ភ្នំពេញៈ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​នីស្ដ ​និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀតណាម​ លោក​ ង្វៀន ហ៊្វូជុង​ (Nguyen Phu Trong) ​នឹងមាន​ជំនួប​ដោយឡែក​ពីគ្នា​ជាមួយ​ថា្នក់​ដឹកនាំ​កំពូល​ទាំង ៣ ​របស់​កម្ពុជា និង​ធ្វើ​ជា​អធិបតី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ​បន្ទាប់​ពី​លោកចូល​គាល់​ ព្រះ​ករុណា ​ព្រះបាទ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា​ដែលមានរយៈពេល​ ២​ ថ្ងៃ ​ចាប់ពីថ្ងៃ​ទី ២៥ ​ដល់​ថ្ងៃទី ២៦​ ខែ​កុម្ភៈ របស់​លោក​ង្វៀន ហ៊្វូជុង ​(Nguyen Phu Trong) ​និង ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​វៀតណាម ​ជា​ការ​ឆ្លើយតប​តាម​ការ​អញ្ជើញ​ពី​ព្រះមហា​ក្សត្រ​កម្ពុជា ​ព្រះបាទ​ សម្តេច​ព្រះបរមនាថ ​នរោត្តម ​សីហមុនី។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ២០​ ខែ​កុម្ភៈនេះ ​បានឲ្យដឹង​ថា​បន្ទាប់​លោក​ង្វៀន ហ៊្វូជុង​បាន​ចូល​គាល់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះបរម​នាថ នរោត្តម​ សីហមុនី​ និង​សម្ដេច​ព្រះមហា​ក្សត្រី ​នរោត្តម ​មុនិនាថ​ សីហនុ ​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​មុន​នឹង​ចូល​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះមហា​សង្ឃរាជ​ទាំង ២ គណៈ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

ក្រៅ​ពី​នោះ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «ឯកឧត្តម​ ង្វៀន ហ៊្វូជុង ​នឹងមាន​ជំនួប​ដោយឡែក​ពីគ្នា​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា ​សម្តេច​អគ្គមហាពញា​ចក្រី​ ហេង សំរិន ​ប្រធាន​រដ្ឋសភា ​និង​សម្តេច​អគ្គមហា​សេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​។ ឯកឧត្តម​​ ង្វៀន ហ៊្វូជុង ​នឹងអញ្ជើញ​ចូលរួម​ជាមួយ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​​មួយ​ចំនួន​ផង​ដែរ»។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​​នខៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុ​ជា​​លើក​ឡើង​ថា កម្ពុជា-វៀត​ណា​ម​ ​គឺជា​ទំនាក់​ទំនង​ធម្មតា ហើយ​ថា ការ​ពង្រឹង​និង​ពង្រី​ក​ទំនាក់​ទំនង និង​កិច្ចស​ហ​ប្រតិប​ត្តិ​ការនឹង​ជំរុញ​ការ​ដោះដូរ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង ២។

លោក​បញ្ជាក់ថា​៖ «ដំណើរ​ទស្សនកិច្ច​ប្រធាន​រដ្ឋវៀតណាម​មក​កម្ពុជា ​វា​អាចនឹង​ធ្វើឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ២ វា​កាន់​តែ​ប្រសើរឡើង​ហើយ​ការយល់ដឹង​ពី​គ្នា​កាន់តែ​ប្រសើរ​ឡើង។ ធម្មតា​ដំណើរ​ទស្សនកិច្ច​ប្រមុខរដ្ឋ ​ឬ​ប្រធាន​រដ្ឋ​មួយ ​តែង​តែ​ភ្ជាប់​ជាមួយនឹង​កិច្ចព្រម​ព្រៀង​ផ្សេងៗ​ដូច្នេះ​វា​អាច​ជា​កម្លាំង​ចលករ​ជំរុញ​ និង​​លើក​កម្ពស់​បន្ថែម​លើ​វិស័យ​ពាណិជ្ជកម្ម»៕