ភ្នំពេញ៖ នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០១៩ អ្នកដឹកនាំនយោបាយសំខាន់ៗ រួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏ដូចជាអតីតមេដឹកនាំអតីតបក្សប្រឆាំង គឺលោក កឹម សុខា និងលោក សម រង្ស៊ី បានចេញសារនយោបាយរៀងៗខ្លួនដោយភាគច្រើនផ្ដោតលើសន្តិភាព ខណៈដែលអ្នកវិភាគយល់ថា កម្ពុជានឹងជួបនូវបញ្ហាប្រឈម និងឱកាសមួយចំនួននៅក្នុងឆ្នាំ ២០២០ នេះ។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយមានរូបលោក និងភរិយា សំពះព្រះសង្ឃ អមដោយសារនយោបាយដែលសរសេរថា៖ «ប្រទេសមានសុខសន្តិភាព គឺផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗធ្វើដំណើរកម្សាន្តសប្បាយឆ្ងាយជិតទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសនៅក្នុងថ្ងៃចូលឆ្នាំថ្មី ដោយគ្មានការបារម្ភភ័យព្រួយអ្វីឡើយ»។
ចំណែកលោក ស ខេង វិញ បានចេញសារដាច់ដោយឡែក ២ ដែល ១ ជូនដល់កងកម្លាំងនគរបាលជាតិ និងមន្ត្រីរាជការ និង ១ ទៀតជូនចំពោះប្រជាពលរដ្ឋទាំងមូល។ លោកបានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការទាំងអស់ចំណុះក្រសួងមហាផ្ទៃចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះវិជ្ជាជីវៈបម្រើជាតិ និងប្រជាជន ដោយស្មោះស្ម័គ្រ និងទទួលសមិទ្ធផលធំៗជាច្រើនក្នុងឆ្នាំ ២០១៩ កន្លងទៅ។
លោកបានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កងកម្លាំងនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិលទាំងអស់ ក្នុងបុព្វហេតុចូលរួមថែរក្សា ការពារសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាពិសេសការទប់ស្កាត់បាននូវផែនការដ៏ខ្មៅងងឹត ក្នុងចេតនាប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាព ដែលបង្កឡើងដោយក្រុមជនឧទ្ទាមក្បត់ជាតិ»។
លោក ស ខេង បន្តថា ការរួមចំណែកពួតដៃគ្នាធានាបានយ៉ាងរឹងមាំនូវឯករាជ្យសន្តិភាពបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីសំណាក់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់បានផ្ដល់លក្ខខណ្ឌអំណោយផល ឲ្យកម្ពុជាបន្តនូវវឌ្ឍនភាពសេដ្ឋកិច្ចសង្គម និងការរីកចម្រើនជឿនលឿនទៅមុខជាលំដាប់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
លោកក៏អំពាវនាវឲ្យកងកម្លាំងនគរបាលជាតិ និងមន្ត្រីរាជការបន្តកិច្ចខិតខំតទៅទៀត ដើម្បីបង្កើតនូវសមិទ្ធផលធំៗ និងជោគជ័យថ្មីជូនជាតិ និងប្រជាជនក្នុងឆ្នាំ ២០២០ នេះ។
ចំណែកនៅលើសារជូនពរដល់ប្រជាពលរដ្ឋទូទៅ លោក ស ខេងបានថ្លែងថា កម្ពុជាបានជួបនូវបញ្ហាប្រឈមមួយចំនួន ប៉ុន្តែកម្ពុជានៅតែអាចសម្រេចបាន នូវសមិទ្ធផលផ្លែផ្កាជាច្រើន ក្នុងដំណើរការកសាង និងអភិវឌ្ឍ ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសន្តិភាព និងស្ថិរភាពនយោបាយ។ លោកសរសេរថា៖ «ខ្ញុំព្រះករុណា សូមយកឱកាសដ៏ថ្លៃថ្លានេះ សម្ដែងនូវអំណរគុណ និងការគោរពកោតសរសើរដ៏ស្មោះ ចំពោះទឹកចិត្ត និងមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចំណែកការពារ រក្សាសន្តិភាព បូរណភាពទឹកដី និងស្ថិរភាពនយោបាយ ដោយបានរួបរួមគ្នាលើកស្ទួយ និងតម្កល់ឧត្តមប្រយោជន៍ជាតិជាធំធ្វើឲ្យបរាជ័យរាល់ឧបាយកល និងមហិច្ឆតាទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញ និងបង្កមហន្តរាយដល់ប្រទេសជាតិ ក្នុងចេតនាបំបែកបំបាក់ស្មារតីសាមគ្គីភាពឯកភាពជាតិ និងភាពសុខដុមរមនានៅក្នុងសង្គម»។
ដោយឡែកលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» បានសរសេរសារយ៉ាងខ្លីនៅលើហ្វេសប៊ុករបស់លោកថា៖ «សូមឲ្យទសវត្សរ៍ថ្មីនេះនាំមកនូវទំព័រប្រវត្តិសាស្ត្រថ្មី ដែលនាំកម្ពុជាឆ្ពោះទៅ រកសន្តិភាពពិតប្រាកដ និងប្រជាពលរដ្ឋខ្មែរឲ្យទទួលបានសេចក្តីសុខទាំងកាយ និងចិត្ត»។
ចំណែកលោក សម រង្ស៊ី ក៏បានចេញសារមួយផងដែរ ដោយជូនពរឲ្យប្រទេស កម្ពុជា មានការផ្លាស់ប្ដូរវិជ្ជមាន គឺការគោរពឆន្ទៈរបស់ប្រជារាស្ត្រដែលស្រឡាញ់សេរីភាព និងយុត្តិធម៌ និងចង់រស់នៅក្រោមរបបប្រជាធិបតេយ្យដ៏ពិតប្រាកដ។ លោកក៏លើកឡើងដែរថា អ្វីដែលពលរដ្ឋចង់ឃើញនៅឆ្នាំ ២០២០ នេះ គឺការរក្សាបាននូវ EBA ជនរងគ្រោះពីអតីតកាលទទួលបានយុត្តិធម៌ ជនដែលមានអាយុក្រោម ៣៥ ឆ្នាំ ចាប់ផ្តើមឃើញពន្លឺសេរីភាព ប្រកបដោយយុត្តិធម៌ និងបញ្ញាញាណ និងឲ្យកងកម្លាំងប្រដាប់អាវុធ មានជ័យជម្នះលើ «របបផ្ដាច់ការ»។
ប៉ុន្តែការអំពាវនាវរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹង EBA នៅពេលនេះ គឺផ្ទុយពីអ្វីដែលលោកធ្លាប់លើកឡើងកាលពីពេលមុនថា ប្រជាពលរដ្ឋគាំទ្រឲ្យសហភាពអឺរ៉ុបដក EBA ហើយឲ្យប្រជាពលរដ្ឋទ្រាំលំបាកមួយរយៈខ្លីមុននឹងទទួលបានលទ្ធិប្រជាធិបតេយ្យ។ លោកសម រង្ស៊ី បានសរសេរថា៖ «[ទី៤] សូមឲ្យថ្នាក់ដឹកនាំប្រទេស កម្ពុជា សព្វថ្ងៃ ចេះភ្ញាក់ខ្លួន និងចេះកែខ្លួន បើអាចធ្វើទៅបាន ហើយសូមឲ្យមានឆន្ទៈកែលម្អនយោបាយដ៏អាក្រក់របស់ខ្លួន ជាពិសេស សូមឲ្យចេះគោរពសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីបញ្ចៀសការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដូចមានចែងក្នុងចំណុចទី១ ខាងលើ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ឆ្នាំ ២០២០ កម្ពុជានឹងមានឱកាសមួយចំនួន ក្នុងការអភិវឌ្ឍខ្លួនឯងក៏ដូចជាការពង្រីកខ្លួនលើឆាកអន្តរជាតិ។ លោកថា ឆ្នាំ ២០២០ នេះ សភាពការណ៍នយោបាយ មានការធូរស្រាល ពោលគឺសកម្មភាពរបស់លោក សម រង្ស៊ី អាចថមថយ ខណៈដែលសំណុំរឿងរបស់លោក កឹម សុខា បានធូរស្រាលខ្លះរួចហើយ បន្ទាប់ពីត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌនៅក្រៅឃុំបណ្ដោះអាសន្ន។
ចំពោះការអភិវឌ្ឍវិញ លោក គិន ភា ថា កម្ពុជាក៏មានឱកាសក្នុងការស្រូបយកការវិនិយោគពីបរទេសដោយផ្អែកលើកត្តាស្ថិរភាពនយោបាយ និងសុខសន្តិភាព។ លើសពីនេះកម្ពុជា ក៏នឹងមានឱកាសពង្រីកច្រកការទូត និងមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ ដោយសារតែកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប (ASEM) ដែលមេដឹកនាំពិភពលោកពាក់កណ្ដាលផែនដីនឹងមកកម្ពុជា។
ទោះយ៉ាងណាលោកថា កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន ដូចជាលទ្ធភាពនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង ឬដោយផ្នែក។
លោកថ្លែងថា៖ «បើទោះបីជារដ្ឋាភិបាលត្រៀមលក្ខខណៈក្នុងការបាត់បង់ក៏ដោយ តែការបាត់មួយផ្នែក ឬបាត់ទាំងស្រុង ក៏វាបង្កើតជាក្ដីព្រួយបារម្ភ និងជាបញ្ហាប្រឈមសម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា ពោលគឺបាត់បង់នូវឧត្ដមភាពសម្រាប់ការប្រកួតប្រជែង។ បញ្ហាប្រឈមទី២ គឺថា ទោះបីជារឿងនយោបាយហាក់ដូចស្រួលបួល ប៉ុន្តែលោក សម រង្ស៊ី ជានិច្ចកាល នឹងបង្កលក្ខណៈមួយដែលមិនឲ្យកម្ពុជាមានសភាពស្ងប់ស្ងាត់»។ លោកបន្តថា បញ្ហារសើបទី៣ ដែលនឹងបន្តកើតឡើងគឺរឿងសន្ធិសញ្ញាបន្ថែមរឿងព្រំដែនកម្ពុជា-វៀតណាម និងរឿងជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធនឹងដី ៤០ ហិកតា ដែលពួកគេរស់នៅ។
លោកនិយាយថា៖ «នេះជាចំណុចដែលអ្នកនយោបាយ អាចទាញយកទៅធ្វើជាការប្រើប្រាស់កំហឹងប្រជាពលរដ្ឋឬ [យក] មនោសញ្ចេតនាជាតិរបស់ប្រជាពលរដ្ឋ ទៅធ្វើជាព្រឹត្តិការណ៍នយោបាយ ហើយរឿង ៤០ ហិកតា ដែលឲ្យអ្នករស់នៅលើទឹកនៅកំពង់ឆ្នាំងនោះ ក៏មិនមែនជារឿងមួយតូចទេ។ ខ្ញុំគិតថា វាជារឿងមួយដែលទាមទារឲ្យរដ្ឋាភិបាលមានភាពច្បាស់លាស់ ដែលពលរដ្ឋអាចទទួលយកបាន»។
ស្រដៀងគ្នានេះ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានថ្លែងថា កម្ពុជាប្រឈមនឹងបញ្ហាធំៗ ២ គឺការសម្រេចចិត្តដក ឬមិនដក EBA របស់សហភាពអឺរ៉ុប ហើយទី២ គឺពាក់ព័ន្ធនឹងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ ប្រសិនបើឬនៅពេលដែលកម្ពុជាឈប់គោរពតាមគោលនយោបាយអព្យាក្រឹតរបស់អាមេរិកហើយផុងខ្លួនក្នុងទីលានរបស់ចិន។ «ទី៣ កម្ពុជានឹងប្រឈមថា តើការសម្រេចចិត្តរបស់សហភាពអឺរ៉ុប និងអាមេរិក នឹងមានឥទ្ធិពលអវិជ្ជមានយ៉ាងណាខ្លះចំពោះកម្ពុជា ហើយវាប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងណាហើយកម្ពុជាត្រូវរក្សានូវនយោបាយក្នុងស្រុកយ៉ាងដូចម្ដេច?»៕