ភ្នំពេញៈ ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ចេញ​សេចក្ដី​សម្រេច​តម្រូវ​ឱ្យ​មេធាវី​បរទេស​ដែល​ប្រកប​វិជ្ជាជីវៈ​នៅ​សាលា​ក្ដី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ត្រូវ​ចុះបញ្ជី​ជា​មុន​ជាមួយ​​គណៈ​មេធាវី​កម្ពុជា ​និង​ត្រូវ​មាន​វិញ្ញា​បនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី ដែល​ចេញ​ដោយ​គណៈ​មេធាវី។ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃ​ទី​ ១៨ ​ខែ​ធ្នូ។

សេចក្ដី​សម្រេច​បាន​ចែង​ថា៖ ​«​មេធាវី​បរទេស​ដែល​បំពេញ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក្នុង​វិធាន​ផ្ទៃ​ក្នុង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​តាមរយៈ​អង្គភាព​គាំពារ​ការពារ​ក្ដី​ ឬ​អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​»។

អង្គភាព​​គាំពារ​ការពារ​ក្ដី ឬ​អង្គភាព​គាំពារ​ជនរងគ្រោះ​ត្រូវ​ត្រួតពិនិត្យ​ និង​បកប្រែ​ឯកសារ​មក​ជា​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ​ព្រម​ទាំងដាក់​ពាក្យ​ស្នើ​សុំ​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​​ទៅ​គណៈមេធាវី។ ​បន្ទាប់ពី​ដាក់​ពាក្យ​រួច​ គណៈមេធាវី​នឹង​ជូន​ដំណឹង​ត្រឡប់​ទៅ​វិញ​ក្នុង​រយៈពេល ៣០ ​​ថ្ងៃ។

ប្រសិន​បើ​គណៈមេធាវី​សម្រេច​ចុះ​ឈ្មោះ​មេធាវី​បរទេស​ក្នុង​បញ្ជី ​មេធាវី​ដែល​ស្នើ​សុំ​ត្រូវ​បង់​ថ្លៃ​ចុះបញ្ជី​ ៥០០ ​ដុល្លារ​សម្រាប់​ពេល​ជាក់​លាក់​មួយ​ហើយ​ត្រូវ​ស្នើ​សុំ​ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​មុខ​សាលាឧទ្ធរណ៍ ហើយ​ត្រូវ​មាន​វត្តមាន​តាម​កាល​កំណត់​របស់​សាលា​ឧទ្ធរណ៍។

ចំពោះ​មេធាវី​ដែល​បាន​ចុះបញ្ជី​ពី​ពេល​មុន​រួច​ហើយ​ ​និង​ចង់​បន្ត​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណៈមេធាវី​កម្ពុជា​ ដើម្បី​ប្រកប​វិជ្ជាជីវៈ​នៅ​សាលា​ក្ដី​កាត់​ទោស​អតីតមេដឹកនាំ​ខ្មែរ​ក្រហម​ ​មេធាវី​រូប​​​នោះ​ត្រូវ​តែ​ជា​មេធាវី​មាន​សុពលភាព​នៅ​ក្នុង​រដ្ឋ​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ ការបន្ត​សុពលភាព​ត្រូវ​ស្នើសុំ​ ១៥ ​ថ្ងៃ​មុន​ពេល​វិញ្ញាបនបត្រ​ចាស់​ផុត​កំណត់។​ ​ចំណែក​មេធាវី​បរទេស​ដែល​នៅ​មាន​សុពលភាព​ត្រូវ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​មក​គណៈមេធាវី ​ឱ្យ​បាន​មុន​ថ្ងៃទី​ ៣១ ​មករា​ ​២០២១​។

គណៈ​មេធាវី​បាន​បញ្ជាក់​ថា ​ករណី​មេធាវី​បរទេស​ដែល​ចុះឈ្មោះ​ហើយ ​មិន​បាន​បង់​ថ្លៃ ​៥០០ ​ដុល្លារ​ ឬ​មិន​បាន​ឯកសារ​​បញ្ជាក់​ពី​សុពលភាព​តាម​កាលកំណត់​មេធាវី​រូប​នោះ​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណៈមេធាវី។

កាលពី​ឆ្នាំ ​២០១៨​ ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​លុប​ឈ្មោះ​មេធាវី​ការពារ​លោក​ ​នួន​ ជា​ គឺ​លោក Victor​ Koppe​ ចេញ​ពី​បញ្ជី​គណៈមេធាវី​កម្ពុជា​ក្រោយ​ពេល​​​រកឃើញ​ថា ​សុពលភាព​នៃ​ការប្រកប​វិជ្ជាជីវៈ​មេធាវី​របស់​លោក​​នៅ​ប្រទេស​ហូឡង់​ដែល​លោក​បាន​ចុះ​ឈ្មោះ​នៅ​គណៈមេធាវី​ទីក្រុង​អាំស្ទែរដាំ ​បាន​ហួស​សុពលភាព​កាលពី​ឆ្នាំ​ ២០១៦​។

លោក លី ច័ន្ទតុលា ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពន្យល់​ថា​ សេចក្ដី​សម្រេច​ថ្មី​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការកែប្រែ ការតម្រូវ​មួយ​ចំនួន​ដូចជា​ លុប​ចោល​ការតម្រូវ​ឱ្យ​បង់​ថ្លៃ​ស្នើ​សុំ​វិញ្ញាបនបត្រ ៥០ ​ដុល្លារ ​និង​ថ្លៃ​​សមាជិក​ភាព​ប្រចាំ​ឆ្នាំ ២៥០ ​ដុល្លារ​។​ ​ការ​សម្រេច​ថ្មី​គឺ​ឱ្យ​មេធាវី​បរទេស​បង់​តែ​ម្ដង​ទេ គឺ​ពេល​ចុះឈ្មោះ​ត្រូវ​បង់ ៥០០ ​ដុល្លារ​។

លោក​បញ្ជាក់​ថា​៖ «​នៅពេល​ដែល​គាត់​សុំ​ចុះ​ឈ្មោះ​បន្ត​វិញ្ញាប​បត្រ​យើង​អត់​យក​ថវិកា​គាត់​ទេ។​ ចំណុច​ខុស​ប្លែក​មួយ​ទៀត​គឺ​យើង​នៅ​ក្នុង​សេចក្ដី​សម្រេច​ថ្មី​នេះ​ យើង​​មាន​ការកំណត់​នូវ​នីតិវិធី​លម្អិត​ជាងមុន​ដើម្បី​ងាយ​ស្រួល​ក្នុង​ការអនុវត្ត​»​។

លោក នេត្រ​ ​ភក្ត្រា ​អ្នក​នាំពាក្យ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​​តុលាការ​កម្ពុជា​បាន​ឱ្យ​ដឹង​ពី​​ថ្ងៃ​ទី​ ២០ ​ធ្នូ​ថា ​បច្ចុប្បន្ន​នេះ​សំណុំរឿង​សកម្ម​នៅ​សាលា​ក្ដី​ខ្មែរក្រហម​រួម​មាន​សំណុំ​រឿង​ ០០២​/​​០១ មាន​លោក ​ខៀវ​ សំផន​ ជា​ជនត្រូវ​​ចោទ, ​សំណុំ​រឿង​ ០០៣ ប្រឆាំង​នឹង​លោក​ មាស ​មុត​ ​និង​សំណុំ​រឿង​ ០០៤​ ​ដែល​មាន​ យឹម​ ​ទិត្យ​ ជា​ជន​សង្ស័យ។ ​សំណុំ​រឿង​ទាំង​នេះ​មាន​​មេធាវី​ជាតិ​ ​និង​អន្តរជាតិ។ ក្រៅពី​នេះ​ក៏​មាន​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​រងគ្រោះ​ដែល​មាន​មេធាវី​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ។​ ​

លោក​ញ្ជាក់​ថា ​តាម​វិធាន​ផ្ទៃក្នុង​មេធាវី​ទាំងអស់​ដែល​ការពារ​ក្ដី​ជនជាប់​ចោទ ​និង​ជនរង​គ្រោះ​​នៅ​សាលា​ក្ដី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណៈ​មេធាវី​សិន។ ​បើសិន​ជា​អស់​សុពលភាព​ត្រូវ​សុំ​ការពន្យារ​បន្ថែម​៕