ភ្នំពេញៈ មេធាវីមួយក្រុម បានស្នើសុំអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីឲ្យស្ត្រីជាកូនក្តីរបស់ខ្លួនម្នាក់ដែល រងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន បាននៅក្រៅឃុំបណ្តោះអាសន្ន ដោយផ្អែកលើសា្មរតីមនុស្សធម៌របស់ប្រមុខរដ្ឋាភិបាល ដោយសារស្ត្រីរូបនេះ មានកូនតូចភ្លោះដល់ទៅពីរនាក់និងម្តាយមានជំងឺអេដស៍ ដែលគ្មានអ្នកមើលថែ។
ពាក្យស្នើសុំអន្តរាគមន៍ ចុះថ្ងៃទី ២៥ ខែសីហា របស់លោកមេធាវី ណាច ទ្រី លោកមេធាវី ជុន សុជាតិ និងលោកមេធាវី អ៊ិត ពិសិដ្ឋរង្ស៊ី បានរៀបរាប់នូវអង្គហេតុថា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១៩ និង ២០ នាទី ជនត្រូវចោទ និងជាកូនក្តី ឈ្មោះ ហេង លីលី អាយុ ២២ ឆ្នាំ បានទទួលបញ្ញើពីមិត្តភក្តិម្នាក់ ឈ្មោះ ដាវ អាយុ ២៣ ឆ្នាំ ឲ្យយកកាបូបដៃពណ៌ទឹកក្រូច ទៅប្រគល់ឲ្យបុរសម្នាក់ ឈ្មោះ ណា អាយុ ៣០ ឆ្នាំ តែមិនទាន់បានប្រគល់ផង ក៏ត្រូវសមត្ថកិច្ច ការិយាល័យបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆែកឆេរ និងឃាត់ខ្លួននិងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី។
ក្នុងពាក្យស្នើអន្តរាគមន៍នេះក្រុមមេធាវី បានលើកឡើងថា កូនក្តីរបស់ខ្លួន មានអាសយដ្ឋានពិតប្រាកដ មានកូនបង្កើតភ្លោះ ពីរនាក់ អាយុទើប ៨ ខែ គ្មានអ្នកមើលថែទាំ ព្រមទាំងមានម្តាយចាស់ជរា ដែលមានផ្ទុកមេរោគអេសដ៍ថែមទៀតនិងជនជាប់ចោទមិនបានដឹងថា ក្នុងកាបូបនោះ មានដាក់គ្រឿងញៀននោះទេ។
ពាក្យស្នើសុំអន្តរាគមន៍នេះ បានលើកឡើងនូវគោលការណ៍ស្មារតីមនុស្សធម៌ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា «ចំពោះស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច ដែលកំពុងជាប់ឃុំខ្លួន ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន»។
លោកមេធាវី ជុន សុជាតិ បានឲ្យដឹងថា កូនក្តីរបស់លោក បច្ចុប្បន្ន ត្រូវបានជាប់ឃុំនៅពន្ធនាគារព្រៃស។ «ការស្នើនេះ ដោយសារក្រុមមេធាវី យល់ថា រឿងនេះ គឺគួរឲ្យអណោចអាធ័មសម្រាប់កូនក្តី ត្រូវបានរងការចោទ ខណៈដែលស្ត្រីជាមិត្តភក្តិ និងបុរសម្នាក់ទៀត បានរត់គេចខ្លួនបាត់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឲ្យដឹងថា ក្រសួងបានកំពុងពិនិត្យលើករណីនេះ ហើយនឹងចេញលិខិតឆ្លើយតប តាមនីតិវិធី ប៉ុន្តែករណីនេះ ក្រសួងមិនអាចអន្តរាគមន៍ ទៅចៅក្រមស៊ើបសួរ សាលាដំបូងបាននោះទេដោយត្រឹមតែផ្តល់ជាមតិយោបល់ និងគោលការណ៍ច្បាប់ជាធរមានតែប៉ុណ្ណោះ។
លោកថា៖ «ក្រសួងមិនអាចអន្តរាគមន៍ថា ត្រូវតែដោះលែង ឬឲ្យនៅក្រៅឃុំបាននោះទេ ព្រោះតុលាការជាអ្នកសម្រេច។ ចំពោះគោលការណ៍មនុស្សធម៌ ដែលក្រុមមេធាវីលើកឡើងនោះ គឺមិនត្រូវបានអនុវត្តលើករណីនេះទេ ព្រោះគោលការណ៍នោះ សំដៅអនុវត្តតែទៅលើស្ត្រីដែលជាប់ពន្ធនាគារ ហើយមានកូនតូច ឬមានផ្ទៃពោះ នៅក្នុងពន្ធនាគារនោះ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួង នឹងពិនិត្យបន្ថែមលើរឿងនេះ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការឆ្លើយតបពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីដែលកាន់សំណុំរឿងនេះបានទេ កាលពីម្សិលមិញ។
មន្ត្រីបច្ចេកទេសជាន់ខ្ពស់ឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា នេះជាករណីថ្មីមួយ ដែលក្រសួងយុត្តិធម៌ និងតុលាការ គប្បីពិចារណាថ្លឹងថ្លែង ដោយហេតុថា គោលការណ៍មនុស្សធម៌ពាក់ព័ន្ធនឹងការឃុំខ្លួននេះ មិនបានកំណត់លម្អិតនូវករណីបែបនេះទេ។
លោកថា៖ «ករណីនេះថ្មី ដែលខុសពីករណីកន្លងមក អ៊ីចឹងហើយទាមទារឲ្យរដ្ឋាភិបាលត្រូវពិចារណាឡើងវិញ ព្រោះស្ត្រីរូបនេះមានកូនតូច ហើយម្តាយជរា មានជំងឺ មិនមានអ្នកអាចមើលថែទាំក្មេងៗនោះទេ»៕