The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មេធាវី​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ ហុង សុខហួរ

មេធាវី​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ ហុង សុខហួរ

សមត្ថកិច្ច​ក្រៀក​លោក ហុង សុខហួរ នៅ​សាលា​ដំបូង​រាជធានី​កាលពី​ខែ​សីហា​​។
សមត្ថកិច្ច​ក្រៀក​លោក ហុង សុខហួរ នៅ​សាលា​ដំបូង​រាជធានី​កាលពី​ខែ​សីហា​​។ ហេង ជីវ័ន

មេធាវី​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ ហុង សុខហួរ

ភ្នំពេញៈ មេធាវី​ការពារ​សិទ្ធិ លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​រង​ការ​ចោទ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន ​កម្ពុជា-វៀតណាម​ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ផ្នែក​ច្បាប់​បង្ហាញ​ថា​កូនក្តី​របស់​ខ្លួន​គ្មាន​ទោស​ទៅ​កាន់​​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដោយ​សុំ​លើកលែង​ការ​ចោទប្រកាន់។

តាម​សេចក្តី​សន្និដ្ឋាន​សុំ​លើកលែង​ការ​ចោទប្រកាន់​ចំនួន ៥ ទំព័រ ដែល​បាន​ផ្ញើ​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ ២០១៥ លោក ជូង ជូងី សមាជិក​ក្រុម​ប្រឹក្សា​គណៈមេធាវី និង​ជា​មេធាវី​ការពារ​សិទ្ធិ​លោក ហុង សុខហួរ បាន​បង្ហាញ​លទ្ធផល​វិភាគ​សំណុំ​រឿង​សាជាថ្មី​ដោយ​ផ្គូផ្គង​អង្គហេតុ​នៃ​ដំណើរ​រឿង​ដែល​បាន​កើតឡើង​ចំពោះ​កូនក្តី​របស់​លោក​ជាមួយ​នឹង​មាត្រា​មួយ​ចំនួន​នៃ​អង្គ​ច្បាប់​ដែល​ចៅក្រម​សម្រេច​ជ្រើសរើស​យក​មក​ចោទប្រកាន់​ដោយ​បាន​សន្និដ្ឋាន​ជា​ចុងក្រោយ​ថា​លោក ហុង សុខហួរ មិន​បាន​កែ ឬ​ក្លែងបន្លំ​សន្ធិសញ្ញា​ប្រើប្រាស់​ជា​ផ្លូវការ​បង្ក​នូវ​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។

សេចក្តី​សន្និដ្ឋាន​បាន​លើកឡើង​ថា​លោក ហុង សុខហួរ មិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គម​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​ដោយសារ​ឯកសារ​សន្ធិសញ្ញា​ដែល​លោក​បាន​យក​មក​​​បកស្រាយ និង​បង្ហោះ​លើ​ហ្វេសប៊ុក​នោះ​គឺ​ស្រាវជ្រាវ​បាន​ពី​អ៊ីនធឺណិត​មិនមែន​ជា​ឯកសារ​ផ្លូវការ​នោះ​ទេ​ហើយ​ក៏​មិន​អាច​យក​ទៅ​ប្រើប្រាស់​ជាមួយ​ប្រទេស​វៀតណាម​បាន​ដែរ។

ចំណែកឯ ​ចំណាត់ការ​របស់​សមត្ថកិច្ច​តំណាង​អយ្យការ និង​តុលាការ​ក្នុង​ការ​ចោទប្រកាន់​ចាប់​ខ្លួន​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​លោក ហុង សុខហួរ ពី​បទល្មើស​ជាក់ស្តែង​គឺ​បាន​បំពាន​ធ្ងន់ធ្ងរ​ដល់​រដ្ឋធម្មនុញ្ញ​មាត្រា ១០៤ អំពី​អភ័យ​ឯកសិទ្ធិ​សភា និង​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ​ផង​ដែរ។

លោក ជូង ជូងី បាន​អះអាង​ថា​ទឡ្ហីករណ៍​នៃ​វិភាគ​ផ្លូវ​ច្បាប់​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​ចោទប្រកាន់​គឺ​មិន​ត្រឹមត្រូវ​ហើយ​​ការ​អនុវត្ត​នីតិវិធី​របស់​សមត្ថកិច្ច និង​តុលាការ​ក៏​មិន​ត្រឹមត្រូវ​ឡើយ។

លោក​ថា៖ «​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​​ឯកសារ​ណា​មួយ​បញ្ជាក់​ពី​ការ​ដក​អភ័យ​ឯកសិទ្ធិ​ព្រឹទ្ធសភា​របស់​លោក ហុង សុខហួរ នៅ​ឡើយ​ទេ​អ៊ីចឹង​ការ​បន្ត​ឃុំ​ខ្លួន​ និង​​ការ​ចោទប្រកាន់​នេះ​គឺ​មិន​ត្រឹមត្រូវ​ទាំងអស់​»។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​លោក កោ វណ្ឌី បាន​ឲ្យ​ដឹង​ថា​លោក​ទើប​បាន​ទទួល​សេចក្តី​សន្និដ្ឋាន​ស្នើសុំ​នោះ​ម្សិលមិញ​ និង​មិន​ទាន់​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិនិត្យ​នៅ​ឡើយ​ទេ​ដោយសារ​លោក​ជាប់​រវល់​ច្រើន។

លោក អ៊ុំ សារិទ្ធិ អគ្គលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ជុំវិញ​ចំណាត់ការ​របស់​សមត្ថកិច្ច និង​តុលាការ​គឺ​ធ្វើ​ឡើង​ស្រប​តាម​ការ​អនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។

លោក​ថា៖ «បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​គឺ​មិន​គិត​ថា​គាត់​ជា​សមាជិក​រដ្ឋសភា ឬ​ព្រឹទ្ធសភា​នោះ​ទេ​ម្យ៉ាង​កន្លង​មក​ព្រឹទ្ធសភា​បាន​បង្ហាញ​ជំហរ​​ច្បាស់​ណាស់​គឺ​ទុក​ឲ្យ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​របស់​ខ្លួន​ទោះបី​ជា​គាត់​មិន​ទាន់​ត្រូវ​បាន​ដកហូត​អភ័យ​ឯកសិទ្ធិ​ក្តី»។

លោក ហុង សុខហួរ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដោយ​ចោទប្រកាន់​ ៣ ​បទល្មើស​រួម​មាន​ការ​ក្លែង​ឯកសារ​សាធារណៈ​ការ​ប្រើប្រាស់​ឯកសារ​ដែល​ក្លែង​ និង​ញុះញង់​ឲ្យ​មាន​អសន្តិសុខ​ពាក់ព័ន្ធ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​ឆ្នាំ​ ១៩៧៩​។

លោក ហុង សុខហួរ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ពីរ​ថ្ងៃ​បន្ទាប់ពី​ការ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គណបក្ស​សង្គ្រោះជាតិ និង​មជ្ឈដ្ឋាន​ជាច្រើន​ទៀត​បាន​​ចាត់ទុក​ករណី​ចាប់​ឃុំ​ខ្លួន​លោក ហុង សុខហួរ ​ថា​ជា​រឿង​នយោបាយ​មិនមែន​ជា​​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​អ្វី​ឡើយ​៕

អត្ថបទគួរចាប់អារម្មណ៍