The Phnom Penh Post Search

Search form

មេឃុំ ចៅសង្កាត់​ជិត​ ៥០០ ​នាក់​របស់​សង្គ្រោះ​ជាតិ​កំពុង​ត្រូវ​បាន​បណ្តុះបណ្តាល

Content image - Phnom Penh Post
សាលា​សង្កាត់​ទួលសង្កែ​ទី​ ២ ដែល​មាន​ចៅសង្កាត់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។ ផា លីណា

មេឃុំ ចៅសង្កាត់​ជិត​ ៥០០ ​នាក់​របស់​សង្គ្រោះ​ជាតិ​កំពុង​ត្រូវ​បាន​បណ្តុះបណ្តាល

ភ្នំពេញៈ ​មេឃុំ ចៅសង្កាត់​ជិត ៥០០ ​នាក់​របស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​នៅ​ថ្នាក់​មូលដ្ឋាន​បន្ទាប់ពី​ឈ្នះ​ឆ្នោត​កាលពី​ខែ​មិថុនា​នឹង​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​របស់​ខ្លួន​រយៈពេល​ពីរ​សប្តាហ៍​ទៀត ខណៈ​មេឃុំ ចៅ​សង្កាត់​មួយ​ចំនួន​ក្នុង​ចំណោម​ពួកគេ​ត្រូវ​បាន​បណ្តុះបណ្តាល​រួច​ហើយ​។

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អញ្ជើញ​គ្រូ​បណ្តុះបណ្តាល​ដែល​មាន​ជំនាញ​ និង​បទពិសោធ​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​មក​បណ្តុះបណ្តាល​មេឃុំ ចៅសង្កាត់​ជិត ៥០០ ​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ឲ្យ​ពួកគេ​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ល្អប្រសើរ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​។

លោក បន្ថែម​ថា ​គណបក្ស​បាន​អញ្ជើញ​មេឃុំ ចៅសង្កាត់​ពី ៧០‑៨០ នាក់​ពី​ខេត្ត​នីមួយៗ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នីមួយៗ​ហើយ​ពួកគេ​ត្រូវ​បាន​បណ្តុះបណ្តាល​ដោយ​គ្រូ​បណ្តុះបណ្តាល​ដែល​មាន​សញ្ញាបត្រ​បណ្ឌិត និង​ ជា​គ្រូ​បណ្តុះបណ្តាល​នៅ​ក្នុង​នាយកដ្ឋាន​បណ្តុះបណ្តាល​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ហើយ​រហូត​មក​ដល់​ពេល​នេះ​ប្រហែល​ពាក់​កណ្តាល​នៃ​មេឃុំ ចៅ​សង្កាត់​ទាំងអស់​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​របស់​ខ្លួន​ហើយ​ពីរ​សប្តាហ៍​ទៀត​វគ្គ​បណ្តុះ​បណ្តាល​របស់​ពួកគេ​នឹង​បញ្ចប់​។ «​ជាធម្មតា​គាត់​ត្រូវ​តែ​សិក្សា​អំពី​ច្បាប់​គាត់​ត្រូវតែ​សិក្សា​អំពី​បទពិសោធ​ជាក់ស្តែង​ហើយ​ប្រសិន​បើ​គាត់​ជួប​ការ​លំបាក​ណា​មួយ​គាត់​នឹង​មក​សួរ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​»​។

អាសនៈ​ឃុំ សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើនឡើង​ពី ៤០ ឃុំ-សង្កាត់ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១២ ​រហូត​ដល់ ៤៨៩ ឃុំ-សង្កាត់​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ ២០១៧ ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​ទាំងអស់​ចំនួន ១៦៤៦ ឃុំ-សង្កាត់​ទូទាំង​ប្រទេស​។

លទ្ធផល​នេះ​ត្រូវ​បាន​ពេញ​ចិត្ត​ខ្លាំង​ដោយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​អះអាង​ថា​ នេះ​ជា​ជ័យជម្នះ​ធំ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ឈ្នះ​អាសនៈ​ឃុំ សង្កាត់​ជាច្រើន​ពី​គណបក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ខណៈ​គណបក្ស​ប្រជាជន​ឈ្នះ​អាសនៈ​ឃុំ-សង្កាត់​ចំនួន ១១៥៦ បន្ទាប់ពី​បាត់បង់​ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សុវណ្ណ បាន​ថ្លែង​ថា​៖ «​គាត់​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​អនុវត្ត​ភារកិច្ច​ប្រចាំ​ថ្ងៃ​ឲ្យ​ស្រប​ទៅ​តាម​ក្របខ័ណ្ឌ​ច្បាប់​ហើយ​ប្រសិន​បើ​គាត់​មាន​ការ​លំបាក​ ឬ ​ជួប​ឧបសគ្គ គាត់​មិន​យល់​ចំណុច​ណា​មួយ គាត់​នឹង​ជួប​ក្នុង​មួយ​ខែ​ម្តង​ដើម្បី​គាត់​ធ្វើការ​ដោះដូរ​គំនិត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជាមួយ​គ្រូ​បណ្តុះបណ្តាល​ជាមួយ​អ្នក​ជំនាញ​វិមជ្ឈការ​»​។

លោក សុវណ្ណ ក៏​បាន​បន្ថែម​ឲ្យ​ដឹង​ផង​ដែរ​ថា ​ឃុំ​សង្កាត់​ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មេឃុំ​ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ជាង​មុន​សេវា​ផ្តល់​លិខិត​រដ្ឋបាល​គឺ​លឿន​ជាង​មុន​ដោយ​មិន​យក​លុយ និង​បរិយាកាស​ស្អាតស្អំ​ក៏​ប្រសើរ​ជាង​មុន​ផង​ដែរ​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ លោក ហង្ស សុខុម ចៅ​សង្កាត់​ទឹកថ្លា​ក្នុង​ខណ្ឌ​ សែនសុខ រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា​បន្ទាប់ពី​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខ្លី​រយៈពេល​ពីរ​ថ្ងៃ​សម្រាប់​ការ​គ្រប់គ្រង​ឃុំ​សង្កាត់​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើឲ្យ​លោក​អនុវត្ត​ការងារ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ថ្នាក់​មូលដ្ឋាន​របស់​លោក​។

លោក​ ហង្ស សុខុម បន្ត​ថា​៖ «​យើង​មាន​បទពិសោធ​មួយ​ចំនួន​រួច​ហើយ​។ ការ​បណ្តុះបណ្តាល​នេះ​គឺ​មាន​ប្រសិទ្ធភាព វា​គឺ​ដូច​នឹង​ផ្លូវ​ដែល​ [​គណបក្ស​សង្គ្រោះ​ជាតិ​] ​ធ្វើឲ្យ​ [​យើង​] ​ដើរ​»​។

លោក ហង្ស សុខុម ដែល​បាន​ប្រាប់​ថា​លោក​ទើប​តែ​បាន​ចាប់ផ្តើម​តួនាទី​របស់​លោក​អស់​រយៈពេល​មួយ​ខែ​ជា​ចៅសង្កាត់​បាន​អះអាង​ថា​ការ​អភិវឌ្ឍ​នៅក្នុង​សង្កាត់​របស់​លោក​ គឺ​ប្រសើរ​ជាង​អាណត្តិ​មុន​ដោយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ពេញ​ចិត្ត​ជាមួយ​ការ​គ្រប់គ្រង​ថ្មី​។ «​សេវា​រដ្ឋបាល ប្រជាពលរដ្ឋ​ពេញ​ចិត្ត​។ យើង​ធ្វើ​មិន​ឲ្យ​គាត់​ [​ប្រជាពលរដ្ឋ​] ​អាក់អន់​ចិត្ត​។ យើង​មិន​ទទួល​យក​សេវា​ថវិកា​»​។

លោក សុខុម ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ការ​សម្អាត​បរិស្ថាន​ និង​ការ​លុបបំបាត់​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​គឺ​មាន​ការ​សហការ​ល្អ​ជាមួយ​នគរបាល​ និង​ប្រជាពលរដ្ឋ​។ លោក​បន្ថែម​ថា​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​បាន​កាត់បន្ថយ​។

លោក​ ឡឹង សារុន មេឃុំ​ទឹកវិល​ក្នុង​ស្រុក​ស្អាង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ការ​បណ្តុះបណ្តាល​នេះ​គឺ​សំខាន់​ណាស់​សម្រាប់​មេឃុំ ចៅសង្កាត់ ពីព្រោះ​សិក្ខាកាម​ត្រូវ​បាន​បណ្តុះបណ្តាល​លើ​ការ​សិក្សា​អំពី​ច្បាប់​គ្រប់គ្រង​ឃុំ សង្កាត់ ហើយ​ថា​កាល​ពេល​លោក​ជា​ជំទប់​ឃុំ​លោក​មិន​មាន​ឱកាស​អនុវត្ត​ការងារ​អ្វី​នៅ​ក្នុង​ឃុំ​របស់​លោក​ទេ​។

លោក សារុន បន្ត​ថា​៖ «​នៅ​ពេល​នេះ​ខ្ញុំ​មាន​ឱកាស​អនុវត្ត​ការងារ​នេះ​។ ការងារ​មួយ​ចំនួន ខ្ញុំ​នឹង​ធ្វើ​មិន​ឲ្យ​ដូច​អាណត្តិ​មុន​ទេ​។ ខ្ញុំ​នឹង​អនុវត្ត​ឲ្យ​ប្រសើរ​ជាង​មុន​»​។

លោក​បន្ថែម​ថា ​ច្បាប់​ស្តីពី​អភិបាលកិច្ច​ឃុំ-សង្កាត់​មិន​ត្រូវ​បាន​អនុវត្ត​ពេញលេញ​ទេ​កាលពី​អាណត្តិ​មុន​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សួស យ៉ារ៉ា បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​វគ្គ​បណ្តុះបណ្តាល​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ថ្លែង​ថា​នេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​រួច​ហើយ ដល់​មន្ត្រី​រាជការ​រាប់​ម៉ឺន​នាក់​។

លោក​ យ៉ារ៉ា ថ្លែង​បន្ត​ថា​៖ «​ចំពោះ​មោទនភាព​នៃ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​លើសលប់​។ ការ​និយាយ​មិន​ពិបាក ប៉ុន្តែ​សំខាន់ យើង​រង់​ចាំ​មើល​លទ្ធផល​»៕ PS

អត្ថបទគួរចាប់អារម្មណ៍