
កោះកុងៈ ចំនួនអ្នកស្លាប់ដោយសាររន្ទះបាញ់មានចំនួនរហូតដល់ ១០នាក់ក្នុងរយៈពេលមិនដល់មួយខែ បូករួមទំាងករណីចុងក្រោយ កាលពីថ្ងៃទី ៣១ ខែមីនា ដែលរន្ទះបានបាញ់សម្លាប់បុរសពីរនាក់នៅក្នុងស្រុកថ្មបាំងខណៈដែលអ្នករងរបួសដោយសាររន្ទះមានរហូតដល់ទៅ៦នាក់។
លោក អ៊ឹង សារឿន អធិការរងប៉ូលិសស្រុកថ្មបាំងបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថាបុរស២នាក់ បានត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែងនិងបុរសម្នាក់ទៀតបានរបួសធ្ងន់ ពេលពួកគេស្ថិតក្នុងព្រៃដើរកាប់ឈើ ខណៈមេឃកំពុងភ្លៀងកាលពីល្ងាចថ្ងៃទី៣១ ខែមីនានៅចំណុចភូមិគគីរជ្រំ ឃុំឫស្សីជ្រំ ស្រុកថ្មបាំង។លោកបន្តថា បុរសដែលបានស្លាប់គឺឈ្មោះលិត ឆន អាយុ ៣០ ឆ្នាំ និង វុធ ង៉ុក អាយុ ២៧ ឆ្នាំ ចំណែកអ្នករងរបួស ឈ្មោះសាយ បាវ អាយុ ២៧ ឆ្នាំ។
លោកបញ្ជាក់៖ «វាជាគ្រោះថ្នាក់ដោយសារធម្មជាតិ។ យើងមានការសោកស្តាយចំពោះការស្លាប់របស់ពួកគេ»។
ដោយឡែកបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបានឲ្យដឹងថាចំនួនអ្នកស្លាប់ដោយសាររន្ទះបាញ់ក្នុងខែ មីនាគិតចាប់ពីថ្ងៃទី១២ដល់២៧មីនាមានចំនួន ៨ នាក់និងរបួស ៥ នាក់។
របាយការណ៍ដែលបានបូកសរុបគិតចាប់ពីថ្ងៃទី១២ដល់ ២៧ មីនានៃគ្រោះមហន្តរាយដោយខ្យល់ព្យុះ នៅក្នុងខេត្តចំនួន ១៦ បានរៀបរាប់ថា ផ្ទះចំនួន ៤២៣ ខ្នងត្រូវបានរលំ និងខូចខាតធ្ងន់ធ្ងរខណៈដែលផ្ទះរបើកដំបូលនិងទ្រេតមានចំនួនរហូតដល់១៤៩៧ ខ្នង។ ដោយឡែកអ្នកស្លាប់ដោយសារមហន្តរាយខ្យល់ព្យុះ មានចំនួន ៦ នាក់ និងរបួស ២៨ នាក់។
លោកកែវ វី នាយខុទ្ទកាល័យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានថ្លែងថារបាយការណ៍សរុបប្រចាំត្រីមាសស្តីអំពីគ្រោះមហន្តរាយដោយខ្យល់ព្យុះ នឹងចេញផ្សាយជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបានកត់សម្គាល់ថា៖
« គ្រោះមហន្តរាយដោយខ្យល់ព្យុះ ដែលបានកើតឡើងក្នុងខែមីនាកន្លងទៅនេះហាក់មានសភាពធ្ងន់ធ្ងរជាងពីរខែកន្លងទៅនិងមានចំនួនច្រើនលើកជាង ៣ ខែ កាលពីឆ្នាំទៅផងដែរ»៕