ករ មី ជាដើម ដើម្បីឱ្យប្រជាពលរដ្ឋបន្តការរស់នៅក្នុងតំណាក់កាលលំបាកនេះ។
លោកបានមានប្រសាសន៍ថា៖ «វាជាមោទនភាពសម្រាប់រាជធានីភ្នំពេញដែរ ដែលមកដល់ពេលនេះ មិនទាន់មានអ្នកណាម្នាក់ស្លាប់ដោយអត់មានបាយទេ។ នេះជាសារៈសំខាន់ ហើយអាជ្ញាធររបស់យើងក៏បានធ្វើការបែងចែកនូវជំនួយរបស់សម្តេចតេជោ ហ៊ុន សែន សប្បុរសជននានា និងអង្គការណាក៏ដោយឱ្យតែមានធនធាន ឬថវិកា ដើម្បីជួយដល់ពលរដ្ឋដែលកំពុងរងគ្រោះនេះ យើងទទួលអបអរយ៉ាងពេញទំហឹង»។
រដ្ឋបាលរាជធានីភ្នំពេញ បានច្រានចោលនូវការផ្សព្វផ្សាយដែលបានលើកឡើងថា យន្តការនៃការទទួលអំណោយ ការបែងចែក និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ផ្សេងៗមានការរើសអើង ខណៈដែលយន្តការនេះ ត្រូវបានធ្វើឡើងដោយតម្លាភាពតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «យើងសូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយ សង្គ្រោះ ជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការស្បៀងអាហារបន្ទាន់»។
រដ្ឋបាលសាលារាជធានីភ្នំពេញក៏សុំការយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុតដល់ម្ចាស់អំណោយ ដែលមិនអាចចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ ដោយឈរលើមូលហេតុខ្លាចមានការឆ្លងជំងឺកូវីដ ១៩ ដល់អ្នកចូលរួម។ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តធ្វើការបែងចែកអំណោយឱ្យបានចំគោលដៅ ជូនប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងអាហារបន្ទាន់ចំពោះមុខបន្តទៀត។
ជាមួយគ្នានេះដែរ លោក ឃួង ស្រេង បានបង្ហាញពីការខកចិត្ត និងសោកស្តាយចំពោះសារព័ត៌មានបរទេសមួយចំនួន ក៏ដូចជាកាសែតក្នុងស្រុកខ្លះ ដែលមាននិន្នាការមិនល្អជាមួយនឹងរាជរដ្ឋាភិបាលបានលើកឡើងថា «គេចង់យកអំណោយជូនប្រជាពលរដ្ឋ តែត្រូវបានអាជ្ញាធរឃាឃាំង»។
លោកបានបញ្ជាក់ថា៖ «ចំណុចនេះ ខ្ញុំសុំធ្វើការបដិសេធទាំងស្រុង ក្នុងនាមខ្ញុំជាអភិបាលរាជធានីភ្នំពេញ ខ្ញុំតែងតែអំពាវនាវស្វែងរកធនធាន និងគ្រឿងឧបភោគបរិភោគ ដើម្បីជួយប្រជាពលរដ្ឋខ្ញុំ ដែលកំពុងតែជួបនូវការរងគ្រោះដោយសារជំងឺកូវីដ ១៩។ ប៉ុន្តែផ្ទុយមកវិញអ្នកទាំងនោះមិនបានមើលឃើញនូវអំពើល្អរបស់អាជ្ញាធររបស់រាជរដ្ឋាភិបាល ក្រសួងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ បែរជាឆ្លៀតឱកាសកេងចំណេញ ហើយមិនសមហេតុសមផល ដែលមិនមានតថភាពនៅក្នុងពេលបច្ចុប្បន្នទៅវិញ»។
បើតាមលោកអភិបាលរាជធានីភ្នំពេញ អាជ្ញាធរតាមមូលដ្ឋានខ្លះ ចែកអំណោយទាំងនេះ មិនទាន់បានទៅដល់ប្រជាពលរដ្ឋមួយចំនួន ហើយសម្រាប់រាជធានីភ្នំពេញនឹងចែករហូតទៅដល់ ៤០ ម៉ឺនគ្រួសារ ក្នុងក្រុងភ្នំពេញ ប៉ុន្តែមកដល់ពេលនេះ មានប្រជាពលរដ្ឋទើបតែជិត ២០ ម៉ឺនគ្រួសារទើបតែទទួលបាន។
លោកបានបញ្ជាក់ថា៖ «ទិសដៅដែលយើងចែកដំបូងគេ គឺអ្នកដែលរស់នៅក្នុងតំបន់ក្រហម ដែលមិនអាចចេញចូលបានទាល់តែសោះ ហើយក្នុងនោះមានកម្មករកម្មការិនីច្រើនដែលត្រូវការស្បៀង។ នៅពេលដែលមានការដង្ហោយហៅភ្លាម អាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងចុះទៅដល់ទីតាំងនោះភ្លាម និងផ្តល់ជំនួយនោះភ្លាម»។
ទាក់ទងនឹងសកម្មភាពនៃការចែកអំណោយរបស់អង្គការ សង្គមស៊ីវិលក្នុងការចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ដែលបានធ្វើការផ្តល់ស្បៀងមួយចំនួនទៅដល់កម្មករកម្មការិនីដែលជាប់នៅក្នុងតំបន់ក្រហមនោះ មកដល់ពេលនេះ អង្គការសង់ត្រាល់បានផ្តល់ស្បៀងបានចំនួនសរុប ៦០៥ បន្ទប់ ដែលស្មើនឹង១ ៥១១ នាក់ ដែលបានទទួល។ នេះបើតាម លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់។
ការមើលឃើញពីសមាគម និងសហជីព
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមិនជឿថា នៅតំបន់ក្រហម ឬតំបន់ដែលមានការបិទខ្ទប់ផ្សេងទៀត មានប្រជាពលរដ្ឋស្លាប់ដោយសារអត់អាហារនោះទេ ដោយសារគ្មានអ្នកណាម្នាក់សុខចិត្តឈរមើល ឬបើកភ្នែកមើលពលរដ្ឋដូចគ្នាស្លាប់ដោយគ្មានអាហារដែរ។
លោកបានថ្លែងថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរចេះជួយគ្នាទៅវិញទៅមក ហើយមិនអាចទុកឱ្យបងប្អូនប្រជាពលរដ្ឋដូចគ្នាហ្នឹង អត់អាហារស្លាប់នោះទេ គឺយើងច្បាស់ជាជួយគ្នាបន្តិចបន្តួចហើយ»។
លោកបានបន្ថែមថា៖ «ខ្ញុំជាខ្មែរម្នាក់ដែរ មិនមែនឃើញពលរដ្ឋណាម្នាក់អត់ហើយ មិនជួយនោះទេ។ យ៉ាងហោចណាស់ អ្នកជិតខាងគ្នាក៏ជួយគ្នាដែរ មិនចាំបាច់តែរង់ចាំតែរដ្ឋាភិបាលមកជួយនោះទេ»។
លោក ហ្វា សាលីថា រហូតមកដល់ពេលនេះ លោកមិនមានទទួលព័ត៌មានណាមួយពីកម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋខ្វះស្បៀងអាហារនោះទេ គឺនៅតាមភូមិ សង្កាត់នីមួយៗ គឺបានចាត់តំណាងជាក់លាក់ក្នុងការចែកអំណោយដល់ពួកគាត់។
លោកថា៖ «នៅពេលដំបូងមានការពិបាក និងមានស្ថានភាពធ្ងន់ធ្ងរមែន តែមកដល់ពេលនេះ ស្ថានភាពមានការប្រសើរឡើងវិញ ដោយការចូលជួយផ្តល់ស្បៀងពីសម្បុរសជន និងអាជ្ញាធរក៏មានសកម្មភាពមមាញឹកច្រើនដែរ»។
លោក ហ្វា សាលី ធ្លាប់បានរៀបចំស្បៀងអាហារផ្តល់ជូនដល់កម្មករ និងពលរដ្ឋដែលខ្វះខាត ប៉ុន្តែមកដល់ពេលនេះមិនមានការស្នើសុំមកលោកទៀតទេ ដោយសារតែរាជរដ្ឋាភិបាល អាជ្ញាធរបានផ្តល់ជូនពួកគាត់ច្រើន និងជាបន្តបន្ទាប់ផងដែរ។
លោកបានបន្ថែមថា៖ «មិនមានករណីដែលពលរដ្ឋអត់មានបាយ ឬអ្វីហូបនៅក្នុងផ្ទះនោះទេ គ្រាន់តែមានច្រើន និងតិចប៉ុណ្ណោះ ហើយប្រសិនបើគាត់អស់ស្បៀង គ្មានអ្វីសោះក្នុងផ្ទះ គឺពួកគាត់ពិតណាស់នឹងចេញមកក្រៅផ្ទះ ដើម្បីស្នើសុំអាហារ ឬអ្វីមួយ ដើម្បីបានចម្អែតក្រពះមួយពេលនោះហើយ»។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោតបានប្រាប់ផងដែរថា មានប្រជាពលរដ្ឋនៅតាមតំបន់ក្រហម និងកន្លែងផ្សេង បានស្នើសុំជំនួយពីខាងអង្គការរបស់លោក ប៉ុន្តែខាងលោកមិនមានលទ្ធភាព ហើយករណីដែលពួកគាត់ទទួលបាន ឬមិនបានពីអាជ្ញាធរមូលដ្ឋាន ខាងលោកមិនបានដឹងពីព័ត៌មាននេះទេ។
លោកបានថ្លែងថា៖ «ប្រជាពលរដ្ឋដែលបានស្នើមកសុំជំនួយពីខាងយើង គឺទាំងអ្នកដែលរស់នៅក្នុងតំបន់ក្រហម និងក្រៅតំបន់ក្រហមដោយសារយើងធ្វើការជាមួយនឹងសហគមន៍ក្រីក្រ»៕