កណ្តាលៈ មេឃុំព្រែកទន្លាប់លោក ងឺ សារី បដិសេធការចោទប្រកាន់ថាលោក និងប្រជាពលរដ្ឋ ប្រមាណ ៥០ គ្រួសារ បានឃុបឃិត គ្នាលក់ដីបឹងដែលជាកម្មសិទ្ធិរបស់រដ្ឋ ១ កន្លែង នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាលដែលមានផ្ទៃដីសរុបទំហំ ២៣៩,១៤៥០ ហិកតា ទៅឲ្យឈ្មួញស្ងាត់ៗ។ មន្ត្រីជំនាញអះអាងថានឹងចុះពិនិត្យ និងរឹបអូសវិញ បើទោះបីបឹងនោះត្រូវលក់ក៏ដោយ។
ការបដិសេធនេះ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយព័ត៌មានពីការឃុបឃិតលក់ដីបឹងនេះដោយមានទាំងបង្ហាញស្នាមមេដៃ និងឯកសារមួយចំនួនផង។ ប្រភពព័ត៌មានអះអាងថាលោក ងឺ សារី មេឃុំព្រែកទន្លាប់បានដឹកនាំប្រជាជនដែលរស់នៅភូមិព្រែកបាក់ និងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ឲ្យមកចូលរួមសហការផ្ដិតមេដៃលក់ដីបឹងដែលជាកម្មសិទ្ធិរបស់រដ្ឋទៅឲ្យឈ្មួញតាមរបៀបលាក់ការសម្ងាត់។
លោក ងឺ សារី មេឃុំព្រែកទម្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដោយបានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ និងបានអះអាងថា៖ «គាត់ចុះផ្សាយតែម្ខាង អត់បានមកយកព័ត៌មានពីខាងខ្ញុំ។ ឯកសារដែលចុះផ្សាយហ្នឹង មិនដឹងគាត់បានពីណាមក អត់មានពាក់ព័ន្ធនឹងខ្ញុំទេ ព្រោះខ្ញុំអត់មានបានចុះហត្ថលេខាលើឯកសារទាំងអស់ហ្នឹងឯណា»។
ទោះយ៉ាងណាលោកទទួលស្គាល់ថា ផ្នែកខ្លះនៃបឹងនេះពិតជាមានប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលពិតមែន។ ប៉ុន្តែលោកមិនអាចបញ្ជាក់បានទេថា តើមានចំនួនប៉ុន្មានគ្រួសារឲ្យពិតប្រាកដ ព្រោះប្រជាពលរដ្ឋទាំងនោះមួយចំនួនមកពីឃុំក្បែរៗនោះ។
លោក សារី បន្តថា៖ «រឿងដីបឹងជាទូទៅការកាន់កាប់ ការអាស្រ័យផល ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋគាត់មានការកាន់កាប់អាស្រ័យផលស្របច្បាប់ឲ្យតែបំពេញតាមលក្ខខណ្ឌនោះអាចនឹងដាក់ពាក្យសុំកាន់កាប់ពិត។ ប៉ុន្តែឲ្យមានការឃុបឃិតគ្នាខុសច្បាប់នោះមិនបានទេ»។
យោងតាមឯកសារចំនួន ១០ សន្លឹក ដែលផ្សាយក្នុងបណ្តាញ សារព័ត៌មានបានបង្ហាញពីស្នាមមេដៃ និងឈ្មោះប្រជាពលរដ្ឋចំនួន ៥០ គ្រួសារនោះ។ ឯកសារបានបញ្ជាក់ថា ពួកគេទាំងនោះបានកាន់កាប់ដីទំហំចន្លោះពី ២ ម៉ឺនទៅ ៥ ម៉ឺន ៥ ពាន់ម៉ែត្រការ៉េ ប៉ុន្តែឯកសារនេះមិនមានចុះកាលបរិច្ឆេទនោះទេ។
ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកប្រភពពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីផ្តិតមេដៃលក់ដីបឹងនេះបានទេ។ ប៉ុន្តែលោក ងឺ សារី អះអាងថាលោកនឹងពិនិត្យឈ្មោះដែលមាននៅក្នុងលិខិតទាំងនោះ ដើម្បីឲ្យបានច្បាស់ថា ឈ្មោះ និងស្នាមមេដៃទាំងនោះជាពលរដ្ឋដែលមានទីលំនៅ និងកំពុងអាស្រ័យផលនៅបឹងនោះ ឬយ៉ាងណាស្របពេលលោកអះអាងថាមិនបានស្គាល់។
ស្ត្រីជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងឃុំនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ដោយសុំមិនបញ្ចេញឈ្មោះថា កន្លងទៅខ្លួនធ្លាប់តែឮពាក្យចចាមអារ៉ាមពីការឃុបឃិតលក់ដីបឹងនេះពិតមែន។ ប៉ុន្តែអ្នកស្រីមិនមានភ័ស្តុតាងច្បាស់លាស់យ៉ាងណានោះទេ ព្រោះគ្រាន់តែជាប្រជាពលរដ្ឋតូចតាចនៅក្នុងឃុំ។
អ្នកស្រីប្រាប់ថា៖ «និយាយទៅបឹងហ្នឹងប្រជាពលរដ្ឋគាត់រកស៊ីចិញ្ចឹមជីវិតធម្មតា នៅពេលទឹកវាឡើង វាស្រកអីទៅ ប្រជាពលរដ្ឋរកនេសាទ និងដាំដុះ បេះត្រកួន បេះព្រលឹតអីអ៊ីចឹងទៅ។ តែរឿងទិញលក់នេះ យើងមិនហ៊ានអះអាងទេ ប៉ុន្តែគ្រាន់ឮពាក្យតៗគ្នាថា ប្រជាពលរដ្ឋដែលនៅហ្នឹង លក់ឲ្យទៅគាត់ (មេឃុំ) ហ្នឹង។ គ្រាន់តែការលក់ដូរនេះ ខ្ញុំឮតាមពាក្យអ្នកដែលគាត់ធ្លាប់លក់ហ្នឹងថា មានអ្នកផ្សេងចូលទិញដីតំបន់នេះ មេឃុំគាត់មិនឲ្យលក់ទេ ដោយបង្កការលំបាកដល់អ្នកទិញផ្សេងអីអ៊ីចឹង។ ប៉ុន្តែបើលក់ឲ្យគាត់ វាបាន អាហ្នឹងវាអ៊ីចឹង»។
លោក លឹម ច័ន្ទសុភី ប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល និយាយថាលោកមិនធ្លាប់ទទួលបានសំណើសុំចុះបញ្ជីផ្នែកណាមួយនៃបឹងនេះធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ។ លោក អះអាងថាមន្ទីរនឹងពិនិត្យលើករណីនេះ ខណៈក្រុមការងារកំពុងពន្លឿននីតិវិធីចុះបញ្ជីដីបឹងទាំងអស់ក្នុងខេត្ត ដើម្បីកំណត់ជាទ្រព្យសម្បត្តិរបស់រដ្ឋ ចៀសវាងការរំលោភបំពានពីសំណាក់ជនខិលខូច។
បន្ថែមពីនេះលោក សុភី ក៏អះអាងដែរថា សម្រាប់ប្រជាពលរដ្ឋដែលអាស្រ័យផលក្នុងបឹងនេះ ឬនៅតាមបឹងទាំងឡាយអាចមានសិទ្ធិអាស្រ័យផលតែប៉ុណ្ណោះដោយមិនអាចមានសិទ្ធិកាន់កាប់ស្របច្បាប់ដែលឈានទៅមានការទិញលក់លើដី ឬផ្ទៃបឹងរបស់រដ្ឋបានទេ។
លោកបញ្ជាក់ថា៖ «បើមានការអះអាងបែបនេះយើងនឹងមើលដែរថា វិសាលភាពបឹងនេះមានទំហំប៉ុន្មាន ប៉ុន្តែបើមានឈ្មោះថាបឹងបែបនេះហើយ យើងពិចារណា ចុះបញ្ជី (កម្មសិទ្ធិរដ្ឋ) ហើយ។ ចំពោះការពាក់ព័ន្ធនឹងការសុំចុះបញ្ជីនោះខាងមន្ទីរនឹងពិនិត្យហើយតាមនិយាមការមកក្នុងការចុះវាស់វែង បើសិនជាដីបឹង យើងកាត់ចេញ បើទោះជាគាត់អាស្រ័យផលក៏ដោយ គឺមានសិទ្ធិតែអាស្រ័យផលទេ»។
ក្នុងករណីដែលមានការទិញលក់ដីទាំងនោះលោក លឹម ច័ន្ទសុភី អះអាងថា៖ «ពួកគេមានតែប្រឈមនឹងការដកហូតទេ ហើយអ្នកដែលទិញ គាត់ប្រឈមនឹងការខាតបង់លុយកាក់។ ឧទាហរណ៍ គាត់ទៅទិញ (ដីបឹង) ចុងក្រោយ រដ្ឋសម្រេចចុះបញ្ជីទៅ គាត់មានអ្វីតវ៉ាទៀត ព្រោះតាមច្បាប់ដីរដ្ឋមិនអាចលក់ដូរបាន មិនមែនជាកម្មវត្ថុនៃការលក់ដូរបានទេ»។
តាមការអះអាង បឹងដែលកំពុងមានភាពចម្រូងចម្រាសពីការរំលោភបំពាននេះ ត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះ ស្គាល់ និងហៅឈ្មោះខុសៗគ្នាទៅតាមតំបន់ដែលពួកគេកំពុងរស់នៅក្បែរ ហើយវាជាប្រភពចំណូលមួយរបស់ប្រជាពលរដ្ឋក្នុងការប្រកបរបរនេសាទចិញ្ចឹមជីវិតរបស់ពួកគេ៕