ភ្នំពេញៈ មេដឹកនាំ​អ៊ិស្លាម​បាន​អំពាវនាវ​ឱ្យ​សាសនិក​អ៊ិស្លាម​នៅ​ទូទាំងប្រទេស សូម​កុំ​ប្រមូលផ្តុំ​គ្នា​នៅតាម​ព្រះវិហារ​ក្នុង​ពិធីបុណ្យ​សាសនា​រ៉ាម៉ាដន ឬ​បុណ្យ​តម​អាហារ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ ឧស្មាន់ ហាសាន់ ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​បាន​អំពាវនាវ​ឱ្យ​សាសនិក​អ៊ិស្លាម​ទាំងអស់​នៅ​ទូទាំង​ប្រទេស​បន្ត​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​ក្រសួងសុខាភិបាល និង​គណៈដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​នៅ​កម្ពុជា ដោយ​មិន​ត្រូវ​ជួបជុំ​ និង​ប្រមូលផ្ដុំ​គ្នា​នៅតាម​វិហារ​ឡើយ​នា​ពិធីបុណ្យ​រ៉ាម៉ាដន​ដែល​នឹងត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៤ ​ឬ​ថ្ងៃទី​ ២៥ ខែមេសា​។

លោក​ថា​៖ «​ជា​កាតព្វកិច្ច​សាសនិក​អ៊ិស្លាម អ្នក​ដែល​បាន​នាំ​ជំងឺ​ទៅ​ឱ្យ​អ្នកដទៃ អ្នក​នឹង​ទទួល​បាន​បាប​នេះ​បើ​និយាយ​តាម​ខាង​សាសនា​។ ព្រោះ​ជា​ច្បាប់​ខាង​អ៊ិស្លាម​ថា ត្រូវតែ​គោរព​ទៅ​តាម​ការដឹកនាំ​របស់​មេដឹកនាំ​។ អ្នក​កាន់សាសនា​អ៊ិស្លាម​ហើយ​មិន​គោរព​ទៅ​តាម​មេដឹកនាំ នោះ​មិន​ទាន់​ក្លាយ​ទៅ​ជា​អ៊ិស្លាម​នោះ​ឡើយ លុះត្រាតែ​គោរព​ទៅ​តាម​មេដឹកនាំ​របស់ខ្លួន​»​។

លោក​ ឧស្មាន់ ហាសាន់ ​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ លោក​បន្តថា ក្នុង​ចំណោម​ខ្មែរ​អ៊ិស្លាម​ទាំង ៣៣ ​នាក់ ​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ គឺ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៣២ ​នាក់​ហើយ និង​នៅ​សល់​តែ​ម្នាក់ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​។

លោក​បន្តថា ខ្មែរ​អ៊ិស្លាម​ដែល​កំពុង​សម្រាក​ព្យាបាល​នេះ​គឺជា​បុរស​វ័យ​ចំណាស់​ជាងគេ និង​កំពុង​មាន​រោគ​ប្រចាំកាយ ដូចជា​ទឹកនោមផ្អែម និង​ជំងឺ​លើសឈាម ប៉ុន្តែ​នៅ​មាន​សុខភាព និង​កម្លាំង​មាំមួន​នៅឡើយ​។

កាលពី​ថ្ងៃទី​ ២០ ខែមេសា គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឱ្យ​សាសនិក​អ៊ិស្លាម​ទាំងអស់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​រហូត​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​ដោយ​នៅក្នុង​អំឡុងពេល​បុណ្យ​រ៉ាម៉ាដន​គឺ​មិនត្រូវ​ជួបជុំ​នៅ​តាម​វិហារ​ ឬ​ប្រមូលផ្ដុំ​គ្នា​តាម​ផ្ទះ​ឡើយ​។

បើ​តាម​លោក​ ហាសាន់ ​ប្រទេស​ដែល​កាន់​សាសនា​អ៊ិស្លាម​ទាំង​ ៥៧ ដែលជា​សមាជិក​អង្គការ OIC ដែល​មាន​ប្រជាជន​ជិត​ ២ ​ពាន់​លាន​នាក់​គឺ​មាន​ចំនួន​ ៥៤ ​ប្រទេស​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ដែល​មាន​ជាង ២ ​សែន​ ៤ ​ម៉ឺន​ ៥ ​ពាន់​ករណី ក្នុង​នោះ​ប្រទេស​ តួកគី ​មាន​អ្នក​ឆ្លង​ច្រើន​ជាង​បំផុត គឺ​ជាង​ ៨៦ ​ពាន់​ករណី ខណៈ​អ៊ីរ៉ង់​គឺជា​ប្រទេស​ដែលមាន​អ្នកស្លាប់​ច្រើន​ជាង​គេ​មាន​រហូត​ចំនួន​ ៥ ១១៨ ​នាក់​៕