ភ្នំពេញៈ សហមេធាវី​ការពារក្ដី​លោក រ៉ុង ឈុន គ្រោង​ដាក់​បណ្ដឹង​ចំនួន​ ២ ​ទៅ​សាលាឧទ្ធរណ៍​នៅ​សប្ដាហ៍​នេះ ដើម្បី​ជំទាស់​នឹង​ការឃុំខ្លួន និង​សុំ​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយសារ​បញ្ហា​សុខភាព ខណៈ​សង្គម​ស៊ីវិល និង​សហគមន៍​សរុប​ចំនួន​ ១៤១ ស្នើ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​លោក​ រ៉ុង ឈុន ប៉ុន្តែ​មន្ត្រី​យុត្តិធម៌​ថា ការទាមទារ​នេះ​ពុំមាន​ឥទ្ធិពល​លើ​តុលាការ ខណៈ​ក្រសួង​នេះ​ព្រមាន​ក្រុម​អ្នកតវ៉ា​ឲ្យ​បញ្ឈប់​​ការប្រមូលផ្ដុំ​នៅ​មុខ​តុលាការ​។

លោក​មេធាវី សំ សុគង់ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​ និង​មេធាវី ជូង ជូងី ដែល​ការពារ​ក្ដី​លោក រ៉ុង ឈុន គ្រោង​នឹងដាក់​ពាក្យបណ្ដឹង​ចំនួន​ ២ ទៅ​សាលាឧទ្ធរណ៍​នៅ​សប្ដាហ៍​នេះ ដើម្បី​ជំទាស់​នឹង​ដីកា​សម្រេច​ឃុំខ្លួន​លោក រ៉ុង ឈុន ដោយ​ចៅក្រម វ៉ាន់ សែនវិសុទ្ធ និង​ប្ដឹង​សុំ​អនុញ្ញាត​ឲ្យ​កូនក្ដី​លោក នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​។

លោក​ សំ សុគង់ បាន​ថ្លែង​ដូច្នេះ​ថា​៖ «​យើង​ប្ដឹង​ទាំង​ ២ ​នេះ​ដោយសារ​តែ​ពួកយើង​យល់ឃើញ​ថា ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​មិនទាន់​ផ្ដល់​ភាពយុត្តិធម៌​ដល់​គាត់​ទេ ដោយសារ​លក្ខខណ្ឌ​នៃ​សំអាង​ហេតុ​របស់​ចៅក្រម​ដែល​គាត់​សម្រេច​ឃុំខ្លួន មិនទាន់​ស្រប​ទៅ​តាម​បញ្ញត្តិ​មាត្រា ២០៣, ២០៤, និង ២០៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ទេ​។ កូនក្ដី​របស់​ខ្ញុំ​លោក រ៉ុង ឈុន គាត់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដែល​ឲ្យ​តុលាការ​សម្រេច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​»​។

លោក​បន្តថា​៖ «​បទចោទប្រកាន់​នោះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់ ដោយសារ​លោក រ៉ុង ឈុន គាត់​បាន​ទៅ​មើល​ព្រំដែន ហើយ​អ្វី​ដែល​គាត់​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នេះ គ្រាន់តែ​ជា​ការស្នើសុំ និង​ជា​ការរកឃើញ​របស់គាត់​នៅពេល​គាត់​ចុះ​ទៅ​ត្រួតពិនិត្យ​ព្រំដែន​ហ្នឹង​។ ចំណុច​ទាំងអស់​នេះហើយ​ដែល​​មេធាវី​យល់ឃើញ​ថា ការឃុំខ្លួន​កូនក្ដី​មិន​មាន​ភាពយុត្តិធម៌ មិនទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ ហេតុដូច្នេះ​ហើយ​បាន​ជា​មេធាវី​សម្រេច​ប្ដឹងទៅ​សាលាឧទ្ធរណ៍​ដើម្បី​ឲ្យ​សាលាឧទ្ធរណ៍​ពិនិត្យឡើងវិញ​លើដី​កាស​ម្រេច​»​។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ចោទ​ពី​បទញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​តាម​មាត្រា ៤៩៤ និង​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ការចោទ​នេះ បន្ទាប់ពី​លោក​បាន​ចុះ​ជួប​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​ពលរដ្ឋ​អះអាង​ថា កម្ពុជា​បាត់​ដី​ទៅ​វៀតណាម ហើយ​អាជ្ញាធរ​វៀតណាម​បាន​រុញច្រាន​ពលរដ្ឋ​ ២០០ ​ម៉ែត្រ​មក​ក្នុង​ទឹកដី​កម្ពុជា​។

ក៏ប៉ុន្តែ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​បដិសេធ​សេចក្ដី​ថ្លែងការណ៍​របស់​លោក រ៉ុង ឈុន ហើយ​ថា​ជា​ការបំភាន់​សាធារណមតិ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ។

ស្របពេល​ជាមួយ​គ្នា​នេះ​សង្គម​ស៊ីវិល និង​សមាគម​រួមទាំង​សហជីព​ក្នុង​ស្រុក​ចំនួន​ ១៤១ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមមួយ​ពី​ម្សិលមិញ ស្នើសុំ​ទៅ​តុលាការ និង​រដ្ឋាភិបាល​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​លោក រ៉ុង ឈុន ។ សេចក្ដី​ថ្លែងការណ៍​រួម​បាន​លើកឡើង​ថា ការចោទប្រកាន់ និង​ឃុំខ្លួន​លោក រ៉ុង ឈុន គឺជា​ការរំលោភ​សិទ្ធិ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។

នេះ​ជា​លើក​ទី​ ៣ ​ហើយ​ដែល​​លោក រ៉ុង ឈុន ត្រូវបាន​ចាប់ខ្លួន​។ ការចាប់ខ្លួន​លើក​ទី​ ១ មាន​រយៈពេល ៣ ​ខែ​ធ្វើ​ឡើង​កាលពី​ឆ្នាំ ២០០៥ ពាក់ព័ន្ធ​នឹង​អត្ថាធិប្បាយ​រឿង​សន្ធិសញ្ញា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​។

រីឯ​ការចាប់ខ្លួន​លើក​ទី ២ គឺ​នៅ​ឆ្នាំ​ ២០១៤ ករណី​ចូលរួម​តវ៉ា​ឲ្យ​ដោះលែង​មនុស្ស ២០ ​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​រឿង​តវ៉ា​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​ ២០១៣​។ នេះ​បើតាម​អង្គការ​សង្គម​ស៊ីវិល​ដដែល​។

សេចក្ដី​ថ្លែងការណ៍​នោះ អះអាង​ថា​៖ «​បន្ទាប់ពី​ការធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ជាង​ ១ ​ទសវត្សរ៍ ការចាប់ខ្លួន​ចុងក្រោយ​នៃ​ប្រធាន​សហជីព​គួរ​ឲ្យ​សរសើរ​រូបនេះ គឺជា​ការគំរាមកំហែង​ដោយផ្ទាល់​ចំពោះ​ពលរដ្ឋ​កម្ពុជា​ដែល​គ្រាន់តែ​ប្រើ​សិទ្ធិ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ក្នុង​ការសម្ដែង​មតិ​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សេចក្ដី​ថ្លែងការណ៍​រួម​នេះ ភាគច្រើន​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មិនសូវ​មាន​សកម្មភាព​។ ​លោក​ថា​នេះ​ជា​សិទ្ធិសេរីភាព​នៃ​ការសម្ដែង​មតិ​របស់​សង្គម​ស៊ីវិល​​ប៉ុន្តែ​ជា​ទិដ្ឋភាព​ផ្លូវច្បាប់ ការទាមទារ​នេះ​មិនអាច​ដាក់​សម្ពាធ​លើ​តុលាការ​បាន​ទេ​។

លោក​ថា​៖ «​ករណី​លោក រ៉ុង ឈុន តុលាការ និង​សមត្ថកិច្ច​អនុវត្ត​ច្បាប់ និង​នីតិវិធីតុលាការ​ដែល​មាន​ជា​ធរមាន ដោយ​ផ្អែក​លើ​អង្គហេតុ​ និង​អង្គច្បាប់​ច្បាស់លាស់​។ មធ្យោបាយ​ដែល​ជួយ​ដល់​លោក រ៉ុង ឈុន មានតែ​មួយ​ទេ​គឺ​ចូលរួម​ក្នុង​នីតិវិធី​របស់​តុលាការ ហើយ​ការពារ​តាម​ផ្លូវ​ច្បាប់ ដើម្បី​បង្ហាញ​ភ័ស្តុតាង និង​មូលដ្ឋាន​រឹងមាំ​ដែល​ដោះបន្ទុក​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​​ដូច​ការចោទប្រកាន់​»​។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ​កាលពី​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​ព្រមាន​ចំពោះ​ការជួបជុំ​តវ៉ា​នៅ​​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ដោយ​បាន​ចាត់ទុកថា ពុំមែន​ជា​ទង្វើ​ត្រឹមត្រូវ​តាមច្បាប់​ទេ​។

សេចក្តី​ប្រកាស​នេះ​បញ្ជាក់​ថា «​សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​​រាល់​សកម្មភាព​របស់​ខ្លួន​មុន​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់​»៕

វីដេអូ៖