សៀមរាបៈ មេការ​សំណង់​ម្នាក់​និយាយថា សាលា​ធម្មសភា​នៅ​វត្ត​ប្រាសាទ​គោកចក​ស្ថិត​ក្នុង​ក្រុង​សៀមរាប​ដែល​បាន​បាក់​រលំ​សង្កត់​មនុស្ស​ស្លាប់​ ៣ ​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​ ១៣ ​នាក់ ខណៈ​កំពុង​ចាក់​ប្លង់សេ​កាលពី​ថ្ងៃទី​ ២ ធ្នូ​នោះ គឺ​បណ្ដាល​មកពី​ការសាងសង់​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

លោក​ ឈុំ កុសល ដែល​ប្រកបរបរ​ជា​មេការ​សំណង់​រយៈពេល​ប្រហែល​ ៤ ​ឆ្នាំ និង​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​នៅ​ខេត្តសៀមរាប​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ៣ ធ្នូ ថា​ការចាក់​ប្លង់សេ ដើម្បី​សាង​សង់សាលា​ធម្មសភា​នៅ​វត្ត​ប្រាសាទ​គោកចក ធ្វើ​ឡើង​ដោយ​ខ្វះ​ការយកចិត្ត​ទុកដាក់​អំពី​ការប្រើប្រាស់​ជើង​រន្ទា​សម្រាប់​ទ្រ​ការពារ​ទម្ងន់​ប្លង់សេ​។

លោក​បន្តថា គេ​បាន​ប្រើប្រាស់​ចំនួន​ឈើ​ និង​ឫស្សី​ច្រើន​ជាងដែក​សម្រាប់​ធ្វើ​ជា​រន្ទា ហើយ​រន្ទា​ជា​ឈើ​ និង​ឫស្សី​ទាំងនោះ​ភាគច្រើន​មិន​ត្រូវ​បាន​គេ​ប្រើ​ក្ដារ​ដើម្បី​វាយ​ដែកគោ​លត​ភ្ជាប់​ពី​រន្ទា​មួយ​ទៅ​រន្ទា​មួយ​ក្នុង​ការជួយ​ទប់​លំនឹង​គ្នា​ឡើយ​។ មួយវិញទៀត​ដែក​ដែល​គេ​ប្រើប្រាស់​សម្រាប់​ចាក់​ធ្វើ​ជា​សសរ សម្រាប់​ទ្រ​ប្លង់សេ​ក៏​ត្រូវ​ពិនិត្យ​ឃើញ​ថា ជា​សរសៃដែក​តូចៗ​ខុសពី​ធម្មតា​។

លោក​បញ្ជាក់ថា​៖ «​វា​ជា​ទម្លាប់​នៃ​ការងារ​របស់ខ្ញុំ​។ ខ្ញុំ​មិនបាន​ទៅ​រៀន​វិស្វករ​អី​ទេ​។ ប៉ុន្តែ​ជាក់ស្ដែង ទោះ​មិនចេះ​អី ក៏​អាច​វិនិច្ឆ័យ​បានដែរ វា​(​ការធ្លាក់​ប្លង់សេ​) ​នេះ​ប្រាកដ​ជា​មាន​បញ្ហា​បច្ចេកទេស​ណាមួយ​។ អ៊ីចឹង​បញ្ហា​បច្ចេកទេស​គឺមាន​តែ​​ ២ ​ទេ​ដែល​ខ្ញុំ​កត់សម្គាល់​ខ្លាំង ទី​ ១ ​ដែក​ឆ្អឹង​ក្នុង​សសរ​វា​អត់​រឹងមាំ​ដោយសារ​ដែក​តូចៗ ហើយ​ទី​ ២ ​រន្ទា​ខាងក្រោម​វា​ក៏​អត់​រឹងមាំ ហើយ​នៅពេល​រន្ទា​នៅ​ចំណុច​ណាមួយ​ទន់ បេតុង​នឹង​ហូរ​។ កាលណា​បេតុង​ហូរ វា​នឹង​ទាញ​សសរ​នៅ​ជុំវិញ​ហ្នឹង​ឱ្យ​បាក់​ហើយ​»​។

លោក​ កុសល បន្ថែមថា​៖ «​នៅពេល​នេះ​ការសាងសង់​សំណង់​អី​ផ្សេងៗ ដូចជា​ការសាងសង់​បុរី​ជាដើម​គឺ​គេ Update (​ធ្វើ​ឲ្យ​ទាន់សម័យ​)​ប្រើ​រន្ទា​ជា​ដែក​អស់ហើយ ហើយ​ដែក​ហ្នឹង​សុទ្ធ​តែមាន​ខ្នែង​សម្រាប់​ចងភ្ជាប់​គ្នា​។ ប៉ុន្តែ​ដោយឡែក​នៅក្នុង​រូបភាព​ដែល​យើង​បានឃើញ​អំពី​ការបាក់​សាលា​ធម្មសភា​នេះ គឺ​រន្ទា​ហ្នឹង ភាគច្រើន​សុទ្ធតែ​កូនឈើ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បញ្ជាក់ថា ករណី​រលំ​ធ្លាក់​ប្លង់​សេសា​លា​ធម្មសភា​ដែល​កំពុង​សាងសង់​ក្នុង​វត្ត​ប្រាសាទ​គោកចក​កាលពី​ម៉ោង​ ២ ​និង​ ១៤ ​នាទី​រសៀល​ថ្ងៃ​ចន្ទ គឺមាន​អ្នករបួស​ធ្ងន់​ ៣ ​នាក់ របួសស្រាល​ ១០ ​នាក់ និង​ស្លាប់​ ៣ ​នាក់​។ ក្នុងចំណោម​អ្នករបួស​ទាំង​ ១៣ ​នាក់​ជាង​សំណង់​ ៩ ​នាក់ ប្រជាការពារ​ ២ ​នាក់ និង​ព្រះសង្ឃ​ ២ ​អង្គ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា ករណី​គ្រោះថ្នាក់​នេះ​បាន​ប្រើប្រាស់​កម្លាំង​ជួយសង្គ្រោះ​ចំនួន​ ៧៧៥ ​នាក់​ដូចជា​កម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និង​ប្រជាពលរដ្ឋ​។ រីឯ​រថយន្ត​សង្គ្រោះ​មាន​ចំនួន ៩ ​គ្រឿង រថយន្ត​ពន្លត់​អគ្គីភ័យ ២ ​គ្រឿង រថយន្តស្ទូច​ ៣ ​គ្រឿង និង​អេស្កាវ៉ាទ័រ​ ៤ ​គ្រឿង​។

ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្តសៀមរាប​ផ្សាយ​ថា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្ដែង​ការសោកស្ដាយ​ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ឧបទ្ទវហេតុ​នេះ​និង​បាន​ឧបត្ថម្ភ​ថវិកា​ ៩៩ ​លាន​រៀល​ដល់​គ្រួសារ​សព​ និង​ជនរងគ្រោះ​ទាំង​ ១៦ ​នាក់​។

ចំពោះ​អ្នករងរបួស​ម្នាក់​ទទួលបាន​ ៣ ​លាន​រៀល ចំណែក​គ្រួសារ​សព​ក្នុង​ ១ ​គ្រួសារ​ទទួលបាន​ ២០ ​លាន​រៀល​។ លោក​ សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប​ក៏​បាន​ឧបត្ថម្ភ​ក្នុងចំណោម​អ្នក​រងរបួស​ផងដែរ ដែល​ក្នុង​ម្នាក់​ចំនួន​ ១០០ ​ដុល្លារ និង​គ្រួសារ​សព​ទទួល​បាន​ ៣០០ ​ដុល្លារ​ក្នុង​ ១ ​គ្រួសារ​។

លោក​ ភឹង ចិន្តារ៉េត ស្នងការរង​ខេត្ត​សៀមរាប​ថ្លែង​កាលពី​ថ្ងៃទី​ ៣ ​ធ្នូ ថា​អាជ្ញាធរ​មិនទាន់​អាច​ស្វែងរក​អ្នក​ទទួលខុសត្រូវ​នៅ​ឡើយ​ទេ​។ លោក​អះអាងថា សាលាធម្មសភា​នៅក្នុង​វត្ត​ប្រាសាទ​គោកចក ព្រះសង្ឃ​ក្នុង​វត្ត​ជា​អ្នកចាត់ចែង​ដឹកនាំ​សាងសង់​។ ការសាងសង់​សំណង់​ភាគច្រើន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​មាន​សទ្ធា​ចូលរួម​ជួយ​ដោយ​មិន​យក​កម្រៃ​។

លោក​បន្តថា អ្នក​បាន​ចូលរួម​ជួយ​ចាក់​ប្លង់សេ​សាលា​ធម្មសភា​កាលពី​ថ្ងៃ​ចន្ទ មាន​ទាំង​ប៉ូលិស ប្រជាការពារ និង​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់ថា អ្នករបួស​ធ្ងន់​ម្នាក់​ដែល​ប៉ះពាល់​ខ្លាំង​នៅ​ឆ្អឹងខ្នង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ខណៈ​អ្នករងរបួស​ផ្សេងទៀត​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។

លោក​ ភឹង ចិន្តារ៉េត បញ្ជាក់ថា​៖ «​នៅ​ថ្ងៃ​ចាក់​ប្លង់សេ​ហ្នឹង គឺមាន​ទាំង​ប៉ូលិស​ប៉ុស្ដិ៍​ ១២ ​នាក់ ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត និង​ប្រជាការពារ ដើម្បី​ចូលរួម​ជួយ​ចាក់​ប្លង់សេ​ហ្នឹង​តាំងពី​ព្រឹក​រហូតដល់​ប្រហែល​ (​ម៉ោង​) ២ បើ​សរុប​មាន​មនុស្ស​ជិត​ ៥០ ​នាក់​។ ដល់ពេល​ចាក់​ជិត​ហើយ​មាន​អ្នក​ចុះ​មក​ខ្លះ ហើយ​នៅ​សល់​តែ​ជាង​ ១០ ​នាក់​ហ្នឹង ​ឧបទ្ទវហេតុ​ក៏​កើតឡើង​ទៅ​»​។

លោក​បន្ថែមថា រន្ទា​ភាគច្រើន​សម្រាប់​ទ្រ​ទម្ងន់​ការចាក់​ប្លង់សេ​ដែលមាន​កម្ពស់​ ៨ ​ម៉ែត្រ​ ទទឹង​ ៣០ ​ម៉ែត្រ និង​បណ្ដោយ​ ៤០ ​ម៉ែត្រ ភាគច្រើន​ពិតជា​ឈើ​មែន​។ ប៉ុន្តែ​មិន​សន្និដ្ឋាន​ថា មូលហេតុអ្វី​បណ្ដាលឱ្យ​បាក់​សសរ​ និង​ធ្លាក់​ប្លង់សេ​សង្កត់​មនុស្ស​នោះ​ទេ ដោយ​លោក​បាន​ជំរុញ​ឱ្យ​ទៅ​សួរ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ដែនដី​វិញ​។

ប៉ុន្តែ​លោក​ សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែនដី​បញ្ជាក់​ថា ការសាងសង់​សាលា​ធម្មសភា​នោះ​មិន​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ដែនដី​ឡើយ ប៉ុន្តែ​ស្ថិត​ក្រោម​អាជ្ញាធរ​អប្សរា និង​បាន​ជំរុញ​ឱ្យ​ទៅ​សួរ​អាជ្ញាធរ​អប្សរា​វិញ​។

លោក​ ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែងថា ស្ថាប័ន​របស់​លោក​មិន​ពាក់ព័ន្ធ​នឹង​រឿង​នោះ​ប៉ុន្មាន​ទេ​។ ថ្វី​ដ្បិត​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នក​អនុញ្ញាត​ឱ្យ​មាន​ការសាងសង់​សាលា​ធម្មសភា​នៅ​វត្ត​ប្រាសាទ គោកចក​នេះ​ក្ដី ប៉ុន្តែ​មិនមែន​ជា​អ្នក​គ្រប់គ្រង​សំណង់​ក្នុង​ក្រុង​សៀមរាប​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​បើទោះ​ជា​វត្ត​ប្រាសាទ​គោកចក​ស្ថិត​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ក៏ដោយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បញ្ជាក់​បាន​គឺ​វត្ត​បាន​ស្នើសុំ​មក​អាជ្ញាធរ​អប្សរា ដើម្បី​សាងសង់​សាលា​ហ្នុង​។ យើង​បានអនុញ្ញាត​ឱ្យមាន​ការកសាង ក៏ប៉ុន្តែ​រឿង​គ្រប់គ្រង​បច្ចេកទេស​សំណង់ និង​ប្លង់​សំណង់​អីហ្នឹង លោក​ (​ព្រះសង្ឃ​) ​ត្រូវ​ពិនិត្យ​ពិចារណា​ជាមួយ​ខាង​ណា អាហ្នឹង​ខ្ញុំ​ក៏​មិនដឹង​ដែរ ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ​»​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់​​ និង​ព្រៃឈើ​កម្ពុជា​បានលើក​ឡើង​ថា ការសាងសង់​សំណង់​ដែល​ខ្វះ​គុណភាព​ និង​បណ្តាល​ឱ្យមាន​គ្រោះថ្នាក់​នាពេល​កន្លងមក​នោះ គឺ​ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​មន្ត្រី​ជំនាញ​មិន​មាន​ការចុះ​ទៅ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​ទៅលើ​គុណភាព​ក្នុងការ​សាងសង់​សំណង់​ទាំងនោះ​។

លោក​ សុខ គីន បាន​និយាយ​ថា​៖ «​សូម្បីតែ​ធ្វើ​របង ឬ​ក៏​ផ្ទះមួយ​ខ្នង​ក៏​ត្រូវ​ការសុំច្បាប់​ដែរ​។ ការសុំច្បាប់ ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​គាត់​ឱ្យ​ច្បាប់ ហើយ​មិន​បាន​ពិនិត្យ​គុណភាព​សំណង់​ឱ្យបាន​ត្រឹមត្រូវ ខ្ញុំ​គិតថា នៅតែ​បន្ត​កើតមាន​គ្រោះថ្នាក់​ដល់​កម្មករសំណង់​អ៊ីចឹង​។ បើ​អាជ្ញាធរ​ពិនិត្យ​គុណភាព​សំណង់​បាន​ត្រឹមត្រូវ​ដូចជា​ត្រូវដាក់​ដែក​ប៉ុន្មាន និង​សសរ​ហ្នឹង​គួរតែ​ប៉ុន្មាន​តឹក អាច​ទ្រ​បេតុង​ហ្នឹង​បាន អាហ្នឹង​ខ្ញុំ​គិតថា សំណង់​ទាំងអស់​ហ្នឹង​ប្រហែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​កម្មករសំណង់​ទេ​»​។

លោក​បន្ថែម​ថា​ជា​រឿង​ធម្មតា​ដែល​ជនរងគ្រោះ​ទទួល​បាន​សំណង ប៉ុន្តែ​តាមផ្លូវ​ច្បាប់​គឺ​ត្រូវតែ​ស្វែងរក​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការសាងសង់​សំណង់​ខ្វះ​គុណភាព​ទាំងនោះ​។

លោក​ គីន បាន​បញ្ជាក់ថា​៖ «​យើង​ចង់ឱ្យ​មាន​វិធានការ​តឹងរ៉ឹង​ណាមួយ ដើម្បី​ការពារ​កុំ​ឱ្យមាន​បញ្ហា​ហ្នឹង​ដដែល​អ៊ីចឹង​។ ឥឡូវ​យើង​សង្កេតមើល​ ១ ​ខែ​ឬ​ ២ ​ខែ យើង​មាន​ករណី​ហ្នឹង​ពី​ ២-៣ ​ករណី​។ អ៊ីចឹង​តើ​អាជ្ញាធរ​ពាក់ព័ន្ធ​ជំនាញ​គាត់​ធ្វើ​អី​វិញ បើ​មិន​ពិនិត្យ​គុណភាព​សំណង់ តើ​ជំនាញ​របស់​ពួកគាត់​ធ្វើ​អី​វិញ​?»៕