ភ្នំពេញៈ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ថវិកា​បរិច្ចាគ​ដែល​ទទួល​ពី​សប្បុរសជន​ចំនួន​ជាង​ ១ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ខែមករា​ឆ្នាំនេះ ខណៈ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវនាវ​ឲ្យ​មាន​ការចូលរួម​បន្ថែមទៀត ក្រោយពី​មូលនិធិ​នេះ​ទទួល​បាន​វិភាគទាន​សរុប​ប្រមាណ​ជាង​ ៤៧ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​មុននេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ១០ ខែ​កុម្ភៈ​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា​ក្នុង​ខែមករា​ឆ្នាំ​ ២០២០ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែលជា​មូលនិធិ​ផ្លូវការ​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​ក្នុង​គោលបំណង​ចូលរួម​ធានា​និរន្តរភាព​នៃ​កិច្ចដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​បានទទួល​ថវិកា​បរិច្ចាគ​សរុប​ចំនួន​ ៨ ០០៩ ៨១៨ ៤៤០ រៀល និង​ ១ ៣៩ ៤៨២ ៩៧២ ដុល្លារ​អាមេរិក​ពី​សប្បុរសជន​ចំនួន ​៧ ៧៣៤ ​រូប​។ ក្នុងនោះ​រួមមាន​សមាជិក​កិត្តិយស​ ៤ ​រូប សមាជិក​គាំទ្រ​ ៥ ៩៦២ ​រូប និង​សប្បុរសជន​ផ្សេងៗ​ចំនួន​ ១ ៧៦៨​ រូប​។

ជាមួយ​គ្នា​នេះ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ផ្ទេរ​ជូន​មន្ទីរពេទ្យ​នូវ​ថវិកា​ចំនួន​ ១ ០៨៦ ៣៦៨ ដុល្លារ​អាមេរិក ​ដែល​បានមកពី​ការ​កាត់​ទុក​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩​។

លោកស្រី​ បូ ណាទី មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ថ្លែង​ពី​ម្សិលមិញ​ថា ​ក្រុមការងារ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា អរគុណ​ដល់​សប្បុរសជន​ទាំងអស់​ដែល​តែងតែ​ផ្ដល់​ការគាំទ្រ និង​បរិច្ចាគ​សម្រាប់​ទ្រទ្រង់​។ មូលនិធិ​គន្ធបុប្ផា​ធានា​ឲ្យ​បាន​កិច្ចដំណើរការ​ប្រកប​ដោយ​ចីរភាព ប្រសិទ្ធភាព និង​គុណភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥ ​ទីតាំង​សំដៅ​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ និង​ទារក​នៅ​កម្ពុជា​។

លោកស្រី​លើក​ទឹកចិត្ត​ដល់​សាធារណជន​ព្រមទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​នានា​ឲ្យ​បន្ត​ចូលរួម​បរិច្ចាគ​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​តាមរយៈ​ការចូល​ជា​សមាជិក​កិត្តិយស​ដោយ​បរិច្ចាគ​ចាប់ពី ២០ ​លាន​រៀល​ (៥ ​ពាន់​ដុល្លារ​) ​ក្នុង​ ១ ​ឆ្នាំ ឬ​ជា​សមាជិក​គាំទ្រ​ដោយ​បរិច្ចាគ​ចាប់ពី​ ៥ ​ពាន់​រៀល​ក្នុង​ ១ ​ខែ ឬ​ ៦ ​ម៉ឺន​រៀល​ក្នុង​ ១ ​ឆ្នាំ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​សូម​អំពាវនាវ​ឲ្យ​មាន​ការបំផុស​ចលនា​នៅ​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន និង​ជា​សាធារណៈ​តាម​មធ្យោបាយ​មួយចំនួន​ដូចជា​កិច្ចសហការ​ជាមួយ​ស្ថាប័ន ដែល​ជា​ដៃគូ​ផ្សេងៗ​។ ការប្រគំ​តន្ត្រី​ស្នាមញញឹម ការប្រកួត​កីឡា បាល់ទាត់ ការរៀបចំ​ស្ដង់​ក្នុង​កម្មវិធី​សង្ក្រាន្ដ​សមុទ្រ ព្រមទាំង​ការធ្វើ​បទបង្ហាញ​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​នានា ដើម្បី​កៀរគរ​ថវិកា​បន្ថែម​»​។

ជាមួយ​គ្នា​នេះ​លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅ​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ៦ ខែ​កុម្ភៈ​។ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ ក្រុមប្រឹក្សា បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ជុំវិញ​របាយការណ៍​ពេញ​ ១ ​ឆ្នាំ​នៃ​ឆ្នាំ​ ២០១៩​។

របាយការណ៍​ឲ្យ​ដឹងថា ការទទួល​បាន​វិភាគទាន​ពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​សរុប​ចំនួន​ប្រមាណ​ ៤៧ ៦៥០ ៤៤១ ​ដុល្លារ​ក្នុង​នោះ​ប្រាក់រៀល​មាន​ចំនួន​ ១៥០ ៧៤៤ ៩១៧ ២០៧ រៀល និង​ប្រាក់​ដុល្លារ​មាន​ចំនួន ៩ ៩៣៦ ៣១២ ដុល្លារ​។ ការទទួល​បាន​ពី​សប្បុរសជន​ដែល​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ចំនួន​សរុប​ ៥៤ ៣៨០ ​នាក់​។

ក្នុង​នោះ​ថវិកា​បង្វែរ​ជូន​មន្ទីរពេទ្យ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​បង្វែរ​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​បន្តបន្ទាប់​សរុប​ចំនួន ១១ ​លាន​ដុល្លារ​ក្នុង​នោះ​ប្រាក់រៀល​ចំនួន​ ៨ ​ប៊ីលាន​រៀល​ និង​ប្រាក់​ដុល្លារ​ចំនួន ៨ ៨៩២ ៤០៤ ​ដុល្លារ​។

ក្រុមប្រឹក្សា​បរធនបាល​បានអនុម័ត​ផែនការ​សកម្មភាព​សម្រាប់​ការអនុវត្ត​ក្នុង​ឆ្នាំ​ ២០២០ ដែល​នឹង​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ចំណុច​ក្នុង​ការបង្កើន​ចំនួន​សមាជិក​នៅ​តាម​បណ្ដា​គ្រឹះស្ថានសាធារណៈ និង​ឯកជន និង​ការរៀបចំ​កម្មវិធី​កៀរគរ​មូលនិធិ​សប្បុរសធម៌​នានា​ឲ្យ​មាន​លក្ខណៈ​ទៀងទាត់ និង​ជា​ប្រចាំ​។ ការបង្កើន​ការទំនាក់ទំនង​សាធារណៈ និង​ការផ្សព្វផ្សាយ​អំពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​តាម​បណ្ដាញ​សង្គម តាម​ប្រព័ន្ធ​ឌីជីថល​នានា ការពង្រីក និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​សមាជិក​របស់​មូលនិធិ​ព្រម​ទាំង​ការគ្រប់គ្រង​មូលនិធិ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ១២ កុម្ភៈ ថា មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ជា​ក្តីសង្ឃឹម​របស់​កុមារ​គ្រប់ៗ​រូប​។ សូម​ថ្លែង​អំណរគុណ សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​បានរួម​ចំណែក​ឧបត្ថម្ភ​យ៉ាង​សកម្ម​កន្លងមក និង​សូម​អំពាវនាវ​ដល់​សប្បុរសជន​បន្ត​ចូលរួម​បរិច្ចាគ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន និង​ជា​និរន្តរ៍​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឲ្យ​ដឹងថា ក្នុង​ខែ​មករា​ឆ្នាំ​ ២០២០ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​កុមារ​ឈឺ​ចំនួន​ ៨៦ ៤៣៤ ​នាក់​ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ (​កើនឡើង​ ១៥ ​ភាគរយ ច្រើនជាង​ខែ​មករា​ឆ្នាំ​ ២០១៩)​។

មន្ទីរពេទ្យ​បន្តថា កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន​ ១៦ ៥៨៦ ​នាក់ ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​មាន​កុមារ​ចំនួន​ ៤២៤ ​នាក់​មាន​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ​ត្រូវ​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​កុមារ​ចំនួន ២ ២១២ ​នាក់​ត្រូវ​បានទទួល​ការវះកាត់​។ វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​គន្ធបុប្ផា​សៀមរាប និង​ភ្នំពេញ​បាន​ចំនួន​ ១១១ ​នាក់​៕