The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មូលនិធិ​របស់​វីង​ឧបត្ថម្ភ​ប្រជាជន​រាប់រយ​គ្រួសារ ខណៈ​មាន​ការរាតត្បាត​នៃ​កូវីដ​១៩

មូលនិធិ​របស់​វីង​ឧបត្ថម្ភ​ប្រជាជន​រាប់រយ​គ្រួសារ ខណៈ​មាន​ការរាតត្បាត​នៃ​កូវីដ​១៩

Content image - Phnom Penh Post
លោក ម៉ានូ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង​ប្រគល់​លិខិត​សរសើរ​ដល់​ភ្នាក់ងារ​វីង​។

មូលនិធិ​របស់​វីង​ឧបត្ថម្ភ​ប្រជាជន​រាប់រយ​គ្រួសារ ខណៈ​មាន​ការរាតត្បាត​នៃ​កូវីដ​១៩

ចាប់តាំងពី​បាន​ប្រកាស​ដំណើរការ “​គំនិត​ផ្តួចផ្តើម​គាំទ្រ​សហគមន៍​ដែល​ជួប​វិបត្តិ​ខ្វះខាត​ដោយ​ជំងឺ​កូវីដ​១៩” ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​សរុប​ចំនួន ២១ ០១៦,៧០ ​ដុល្លារ ដើម្បី​ជួយ​ដល់​គ្រួសារ​នៃ​អ្នករត់​តុកតុក និង​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

ដោយ​ត្រូវ​បានប្រកាស​បើក​ដំណើរការ​មូលនិធិ​នៅ​ដើមខែ​មេសា​ជាមួយ​ការគាំទ្រ​ពី​កាសែត​ភ្នំពេញ ប៉ុស្តិ៍​មក​ធនាគារ​ចល័ត​ដែល​ផ្តល់​សេវា​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​មួយ​នេះ​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ប្រមាណ​ជាង​ ៧ ៨០០ ​នាក់​។

សប្បុរសជន​ទាំងនោះ​រួមមាន​៖ ភ្នាក់ងារ​វីង បុគ្គលិក អតិថិជន និង​ដៃគូ​សហការ​របស់​វីង​រួមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ផងដែរ​។ ថវិកា​ឧបត្ថម្ភ​ទាំងនេះ​ត្រូវបាន​ផ្តល់ជូន​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង និង​ភ្នាក់ងារ​វីង​នៅ​ទូទាំង​ប្រទេស​។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង​បាន​មាន​ប្រសាសន៍​ថា​៖ «​គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ការបង្ហាញ​ពី​សាមគ្គីភាព​មួយ ខណៈ​ពេល​ដែល​ពិភពលោក​ស្ទើរតែ​ទាំងមូល​ប្រឈម​នឹង​ជំងឺ​រាតត្បាត​ដែល​ធ្វើឱ្យ​ជំនួញ​អាជីវកម្ម និង​សេដ្ឋកិច្ច​សកល​រួមទាំង​វិស័យ​ក្រៅ​ប្រព័ន្ធ​បាន​ទទួល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​»​។

«​ជំនួយ​ឧបត្ថម្ភ​ទាំងនេះ​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​សហគមន៍​របស់​យើង​ក្នុង​គ្រា​ដ៏លំបាក​នេះ​។ វា​មិន​ត្រឹមតែ​ជួយ​ដល់​អ្នក​ខ្វះខាត​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បង្ហាញ​ពី​សាមគ្គីភាព​របស់​យើង​ក្នុង​នាម​ជា​ប្រជាជាតិ​មួយ​ដើម្បី​ជួយ​គ្នា​ក្នុង​គ្រា​ដ៏លំបាក​ដែល​បណ្តាល​មកពី​ជំងឺ​មួយ​នេះ​»​។

លោក ម៉ានូ រ៉ាចាន់ បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​ជា​ពេលវេលា​ដែល​ចាំបាច់​ខ្លាំង​បំផុត ហើយ​យើង​រីករាយ​ដែល​យើង​បាន​ចូលរួម​ជួយ​គាំទ្រ​បែបនេះ​»​។

លោក​បាន​បន្តថា ក្នុងនាម​ជា​ពលរដ្ឋ​ដែលមាន​ការទទួល​ខុសត្រូវ​ក្រុមហ៊ុន​មិន​ត្រឹមតែ​យកចិត្ត​ទុកដាក់​ពី​សុវត្ថិភាព និង​សុខភាព​ខ្លួនឯង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាន​គិតគូរ​ដល់​អ្នក​ដែល​ខ្វះខាត​ក៏​ដូច​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ផងដែរ​។

លោក ម៉ានូ រ៉ាចាន់ បាន​មាន​ប្រសាសន៍​ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ធំ​ជាងគេ​នៅ​កម្ពុជា វីង​ចាត់ទុក​វា​ជា​ការទទួល​ខុសត្រូវ​របស់​យើង​ក្នុង​ការកៀរគរ​ធនធាន និង​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​ជួយ​ដល់​សហគមន៍​ក្នុង​គ្រា​ដ៏លំបាក​នេះ​»​។

លោក​ លី តៃសេង អគ្គនាយក និង ចាងហ្វាង​នៃ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា​៖ «​យើង​រីករាយ​ធ្វើ​ជា​ដៃគូ​ជាមួយ​វីង​ក្នុង​ការផ្តួចផ្តើម​គំនិត​ជួយ​ដល់​អ្នកបើក​តុកតុក និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​រង​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ​»​។

«​ក្នុងនាម​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​រួមមាន​កាសែត​ភ្នំពេញ-ប៉ុស្តិ៍ និង​ប៉ុស្តិ៍​ខ្មែរ​ដែល​ត្រូវបាន​គេ​ទទួល​ស្គាល់​ជា​កាសែត​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​ខ្ពស់​អាច​ជឿជាក់​បាន​តែ​ ១ ​គត់​នៅ​កម្ពុជា យើង​បាន​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​តួនាទី​របស់​យើង​ក្នុង​ការផ្តល់ជូន​ព័ត៌មាន​ដែល​ពាក់ព័ន្ធ និង​សំខាន់​»​។

«​វា​ជា​ប្រយោជន៍​ជាតិ​យើង​ដែល​វិស័យ​ឯកជន​ចូលរួម​ចំណែក​ជួយ​ដល់​ប្រជាជន​ខ្វះខាត​ក្នុង​គ្រានេះ​។ ភាពជា​ដៃគូ​របស់​កាសែត​ភ្នំពេញ-ប៉ុស្តិ៍​ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​សម្រាប់​វីង​ក្នុង​ការផ្តួចផ្តើម​នេះ វា​គឺជា​ឧទាហរណ៍​មួយ​»​។

អ្នកស្រី ងិល សុខកូឡាប ភ្នាក់ងារ​វីង​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​ចូលរួម​វិភាគទាន ១០ ​ម៉ឺន​រៀល​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​បង្ហាញ​ការស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​មួយ​នេះ​។ អ្នកស្រី​បាន​និយាយ​ថា ការចូលរួម​របស់​អ្នកស្រី​ពិតជា​តិច​មែន ប៉ុន្តែ​វា​ជា​ការបង្ហាញ​សាមគ្គីភាព​។

«​ខ្ញុំ​មិនអាច​មើលរំលង សហគមន៍​ដែល​ងាយ​រងគ្រោះ​ក្នុង​គ្រា​ដ៏លំបាក​នេះ​បានទេ​។ ប្រសិនបើ​យើង​មាន​ហូប​គ្រប់គ្រាន់​ហើយ យើង​គួរតែ​ចែករំលែក​ជាមួយ​អ្នក​ផ្សេងទៀត​។ ការចូលរួម​ដ៏បន្តិចបន្តួច​នេះ វា​នឹង​មាន​អត្ថន័យ​យ៉ាងសំខាន់​នៅពេល​ដែល​យើង​រួមគ្នា​ជួយ​ដល់​អ្នក​ដែលមាន​តម្រូវការ​ខ្លាំង​»​។

លោក​ ជា រ៉ាឌី ជាង​ជួសជុល​ទូរស័ព្ទ​នៅ​ភ្នំពេញ​បាន​យល់ស្រប​។

លោក​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ជឿជាក់ថា ការបរិច្ចាគ​ ៥ ​ម៉ឺន​រៀល​ដ៏ស្តួចស្តើង​តាមរយៈ​វីង វា​នឹង​ជួយ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​ពី​ការរាតត្បាត​នៃ​ជំងឺ​នេះ​»​។ អ្នកបើក​តុកតុក និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំងឡាយ​អាច​មក​ការិយាល័យ​កណ្តាល​របស់​វីង​នៅ​ភ្នំពេញ ឬ​ការិយាល័យ​តំណាង​របស់​វីង​នៅ​ខេត្ត​សៀមរាប ដើម្បី​ចុះឈ្មោះ​ទទួល​បាន​ប្រាក់​ចំនួន​ ៣០ ​ដុល្លារ​នៅក្នុង​គណនី​វីង​របស់​ពួកគេ​។

វីង​បានបញ្ជាក់​ផងដែរ​ថា សប្បុរសជន​ទាំងឡាយ​នៅតែ​អាច​ចូលរួម​​វិភាគទាន​តាមរយៈ​ភ្នាក់ងារ​វីង​ទូទាំងប្រទេស​ ឬ​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​តាមរយៈ​គណនី​លុយ​រៀល​លេខ​ 03210000 ឬ​គណនី​លុយ​ដុល្លារ​លេខ 03310000៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍