ភ្នំពេញៈ ថ្នាក់ដឹកនាំ​អតីតគណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ស្នាក់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ១ ធ្នូ​ ថា ​ខ្លួន​នឹង​ត្រឡប់​ចូលមក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​ ៤ ​មករា​ជាមួយ​នឹង​សកម្មជន​ផ្សេង​ទៀត​ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ ​ដើម្បី​ឆ្លើយ​នៅ​មុខ​តុលាការ។ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា​ ការប្រកាស​​វិល​ត្រឡប់​នេះ ​គ្រាន់តែ​ជា​ការភូត​កុហក។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ១ ធ្នូ​ បញ្ជាក់​ថា ការសម្រេច​វិលត្រឡប់​មក​កម្ពុជា​វិញ​នៃ​ថ្នាក់ដឹកនាំ​ និង​សកម្មជន​គណបក្ស​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍ ​និង​ថ្នាក់ដឹកនាំ​គណបក្ស​នៅ​ក្រៅ​ប្រទេស​តាម​ប្រព័ន្ធ​វីដេអូ ​ពី​ថ្ងៃ​ទី​ ២៧ ​ដល់​ ២៩ ​វិច្ឆិកា។

សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​៖ «ថ្នាក់ដឹកនាំ​ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ ​ហើយ​ដែល​កំពុង​រស់នៅ​និរទេស​ត្រូវ​វិលត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ»។ អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​នេះ បញ្ជាក់​ថា ការវិល​ត្រឡប់​នេះ​ដឹកនាំ​ដោយ​លោកស្រី មូរ សុខហួរ ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៤ មករា​។

កាលពី​សប្ដាហ៍​មុន ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​សវនាការ​ជំនុំជម្រះ​សកម្មជន​អតីតគណបក្ស​សង្ក្រោះជាតិ​ជាង​​ ១៣០ ​នាក់​ពាក់ព័ន្ធ​នឹង​បទចោទ​រួម​គំនិត​ក្បត់ ​និង​ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍។ ប៉ុន្តែ​តុលាការ​បាន​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី ១៤​ មករា ​និង​ ថ្ងៃទី ៤ មីនា ​វិញ។

លោកស្រី មូរ សុខហួរ ​ថ្នាក់ដឹកនាំ​ ១ រូប​នៃ​អតីតគណបក្ស​សង្គ្រោះជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​សហរដ្ឋអាមេរិក​ពី​ម្សិលមិញ​ថា ​ការវិលត្រឡប់​មក​កម្ពុជា​វិញ​នេះ​ គឺ​ដើម្បី​មាន​វត្តមាន​ និង​ឆ្លើយ​នៅ​ក្នុង​តុលាការ​ក្នុង​ពេល​កាត់​ក្ដី តាម​គោលការណ៍​នៃ​ការទទួល​បាន​ការកាត់​ទោស​ដោយ​យុត្តិធម៌ ​និង​បង្ហាញ​ឆន្ទៈ​មិន​គេចវេះ។

លោកស្រី​ថ្លែង​ដូច្នេះ​ថា​៖ «ថា​តើ​ [គេ] ចាប់​យើង​ខ្ញុំ​ ឬ​មិន​ចាប់ ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ​ប៉ុន្តែ​យើង​ត្រៀម​ខ្លួន​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់។​ យើង​ត្រៀម​ខ្លួន​ទោះបី​ចាប់​ ឬ​មិន​ចាប់ ឬ​ត្រូវ​ដាក់​ ១៤ ថ្ងៃ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​ដោយសារ​កូវីដ១៩​ យើង​នឹង​ធ្វើ​ទាំងអស់។ ចាប់​ក៏​ឱ្យ​ចាប់​ដាក់​ឃុំ​ក៏​យើង​ឱ្យ​ដាក់​ឃុំ ​តែ​អ្វី​ដែល​យើង​ទាមទារ​សូម​ឱ្យ​មាន​គឺ​ឱ្យ​យើង​ខ្ញុំ​មាន​វត្តមាន​ពេល​កាត់​សេចក្ដី​យើង​ខ្ញុំ»។

លោក​ ឆាយ គឹមខឿន ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ថា​ សមត្ថកិច្ច​មិន​រារាំង​ការវិលត្រឡប់​របស់​ពួកគាត់​ទេ​ ប៉ុន្តែ​សមត្ថកិច្ច​នឹង​ចាប់​ខ្លួន​អ្នក​ដែល​តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​។

លោក​ អ៊ូ ច័ន្ទរ័ត្ន ​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ថ្លែង​ថា ​លោក​មិន​បាន​ដឹង​ពី​ការប្រជុំ​សម្រេច​នេះ​ទេ។ លទ្ធភាព​នៃ​ការវិលត្រឡប់​ក៏​មិន​ងាយ​ស្រួល​ ព្រោះ​លិខិតឆ្លងដែន​របស់​ពួកគាត់​មួយ​ចំនួនធំ​ត្រូវ​បាន​រដ្ឋាភិបាល​លុបចោល។ បើ​ពួកគាត់​ត្រឡប់​មក​វិញ​មែន ​រដ្ឋាភិបាល​អាច​នឹង​ចាត់​វិធានការ​ក្ដៅ​។

លោក​ថា​៖ «ខ្ញុំ​មើល​ទៅ ខ្ញុំ​មិន​មាន​ជំនឿ​ថា ​ពួកគាត់​នឹង​ត្រឡប់​មក​វិញ​ទេ។ ទាំង​ការប្ដេជ្ញា​ចិត្ត​របស់​គាត់​ម្ដង​ហើយ​ម្ដង​ទៀត ទាំង​ការធ្វើ​មាតុភូមិ​និវត្តន៍​នេះ​ គឺ​ទី​ ១ ​មិន​មាន​លទ្ធភាព​ត្រឡប់​មកវិញ។ ទី ២ ​ការប្ដេជ្ញា​ចិត្ត​របស់​គាត់​គឺ​មិន​ច្បាស់លាស់​ទេ ​គឺ​មាន​ប៉ុន្មាន​ដង​ហើយ»។

លោក​បន្ត​ថា​៖ «ចំពោះ​មន្ត្រី​ថ្នាក់ក្រោម ​និង​សកម្មជន ​ខ្ញុំ​ជឿ​ថា​មក​ដល់​ពេល​នេះ​ប្រហែល​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ចូលរួម​គាំទ្រ​ប៉ុន្មាន​ទេ ព្រោះ​កន្លង​មក​នេះ​ពួកគាត់​ទទួល​រង​ការគំរាម​កំហែង​ខ្លាំង​ពី​ស្ថាប័ន​តុលាការ​ពី​រដ្ឋាភិបាល​។ ដូច្នេះ​ពួកគាត់​ប្រហែល​មិន​ហ៊ាន​ចេញ​មុខ​ប្រកូក​ប្រកាស​ ឬ​ទៅ​ទទួល​ដំណើរ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ​ទេ​ ព្រោះ​ពួកគាត់​នៅក្នុង​កណ្ដាប់ដៃ​របស់​តុលាការ​នៅឡើយ​មួយ​ចំនួន​ធំ»។

លោក ជែម សុខ អ្នកវិភាគ​នយោបាយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ថ្លែង​ថា ​ក្រុម​ថ្នាក់ដឹកនាំ​អតីតបក្ស​ប្រឆាំង​កំពុង​​បង្កើត​ព្រឹត្តិការណ៍​ភូតកុហក​ម្ដង​ទៀត​។ កាលពី​ពេល​ថ្មីៗ​នេះ​លោកស្រី មូរ សុខហួរ ​បាន​ទៅ​សម្ដែង​ ១ ​ឆាក​នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន ដោយ​ប្រកាស​ថា មនុស្ស​មួយ​ចំនួន​ត្រូវការ​ឱ្យ​លិខិត​ឆ្លងដែន​របស់​ខ្លួន​មាន​សុពលភាព​ឡើង​វិញ។

លោក​ថា​៖ «ដល់​ឥឡូវ​បែរ​ជា​មក​ប្រកាស​ថា ខ្លួន​ប្រុង​ត្រឡប់​មក​នៅ​ថ្ងៃ​ទី​ ៤ មករា វា​ជា​រឿង​អស់​សំណើច​ទៅវិញ។ រឿង​គួរ​ឱ្យ​អស់សំណើច​គឺ​ថា បើ​អត់​មាន​លិខិត​ស្នាម​ធ្វើ​ដំណើរ​ធ្វើ​ម៉េច​ត្រឡប់​មក​បាន ចំពោះ​អ្នក​ដែល​កាន់​លិខិត​ឆ្លងដែន​កម្ពុជា។ ចំណែកឯ​មនុស្ស​ ដូច​លោកស្រី មូរ សុខហួរ ​ឬ​អ្នកខ្លះ​ដែល​កាន់​លិខិត​ឆ្លងដែន​បរទេស​ ខ្លួន​បាន​លេង​សៀក​សម្ដែង​នៅ​មុខ​​ ស្ថានទូត​ថា​ ខ្លួន​មក​សវនាការ​មិន​កើត​ទេ​ ព្រោះ​គ្មាន​លិខិត​ឆ្លងដែន​។ នេះ​ជា​ការកុហក​ ២ ​ជាន់»៕

វីដេអូ៖