បន្ទាយមានជ័យ៖ តុលាការខេត្តបន្ទាយមានជ័យសម្រេចចេញដីកាឃុំខ្លួនបុរសជាមេខ្យល់ម្នាក់ដាក់ពន្ធនាគារខេត្តកាលពីព្រលប់ថ្ងៃទី ២៥ មេសា ពាក់ព័ន្ធនឹងគម្រោងដឹកមនុស្ស ១០ នាក់ ឆ្លងដែនចេញទៅប្រទេសថៃ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី ២៦ មេសាថា បុរសឈ្មោះ ម៉ក់ ឈន់ អាយុ ៤៣ ឆ្នាំ ត្រូវបានចៅក្រមចេញដីកា និងបង្គាប់ឱ្យសមត្ថកិច្ចរបស់លោកនាំខ្លួនយកទៅឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ហើយកាលពីព្រលប់ថ្ងៃទី ២៥ មេសា។ រីឯបក្ខពួកគេម្នាក់ទៀត ឈ្មោះ សួស គិម ដែលបានរត់គេចខ្លួនក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនដែរ។
លោកប្រាប់ថា៖ «លោកចៅក្រមស៊ើបសួរ ព្រុំ ម៉ូនីន ជាអ្នកចេញដីកាឃុំ ពាក់ព័ន្ធបទចោទការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនតាមមាត្រា ១១»។
យោងតាមបញ្ញត្តមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ប្រសិនបើតុលាការរកឃើញថា ជនជាប់ចោទម្នាក់នេះ ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះនឹងត្រូវជាប់ពន្ធនាគារចន្លោះពី ៧ ទៅ ១៥ ឆ្នាំ។
បើតាមលោក ព្រហ្ម ថេង រំឭកប្រាប់ថា កាលពីថ្ងៃទី ២៤ មេសា បុរសជាមេខ្យល់ទាំង ២ នាក់នោះ (ម្នាក់គេចខ្លួន) បានបើករថយន្ត ១ គ្រឿង ម៉ាកបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2w-9568 ចេញពីក្រុងប៉ោយប៉ែត។ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកចាប់បាននៅចំណុចបង្គោលគីឡូលេខ ៣៤ ក្នុងទឹកដីភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបន្តថា ក្រោយឃាត់រថយន្តសមត្ថកិច្ចលោកបានរកឃើញក្មេងចំនួន ៤ នាក់ ស្រ្តី ៣ នាក់ និងបុរស ៣ នាក់ នៅក្នុងរថយន្តរួមទាំងជនសង្ស័យម្នាក់ទៀតសរុប ១១ នាក់។ បន្ទាប់ពីសាកសួរពួកគេមក គឺលោកបានបញ្ជូនពលករទាំង ១០ នាក់នោះទៅមណ្ឌលចត្តាឡីស័កបន្តទៀត៕