ក្រចេះ: មេឃុំនិង​មេភូមិ​តំណាង​ពល​រដ្ឋ​នៅ​ឃុំ​​ កំពង់​ចាម ​ស្រុក​សំបូរ ​ខេត្ដ​ក្រចេះ​ចំនួន ​១២៩៤​ នាក់​ នឹង​ស្នើ​ដក​លោក ​ញ៉ែម វិសាល មន្ដ្រី​​បរិស្ថាន​ទទួល​បន្ទុក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ​និង ​មន្ដ្រី​បរិ​ស្ថាន​មួយ​ចំនួន​ នៅ​ក្នុង​ពេល​​កិច្ច​ប្រជុំ​អន្ដរ​ក្រ​សួង​នៅថ្ងៃ​ពុធ​នេះ​ ខណៈ​ពួក​គាត់​ថា​មន្ដ្រី​ទាំង​នោះ​បាន​គំរាម​ពលរដ្ឋ​និង​បើ​កដៃ​ឲ្យ​ឈ្មួញ​ចូល​ដឹក​ឈើ​យ៉ាង​អនា​ធិប​តេយ្យ។

លោក សួង ហម មេភូមិ អា​ចេ​ន ស្ថិត​ក្នុង​ឃុំ​កំពង់​ចាម ​ខេត្ដ​ក្រចេះ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​បុ​ស្ដិ៍​នៅថ្ងៃទី២តុលា​ថា លោក​ពិតជា​សប្បាយ​ចិ​ត្ដ​ណាស់​ដែល​ក្រ​សួង​បាន​ដាក់​មន្ដ្រី​បរិស្ថាន​ចុះ​មក​ធ្វើ​ការងារ​ដើម្បី​ការពារ​ព្រៃ​ឈើ​ ប៉ុន្ដែ​លោក​​មិន​យល់ស្រប​ចំពោះ​បច្ចុប្បន្ន​ព្រោះ​មិន​បាន​សហ​ការធ្វើការ​ជាមួយ​អាជ្ញាធរ​ដែន​ដីនិង​ពល​រដ្ឋបែរ​ជា​​ធ្វើបាប​​ពលរដ្ឋ​ទៅវិញ។

លោក​បាន​ប្រាប់​ថា៖«រដ្ឋាភិបាល​បង្កើត​មន្ដ្រី​បរិស្ថាន ការពារ​ធនធានធម្មជាតិ ខ្ញុំ​អរ​ណាស់ គ្រាន់តែ​ថា ​មន្ដ្រី​បរិស្ថាន​ទាំងអស់​នៅ​កន្លែង​ខ្ញុំ​នេះ ធ្វើការ​មិនល្អ​សោះតែ​ម្ដង។ អ៊ីចឹ​ង​ក្នុង​ការប្រជុំ​អន្ដរក្រសួង​នេះ​សំណូ​ម​ពរ​របស់ខ្ញុំគឺ​សូម​ឲ្យ​ដូរ​ចេញទាំង​មេ​ទាំង​កូន (មន្ដ្រី​បរិ​ស្ថាន)​»។

លោក ហម បាន​ឲ្យ​ដឹង​ថា​ មាន​​ពលរដ្ឋ​ក្នុងភូមិ​ខ្លះ​ពិតជា​បាន​រកស៊ី​ឈើ​ខ្លះ​មែន ដោយ​ដឹក​តាម​ម៉ូតូ ប៉ុន្ដែ​ត្រូវបាន​មន្ដ្រីដែន​ជម្រក​សត្វ​ព្រៃ ​ព្រៃ​ឡង់ លោក ញ៉ែម វិសាល បង្កើត​កុង​ត្រូលទា​រលុយ​ពី​ពលរដ្ឋ ចាប់ពី ៥០ ម៉ឺន រហូតដល់​រាប់លាន​រៀល ហើយ​បើ​មិន​មាន​លុយ​ឲ្យ​ទេ មន្ដ្រី​រូប​នោះ​នឹង​បាញ់​គំរាម ហើយ​ចាប់​ដាក់​ខ្នោះ​ថែម​ទៀត។

លោក អ៊ឹម ពៅ មេភូមិ ទន្សោង​ធ្លាក់ ​ឃុំ​កំពង់ចាម​នេះដែរ បាន​លើកឡើងថា នៅក្នុង​ភូមិ​របស់លោក លោក ញ៉ែម វិសាល បាន​គំរាម​ទារ​លុយ​ពី​ពលរដ្ឋ​រកស៊ី​ដឹកឈើ​ស្ទើ​រគ្រប់គ្នា​ទាំងអស់ដោយ​ទា​រលុយ​រហូតដល់ ៥ លាន​រៀល​ក៏មានដែរ។

លោក​ថា៖«បើ​មិនមាន​លុយ​ឲ្យ​ទេ គេ​នឹង​ចាប់​ដាក់​ខ្នោះ​ និង​ព្រមាន​ថែម​ទៀត។ ខ្ញុំ​គិត​ថា​ គាត់​មិន​មែន​ដៃគូ​របស់​រដ្ឋាភិបាល ព្រោះ​គាត់​មិនដែល​ឲ្យ​អាជ្ញា​ធរ​ដែនដី​ណា​ម្នាក់​ជួប​គាត់​បា​នទេ ឲ្យ​តែ​ឮថា ភូមិ-ឃុំ ចូលទៅ​និយាយ​រឿង​ព​ល​រដ្ឋគឺ​មិន​ដែល​ឲ្យ​អាជ្ញា​ធរ​ដែនដី​ជួប​ទេ»។

លោក​មេភូមិ​បាន​លើក​ឡើង​ថា ពេល​មន្ដ្រី​បរិស្ថាន​គំរាម​​ពលរដ្ឋពួក​គាត់​តែង​តែ​មករក​អាជ្ញាធរ ភូមិ-ឃុំ ដើម្បី​ជួយ​ពួកគាត់ ហើយ​ពួកគាត់​សុទ្ធតែ​អ្នកក្រនិង​ជំពាក់​លុយ​ធនាគារ​ថែម​ទៀតទើប​អាជ្ញាធរ​ដែនដីសូម​ជួបពិភាក្សា​ជាមួយ​មន្ដ្រី​បរិស្ថាន ប៉ុន្ដែ​ត្រូវបាន​បដិ​សេធនិង​ចុច​បិទ​ទូ​រស័ព្ទ​មិន​និយាយ​ថែម​ទៀត។

លោក​មេភូមិ​បន្ដ៖«ជាក់ស្ដែង សាកសួរ​គាត់​មើល​ថា គាត់​ស្គាល់ មេភូមិ-មេភូមិ ដែរ​ទេ គឺ​មិន​ដែល​ទេ»។

លោក ឈិ​ត ណន មេឃុំ​កំពង់​ចាម​បាន​ប្រាប់​ថា ថ្ងៃ​ពុធ​នេះ អន្ដរ​ក្រសួង​បាន​កោះ​ហៅ មេឃុំ ក្រុមប្រឹក្សាឃុំ​មេភូមិ​ចំនួន ៧ ភូមិ និង នាយ នាយរង​ប៉ុស្ដិ៍​រដ្ឋបាល​ទាំងអស់​ទៅ​ប្រជុំ​នៅ​សាលា​ខេត្ដ​ក្រចេះ។

លោក​បន្ដថា៖«ស្អែក​នេះ ខាង​អធិកា​រកិច្ច​ក្រសួងបរិស្ថាន​ជា​អ្នក​ហៅ។ ខ្ញុំ​មិនទាន់​ដឹងថា គេ​ចង់​សួរនាំ​អី​ខ្លះ​ទេ»។

លោក វ៉ា ថន អភិបា​លខេត្ដ​ក្រចេះ បាន​ឲ្យ​ដឹង​កាលនៅថ្ងៃទី២ខែតុលា​នេះ​ដែរ​ថា លោក​បាន​ចាត់​ក្រុមការងារ​ឲ្យ​ចុះ​ស្រាវ​ជ្រាវ​ចំពោះ​ករ​ណី​បណ្ដឹង​របស់​​ពលរដ្ឋ ចំពោះ​មន្ដ្រី​បរិស្ថាន​នេះ​ហើយ​។

លោក​បន្ដថា​៖«ខាង​មន្ទីរ​បរិស្ថាន​តេ​មក​ខ្ញុំ​ព្រឹក​មិញ​ថា សុំ​ដោះស្រាយ​នៅ​មន្ទីរ​សិន។ ខ្ញុំ​ក៏​ប្រាប់ថា ដោះស្រាយ​ទៅ ប៉ុន្ដែ​ខាង​ខេត្ដ​ខ្ញុំ​នៅ​តែ​ស្រាវ​ជ្រាវ​ទេ បើ​មាន​ជាប់​អី (រឿង​ករណី​បណ្ដឹង) ឲ្យ​មាន​ឯក​សារ​ទុក»។

លោក​អភិ​បាលខេត្ដ​បញ្ជាក់​ថា៖«ថ្ងៃ​ពុធ​នេះ មាន​ពី​រក្រុម របស់​ក្រសួង​មួយ របស់​ខេត្ដ​មួយនឹង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​បណ្ដោះអាសន្ន​សិន»។

រដ្ឋលេខាធិការនិងជាអ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្រ្ដា បាន​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន​ដឹង​ពី​ការ​ប្ដឹង​របស់​​ពលរដ្ឋ​ទៅ​លើ​មន្រ្ដី​បរិស្ថាន​នោះ​ហើយ​។

លោក​បន្ត​ថា​៖«ចំពោះ​ចំណាត់​ការ​ទៅលើ​ពាក្យ​បណ្ដឹង​នេះគឺទុក​ឲ្យ​សមត្ថ​កិច្ច​របស់​ក្រសួង​បរិស្ថាន​ដែល​ជាអាណាព្យាបាល​ផ្ទាល់​ របស់​អ្នក​ដែល​ត្រូវ​បាន​គេ​ចោទនេះ ដើម្បី​យើង​ពិនិត្យ​មើល​ ក៏ដូច​ជា​ ស្រាវ​ជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់ ថាតើ យើង​ត្រូវ​ចំណាត់​ការ​យ៉ាង​ដូច​ម្ដេច លើ​ក​រណីនេះ​»។

លោក​បាន​បន្ថែម​ថា​៖«សម្រាប់​ក្រសួង​បរិស្ថាននឹង​ចាត់​វិធាន​ការ​ចំពោះ​ជនទាំង​ឡាយ​ណា​ដែល​ល្មើស​ច្បាប់ មិន​រាប់​ថា អ្នក​នឹង​ជាន​រណា​ទេ រួមទាំង​មន្រ្ដី​របស់​យើង​ បើ​សិន​ជា​រកឃើ​ញថា ប្រ​ព្រឹត្ត​​ល្មើស​ច្បាប់​»។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី ២៨ ខែកញ្ញា ​បន្ទាប់ពីមេឃុំ​កំពង់​ចាម​ ក្រុម​ប្រឹក្សា​ឃុំ នា​យរង​ប៉ុស្ដិ៍​រដ្ឋ​បាល និង​មេ​ភូមិ​ចំនួន ៧ ភូមិ ព្រមទាំង​​ពលរដ្ឋ​ចំនួន ១២៩៤ នាក់ នៅក្នុង ស្រុក​សំបូរ បានដាក់​ពាក្យ​ប្ដឹង លោក ញ៉ែ​ម វិសាល នាយ​ក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ទៅ​អភិបាល​ខេត្ត​ក្រចេះពីបទ​គំរាម​ពលរដ្ឋ​និង​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​ដឹកឈើ​យ៉ាង​អនា​ធិបតេយ្យនៅ​ថ្ងៃ​ស្អែក​នេះ អន្ដរ​ក្រ​សួង និង​អាជ្ញា​ធរ​ខេត្ដ​ក្រចេះ​។

លោក ញ៉ែម វិសាល ដែល​រង​ការ​ចោទ​ប្រកាន់​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២​ខែ​តុលា​នេះ៕