ភ្នំពេញៈ ក្រុមមេធាវីរាជរដ្ឋាភិបាលបានប្រតិកម្មទៅនឹងមេធាវីរបស់លោក សម រង្ស៊ី គឺលោក Richard Rogers ចំពោះការលើកឡើងជុំវិញវិធានការលើដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ថានឹងក្លាយជាធាតុផ្សំនៃបទល្មើស ដោយចាត់ទុកការលើកឡើងរបស់មេធាវីអន្តរជាតិរូបនេះថា ជាការបំភ្លៃការពិត និងផ្ទុយពីគោលការណ៍ច្បាប់ ។
ការលើកឡើងបែបនេះ ធ្វើឡើងដើម្បីបំភ្លឺដល់សាធារណជនក៏ដូចជា លោក Rogers បន្ទាប់ពីលោកបានថ្លែងក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃអាទិត្យកន្លងទៅដែលលោក Rogers ត្រូវបានសួរពាក់ព័ន្ធនឹងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ។
លោក Rogers និយាយថាបើមានការបង្ក្រាបលើលោក សម រង្ស៊ី និងអ្នកអមដំណើរនៅថ្ងៃ ៩ វិច្ឆិកានោះវានឹងក្លាយជាធាតុផ្សំនៃបទល្មើស «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
លោក Rogers បានថ្លែងយ៉ាងដូច្នេះថា៖ «បើកងកម្លាំងប្រដាប់អាវុធ...ហ៊ានបាញ់បង្ក្រាបជនស៊ីវិលដែលអមដំណើរមន្ត្រីគណបក្សប្រឆាំងមែន បទឧក្រិដ្ឋនេះនឹងស្ថិតក្នុងចំណាត់ថ្នាក់នៃធាតុផ្សំនៃបទល្មើសរួមនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ពេលនោះយើងនឹងដាក់បណ្តឹងបន្ថែមមួយទៀតទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីផ្តន្ទាទោសមន្ត្រីដែលពាក់ព័ន្ធទាំងអស់នោះ។ មិនតែប៉ុណ្ណោះ ករណីនេះនឹងរឹតតែបន្ថែមភ័ស្តុតាងដាក់បន្ទុកសម្រាប់ជួយដល់សំណុំរឿងដែលយើងបានដាក់ប្តឹងមន្ត្រីរបបនេះខ្លះរួចទៅហើយ»។
លោក Rogers បានពន្យល់ថាថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលនឹងចូលមកកម្ពុជាវិញគឺជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត ហើយពួកគេវិលមកស្ដារលទ្ធិប្រជាធិបតេយ្យដោយមិនមានស្ពាយកាំភ្លើងមកជាមួយទេហើយការសម្លាប់មនុស្សនោះ វាជ្រុលហួសហេតុ។
ឆ្លើយតបនឹងការលើកឡើងបែបនេះ ក្រុមមេធាវីរាជរដ្ឋាភិបាល ដឹកនាំដោយលោក គី តិច បានចេញសេចក្ដីបំភ្លឺមួយកាលពីថ្ងៃចន្ទដោយចាត់ទុកការលើកឡើងនោះថា ជាការបំភ្លៃការពិត។
តាមរយៈសេចក្ដីបំភ្លឺដែលភ្នំពេញប៉ុស្តិ៍ទទួលបានក្រុមមេធាវីបានលើកឡើងថា លោក Richard Rogers តែងតែវាយប្រហាររដ្ឋាភិបាលមានចេតនាលម្អៀង និងបំផុសអង្គហេតុដែលផ្ទុយពីការពិតដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ។
លិខិតដដែលបញ្ជាក់ថា លោក Rogers តែងរួមដៃជាមួយលោក សម រង្ស៊ី តែងប្រឌិតអង្គហេតុ ហើយប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក៏ដូចប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ប៉ុន្តែ ICC មិនពិចារណា។
លិខិតរបស់ក្រុមមេធាវីពន្យល់ទៅលោក Rogers ថា៖ «ផែនការវិលត្រឡប់មកវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួកគឺជាផែនការឧក្រិដ្ឋក្នុងទិសដៅធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួកបានប្រកាសច្បាស់ៗ អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រកាសផ្តល់ថវិកាទិញទឹកចិត្តកងកម្លាំងប្រដាប់អាវុធ បំផុសឲ្យប្រជាពលរដ្ឋក្រោកឈរឡើងព្រមៗគ្នា ឡោមព័ទ្ធទីស្នាក់ការភូមិ ឃុំ និងស្នងការដ្ឋាននគរបាលទូទាំងប្រទេស ជេរប្រមាថ និងបង្ខំព្រះមហាក្សត្រឲ្យដាក់រាជ្យ ព្រមទាំងប្រកាសចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន។ អំពើទាំងអស់នេះគឺជាផែនការឧក្រិដ្ឋក្នុងគោលបំណងធើ្វរដ្ឋប្រហារដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាកំណត់ថា ជាបទឧបឃាតដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ ឬ អស់មួយជីវិត» ។
ក្រុមមេធាវីពន្យល់បន្តថាបុគ្គលទាំងឡាយណាទោះបីជាជនស៊ីវិលក៏ដោយ ប្រសិនបើពួកគេចូលរួមក្នុងក្រុមរបស់លោក សម រង្ស៊ី នឹងត្រូវទទួលទោសពីបទ «រួមគំនិតក្បត់» ដែលអាចជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ ឬដល់ ២០ ឆ្នាំ ប្រសិនបើអ្នកនោះជាមន្ត្រីរាជការ ។
ក្រុមមេធាវីបញ្ជាក់ថា៖ «ក្រុមឧក្រិដ្ឋជន និងក្រុមចូលរួមគាំទ្រសកម្មភាពរបស់ឧក្រិដ្ឋជនក្នុងផែនការធើ្វរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាពេលនេះគឺពុំមានតួនាទីជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត និងពុំមែនជាជនស៊ីវិលស្លូតត្រង់ ដូចការលើកឡើងរបស់ Richard Rogers នោះទេពោលគឺពួកគេជាជនល្មើសក្នុងបទឧក្រិដ្ឋ»៕