ក្រសួង​សុខាភិបាល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី ០១ ​ខែ​ មេសា ឆ្នាំ ២០២០ មិន​មាន​ករណី​វិជ្ជមាន​ ជំងឺ​កូវីដ​ ១៩​ ថ្មី​ទៀត​នោះ​ទេ ខណៈអ្នក​​កើត​ជំងឺ​នេះ​ ០២​ នាក់​ទៀត​ ត្រូវ​បាន​ព្យា​បាល​ជា​សះ​ស្បើយ​​។

ក្រសួង​បញ្ជាក់​ថា បុរស​ជន​ជាតិ​ខ្មែរ​អាយុ​ ៣០​ ឆ្នាំ (​កាន់​សាសនាឥស្លាម​ និង​មាន​ទីលំនៅ​ក្នុង​ខេត្ត​កំពត) ដែល​បាន​វិល​ត្រឡប់​មក​ពីចូល​រួម​​ពិធី​​សាសនា​ នៅ​ប្រទេស​ ​​ម៉ាឡេស៊ី និង​បុរស​ជន​ជាតិ​ម៉ាឡេស៊ី​អាយុ​ ៦១ ​ឆ្នាំ មក​ពី​ប្រទេស ​ម៉ា​ឡេស៊ី​ បាន​ជាសះ​ស្បើយ​ ដោយ​ទទួល​បាន​តេស្ត​អវិជ្ជមាន​កូវីដ​ ១៩​ ចំនួន​ ២​ លើក​ ហើយ​ត្រូវ​បាន​អនុញ្ញាត្ត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត​កែប​។

ក្រសួង​បញ្ជាក់​ថា មិន​មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ ​១៩​ ថ្មី​នៅ​ថ្ងៃ​ទី​ ៣១ ​ខែ ​មីនា ​ឆ្នាំ ២០២០​​​ នោះ​ទេ ហើយ​គិត​រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ១ ខែ​មេសា ​នេះ អ្នក​ព្យា​បាល​ជា​សះស្បើយ​សរុបមាន​ចំនួន​ ២៥​​ នាក់ ហើយ​អ្នក​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទី​រ​​​ពេទ្យ​មាន​ចំនួន​ ៨៤​ នាក់ ​(ស្ត្រី​ ២៨​ នាក់ បុរស​ ៥៦​ នាក់​) ក្នុង​ចំណោម​​អ្នក​​ឆ្លង​ជំងឺកូវីដ​ ១៩​ សរុប​ទាំង​អស់​ចំនួន​ ១០៩​ នាក់​។

បើ​តាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល គិត​ចាប់​តាំង​ពី​ខែមករា​ មក​ដល់​ថ្ងៃ​ទី ៣១ ​ខែ ​មីនា​ ឆ្នាំ​ ២០២០ ​សំណាក​ដែល​បាន​ធ្វើ​វិភាគ​សរុប​ទូទាំង​ប្រទេសមាន​ចំនួន​ ៥ ៧៦៨ ករណី៕