ភ្នំពេញៈ ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា កាលពី​ម្សិលមិញ​បាន​ដាក់​ពាក្យស្នើសុំ​ជា​លើក​ទី​ ២ ទៅ​តុលាការ​ឱ្យ​បន្ត​ការជំនុំជម្រះ​សំណុំរឿង​ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ​របស់​លោក កឹម សុខា បន្ទាប់ពី​តុលាការ​បាន​ផ្អាក​បណ្ដោះអាសន្ន​ជាង​ ៥ ​ខែ ដោយសារ​កូវីដ​ ១៩​។

យោង​តាម​លិខិត​ស្នើសុំ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ក្រុម​មេធាវី លោក​ កឹម សុខា រួមមាន​លោក ចាន់ ចេន, ​លោក ផែងហេង​, ​លោក អាង ឧត្តម និង​អ្នកស្រី​ ម៉េង សុភារី បានដាក់​លិខិត​ទៅ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ស្នើសុំ​ឱ្យ​តុលាការ​បន្ត​សវនាការ​លើ​សំណុំ​រឿងនេះ​ឡើងវិញ​។

លិខិត​របស់​មេធាវី​លោក កឹម សុខា សរសេរ​ថា​៖ «​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ​យើងខ្ញុំ​សូម​ជម្រាបជូន ឯកឧត្តម​ប្រធាន​ជ្រាបថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូរីដ​ ១៩ គឺ​រាជរដ្ឋាភិបាល​គ្រប់គ្រង​បាន​ទាំង​ស្រុង​ដូច​មាន​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បញ្ជាក់​រាល់ថ្ងៃ​។ ​ចំណែកឯ​តុលាការ​ក៏​បាន​ដំណើរការ​​នីតិវិធី​ជំនុំជំម្រះ​ក្តី​ជា​ប្រក្រតី​រាល់ថ្ងៃ​ដែរ​»​។

លិខិត​ដដែល​បន្តថា​៖ «​អាស្រ័យ​ហេតុនេះ​យើងខ្ញុំ​ស្នើសុំ​តុលាការ​សម្រេច​បន្ត​ដំណើរការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ដូច​មាន​ចែង​ក្នុង​កម្មវត្ថុ​ខាងលើ​​ឡើងវិញ​ឆាប់ៗ​តាម​ការស្នើសុំ និង​តាម​​នីតិវិធី​»​។

សំណុំ​រឿង​ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ​លើ​លោក​ កឹម សុខា ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សម្រេច​ផ្អាក​កាលពី​ខែ​មីនា ដោយសារ​តែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។ នៅ​ខែ​មិថុនា ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​ដាក់​ពាក្យស្នើសុំ​បន្ត​សវនាការ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ចៅក្រម​ជំនុំជម្រះ​សម្រេច​ផ្អាក​បន្តទៀត ដោយ​យល់ឃើញ​ថា ស្ថានភាព​ជំងឺ​កូវីដ​១៩ នៅ​មិនទាន់​ថមថយ​។

ភ្នំពេញ ​ប៉ុស្តិ៍​ មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​ការសម្រេច​របស់​សាលាដំបូងរាជធានីភ្នំពេញ ចំពោះ​ការស្នើសុំ​នេះ​បាន​ទេ​ពី​​ម្សិលមិញ​។ ​ចំណែក​លោក​ ចាន់ ចេន មេធាវី​ ១ ​រូប​របស់​លោក កឹម សុខា ក៏​បដិសេធ​អត្ថាធិប្បាយ​ដែរ ដោយ​លោក​រង់ចាំ​មើល​ការសម្រេច​របស់​តុលាការ​លើ​ការស្នើសុំ​នេះ​សិន​។

លោក​ គី តិច មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​តំណាង​រាជរដ្ឋាភិបាល​បាន​ថ្លែងថា​ការសម្រេច​យ៉ាងណា​នោះ វា​ជា​សមត្ថកិច្ច​តុលាការ​។ ​លោក​នឹង​គោរព​តាម​ការសម្រេច​របស់​តុលាការ​ជានិច្ច​។

ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​លោក កឹម ​សុខា បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​នានា​ដើម្បី​ចូលរួម​ពិធី​សាសនា និង​ចែក​អំណោយ​​ដល់​ពលរដ្ឋ​។ ​នៅ​ចុង​ខែ​កញ្ញា​កន្លង​ទៅ​​លោក​បាន​ទៅ​ខេត្ត​ព្រះសីហនុ និង​បាន​​ចែក​អង្ករ អាវ​ភ្លៀង និង​ស្បៀង​មួយ​ចំនួន​​ជូន​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​ទឹកជំនន់​។ ​នេះ​បើតាម​ហ្វេសប៊ុក​របស់លោក​។

លោក​បាន​សរសេរ​ថា​៖ «​ការចូលរួម​​ដោយ​ឆន្ទៈ​ក្នុង​ការធ្វើសកម្មភាព​មនុស្សធម៌​ប្រពៃណី​ទំនៀមទម្លាប់ ជំនឿ​សាសនា​គឺជា​សម្បជញ្ញៈ​របស់​អ្នកមាន​គុណធម៌​ និង​មាន​កតញ្ញុតាធម៌​ចំពោះ​ប្រជាពលរដ្ឋ​​ និង​ប្រទេសជាតិ ប្រសើរ​ជាង​ការច្រណែន​ឈ្នានីស ឬ​ការចោទប្រកាន់​មួលបង្កាច់​​ ឬ​ការបង្ក​ជម្លោះ​ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ និង​សង្គមជាតិ​»​។

កាលពី​ខែកញ្ញា​កាសែត​ខ្មែរថាមស៍​បាន​ចុះផ្សាយ​ដោយ​យោង​លើ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា សំណុំ​រឿង​លោក កឹមសុខា អាច​នឹង​បន្ត​រហូត​ដល់​ ៤ ​ឆ្នាំ​ទៀត​ គឺ​រហូតដល់​ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់​​ឆ្នាំ​ ២០២២ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០២៣​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ពី​​ម្សិលមិញ​ថា លោក​មាន​ការភ្ញាក់ផ្អើល​ដែល​បានឃើញ​ការចុះផ្សាយ​ថា ករណី​​លោក កឹម សុខា អាច​បន្ត​រហូត​ដល់​ឆ្នាំ​ ២០២៤​។ ​លោក​យល់ថា បើ​សិន​មាន​ការពន្យារពេល​លើ​សំណុំ​រឿងនេះ​ជា​បន្តបន្ទាប់​ទៀត​នោះ វា​នឹង​អាច​មាន​ភាពរ៉ាំរ៉ៃ​រហូត​ដល់​ឆ្នាំ​ ២០២៤ ​ដូច​ការផ្សព្វផ្សាយ​។

លោក​ថ្លែងថា​៖ «​វា​មិនមាន​ចំណេញ​អី​ទេ ប្រសិន​បើ​មាន​ការបន្ត​ [​ពន្យារ​] ​មែន វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​ផង​ប៉ះពាល់​ដល់​ការគាបសង្កត់​ពី​សហគមន៍​អន្តរជាតិ​ផង ព្រោះ​គេ​ទន្ទឹង​មើល​លើ​ករណី​នេះ​មាន​ន័យថា គេ​ដាក់​ភ្នែក​លើ​លោក​ប្រធាន កឹម សុខា​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ឃើញ​ថា ប្រសិនជា​ស្ថានភាព​កូវីដ ​១៩ អាច​គ្រប់គ្រង​បាន​តុលាការ​គួរតែ​បន្ត​សវនាការ​សំណុំ​រឿងនេះ ព្រោះ​​សវនាការ​ក្នុង​សំណុំរឿង​ផ្សេងទៀត​នៅ​​មាន​ធ្វើជា​ធម្មតា​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​មែនទែន​ទៅ​វា​ជា​រឿង​ផ្លូវច្បាប់ ប៉ុន្តែ​បើ​យើង​ទុក​រឿងនេះ​ឱ្យ​នៅ​រ៉ាំរ៉ៃ​ពេក វា​នៅ​តែ​ជា​ចំណាប់ខ្មាំង​​មួយ​ដែល​នាំឱ្យ​អន្តរជាតិ​យក​រឿង​នេះ​ជា​ចំណោទបញ្ហា ហើយ​គេ​លើក​ហេតុផល​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិធានការ​ផ្សេងៗ​ ឬ​​សេចក្ដី​ថ្លែង​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​កម្ពុជា វា​រ៉ាំរ៉ៃ ហើយ​បើ​រឿងនេះ​ហ្នឹង តុលាការ​ពន្លឿន​​នីតិវិធី​ទៅ ហើយ​ត្រូវ​ចាប់​ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ឬ​អី​បែបណា​នោះ អាហ្នឹង​​វា​ស្រេច​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​​ជា​ជាង​ទុក​ឱ្យ​នៅ​រ៉ាំរ៉ៃ​»​។

ទោះ​ជា​យ៉ាងណា​លោក គិន ភា បញ្ជាក់​​ច្បាស់​ថា ករណី​លោក កឹម សុខា គឺជា​​រឿង​ផ្ទៃក្នុង​កម្ពុជា​សុទ្ធសាធ ដែល​ជា​រដ្ឋ​​អធិបតេយ្យ​មួយ​។ ​មិន​អាចមាន​ប្រទេស​ណាមួយ​ប្រើប្រាស់​ករណី​លោក កឹម សុខា ដើម្បី​ដាក់​សម្ពាធ ឬ​ដាក់ទណ្ឌកម្ម​ណាមួយ​មក​លើ​កម្ពុជា​ទេ​។

លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ប្រសិន​បើ​គេ​ដាក់​ [​សម្ពាធ​] ​ដោយសារ​រឿងនេះ មាន​ន័យ​ថា វា​ជា​រឿង​ដែល​មាន​លក្ខណៈ​នយោបាយ​ទាំងស្រុង​។ ​ប៉ុន្តែ​រឿង​តុលាការ​រឿង​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​គឺជា​សិទ្ធិ​ពេញទី​របស់​កម្ពុជា ក្នុង​ការអនុវត្ត​ច្បាប់ និង​វិធានការ​ផ្ទៃក្នុង​របស់​ខ្លួន​ដើម្បី​​រក្សា​សន្តិសុខ ស្ថិរភាព​នយោបាយ និង​​សណ្ដាប់ធ្នាប់​សាធារណៈ​»៕

វីដេអូ៖