ភ្នំពេញៈ អង្គការ​មូលនិធិ​អាស៊ី​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ស្មាត​បាន​រៀបចំ​បង្កើត​សៀវភៅ​កុមារ ក្រោម​ប្រធាន​បទ​ «​តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា​?» ដើម្បី​ផលិត​សៀវភៅ​កុមារ​ចំនួន​ ១០ ​ចំណងជើង​ផ្តោតលើ​ការយល់ដឹង​អំពី​អារម្មណ៍​ និង​ការឆ្លើយតប​របស់​កុមារ​នៅក្នុង​ស្ថានភាព​ផ្សេងៗ​គ្នា ពិសេស​ក្នុងពេល​រីក​រាលដាល​ជំងឺ​កូវីដ ​១៩​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី​ការរៀបចំ​បង្កើត​សៀវភៅ​នេះ​កាលពី​ថ្ងៃទី​ ១៧ ខែមករា បញ្ជាក់ថា​៖ «​សៀវភៅ​រឿង​នឹង​ជួយ​កុមារ​ក្នុង​ការយល់ដឹង​អំពី​អារម្មណ៍ និង​ការឆ្លើយតប​»​។ កុមារ​ចាំបាច់​ត្រូវ​យល់ដឹង និង​ចេះ​គ្រប់គ្រង​អារម្មណ៍​របស់ខ្លួន​ជាពិសេស​នៅ​អំឡុង​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​មិន​ធ្លាប់​កើតឡើង​ពីមុនមក​។

សៀវភៅ​ទាំងនោះ​នឹង​បង្ហាញ​នូវ​ស្ថានភាព និង​ចំណោទបញ្ហា​នានា​ដែល​កុមារ​តូច​អាន​អាច​រៀនសូត្រ​ស្វែងយល់​ និង​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការឆ្លើយតប​នៅក្នុង​ស្ថាន​ភាពខុសៗ​គ្នា​។ ការយល់ដឹង​អំពី​អារម្មណ៍ និង​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​ខុសៗ​គ្នា​គឺជា​ចំណុច​សំខាន់​នៃ​ការអភិវឌ្ឍ​របស់​មនុស្ស និង​ការសិក្សា​រៀនសូត្រ​របស់​ពួកគេ​។

លោកស្រី Meloney C. Lindberg តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​អាស៊ី​ថ្លែង​ថា ការយល់ដឹង​អំពី​អារម្មណ៍ និង​ការឆ្លើយតប​ក្នុង​ស្ថានភាព​ខុសៗ​គ្នា​របស់​កុមារ​មាន​សមត្ថភាព​ ៥ ​ធំៗ​ដែល​ទាក់ទង​គ្នា រួមមាន​សមត្ថភាព​ក្នុង​ការយល់ដឹង​អំពី​ខ្លួនឯង​ការគ្រប់គ្រង​ខ្លួនឯង ការយល់ដឹង​អំពី​សង្គម​ជំនាញ​ទំនាក់ទំនង និង​ការសម្រេចចិត្ត​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​។

លោកស្រី​ថ្លែងថា​៖ «​ដូច្នេះ​គ្រប់​ចំណងជើង​នៃ​សៀវភៅ​រឿង​សម្រាប់​កុមារ​ទាំង​ ១០ ​គឺ​រួមបញ្ចូល​ចំណុច​ទាំងនេះ​»​។ លោកស្រី​បាន​ឧទាហរណ៍​បង្ហាញ​ពី​រឿង​ ១​ នៅក្នុង​ចំណោម​រឿង​ទាំង​ ១០ ​ដែល​បង្កើតឡើង​គឺ​រឿង​ «​ខ្ញុំ​ខ្លាច​» បាន​បង្ហាញ​ពី​កុមារ​ម្នាក់​ឈ្មោះ ដារ៉ា ដែល​មិន​ហ៊ាន​ទៅ​សាលារៀន​ដោយ​ខ្លួនឯង​។ ដារ៉ា ទៅ​សាលារៀន​ជាមួយ​បងស្រី​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ ថ្ងៃមួយ​បងស្រី​របស់ ដារ៉ា ឈឺ​ហើយ ដារ៉ា​មិនមាន​ភាពជឿជាក់​ក្នុង​ការ​ទៅ​សាលារៀន​ដោយ​ខ្លួនឯង​ឡើយ​។

ដារ៉ា និយាយ​៖ «​បងស្រី​មិន​ទៅ​សាលារៀន​ជាមួយ​ខ្ញុំ​ទេ​? ចុះបើ​ខ្ញុំ​ទៅ​រៀន​តែ​ម្នាក់ឯង ហើយ​ក្មេង​ផ្សេងទៀត​នឹងធ្វើ​បាប​ខ្ញុំ​? ចុះ​ប្រសិនបើ​ខ្ញុំ​ទៅ​តែ​ម្នាក់ឯង ហើយ​ក្មេង​ផ្សេងទៀត​ព្រួត​គ្នា​មក​យកលុយ​ ឬ​នំ​របស់ខ្ញុំ​? ប៉ុន្តែ​ខ្ញុំ​ចង់​រៀន​... ប៉ុន្តែ ...»​។ លោកស្រី​បញ្ជាក់ថា​៖ «​ដូច្នេះ​រឿងនេះ​នឹង​ជួយ​កុមារ​ឱ្យ​រំងាប់​អារម្មណ៍​ភ័យខ្លាច​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​ឱ្យ​បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​កសាង​ទំនុកចិត្ត​របស់​ពួកគេ​»​។

បើតាម​លោកស្រី Meloney C. Lindberg ដើម្បី​បង្ហាញ​ការយល់ដឹង​អំពី​អារម្មណ៍ និង​ការឆ្លើយតប​ក្នុង​ស្ថានភាព​ខុសៗ​គ្នា ឱ្យ​កាន់តែ​ប្រសើរ​ដល់​អ្នកអាន និង​លើកកម្ពស់​ការច្នៃប្រឌិត និង​ការស្រមើល​ស្រមៃ​អ្នកនិពន្ធ​បាន​ប្រើប្រាស់​តួអង្គ បច្ចេកទេស​ និង​វិធីសាស្ត្រ​ក្នុង​ការសរសេរ​ថ្មីៗ​ និង​ខុសៗ​គ្នា​ដើម្បី​ទាក់ទាញ​អ្នកអាន​។

លោកស្រី​បានឱ្យ​ដឹងថា ក្នុង​ដំណើរការ​ដំបូង​នៃ​ការផលិត​សៀវភៅ​ទាំងនេះ គម្រោង Let''s Read នៃ​អង្គការ​មូលនិធិ​អាស៊ី​បាន​ជ្រើសរើស​អ្នកនិពន្ធ​ចំនួន​ ១០ ​នាក់ ហើយ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ទៅដល់​ពួកគេ លើ​ការសរសេរ​សៀវភៅ​រឿង​របស់​កុមារ​។ អ្នកនិពន្ធ​ត្រូវបាន​គាំទ្រ និង​ណែនាំ​ពី​ការីនិពន្ធ​ក្នុងស្រុក​ដែល​ពោរពេញ​ដោយ​បទពិសោធ និង​ជំនាញ​ខាង​ផលិត​សៀវភៅ​កុមារ​។

លោក​ គាំ ទីវា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ក្រុមហ៊ុន​ស្មាត​បាន​លើកឡើងថា ក្រុមហ៊ុន​ស្មាត​ជឿជាក់ថា អំណាន​ជា​ជំនួយ​ជួយ​ឱ្យ​កុមារ​អាច​ស្វែងយល់​អំពី​សក្ដានុពល​របស់​ពួកគេ​។ ដូច្នេះ​ហើយ​បានជា​ក្រុមហ៊ុន​ស្មាត ធ្វើ​កិច្ចសហការ​ជាមួយ​អង្គការ​មូលនិធិ​អាស៊ី ដើម្បី​បង្កើន​ទម្លាប់​ក្នុង​ការអាន​ក្នុងចំណោម​កុមារ​កម្ពុជា​តាមរយៈ​កម្មវិធី​ផលិត​សៀវភៅ​នេះ​។

លោក​ថ្លែងថា​៖ ​​«​តាមរយៈ​សាច់រឿង​របស់​តួអង្គ​នៅក្នុង​សៀវភៅ​រឿង កុមារ​អាច​ចេះ​សម្រប​ខ្លួន​ក្នុង​សហគមន៍​របស់គាត់​ហើយក៏​ដូចជា​ការគ្រប់គ្រង​អារម្មណ៍​អវិជ្ជមាន​របស់ខ្លួន​ផងដែរ​»៕