សៀមរាបៈ ថ្នាក់ដឹកនាំកំពូល៣រូបរបស់កម្ពុជាថ្លែងស្រដៀងគ្នាថា បញ្ហាប្រឈមភូមិសាស្ត្រនយោបាយអាចជាល្បែងមួយ ដែលគ្រោះថ្នាក់ដល់ប្រទេសតូចតាច និងប្រទេសមធ្យមជាច្រើនដោយសារល្បិចនយោបាយរបស់ប្រទេសមហាអំណាចធំៗ ឯសកលលោកប្រឈមនឹងបញ្ហាស្អប់ជាតិសាសន៍ ហើយថាជម្លោះពាណិជ្ជកម្មអាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសកំពុងអភិវឌ្ឍន៍។
ការថ្លែងបែបនេះរបស់ មេដឹកនាំកំពូលទាំង ៣ គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងខណៈដែល តំបន់ អាស៊ី-ប៉ាស៊ីហ្វិករួមទាំងពិភពលោកផង កំពុងប្រឈមនឹងបញ្ហាសកលដូចជា សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមសព្វាវុធ អំពើភេរវកម្ម ការជួញដូរឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទ អំពីបញ្ហាឧបទ្វីប កូរ៉េ និងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដែលមានបណ្តាប្រទេសជាសមាជិកអាស៊ាន និងបញ្ហាសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
មេដឹកនាំខាងលើថ្លែងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅខេត្តសៀមរាបថ្ងៃទី ១៥ មករា ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» ដោយមានការចូលរួមពីប្រទេសចំនួន ២១ និងមានគណៈប្រតិភូបរទេស សរុបប្រមាណ ៣០០ នាក់។
លោក ហេង សំរិន ថ្លែងថា សកលលោកសព្វថ្ងៃ កំពុងប្រឈមទៅនឹងនិន្នាការនៃការវិលត្រឡប់នូវការស្អប់ជាតិសាសន៍ដទៃដែលមិនមែនជាតិសាសន៍ខ្លួនឯង។
លោក ហេង សំរិន បញ្ជាក់ថា៖ «សកលលោកក៏ប្រឈមមុខនឹងការបណ្តុះបណ្តាល ឲ្យមានភាពតានតឹងនៅក្នុងតំបន់ និងបញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ អាចជាល្បែងមួយដែលគ្រោះថ្នាក់ ដល់ប្រទេសតូចតាច និងប្រទេសដែលមានទំហំមធ្យមជាច្រើន ហើយក៏អាចរងទុក្ខដោយសារលទ្ធផល នៃស្នៀតភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំៗដែរ»។
លោកបន្ថែមថាពិភពលោកកំពុងប្រឈមនឹងអស្ថិរភាព ខណៈការគំរាមកំហែងដល់សន្តិភាពកំពុងកើតមានឡើង ក្នុងទម្រង់ ជាច្រើន ហើយច្រើនជាងអ្វីដែលបានឃើញ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ កម្ពុជា និងប្រទេសផ្សេងៗទៀត មានការព្រួយបារម្ភខ្លាំង ចំពោះភាពតានតឹង ដែលបង្កឡើងដោយមហាអំណាចពិភពលោកពិសេសគឺ ជម្លោះពាណិជ្ជកម្ម ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ប្រសិនបើជម្លោះពាណិជ្ជកម្មនេះក្លាយទៅជាសង្គ្រាមពាណិជ្ជកម្ម។
លោកថា៖ «ជម្លោះពាណិជ្ជកម្ម ដែលកំពុងផ្ទុះឡើង នឹងអាចក្លាយជាសង្គ្រាមពាណិជ្ជកម្ម ប្រសិនបើជម្លោះនៅតែរីកដុះដាល កាន់តែធំឡើង។ ប្រសិនបើការអនុវត្តគោលនយោបាយគាំពារនិយម នៅតែបន្តទៅមុខទៀតនោះ ទំនាក់ទំនងពហុភាគីនឹងត្រូវជំនួសមកវិញ ដោយទ្វេភាគី។ ហេតុការណ៍នេះនឹងផ្តល់ គុណវិបត្តិធ្ងន់ធ្ងរដល់ប្រទេសកំពុងអភិវឌ្ឍន៍ពីព្រោះ ផលវិបាកនៃសង្គ្រាមពាណិជ្ជកម្ម នឹងមានផលប៉ះពាល់យ៉ាងខ្លាំងឈានដល់ការផ្លាស់ប្តូរចង្វាក់ផលិតកម្មពិភពលោក»។
លោកបន្ថែមថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នេះបង្ហាញពីឆន្ទៈរួមក្នុងការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយភាពសុខដុមរមនា យកការដោះស្រាយទំនាស់ដោយសន្តិវិធី គោរពគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហា ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ហើយថាដើម្បីសម្រេចគោលបំណងរបស់ សភាអាស៊ី-ប៉ាស៊ីហ្វិក ទៅបានទាមទារឲ្យសមាជិកនៃសភាអាស៊ី-ប៉ាស៊ីហ្វិក ត្រូវសហប្រតិបត្តិការឲ្យបានជិតស្និទ្ធ និងអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា។
លោកបន្តថា កម្ពុជាកំពុងរីករាយ ចំពោះការទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយទើបមានសន្តិភាព និងការបង្រួបបង្រួមជាតិ ដោយនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សះផ្សាជាតិរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះ លោក ហ៊ុន សែន ថ្លែងថាពេលនេះនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងពិភពលោកផង កំពុងប្រឈមនឹងបញ្ហាសកលដូចជា សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមសព្វាវុធ អំពើភេរវកម្ម ការជួញដូរឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ អសន្តិសុខស្បៀង និងភាពក្រីក្រដែលកំពុងគំរាមកំហែងដល់សន្តិសុខ សកល និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ពិភពលោក។
លោកបញ្ជាក់ថា៖ «កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ប្រទេស នៅក្នុងតំបន់ រួមទាំងកម្ពុជាផង ដើម្បីពង្រឹងភាពជាដៃគូ សភាអាស៊ី-ប៉ាស៊ីហ្វិក ឈានទៅសម្រេចបានសុខសន្តិភាព និងសន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព»។
លោកក៏ផ្តល់អនុសាសន៍មួយចំនួនជាមូលដ្ឋានក្នុងការពិចារណាកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ ដោយលោកស្នើឲ្យសភាអាស៊ី-ប៉ាស៊ីហ្វិកត្រូវរួមគ្នាយកចិត្តទុកដាក់លើតួនាទីរបស់អង្គការសហប្រជាជាតិតួនាទីអាស៊ានតួនាទីអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ជាពិសេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងរួមគ្នាលើកកម្ពស់សិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលមានចែងក្នុងធម្មនុញ្ញ និងកតិកាសញ្ញាផ្សេងៗនៃអង្គការសហប្រជាជាតិ។
លោកបញ្ជាក់ថា៖ «ត្រូវរួមគ្នាដោះស្រាយជម្លោះ ដែលកើតឡើងតាមរយៈការចរចា ដោយសន្តិវិធី ឬដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឬតាមរយៈនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យភាគីជម្លោះទាំងសងខាងឈ្នះឈ្នះ ឬអាចទទួលយកបានទាំងអស់គ្នាដោយសុខសន្តិភាព»។
លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្លែងថា៖ «យើងទាំងអស់គ្នាបានតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់និងមានការព្រួយបារម្ភធំធេងជាងមុនដោយសារការប្រែប្រួលដ៏ស្មុគស្មាញ ទាំងនៅក្នុងពិភពលោក និងតំបន់បាននាំមកនូវភាពមិនទៀងទាត់ និងបញ្ហាប្រឈមថ្មីៗជាពិសេសការលេចឡើងគោលនយោបាយឯកតោភាគីនិយម ចលនាគាំពារនិយម ការរត់ប្រណាំងសព្វាវុធ សង្គ្រាមពាណិជ្ជកម្ម និងបរិបទពហុប៉ូល ស្មុគស្មាញ ប្រកបដោយបដិវាទនិងការប្រកួតប្រជែងដ៏ខ្លាំងក្លា»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ប្រទេសមហាអំណាច មិនថាសហរដ្ឋអាមេរិក ចិន សហព័ន្ធរុស្ស៊ី បារាំងឬអង់គ្លេសទេ មានរបៀបវារៈនយោបាយរបស់គេ ហើយគេគិតអំពីផលប្រយោជន៍របស់ប្រទេសគេរៀងខ្លួនដូច្នេះអ្វីដែលបម្រើផលប្រយោជន៍ប្រទេសគេ គឺគេមិនខ្វល់ថា ប្រទេសតូចត្រូវរងនូវសោកនាដកម្ម ឬរងនូវការបំផ្លិចបំផ្លាញណាមួយនោះទេ គឺសំខាន់គេបានទៅដល់ គោលដៅរបស់គេ និងទទួលផលប្រយោជន៍របស់គេ។
លោកបន្ថែមថា៖ «សណ្តាប់ធ្នាប់ពិភពលោកជាទូទៅត្រូវបានកំណត់ដោយប្រទេសមហាអំណាចទាំងអស់ ហើយគាត់ គឺជាអ្នកកាច់ចង្កូតពិភពលោក ហើយយើងមើលឃើញថាចលាចលនៅក្នុងពិភពលោកយើងគឺមិនដែលបង្កដោយប្រទេសតូចតាចនោះទេគឺសុទ្ធតែបង្កដោយប្រទេសធំ។ នៅពេលដែលពួកគាត់មានបញ្ហានឹងគ្នាគាត់តែងតែទាញឲ្យប្រទេសតូចៗនៅ ក្នុងតំបន់ឬភូមិសាស្ត្រនយោបាយរបស់គាត់ឲ្យដើរតាមរបៀបវារៈនយោបាយរបស់គាត់ ដែលពេលខ្លះធ្វើឲ្យប្រទេសតូចៗ ទាំងអស់ អាចមើលមុខគ្នាមិនត្រង់ដោយសារតែការប្រកាន់យកបងធំរៀងៗខ្លួន»។
អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ ថ្លែងថា ការលើកឡើងរបស់ថ្នាក់ដឹកនាំខាងលើជារឿងត្រឹមត្រូវ ព្រោះកម្ពុជាត្រូវការគោលនយោបាយការបរទេសរួមមួយផ្ដោតលើកម្ពុជា ហើយមិនគួរស្រវាយកខាងណាមួយទេ និងត្រូវធានាឲ្យបាននូវការផ្ដោតទៅលើការលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស។
លោកថ្លែងថា៖ «យើងក៏ត្រូវការឯកភាពជាតិផងដែរដើម្បីអាចមានសមត្ថភាពទប់ទល់នឹងខ្យល់ព្យុះនាពេលអនាគត។ ឯកភាពជាតិអាចនឹងលេចចេញរូបរាងពីការប្រកួតប្រជែងដ៏ស្មើភាពគ្នានៃគំនិតយោបល់។ យើងត្រូវតែបញ្ឈប់ការមើលគ្នាក្នុងនាមជាសត្រូវ ហើយយើងត្រូវតែគោរពសិទិ្ធនយោបាយរបស់បុគ្គលគ្រប់រូប។
យើងត្រូវការនីតិរដ្ឋ និង កាត់បន្ថយអំពើពុករលួយដើម្បីធានាថា ប្រទេសកម្ពុជាកំពុងតែក្លាយទៅជាប្រទេសដែលមានការប្រកួតប្រជែងខ្ពស់។
ឯអ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ ថ្លែងថា លោក ហេង សំរិន គួរតែចងចាំថា ការប្រកួតប្រជែងខាងផ្នែកនយោបាយរបស់ពួកមហាអំណាចបានជះឥទ្ធិពលយ៉ាងអវិជ្ជមានមកលើប្រទេសរបស់យើង ហើយការប្រកួតប្រជែងនោះទៀតសោតថែមទាំងធ្វើឲ្យប្រទេសផុងខ្លួននៅក្នុងសង្គ្រាមរបស់ពួកគេអស់ជាងមួយទសវត្សរ៍។
លោកថា៖ «ឥឡូវភាពគ្រោះថ្នាក់នោះកំពុងតែកើនឡើង ដូចជារូបលោកបានឃើញ លោកគួរតែធ្វើការពិនិត្យសើរើកិច្ចព្រមព្រៀងទាំងនោះ និងកៀរគរគ្រប់ភាគីទាំងអស់ឲ្យគោរពតាមកាតព្វកិច្ចរបស់ពួកគេស្របទៅតាមកិច្ចព្រមព្រៀងទាំងនោះដែលមានដូចជា ការសន្យាក្នុងការទទួលស្គាល់ និងគោរពនូវអធិបតេយ្យភាព ឯករាជភាព បូរណភាពទឹកដី៕