ភ្នំពេញៈ លោក​ ចាន់ ចេ​ន សហ​មេធាវី​ម្នាក់​របស់​លោក​ កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​ប្រឆាំង បាន​ប្រាប់​សារ​ព័ត៌មាន​ថា ក្រុម​មេធាវី គ្រោង​ស្នើ​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​លើ​កូនក្តី​របស់​ខ្លួន ក្នុង​ពេល​ឆាប់ៗ ខណៈ​សហ​មេធាវី​ផ្សេង​ទៀត​ក៏​ទទូច​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ជា​សំខាន់​តែម្តង។

លោក​មេធាវី​ ចាន់ ចេ​ន អះអាងថា ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​លើ​លោក​ កឹម សុខា របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​មាន​ការ​វិវត្ត​ទៅ​មុខ​នោះ​ទេ គឺ​នៅ​ទ្រឹង​នៅ​ឡើយ។ លោក​បាន​ប្រាប់​ថា៖ «យើង​ពិតជា​មាន​គម្រោង​ស្នើឱ្យ​បិទ​ការ​ស៊ើប ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​ការ​ស៊ើប​របស់​ចៅក្រម​យូរហើយ ជាង ១ ឆ្នាំ​ហើយ សាក្សី​ក៏បាន​សួរ​ច្រើន​ហូរហែ​ហើយ»។

លោក​ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ចាប់ខ្លួន​នៅ​ដើម​ខែ​កញ្ញា​ឆ្នាំ ២០១៧ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ក្បត់​ជាតិ​ដែល​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​ប្រមាណ ១ ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង លោក​សុខាក៏ត្រូវ​បាន​ដោះលែង​ឱ្យ​មក​ស្នាក់នៅ​ក្នុង​ផ្ទះ​ ប៉ុន្តែ​ដាក់ឲ្យ​នៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​វិញ​ កាល​ពី​ថ្ងៃ​ទី ១០ ​ខែ កញ្ញា​ ឆ្នាំ ២០១៨។

រហូត​មកដល់​ពេលនេះ​ លោក​ កឹម សុខា ​បាន​ស្ថិតក្នុង​ការឃុំ​ខ្លួន និង​ឃ្លាំ​មើល​អស់​រយៈ​ពេល​​ជិត​ ២ ឆ្នាំ​មកហើយ​ ដើម្បី​ឱ្យ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បើក​ការស៊ើប​អង្កេត​លើ​សំណុំរឿង​ក្បត់​ជាតិ​ដែល​ចោទ​ប្រ​កាន់​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា។

លោក​ ចាន់ ចេន ​ចាត់​ទុក​នីតិ​វិធី​​ស៊ើប​អង្កេត​លើ​លោក​ កឹម សុខា ​បែបនេះ​ថា ​ជាការអូសបន្លាយ​ពេលវេលា​ច្រើន​ហួស​ហេតុ​មក​លើ​កូនក្តី​របស់​លោក។ ហេតុដូច្នេះ​ ​លោក​នឹង​ពិភាក្សាជាមួយ​ក្រុម​មេធាវី​ដាក់​សំណើ​សុំឱ្យ​តុលា​ការ​បិទ​បញ្ចប់​ការស៊ើប​អង្កេត​លើកូន​ក្ដី​លោក​។ ប៉ុន្ដែ​ លោកមិនទាន់​អាច​ប្រាប់ឱ្យដឹង​ថា​ នឹង​ដាក់​សំណើ​នៅ​ថ្ងៃ​ណា​នោះទេ​ គ្រាន់​តែ​បញ្ជាក់​ថា​ក្នុង​ពេល​ឆាប់ៗ​នេះ។​

លោក​ ផែង ហេង ​សហមេធាវី​ការពារ​ក្ដី​ឱ្យ​លោក ​កឹម សុខា បាន​ប្រាប់​ថា ​លោក​មិន​ទាន់​បាន​​ជជែក​គ្នា​ជាមួយ​សហ​មេ​ធាវី​ផ្សេង​ទៀត​ជុំវិញ​ការ​សុំ​បិទ​​ការ​ស៊ើប​សួរ​នោះទេ​ក្រៅ​ពី​ការ​សុំ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​​មក​លើ​លោក​កឹម សុខា។

លោក​បញ្ជាក់ថា​៖ «ព្រោះ​មេធាវី​យើង​សិក្សា​រឿង​ហ្នឹង​ទៅ ​វា​មិន​មាន​បទ​ល្មើស​អី ​ឬក៏​អង្គ​ហេតុ​ណាមួយ ​ដែល​អាច​ចោទ​ប្រកាន់​បាន​។ រឿង​បិទ​មិន​បិទ​នោះ​ជារឿង​មួយ ​ប៉ុន្ដែ​រឿង​ដែល​សំខាន់​បំផុត​នោះ​ គឺ​យើង​សុំ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ដើម្បី​យុត្ដិធម៌​សង្គម ​ការពារ​ផ្លូវ​ច្បាប់»។

បើតាម​លោក ​ផែង ហេង​ គឺលោក កឹម សុខា ​កំពុង​មាន​បញ្ហា​ជំងឺ​កៀប​សរសៃ​ស្មា​ដែល​នៅតែ​បន្ត​ធ្វើទុក្ខ​ដល់សុខ​ភាព​របស់​លោក​ជា​រៀងរាល់​ថ្ងៃ។

ទាក់ទង​នឹង​បញ្ហា​ជំងឺ ​និង​ការ​រក​មិន​ឃើញ​ភ័ស្តុតាង​ថ្មី​ណា​មួយ​ ដើម្បី​ដាក់​បន្ទុក​លើ​លោក កឹម​ សុខា​ ទើប​លោក​ ចាន់ ចេន ​ចង់ឱ្យ​តុលាការ​បញ្ចប់​ដំណើរការ​ស៊ើបអង្កេត​តទៅ​ទៀត ​ព្រោះ​មកដល់​ពេលនេះ ​តុលា​ការរក​មិន​ឃើញ​នូវ​ភ័ស្តុ​តាង​ថ្មី​ណាមួយ ​ដើម្បី​ដាក់បន្ទុក​លើ​ លោក ​កឹម សុខា​ ឡើយ។ លោក​ថា ​កន្លង​មក​ក្រុម​មេធាវី​ក៏​ធ្លាប់បាន​ដាក់សំណើ​ឱ្យ​តុលាការ​ព​ន្លឿន​ការស៊ើប​អង្កេត​លើ​លោក​ កឹម សុខា ​ដែរ ​ប៉ុន្តែ​មិន​ទទួល​បាន​ផល​នោះ​ទេ។

តុលា​ការ​រាជធានី​ភ្នំ​ពេញ​បាន​បដិ​សេ​ធ​ចំនួន​ ៤ លើក​រួច​មក​ហើយ​ ចំ​ពោះ​សំណើ​សុំ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លោក​ កឹម​ សុខា​ ខណៈ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន​ ក៏​ធ្លាប់​បាន​ព្រ​មាន​ដោយ​ប្រ​យោល​ថា ​នឹង​មិន​ដោះលែង​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះទេ​។​ ការ​បដិ​សេធ​ធ្វើ​ឡើងក្រោយ​ពេល​ក្រុម​មេធាវី​ការ​ពារ​ក្តី​លោក​ កឹម​ សុខា ​បាន​ព្យាយាម​ដាក់​ពាក្យ​ស្នើ​សុំ​ជាថ្មី​ម្តង​ទៀត។

ជុំ​វិញ​គម្រោង​ស្នើសុំឲ្យ​បិទ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​លោក​ ជិន ម៉ាលីន ​អ្នក​នាំ​ពាក្យ​ក្រសួងយុ​ត្តិធម៌ ​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា​ ការ​ស្នើ​សុំ​នេះ​គឺ​ជាសិទ្ធិ​របស់​មេធាវី ​ប៉ុន្ដែ​តាម​នីតិ​វិធី​ច្បាប់​ការ​សម្រេច​គឺ​ចៅក្រម​ស៊ើប​សួរ​ជា​អ្នក​សម្រេច។

លោក​បន្តថា​៖ «ប្រ​សិន​បើ​គាត់ ​[ចៅក្រម​ស៊ើប​សួរ] មាន​មូលដ្ឋាន​គ្រប់​គ្រាន់ក្នុង​ការ​បិទបញ្ចប់​ការ​ស៊ើប​សួររ​បស់​គាត់ ​នោះ​គាត់​អាច​សម្រេច​បិទ​ការ​ស៊ើប​សួរ​ត្រឹម​ប៉ុណ្ណឹង​។ ប្រសិន​បើ​គាត់​យល់​ថា គាត់​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត ​ហើយ​គាត់​កំពុង​តែ​ដំណើរ​ការ​នីតិ​វិធីនេះ ​គាត់​អាច​បន្ដ​នូវ​ដំណើរការ​ស៊ើប​សួរ​នេះ​បន្ដ​ទៀត។ មាន​តែ​ចៅក្រម​ស៊ើប​សួរ​ទេ​ដែល​គាត់​ដឹង​ថា​មាន​អ្វី​នៅ​ពីក្រោយ​សំណុំ​រឿង ​ឬក៏ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​លើ​សំណុំ​រឿង​នេះ​ទៀត​ក៏អត់»។​

កាលពី​ពេលថ្មីៗ ​ក្នុង​ដំណើរ​បេសកកម្ម​របស់​លោក​ស្រី​ រ៉ូណា ស្មុីត ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ លោក​ស្រី បានស្នើ​សុំ​ចូល​ជួប​លោក​ កឹម សុខា ​ប៉ុន្ដែ​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​បដិសេធ​។ ករណីនេះ ​លោក​ជិន ម៉ាលីន បានបញ្ជាក់​ថា ​ព្រោះ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ស៊ើប​សួរ ​ដោយ​ផ្អែក​លើ​នីតិវិធី​ច្បាប់បើ​ការ​ជួប​នោះ ​ប៉ះ​ពាល់​ដល់​ការ​ស៊ើប​សួរ​ ចៅក្រម​មាន​សិទ្ធិ​បដិសេធ។

ពាក់ព័ន្ធ​ករណី​នេះ​អ្នកជំនាញ​ផ្នែក​ច្បាប់​លោក​មេធាវី​ សុក សំអឿន ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​សំណុំ​រឿង​របស់​មេធាវី​ការពារ​លោក​ កឹម សុខា។

លោក សំអឿន ​បាន​ថ្លែង​ថា​៖ ​«ធម្មតា​យើង​យក​គេ​ទៅ​ឃុំចោល​ ហើយ​អត់​ធ្វើ​ការអ៊ីចឹង ​គេ​មើល​ទៅ​វា​អយុត្ដិធម៌។ តាម​ពិត​ត្រូវ​មាន​ច្បាប់​កំណត់​ឱ្យ​ច្បាស់​ផង កុំ​ចេះ​តែ​យក​គេទៅ​ឃុំ​ចោល ​វា​អត់​សម។ ខ្ញុំ​គាំ​ទ្រ​មេធាវី​ដែល​ចង់​ឱ្យ​មាន​ការ​ស្នើសុំ​អ៊ីចឹង​ នេះ​វា​ជា​ភាព​ឆ្លាត​វៃ​របស់​មេធាវី​ហើយ»៕