ភ្នំពេញៈ មេធាវី​ការពារ​ក្តី​លោក James Ricketson កំពុង​រៀបចំ​ឯកសារ​ដើម្បី​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ស្នើសុំ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ដល់​អ្នក​ផលិត​ខ្សែភាពយន្ត​ជនជាតិ​អូស្ត្រាលី​អាយុ​ ៦៩ ​ឆ្នាំ​។

លោក​មេធាវី គង់ សំអុន ថ្លែង​ថា​លិខិត​ស្នើសុំ​លើកលែង​ទោស​អាច​នឹង​ដាក់​ជូន​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ​។

លោក​មេធាវី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​យើង​សម្រេច​ស្នើសុំ​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​។ យើង​កំពុង​រៀបចំ​ដោយសារ​យើង​ត្រូវការ​ឯកសារ​មួយ​ចំនួន​ដែល​ត្រូវ​ផ្ញើ​ទៅ​ជូន​សម្តេចនាយក​។ ប្រហែល​ដើម​សប្តាហ៍​ក្រោយ​មើល​ទៅ​ព្រោះ​សប្តាហ៍​នេះ​ធ្វើ​អត់​ទាន់​ដោយសារ​យើង​ត្រូវការ​ឯកសារ​មួយ​ចំនួន​ដើម្បី​ដាក់​ភ្ជាប់​ជាមួយ​»​។

លោក Ricketson ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៦ ​ឆ្នាំ​ពី​បទ​ចារកម្ម ឬ​ប្រមូល​ព័ត៌មាន​ជាអាទិ៍​ដែល​ប៉ះពាល់​ដល់​ការ​ការពារ​ជាតិ​។ តុលាការ​បាន​អះអាង​ថា​លោក Ricketson បាន​ប្រព្រឹត្ត​បទល្មើស​នេះ​នៅ​កម្ពុជា​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​ ២០១០ ដល់​ពេល​ចាប់​ខ្លួន​នៅ​ថ្ងៃទី​ ៣ ខែ​មិថុនា​ឆ្នាំ​ ២០១៧​។

ក្នុងពេល​សវនាការ​រយៈពេល​ ៧ ​ថ្ងៃ​កាលពី​ខែ​មុន​តុលាការ​បាន​ចោទសួរ​គាត់​លើ​ចំណុច​ជាច្រើន​រាប់​ចាប់ពី​ការផលិត​ខ្សែភាពយន្ត​អំពី​កម្ពុជា ការចិញ្ចឹម​កុមារ​ក្រីក្រ​កម្ពុជា និង​ទំនាក់ទំនង​របស់​លោក​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​មេធាវី គង់ សំអុន បាន​ថ្លែង​ថា​នៅ​ពេល​នេះ​លោក​មិន​ប្តឹង​ឧទ្ធរណ៍​ទេ​ពី​ព្រោះ​ថា​លោក​សង្ឃឹម​លោក Ricketson នឹង​ទទួល​បាន​ការលើកលែង​ទោស​ពី​រាជរដ្ឋាភិបាល និង​ពី​ព្រះមហាក្សត្រ​។ លោក​ថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា​ករណី​របស់​គាត់​នឹង​ទទួល​បាន​ការអនុគ្រោះ​ពី​រាជរដ្ឋាភិបាល​ក៏​ដូចជា​ព្រះមហាក្សត្រ​កម្ពុជា​។ ដូច្នេះ​រឿង​នេះ​ត្រូវ​បញ្ចប់​ហើយ រឿង​ឧទ្ធរណ៍​ហ្នឹង​មិន​ចាំបាច់​មាន​ទេ​»​។

លោក​បន្ត​ថា​៖ «​គាត់​ហ្នឹង​បើ​និយាយ​ពី​ការងារ​ជួយ​មក​ស្រុក​ខ្មែរ​វា​ច្រើន យើង​ឃើញ ហើយ​មួយ​ទៀត​ជីវិត​របស់​គាត់​មិនមែន​ជា​អ្នកនយោបាយ ឬ​ជា​រាជការ​របស់​រដ្ឋាភិបាល​ណា​ទេ​។ គាត់​ជា​មនុស្ស​សេរី ឯករាជ្យ​ក្នុង​ការផលិត​ខ្សែភាពយន្ត​ជាដើម​។ អ្វី​ដែល​គាត់​ធ្វើ​នេះ ទោះបី​សកម្មភាព​ខ្លះ​វា​អាច​លើសលស់​ប៉ះពាល់​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ប៉ះពាល់​ដល់​កម្ពុជា ក៏​ប៉ុន្តែ​ក្នុង​ចេតនា​របស់​គាត់​គឺ​អត់​មាន​អី​អាក្រក់​សម្រាប់​កម្ពុជា​ទេ​។ អ៊ីចឹង​យើង​ឃើញ​ថា គាត់​ជា​មនុស្ស​ល្អ ជា​មនុស្ស​ដែល​គួរ​ទទួល​បាន​ការលើក​លែង​ទោស​»​។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការបំភ្លឺ​ពី​ក្រុម​គ្រួសារ​របស់​លោក Ricketson បាន​ទេ​កាលពី​ម្សិលមិញ​៕