ភ្នំពេញៈ មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ខេត្ត​ស្វាយរៀង​បញ្ជាក់​ថា នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​តុលាការ​នៅ​សប្ដាហ៍​នេះ ដើម្បី​ឱ្យ​កូន​ក្ដី​បាន​នៅ​ក្រៅ​ឃុំ ដោយ​លោក​អះអាង​ថា កូន​ក្ដី​របស់​ខ្លួន​នឹង​មិន​​រត់​គេច​នោះ​ទេ​ហើយ​នឹង​គោរព​តាម​នីតិវិធី​របស់​តុលាការ​ក្នុង​ការ​បញ្ជា​ឱ្យ​បង្ហាញ​ខ្លួន។

លោក​ សំ សុ​គង់ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ គង់ ម៉ាស់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា លោក​នឹង​ទៅ​ជួប​កូនក្ដី​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​អង្គារ ឬ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ដើម្បី​ពិគ្រោះ​យោបល់​អំពី​ផ្លូវ​ច្បាប់ និង​សិទ្ធិ​មួយ​ចំនួន​ដែល​កូន​ក្ដី​មាន ហើយ​ក្រោយ​មក លោក​នឹង​ដាក់​ពាក្យ​ស្នើសុំ​ទៅ​តុលាការ​ដើម្បី​ដោះ​លែង​កូន​ក្ដី​នៅ​ក្រៅ​ឃុំ។

ការលើកឡើង​នេះ បន្ទាប់ពី​លោក ​គង់ ម៉ាស់ សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៦ មករា ហើយ​ក្រោយ​មក​បាន​សម្រេច​បញ្ជូន​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃទី ១៩ ដោយ​ចោទ​ប្រកាន់​តាម​ក្រម​ព្រហ្ម​ទណ្ឌ ពី​បទ​ជេរ​ប្រមាថ​សាធា​រណៈ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ តាម​មាត្រា ៣០៧ និង​មាត្រា ៤៩៥ ប៉ុន្តែ​លោក​ សំ សុ​គង់ ថា ចំណាត់​ការ​របស់​តុលាការ​នៅ​ពេល​នេះ ធ្វើ​ឡើង​ខុស​នីតិវិធី និង​បាន​រំលោភ​លើ​សិទ្ធិ​ជន​សង្ស័យ។

លោក​ថា៖ «គាត់ (គង់ មាស់) បានស្នើ​សុំឱ្យ​មេធាវី​ជួយ​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ដោយសារ​គាត់​យល់​ឃើញ​ថា គាត់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​តាម​មាត្រា ២០៥ នៃ​ក្រម​នីតិវិធី គឺ​គាត់​ថា សំណុំ​រឿង​របស់​គាត់ គឺ​សំណុំ​រឿង​មជ្ឈិម​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះ​ញង់ ហើយ​គាត់​បាន​សន្យា​ថា​នឹង​មក​បង្ហាញ​ខ្លួន​តាម​ដំណាក់​កាល​នៃ​នីតិវិធី​របស់​តុលាការ។

មេធាវី​រូបនេះ​បន្ថែមថា លោក​ គង់ ម៉ាស់ គួរ​ត្រូវបាន​តុលា​ការចេញ​ដីកា​កោះ​ហៅ​មុន​មាន​ការ​ចាប់​ខ្លួន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តុលាការ​បែរជា​ចាប់​ខ្លួន​លោក​ដោយ​មិន​មាន​ដីកា​កោះ​ហៅ​ជាមុន​ទៅ​វិញ។ លោក​ សំ សុគង់ ថា​នីតិវិធី​បែប​នេះ រំលោភ​លើ​សិទ្ធិ​ជន​សង្ស័យ និង​រំលោភ​លើ​នីតិវិធី​ក្រម​ព្រហ្ម​ទណ្ឌ ព្រោះ​ជន​សង្ស័យ​ពុំ​បាន​គេច​ខ្លួន និង​ជាពិសេស​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។

លោក​ថា៖ «ខ្ញុំ​គិតថា នៅក្នុង​ក្រមនីតិវិធី​ក្រមព្រហ្មទណ្ឌ មុន​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​ហ្នឹង លុះ​ត្រា​តែ​តំណាង​អយ្យការ​គាត់​បាន​ចេញ​ដីកា​កោះ​ហៅ​ជន​សង្ស័យ​ម្ដង​ជា ២ ដង ហើយ​ជន​សង្ស័យ​ហ្នឹង​គាត់​គេច​ខ្លួន​ឬ​បដិសេធ​មិន​ចូល​តាម​ដីកា​កោះ អ៊ីចឹង​តំណាង​មហា​អយ្យការ​មាន​សិទ្ធិ​មួយ​គឺ​អំណាច​បញ្ជា​ឱ្យ​ចូល​ខ្លួន​បាន»។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក អ៊ី រិន្ទ មន្ត្រី​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា តុលាការ​បាន​ធ្វើ​ឡើង​តាម​នីតិវិធី​ទាំង​អស់។

មុន​ការចាប់ខ្លួន នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក​ គង់ ម៉ាស់ បាន​បង្ហោះ​សារ រិះគន់​ជា​ច្រើន​ដូចជា «រដ្ឋបាល​លោក​ ហ៊ុន សែន គិត​តែ​រឿង​អំណាច មួយ​ថ្ងៃៗ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិត​ផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល ពិសេស​មិន​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​កម្រិត​សមរម្យ​នោះ​ទេ។ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ងើប​ឡើង​តវ៉ា ដើម្បី​ជីវភាព​របស់​យើង​គ្រប់ៗ​គ្នា។ ប្ដូរ។

លោក គង់ ម៉ាស់ សរសេរ​សារ​ចុង​ក្រោយ​ថា «ទឹក​ទី ១ ៖សហភាព​អឺរ៉ុប​បាន​សម្រេច​ជំហាន​ដំបូង​ដាក់​ទណ្ឌ​កម្ម​លើ​ការ​យក​ពន្ធ និង​ដំឡើង​ថ្លៃ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ដោយ​យក​ពន្ធ ២០០,៧៣ ដុល្លារ​ក្នុង​មួយ​តោន នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ កាល​ពី​ថ្ងៃទី ១៤ មករា កន្លង​មក​នេះ»។

លោក​ ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក គង់ ម៉ាស់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ញុះញង់ អាច​បង្ក​អសន្ដិសុខ និង​ចលាចល​ដល់​សង្គម ដែល​ប្រព្រឹត្ត​ឡើង​តាំង​ពី​ឆ្នាំ ២០១៨ មុន​ការ​បោះ​ឆ្នោត​តំណាង​រាស្ដ្រ​មក​ម្ល៉េះ។

លោក​បន្តថា អាជ្ញាធរ​ក៏បាន​រក​ឃើញ​រូបថត​ឯកសារ​ជាច្រើន ដែល​ពាក់​ព័ន្ធ​កិច្ចការ​របស់​សកម្មជន​អតីត​បក្ស​ប្រឆាំង​នេះ​ដែរ។

ប៉ុន្តែ​លោក​ សំ សុ​គង់ យល់ថា បទ​ចោទ​លោក​ គង់ ម៉ាស់ នៅពេល​នេះ​គឺជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ហើយ​លោក​ គង់ ម៉ាស់ គ្រាន់​តែ​បញ្ចេញ​មតិ​ក្នុង​នាម​ជា​ពលរដ្ឋ។

លោក​ ម៉ៅ វិបុល ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង​បាន​ស្នើ​តុលាការ​ត្រូវ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ។ លោក​ថា៖ «នៅ​ពេល​នេះ ខ្ញុំ​ក្នុង​នាម​ប្រធាន​គណបក្ស​ខេត្ត​មាន​ការ​ព្រួយ​បារម្ភ​ដល់​សមាជិក សកម្មជន»៕