ភ្នំពេញៈ គណៈមេធាវី​កម្ពុជា​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នៅ​ថ្ងៃទី​ ១៦ ខែ​តុលា ​ខាង​មុខ បន្ទាប់ពី​ប្រធាន​បច្ចុប្បន្ន​ដែល​បាន​ជាប់ឆ្នោត​ ២ ​អាណត្តិ​មក​ហើយ ដល់​ពេលវេលា​ដែល​ត្រូវ​ចាកចេញ​ពី​តំណែង​។ មកទល់​ពេល​នេះ មេធាវី​ល្បីៗ​ចំនួន​ ៤ ​រូប​ បាន​ដាក់​ពាក្យ​ធ្វើជា​បេក្ខជន​ប្រកួតប្រជែង​សម្រាប់​តំណែង​ប្រធាន​គណៈមេធាវី​ដែល​រួមមាន​លោក លី ច័ន្ទតុលា លោក សំ សុគង់ លោក ឡុង ដារ៉ា និង​លោក កែត ឃី​។

លោក​មេធាវី លី ច័ន្ទតុលា ថ្លែង​ពី​ម្សិលមិញ​ថា តួនាទី​ជា​ប្រធាន​គណៈមេធាវី គឺជា​តួនាទី​សំខាន់​ និង​កិត្តិយស​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​វិជ្ជាជីវៈ​មេធាវី​ទាំង​នៅក្នុង​សង្គម​។ ការទទួល​បាន​តួនាទី​នេះ​ក៏​ជា​កិត្តិយស​សម្រាប់​ខ្លួនឯង​ និង​ក្រុមគ្រួសារ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជា​ហូរហែ​មក ខ្ញុំ​តែងតែ​បាន​ចូលរួម​ចំណែក​ក្នុង​ការពង្រឹង​ និង​លើកតម្កើង​ស្ថាប័ន​គណៈមេធាវី​ក៏​ដូចជា​វិជ្ជាជីវៈ​មេធាវី​។ ជាមួយ​នឹង​តួនាទី​ជា​ប្រធាន​គណៈមេធាវី ខ្ញុំ​នឹង​មាន​លទ្ធភាព និង​សិទ្ធិ​កាន់តែ​ច្រើន​នៅក្នុង​ការដឹកនាំ​ដាក់​ចេញ​ជា​គោលនយោបាយ​ និង​ធ្វើ​សកម្មភាព​ជាក់ស្តែង​ជា​អាទិភាព ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​បងប្អូន​សហភាតា​មេធាវី​ទាំងអស់​។ ខ្ញុំ​ចង់​បាន​ឧត្តមភាព​ និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី​»​។

បើ​ជាប់​ជា​ប្រធាន​គណៈមេធាវី លោក​មាន​គោលនយោបាយ​អាទិភាព​ចំនួន​ ៨ ​ចំណុច​ដូចជា​ពង្រឹង​ការចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​តាម​មាត្រា ៣២ នៃ​លក្ខន្តិកៈ​មេធាវី​ពង្រឹង​ និង​បង្កើន​សមត្ថភាព​មេធាវី បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​កិច្ចការ​នានា​ដើម្បី​ឲ្យ​មេធាវី និង​គណៈមេធាវី​កាន់តែ​ប្រសើរ​ឡើង​។

ចំណែក​លោក​មេធាវី សំ សុគង់ ថ្លែង​ថា​លោក​ចង់​ដឹកនាំ​ស្ថាប័ន​គណៈមេធាវី​ឲ្យ​ឯករាជ្យ​ពី​ស្ថាប័ន​ផ្សេងៗ និង​ពង្រឹង​វិជ្ជាជីវៈ​មេធាវី​។ លោក​ថា មេធាវី​គឺជា​អ្នកច្បាប់​ដែល​មាន​ការជឿជាក់​ពី​កូនក្ដី​ និង​ប្រជាពលរដ្ឋ ហើយ​មេធាវី​មិនមែន​ជា​ភ្នាក់ងារ​កណ្ដាល​សម្រាប់​យក​លុយ​ទៅ​សូក​តុលាការ​យកឈ្នះ​ក្ដី​នោះទេ​។ លោក​ក៏​ចង់ឃើញ​មេធាវី​ត្រូវបាន​មហាជន និង​អន្តរជាតិ​ទទួល​ស្គាល់​ថា ជា​មេធាវី​មាន​វិជ្ជាជីវៈ និង​មាន​សមត្ថភាព​។ បើ​ជាប់​ជា​ប្រធាន លោក​នឹង​ពង្រឹង​វិន័យ​មេធាវី និង​សមត្ថភាព​ព្រមទាំង​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ដែល​ធ្វើការ​ផ្នែក​មេធាវី ដើម្បី​ចែករំលែក​ចំណេះដឹង និង​ជួយ​ការពារ​ដល់​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចង់​បាន​គណៈមេធាវី​ជា​ស្ថាប័ន​ឯករាជ្យ មិន​ស្ថិតក្រោម​ការទទួល​បញ្ជា ឬ​ក្រោម​ស្ថាប័ន​ណាមួយ ឬ​គណបក្ស​នយោបាយ​ណាមួយ​។ ទី​ ២ ខ្ញុំ​ចង់​ឲ្យ​គណៈមេធាវី​មាន​ឈ្មោះ​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាពិសេស​ទំនាក់ទំនង​ជាមួយ​គណៈមេធាវី​អន្តរជាតិ ដើម្បី​ដោះដូរ​បទពិសោធ​ចំណេះដឹង និង​ការការពារ​ក្ដី ឬ​តំណាង​សម្រាប់​ពលរដ្ឋ​ដែល​គាត់​មាន​បញ្ហា​នៅ​ប្រទេស​ទាំងនោះ​»​។

លោក​មេធាវី ឡុង ដារ៉ា បាន​ថ្លែង​ថា​លោក​បាន​ព្យាយាម​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន​ប្រមាណ​ ១០ ​ឆ្នាំ​មកហើយ ប៉ុន្តែ​ត្រូវបាន​ពន្យារ​ជា​បន្តបន្ទាប់​ដោយ​មូលហេតុ​ផ្សេងៗ​។ លោក​សម្រេចចិត្ត​ឈរឈ្មោះ​នៅ​អាណត្តិ​នេះ​ដោយសារតែ​អ្នក​ដែល​ចូលមក​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​តាម​បទពិសោធ​តែ​មិនបាន​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ចំនួន​ច្រើនពេក ដែល​ធ្វើឲ្យ​ប្រព័ន្ធ​តុលាការរង​ការរិះគន់​ពី​មហាជន​។

បើ​ជាប់​ជា​ប្រធាន​លោក ដារ៉ា នឹង​ពង្រឹង​កេរ្តិ៍ឈ្មោះ​មេធាវី​ទាំងអស់​ឡើងវិញ​ធ្វើយ៉ាងណា​ឲ្យ​សាធារណជន​ស្គាល់​តួនាទី និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មេធាវី​។ លោក​នឹង​ពង្រឹង និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​មេធាវី ដើម្បី​ចូលរួម​ធ្វើកំណែ​ទម្រង់​ប្រព័ន្ធតុលាការ​ជាមួយ​នឹង​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​មេធាវី​មាន​តម្លៃ និង​ប្រកប​ដោយ​សីលធម៌​ខ្ពស់​ឆ្លើយតប​នឹង​តម្រូវការ​របស់​សង្គម​ និង​ការអភិវឌ្ឍ​របស់​ប្រទេស​ជាតិ​។

លោក​បន្ត​ថា លោក​នឹង​ពិនិត្យ​ឡើង​វិញ​ថា​តើ​គួរតែ​កែសម្រួល​មាត្រា ៣២ ​នៃ​លក្ខន្តិកៈ​មេធាវី ឬ​យ៉ាងណា​ដើម្បី​កាត់បន្ថយ​ការក្លាយ​ជា​មេធាវី​ដែល​ធ្វើឲ្យ​មាន​អតិផរណា​មេធាវី​។ អតិផរណា​មេធាវី​ធ្វើឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​មួយ​ចំនួន​មិន​អាច​ប្រកួតប្រជែង​បាន ហើយ​សម្រេចចិត្ត​លាលែង ឬ​មិន​ប្រកប​វិជ្ជាជីវៈ​ហើយ​ទៅ​ប្រកប​ការងារ​អ្វី​ផ្សេងទៀត​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ដើម្បី​ឲ្យ​ចំណុច​សំខាន់ៗ​ដំណើរការ​បាន ខ្ញុំ​ត្រូវ​ការចូលរួម​ពី​សមាជិក​សមាជិកា​នៃ​គណៈមេធាវី​ទាំងអស់​ដើម្បី​ផ្ដល់​ជា​អនុសាសន៍ ចំណុចខ្លាំង ចំណុចខ្សោយ និង​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​គណៈមេធាវី ដើម្បី​កែសម្រួល​ស្ថាប័ន​នេះ​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​តាម​ពាក្យ​ស្លោក​ធ្វើឲ្យ​សង្គម​ក្លាយ​ជា​នីតិរដ្ឋ​»​។

ដោយឡែក​លោក​មេធាវី កែត ឃី បាន​ថ្លែងថា លោក​នឹង​បង្ហាញ​សារ​ឃោសនា​របស់​លោក​នៅ​ថ្ងៃ​បោះឆ្នោត​។ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​ធ្វើ​ពេល​បាន​តំណែង​ប្រធាន​គណៈមេធាវី​នោះ​គឺ​ការផ្លាស់ប្ដូរ​ពី​ទម្លាប់​មិនល្អ​មួយចំនួន ដូចជា​ការបោះឆ្នោត​ផ្ទេរសិទ្ធិ ឬ​បោះឆ្នោត​ជំនួស​។ ការបោះឆ្នោត​ដូចនេះ​មិន​បង្ហាញ​ពី​ឆន្ទៈ​ម្ចាស់ឆ្នោត​ទេ ហើយ​មិន​មាន​ភាពយុត្តិធម៌​សម្រាប់​បេក្ខជន​ផ្សេងទៀត​។ ក្រៅពី​ការផ្ទេរសិទ្ធិ​នេះ​ក៏​មាន​ការកៀរគរ​មិន​ឲ្យ​មេធាវី​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​។

លោក​បន្តថា​៖ «​មួយ​ទៀត​ការឃោសនា​រក​សំឡេងឆ្នោត​ក៏​មិនល្អ​ដែរ ព្រោះ​ការកៀរ​គ្នា​ហៅ​គ្នា​ស៊ីផឹក ដោយសារ​មនោសញ្ចេតនា​ហូបចុក​ជាមួយ​គ្នា​ធ្វើឲ្យ​យើង​មិនអាច​រើស​បេក្ខជន​ដែលមាន​សមត្ថភាព​ក្នុង​ការដឹកនាំ​មាន​សីលធម៌​ល្អ​ក្នុង​ការដឹកនាំ​គណៈមេធាវី​។ ដោយសារ​មនោសញ្ចេតនា​ហូបចុក​ជាមួយ​គ្នា យើង​ហៅ​ឲ្យ​ខ្លី​គឺ​ការទិញ​សន្លឹកឆ្នោត​ដោយ​ការហៅ​ផឹកស៊ី​ជុំគ្នា បេក្ខជន​មួយចំនួន​គាត់​ល្អ​ហើយ តែ​គាត់​គ្មាន​លទ្ធភាព​ក្នុង​ការប៉ាវ​គេ​ផឹកស៊ី ធ្វើឲ្យ​គាត់​មិន​មាន​សំឡេងឆ្នោត​ជាប់​ជា​ប្រធាន​»​។

លោក សួន វិសាល ប្រធាន​គណៈមេធាវី​ដែល​នឹង​ចប់​អាណត្តិ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក លីវ សុវណ្ណា អគ្គលេខាធិការរង​នៃ​គណៈមេធាវី​កម្ពុជា មាន​ប្រសាសន៍​ថា នៅក្នុង​អាណត្តិ​របស់​លោក សួន វិសាល ចំនួន ២ អាណត្តិ​ចាប់ពី​ឆ្នាំ​ ២០១៦ មក លោក​បាន​ធ្វើការ​កំណែទម្រង់​ក្នុង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មេធាវី​ដោយ​កាត់បន្ថយ​ការបណ្ដុះបណ្ដាល​តែ​លើ​ទ្រឹស្ដី ប៉ុន្តែ​ផ្ដោតលើ​ការអនុវត្ត​។ លោក​បាន​ពង្រឹង​សមត្ថភាព​មេធាវី​ដែល​ចូលមក​ប្រកប​វិជ្ជាជីវៈ​នេះ​តាមរយៈ​បទពិសោធ​។

លោក​បន្តថា ក្នុង​អាណត្តិ​របស់​លោក សួន វិសាល គណៈមេធាវី​កម្ពុជា បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​គណៈមេធាវី​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ថៃ និង​ម៉ាឡេស៊ី ដែល​នៅ​ទីនោះ​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​រស់នៅ​ និង​ធ្វើការ​។ នៅពេល​អនុស្សរណៈ​យោគយល់​គ្នា​បាន​ចូល​ជាធរមាន កម្ពុជា​នឹង​មាន​ការិយាល័យ និង​ប្រតិភូ​មេធាវី​នៅក្នុង​ប្រទេស​ទាំង​ ៣ ​នេះ ដើម្បី​ជួយ​ការពារ​ក្ដី​ដល់​ពលរដ្ឋ​កម្ពុជា​ក្រីក្រ និង​រង​រឿងក្ដី​នៅ​ទីនោះ​។

លោក​ថា អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ថៃ ស្ទើរតែ​បាន​សម្រេច​ហើយ ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន​ដោយសារ​តែ​បញ្ហា​កូវីដ​ ១៩​។ ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ថៃ​បាន​យល់ព្រម​ផ្ដល់​ទីតាំង សម្រាប់​តំណាង​ពី​កម្ពុជា​ទៅ​ឈរជើង​នៅ​ទីនោះ ដែល​តាម​គម្រោង គណៈមេធាវី​នឹង​បញ្ជូន​មេធាវី​ចំនួន ៣ ​រូប​ទៅ​ប្រចាំការ​នៅ​ប្រទេស​ថៃ និង​ផ្លាស់ប្ដូរ​រៀងរាល់​ ៦ ​ខែ​ម្ដង​។ ទោះបី​យ៉ាង​ណា គោលនយោបាយ​បង្កើត​ការិយាល័យ​តំណាង​នៅក្រៅ​ប្រទេស​អាច​បន្ត​ទៅ​បាន​អាស្រ័យ​ដោយ​ការសម្រេចចិត្ត​របស់​ប្រធាន​ថ្មី​ដែល​នឹង​ចូលមក​កាន់តំណែង​ឆាប់ៗ​នេះ​។

ជា​ទស្សនវិស័យ គណៈមេធាវី​ចង់​ក្លាយ​ជា​ស្ថាប័ន​ដែលមាន​ទំនុកចិត្ត​ពី​អតិថិជន និង​ពលរដ្ឋ​ទូទៅ ហើយ​ជា​លទ្ធផល​គឺ​មេធាវី​ទាំងអស់​មាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​។ នេះ​បើតាម​លោក លីវ សុវណ្ណា​។ «​ទំនុកចិត្ត​នេះ​សំខាន់​យើង​ត្រូវ​ពង្រឹង​ទៅលើ​សមត្ថភាព ពង្រឹង​លើ​ក្រម​សីលធម៌​។ ដូចជា​កន្លងមក​យើង​តែង​ដាក់​ទណ្ឌកម្ម​លើ​មេធាវី​មួយចំនួន​ដែល​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​ហើយ​ដើម្បី​ឲ្យ​មេធាវី​នីមួយៗ​ខំ​ពង្រឹង​ក្រមសីលធម៌​ខ្លួនឯង ក្រៅតែ​ពី​សមត្ថភាព យើង​ត្រូវតែ​មាន​សីលធម៌​វិជ្ជាជីវៈ​»​។

សមាជិក​គណៈមេធាវី​ ១ ​រូប​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា លោក​ចង់ឃើញ​ «​ការបោះឆ្នោត​រើស​ប្រធាន​គណៈមេធាវី​ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​គោរព​គោលការណ៍​សមភាព តម្លាភាព និង​យុត្តិធម៌​តាមច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីៈ​មេធាវី ដែល​ជា​វិជ្ជាជីវៈ​ឯករាជ្យ និង​សេរី​ដែល​ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌​»​។ លោក​បន្តថា លោក​ក៏​ស្នើឲ្យ​ប្រធាន​គណៈមេធាវី​អាណត្តិ​ថ្មី «​ត្រូវបំពេញ​ភារកិច្ច​ជា​ស្ថាប័ន​ឯករាជ្យ សេរី ថ្លៃថ្នូរ​ស្អាតស្អំ​ពី​អំពើ​ពុករលួយ​»​។

បច្ចុប្បន្ននេះ​មេធាវី​ពេញសិទ្ធិ ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​មាន​ ១ ៥៧៩ ​រូប ចំណែក​មេធាវី​ដែល​កំពុង​ធ្វើ​កម្មសិក្សា​មាន​ ៤០៨ ​រូប​។ ចំណែក​មេធាវី​ដែល​មិន​ប្រកប​វិជ្ជាជីវៈ​មាន​ ១១៣ ​រូប មេធាវី​សុំ​នៅ​ក្រៅ​បញ្ជី​មាន​ ២៧ ​រូប មេធាវី​ដែល​ត្រូវ​បាន​ហាមឃាត់​មាន ២ រូប​មេធាវី​ត្រូវបាន​ផ្អាក​មាន​ ២ ​រូប និង​មេធាវី​ត្រូវ​បាន​លុប​ឈ្មោះ​មាន ២០ ​រូប​៕