ភ្នំពេញៈ មូលនិធិ គីណាល់ សហការជាមួយទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (AFD) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រកួតប្រជែងវគ្គផ្ដាច់ព័្រត្រលើអត្ថបទស្រាវជ្រាវកែច្នៃកសិផលដើម្បីដណ្ដើមពានរង្វាន់ត្នោតមាសប្រចាំ ២០១៩ នេះ ដោយធ្វើនៅថ្ងៃទី ២៥ ខែ ឧសភា នៅទីស្នាក់ការមូលនិធិគីណាល់ក្បែររង្វង់មូលចោមចៅរាជធានីភ្នំពេញ ដែលជាការប្រកួតលើកទី២ បន្ទាប់ពីធ្លាប់ធ្វើម្ដងរួចមកហើយកាលពីឆ្នាំមុន។
តាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគីណាល់បានបញ្ជាក់ថា ការប្រកួតពានរង្វាន់ត្នោតមាសនេះ គឺមាននិស្សិតចូលរួមចំនួន ៦ ក្រុមមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មខេត្តកំពង់ចាម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថាន Saint-Paul ពីខេត្តតាកែវ ដែលផ្ដោតលើប្រធានបទ ការផលិតផលិតផលកែច្នៃពីផ្លែម្នាស់ ការផលិតប្រហិតបន្លែ ការកែច្នៃសាច់ដូង អត្ថប្រយោជន៍នៃការកែច្នៃសាច់ដូង ការកែលម្អគុណភាពផ្លែខ្នុរ និងគុណប្រយោជន៍ និង ស្ថិរភាពនៃប្រព័ន្ធផលិតដែលគោរពបរិស្ថាននិងលើកកម្ពស់កម្រិតជីវភាពកសិករខ្មែរ។
នៅក្នុងការប្រកួតផ្ដាច់ព័្រត្រនេះ ក្រុមនិស្សិតទាំង ៦ ក្រុមនឹងត្រូវឡើងធ្វើបទបង្ហាញពីការងារសិក្សាស្រាវជ្រាវផ្ទាល់មាត់ និងត្រូវឆ្លើយសំណួររបស់គណៈមេប្រយោគ ដែលមកពីក្រសួងអប់រំ ក្រសួងកសិកម្ម និងក្រុមហ៊ុន Siat ហើយក្រោយពីបញ្ចប់បទបង្ហាញ គណៈមេប្រយោគនឹងជ្រើសរើសនិស្សិតចំនួនតែ ៣ ក្រុមប៉ុណ្ណោះដើម្បីទទួលបានជយលាភីលេខ ១ លេខ ២ និងលេខ ៣ ដោយជយលាភីលេខ ១ ទទួលបានពានរង្វាន់ ១ និងទឹកប្រាក់ ៤ លានរៀល ជយលាភីលេខ ២ ទទួលបានពានរង្វាន់ ១ និងទឹកប្រាក់ ២ លានរៀល និងជយលាភីលេខ ៣ ទទួលបានពានរង្វាន់ ១ និងទឹកប្រាក់ ១ លានរៀល។
សេចក្ដីប្រកាសព័ត៌មានបន្តថា ពានរង្វាន់ត្នោតមាស ត្រូវបានបង្កើតឡើងលើកដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៨ ដោយមូលនិធិ គីណាល់ ដើម្បីលើកទឹកចិត្តដល់ការសិក្សាស្រាវជ្រាវក្នុងវិស័យកសិអាហារនិងបង្កើតគំនិតច្នៃប្រឌិតដល់និស្សិតក្នុងការចូលរួមកែច្នៃកសិផលរបស់កសិករ និងរួមគ្នាគាំទ្រដល់ការអភិវឌ្ឍជនបទនៅក្នុងប្រទេស កម្ពុជា។
លោក ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់បានលើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានថា៖ «មូលនិធិគីណាល់បានបង្កើតពានរង្វាន់គីណាល់រួចហើយតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ដើម្បីចូលរួមលើកស្ទួយដល់ការ សិក្សាស្រាវជ្រាវ និងគំនិតច្នៃប្រឌិតនៅក្នុងវិស័យវេជ្ជសាស្ដ្រនិងឱសថសាស្ដ្រ។ខ្ញុំចង់ឱ្យមូលនិធិនេះមានតួនាទីដូចគ្នានៅក្នុងវិស័យកសិកម្ម ពីព្រោះខ្ញុំជឿជាក់ថា ការអភិវឌ្ឍនៅជនបទនៅកម្ពុជាធ្វើឱ្យយើងបង្កើតបាននូវតម្លៃបន្ថែមលើគ្រប់ផលិតផលទាំងអស់របស់យើង។
ពានរង្វាន់ត្នោតមាសនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយស្ថាបនិកក្រុមហ៊ុន ខនហ្វីរេន លោក ហៃ លីអ៊ាង។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងនៃក្រុមហ៊ុនខនហ្វីរេល បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា កាលពីឆ្នាំ ២០១៨ និស្សិតមកពីវិទ្យាស្ថាន Saint-Paul ពីខេត្តតាកែវ អ្នកទទួលបានជយលាភីលេខ ១ នៃពានរង្វាន់ត្នោតមាស ដោយសារក្រុមនិស្សិតទាំងនេះបានស្រាវជ្រាវ និងអាចយកដើមចេកគ្រប់ផ្នែកទាំងអស់ដើម្បីកែច្នៃដូចជាផ្លែ ច្នៃទៅជាស្ករគ្រាប់ និងដើមអាចច្នៃទៅជាធ្យូងជាដើម។
លោកបានបញ្ជាក់ថា៖ «ចំណងជើងរបស់គាត់ហ្នឹង គាត់កែច្នៃគ្រប់ផ្នែកនៃដើមចេកទាំងអស់សុទ្ធតែជារតន សម្បត្តិ តាំងពីស្លឹក ដើម ផ្លែគឺទាំងអស់ អត់ចោលម៉ាផ្នែកណាមួយទេគឺគាត់អាចកែច្នៃបានទាំងអស់»៕