
លោក កឹម សុខា ពេលចេញពីតុលាការកាលពីថ្ងៃ ១២ កុម្ភៈ។ ហេង ជីវ័ន
ភ្នំពេញៈ មេធាវីការពារក្ដីឱ្យលោក កឹម សុខា ទាំង ៤ រូបបាននាំគ្នាដើរចេញពីបន្ទប់សវនាការនៅពាក់កណ្ដាលទីកាលពីព្រឹកម្សិលមិញក្រោយពីសម្តែងការមិនសប្បាយចិត្តចំពោះក្រុមប្រឹក្សាជំនុំជម្រះ ដែលមិនផ្ដល់ឱកាសឱ្យពួកគេបាននិយាយ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងអយ្យការ និងមេធាវីតំណាងឱ្យរដ្ឋាភិបាលធ្វើឲ្យក្រុមប្រឹក្សាជំនុំជម្រះបានហៅទង្វើមេធាវីលោក កឹម សុខា ថា ជា «ក្រុមមេធាវីទំនើង»។
សវនាការរយៈពេល ១ ព្រឹកថ្ងៃម្សិលមិញបានដំណើរការដោយមានការជជែកដេញដោលដ៏តានតឹងខុសពីរាល់ដងជុំវិញការប្រើប្រាស់ឯកសារជាភ័ស្ដុតាងមួយដោយតំណាងអយ្យការដែលក្រុមមេធាវីលោក កឹម សុខា សង្ស័យថាជាភ័ស្ដុតាងមានភាពមិនប្រក្រតី និងទាមទារឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ ធ្វើការបង្ហាញពីសុចរិតភាពនៃឯកសារជាភ័ស្ដុតាងនោះ។ ការដើរចេញពីបន្ទប់សវនាការនេះគឺធ្វើឡើង ខណៈសវនាការនឹងត្រូវបញ្ចប់នៅរយៈពេលជិត ១ ម៉ោងខាងមុខទៀត ប៉ុន្តែប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសឱ្យបន្តសវនាការ ថ្វីដ្បិតលោក កឹម សុខា មិនមានវត្តមានមេធាវីការពារក្ដីនៅជាមួយនៅក្នុងបន្ទប់សវនាការក្ដី។
លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា៖ «ត្រូវកត់ត្រាក្នុងកំណត់ហេតុអំពីចរិតច្រងេងច្រងាង និងទង្វើនេះ។ ត្រូវពិន័យពីសីលធម៌លើមេធាវី»។
ភាពតានតឹងក្នុងសវនាការនៅថ្ងៃម្សិលមិញបានកើតចេញពីរឿងឯកសារមួយទំព័រដែលតំណាងអយ្យការលោក ប្លង់ សុផល បានប្រើប្រាស់សម្រាប់សួរដេញលោក កឹម សុខា កាលពីថ្ងៃពុធគឺជាឯកសារភ័ស្ដុតាងស្ដីពីការធ្វើសេចក្ដីថ្លែងការណ៍រវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដើម្បីឈានទៅបង្កើតគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានបញ្ជាក់ទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅពេលនោះថា ពួកគេមិនមានឯកសារភ័ស្ដុតាងដែលតំណាងអយ្យការកំពុងប្រើប្រាស់ ដើម្បីសាកសួរទៅកូនក្ដីរបស់ខ្លួនឡើយ និងស្នើសុំឱ្យមានការបង្ហាញឯកសារនោះ។
ថ្វីដ្បិតមានការបង្ហាញហើយថែមទាំងតំណាងមេធាវីការពារក្ដី ឱ្យរដ្ឋាភិបាល តំណាងអយ្យការ និងក្រុមប្រឹក្សាជំនុំជម្រះបាននាំគ្នាលើកបង្ហាញថា ពួកគេមានឯកសារទាំងនេះក្ដីក៏ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា បញ្ជាក់ថា ពួកគេរកមិនឃើញឯកសារនោះនៅក្នុងសំណុំឯកសារជាភ័ស្ដុតាងដែលពួកគេទទួលបានពីតុលាការឡើយ ហើយក៏មិនដែលអានជួបប្រទះដែរ។
ពួកគេចាប់ផ្តើមសង្ស័យថា ឯកសារនេះទើបតែដាក់ចូលក្នុងសំណុំរឿងថ្មីៗដោយតុលាការ បន្ទាប់ពីបានស្នើសុំឯកសារភ័ស្ដុតាងរបស់អយ្យការ និងក្រុមប្រឹក្សាជំនុំជម្រះមកផ្ទៀងផ្ទាត់គ្នាបានពិនិត្យឃើញថា មានការបង់លេខសម្គាល់ខុសគ្នា។ ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានទទូចសូមឱ្យតុលាការបង្ហាញពីសុចរិតភាពនៃឯកសារនោះ។
ទោះជាយ៉ាងណាទាំងក្រុមប្រឹក្សាជំនុំជម្រះ និងអយ្យការបានអះអាងថា ឯកសារនេះគឺមាននៅក្នុងសំណុំរឿងតាំងពីដើមហើយគ្មានហេតុផលអ្វីត្រូវលួចដាក់ភ័ស្ដុតាងបន្ថែមដូចការចោទប្រកាន់នោះទេ។
លោក កូយ សៅ បានបញ្ជាក់ថា ឯកសារនេះគឺមានទាំងឯកសារបោះពុម្ព (Hard Copy) និងប្រភពដើម (Source) នៅក្នុងឌីសរក្សាទុកតាំងពីដំណាក់កាលក្រុមប្រឹក្សាស៊ើបសួរ ហើយប្រហែលក្រុមមេធាវីលោក កឹម សុខា មិនស្នើសុំចម្លងពីតុលាការ ឬចម្លងហើយ ប៉ុន្តែបានធ្វើឱ្យបាត់ឯកសារនោះ។
ទាំងអយ្យការ និងមេធាវីការពារក្ដីឱ្យរដ្ឋាភិបាលបានធ្វើការកត់សម្គាល់ថា ក្រុមមេធាវីការពារក្ដីលោក កឹម សុខា តែងលើកឡើងពីការខ្វះឯកសារជារឿយៗតាំងពីចាប់ផ្ដើមសវនាការដំបូង និងជាហេតុធ្វើឱ្យតុលាការត្រូវខាតពេលអត់ប្រយោជន៍ ដោយសារពុំសូវបានសួរដេញដោលលោក កឹម សុខា។
ក្រុមមេធាវីលោក កឹម សុខា បានព្យាយាមសុំតុលាការឡើងឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះដោយសំអាងថា ពួកគេជួបការពិបាកក្នុងការស្នើសុំឯកសារពីតុលាការ ប៉ុន្តែត្រូវបានលោក កូយ សៅ បញ្ជាឱ្យឈប់និយាយ និងឱ្យអង្គុយចុះវិញជាច្រើនលើករហូតធ្វើឱ្យក្រុមមេធាវីលោក កឹម សុខា មិនសប្បាយចិត្តរួចដើរចេញពីតុលាការ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានឱ្យក្រឡាបញ្ជីឡើងរាយការណ៍ពីការស្នើសុំចម្លងឯកសាររបស់ក្រុមមេធាវីការពារក្ដីលោក សុខា ខណៈក្រឡាបញ្ជីបានទទួលស្គាល់ថា ខ្លួនមិនបានចម្លងឯកសារគ្រប់ចំនួនប្រគល់ទៅឱ្យមេធាវីទាំងនេះទេទើបធ្វើឱ្យពួកគេត្រូវគ្មានឯកសារ។
ទោះជាយ៉ាងណាលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅតែឱ្យក្រឡាបញ្ជីម្នាក់ទៅយកឯកសារនៅក្នុងសំណុំរឿងដើម និងឌីសមកចាក់បង្ហាញនៅក្នុងពេលសវនាការដើម្បីធ្វើការផ្ទៀងផ្ទាត់ ថ្វីដ្បិតគ្មានវត្តមានមេធាវីលោក កឹម សុខា ដោយលើកឡើងថា ដើម្បីកុំឱ្យមានការយល់ច្រឡំថា តុលាការបានប្រើប្រាស់ឯកសារភ័ស្ដុតាងគ្មានសុចរិតភាព។
ក្រោយពីការផ្ទៀងផ្ទាត់ចប់លោក កូយ សៅ បានឱ្យលោក កឹម សុខា ធ្វើការសម្រេចចិត្ត ថាតើនៅតែបន្តពឹងពាក់មេធាវីចាស់ដដែល ឬត្រូវស្វែងរកមេធាវីថ្មីដោយលោកបានប្រកាសថា នៅសប្ដាហ៍ក្រោយមិនមានសវនាការឡើយដោយទុកពេលឱ្យលោក កឹម សុខា ពិចារណាអំពីការពឹងពាក់មេធាវី និងដាក់លិខិតស្នើសុំចម្លងឯកសារមិនទាន់ទទួលបានពីតុលាការ។
លោក កឹម សុខា បានបញ្ជាក់ថាលោកនឹងពិគ្រោះជាមួយក្រុមមេធាវី ដើម្បីឱ្យដំណើរការសវនាការនាពេលខាងមុខ ប្រព្រឹត្តទៅដោយប្រក្រតីវិញ ខណៈលោក កូយ សៅ បញ្ជាក់ថាលោកនឹងចាត់វិធានការស្របទៅតាមច្បាប់ ប្រសិនបើសវនាការនាពេលខាងមុខត្រូវបានក្រុមមេធាវីលោក កឹម សុខា ធ្វើពហិការដើរចេញទៀត៕