ភ្នំពេញ៖ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ស្រាវជ្រាវ​លើ​ករណី​កញ្ញា មាន ពេជ្ររីតា ពិធីការិនី​ទូរទស្សន៍ MyTV ដែល​បាន​ចោទ​ឧកញ៉ា ហេង សៀ ពី​បទ​ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ ខណៈ​ភាគី​ជម្លោះ​ទាំង ២ កំពុង​ប្តឹង​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវ​តុលាការ​ស្រប​ពេល​ដែល​កញ្ញា​រូប​នេះ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ពី​បទ​លួច។

នៅ​ថ្ងៃ​នេះ មាន​ការ​លើក​ឡើង​ជជែក​គ្នា​នៅ​លើ​​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន ជុំវិញ​ករណី​រឿង​ក្តីក្តាំ​រវាង​កញ្ញា មាន ពេជ្ររីតា ដែលជា​ពិធីការិនី​ទូរទស្សន៍ My TV និង​ជា​អតីត​បេក្ខនារី Miss Grand Cambodia វ័យ ២០ ឆ្នាំ និង​លោក ហេង សៀ ដែល​មាន​អាយុ​ជិត ៦០ ឆ្នាំ និង​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ងារ​ជា​ឧកញ៉ា​ដែល​ជា​ថៅកែ​ក្រុមហ៊ុន​កញ្ចក់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រឿង​ហេតុ​នេះ បាន​ផ្ទុះ​ចេញ​ដំណាល​គ្នា​នឹង​ការ​បង្ហោះ​នូវ​ពាក្យ​បណ្តឹង​របស់​កញ្ញា មាន ពេជ្ររីតា ដែល​បាន​ប្តឹង​លោក ហេង សៀ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ បន្ទាប់​ពី​រូបនាង​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឃុំខ្លួន និង​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​តាម​បណ្តឹង​របស់​លោក ហេង សៀ។

លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃ​នេះ​ថា ក្រុម​ការងារ​របស់​លោក​កំពុង​ស្រាវជ្រាវ​លើ​ករណី​បណ្តឹង​របស់​កញ្ញា មាន ពេជ្ររីតា ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក ហេង សៀ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ។

យ៉ាង​ណាក្ដី លោក គី តិច មិន​ទាន់​បាន​បញ្ជាក់​ទេ​ថា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នឹង​មាន​ចំណាក់​ការ​យ៉ាង​ណា​ ឬ​ក៏​ទទួល​រឿង​ក្តី​នេះ​មក​ការពារ​នោះ​ទេ ដោយ​គ្រាន់​តែ​អះអាង​ថា លោក​នឹង​ជូន​ដំណឹង​តាម​ក្រោយ បន្ទាប់​ពី​បញ្ចប់​ការ​ស្រាវជ្រាវ។

លោក គី តិច បាន​បញ្ជាក់​ថា៖ «ករណី​នេះ ខ្ញុំ​កំពុង​តែ​ស្រាវជ្រាវ​ទេ។ ក្នុង​ដំណាក់កាល​នេះ ខ្ញុំ​មិន​ទាន់​ទទួល​ការពារ​ក្តី​ទេ។ ខ្ញុំ​កំពុង​ធ្វើ​ការ សុំ​ធ្វើ​ការ​តិច​សិន សុំ​ចាំ​សិន»។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក កូយ សៅ ចុះ​ថ្ងៃទី ១១ ឧសភា បាន​ឲ្យ​ដឹងថា ការ​សម្រេច​ឃុំខ្លួន និង​ចោទ​ប្រកាន់​នេះ ដោយ​សំអាង​លើក​ញ្ញា មាន ពេជ្ររីតា បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រងគ្រោះ​ចំនួន ២ កាំបិត រួច​យក​ទូរស័ព្ទ​ដៃ ១ គ្រឿង​ម៉ាក Iphon 12 pro max ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃទី ៤ ខែ​ឧសភា នៅ​សង្កាត់​ទួលគោក រាជធានី​ភ្នំពេញ។

យ៉ាងណា ភ្នំពេញ ​ប៉ុស្តិ៍ ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​សាច់​ញាតិ​របស់​កញ្ញា មាន ពេជ្ររីតា បាន​ទេ ដោយសារ​មិនមាន​អ្នក​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​តាម​ពាក្យ​បណ្តឹង​របស់​កញ្ញា មាន ពេជ្ររីតា ចុះ​ថ្ងៃទី ១១ ឧសភា បាន​អះអាង​ថា ក្នុង​អំឡុង​ពេល​នោះ លោក ហេង សៀ បាន​ព្យាយាម​លួង​លោម និង​ចាប់បង្ខំ​នាង​ដើម្បី​រួមភេទ ដោយ​គំរាម​ថា លោក​មាន​កាំភ្លើង។

ប៉ុន្តែ​ដោយសារ​ការ​រើ​បម្រះ​ បាន​ធ្វើ​ឲ្យ​នាង​គេច​ខ្លួន​បាន និង​មិន​ហ៊ាន​ប្រាប់​រឿង​នេះ​ដល់​អ្នក​ផ្ទះ​នោះ​ទេ រហូត​ដល់​មាន​ការ​កោះហៅ​នាង​ទៅ​សួរ​នាំ​ពី​បទ​លួច​នៅ​ប៉ុស្តិ៍​នគរបាល​ខណ្ឌ​ទួលគោក ទើប​នាង​សម្រេច​បង្ហាញ​រឿង​នេះ និង​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ដើម្បី​ប្តឹង​បក​វិញ។

កញ្ញា មាន ពេជ្ររីតា បាន​អះអាង​ក្នុង​ពាក្យ​បណ្តឹង​ថា៖ «ប្រសិន​នាង​ខ្ញុំ​មិន​អាច​បើក​ទ្វារ​ឡាន​ចេញ​បាន​ទេ គាត់​នឹង​ធ្វើ​ការ​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​ឡាន ឬ​ដឹក​នាង​ខ្ញុំ​យក​ទៅ​ផ្ទះ​សំណាក់​តែ​ម្ដង ពី​ព្រោះ​នាង​ខ្ញុំ​បាន​ភ័យ​តត់ស្លុត ខ្លាច​គាត់​សម្លាប់​ដោយ​ប្រើប្រាស់​កាំភ្លើង​មិន​ហ៊ាន​តដៃ ឬ​រើ​បម្រះ​នោះ​ឡើយ ហើយ​នាង​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ម្តាយ​ឱ្យ​ដឹង​រឿង​នេះ​ទេ ព្រោះ​មិន​ចង់​ឱ្យ​គាត់​ពិបាក​ចិត្ត»។

ពាក្យ​បណ្តឹង​របស់​កញ្ញា មាន ពេជ្ររីតា ដែល​បាន​ប្តឹង​លោក ហេង សៀ គឺ​ទាក់ទង​នឹង​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ទឹក​ប្រាក់ ១០ ម៉ឺន​ដុល្លារ ព្រម​ទាំង​ទាមទារ​ការ​ខាតបង់ និង​ខូចខាត​ពេល​វេលា និង​សេវា​ផ្លូវ​ច្បាប់​ចំនួន ១ ម៉ឺន​ដុល្លារ​ផង​ដែរ។

ជុំវិញ​ករណី ​កញ្ញា ពេជ្ររីតា ​នេះ លោក ផុន ពុធបូរី ប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវ​ច្បាប់​នៃ​ក្រសួង​កិច្ចការនារី​បាន​អះអាង​ថា ក្រុម​ការងារ​ក្រសួង​កំពុង​មាន​ចំណាក់​ការ​ដោយ​បាន​ស្នើ​ទៅ​ខាង​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ ដើម្បី​ឱ្យ​ជួយ​ស៊ើបអង្កេត​បន្ថែម។ ក្នុង​នោះ លោក ពុធបូរី ក៏​បាន​អះអាង​ដែរ​ថា ក្រសួង​កិច្ចការ​នារី​នឹង​ជួយ​គាំទ្រ​ផ្នែក​ច្បាប់​នៅ​តុលាការ​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «យើង​បាន​ធ្វើ​ការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ស្នើ​កិច្ច​សហការ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បឋម​ស្រាវជ្រាវ​ករណី​ហ្នឹង។ ដោយសារ​មាន​ពាក្យ​បណ្ដឹង​ ២ ព្រោះ​ឧកញ៉ា ហេង សៀ បាន​ប្ដឹង​នារី​រងគ្រោះ ហើយ​នារី​រងគ្រោះ គឺ​ប្ដឹង​តទល់​នឹង​ឧកញ៉ា។ យើង​មិនទាន់​ដឹង​រឿង​ពិត ឬ​មិន​ពិត​យ៉ាង​នោះទេ»។

សូម​ជម្រាប​ថា តាម​ដីកា​បង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​ក្នុង​ពេល​នេះ កញ្ញា មាន ពេជ្រ​រីតា កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ឬ​មណ្ឌល​ឃុំ​ខ្លួន (ម២)។ ចំណែក​ឯ​លោក ហេង សៀ ភ្នំពេញ​ ប៉ុស្តិ៍​ មិន​អាច​ស្វែងរក​ប្រភព ដើម្បី​សុំ​ការ​បក​ស្រាយ​បាន​ទេ​នៅ​ថ្ងៃ​នេះ៕