ភ្នំពេញៈ មេធាវី​ស្ម័គ្រចិត្ដ​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រមាណ​ពី ៣០០ ​ទៅ​ ៤០០ ​នាក់​ នឹងចូលរួម​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ដែល​កំពុង​មាន​ជិត ៤ ​ម៉ឺន​ករណី​ តាមរយៈ​ការផ្ដល់​មេធាវី​ជួយ​ការពារ​សិទ្ធិ​ដល់​ជន​ត្រូវ​ចោទ​ ឬ​ជន​ជាប់ទោស​តាមច្បាប់​តម្រូវ​ឱ្យ​មាន​មេធាវី​។ នេះ​បើតាម​លោក​ វ៉ា ពិសី ប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​នៃ​គណៈមេធាវី​។

លោក វ៉ា ពិសី បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា គណៈមេធាវី​បាន​ឯកភាព​សហការ​ជាមួយ​ក្រសួង​យុត្ដិធម៌​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ដ​។ ប៉ុន្ដែ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​គណៈមេធាវី​នឹង​ចូលរួម​ជួយ​តែ​ទៅលើ​សំណុំរឿង បទល្មើស​ឧក្រិដ្ឋ បទល្មើស​មជ្ឈិម និង​សំណុំរឿង​អនីតិជន​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​យើង​ក៏បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ដើម្បី​ជ្រើសរើស​មេធាវី​ស្ម័គ្រចិត្ដ​របស់​យើង​បន្ថែម ដើម្បី​ចូលរួម​ដោះស្រាយ​បន្ទាន់ ព្រោះ​មេធាវី​នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ​ទាំង ២៥ មាន​ចំនួន​មិន​គ្រប់គ្រាន់​។ ពេលខ្លះ​ក្នុង ១ ថ្ងៃ​យើង​ធ្វើ​សវនាការ ១០ រឿងក្ដី​។ ដូច​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ ១ ​ថ្ងៃ​បើក​សវនាការ​រហូត​ដល់​ជាង ១០ ​រឿងក្ដី​ក៏មានដែរ​»​។

បើ​តាម​លោក ពិសី នាពេល​កន្លង​មក​គណៈមេធាវី​ក៏​បាន​ចូលរួម​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ​ផង​ដែរ ដោយ​ជួយ​ការពារ​សិទ្ធិ​ដល់​ជន​ត្រូវ​ចោទ ឬ​ជន​ជាប់ទោស ដែល​ជា​ជនក្រីក្រ គ្មាន​លទ្ធភាព​រក​មេធាវី​។ លោក​ឱ្យដឹងថា គិត​ចាប់​តាំងពី​ខែ​មករា រហូត​មក​ដល់​ចុងខែ​មិថុនា​នេះ មេធាវី​ស្ម័គ្រចិត្ដ​នៃ​គណៈមេធាវី​បាន​ចូលរួម​ជួយ​ការពារ​សិទ្ធិ​ដល់​ជន​ត្រូវ​ចោទ ឬ​ជន​ជាប់ទោស​បាន​ជិត ៣០០០ ​ករណី​រួចហើយ​។ លោក​បន្តថា គណៈមេធាវី​មាន​មេធាវី​ស្ម័គ្រចិត្ដ​ជាង ២០០ ​នាក់​។ បច្ចុប្បន្ន​មាន​ការិយាល័យ​នៅ​​ទូទាំង​ ២៥ សាលាដំបូង​រាជធានី-ខេត្ដ​។

លោក​ថា​៖ «​ប៉ុន្ដែ​ក្នុង​ការសហការ​បន្ថែម​ជាមួយ​ក្រសួង​យុត្ដិធម៌​លើ​ការ​អនុវត្ដ​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំ​រឿង​នេះ​គឺ​យើង​ត្រូវ​ជ្រើសរើស​មេធាវី​ស្ម័គ្រចិត្ដ​បន្ថែម​ទៀត​។ ដូច្នេះ​មេធាវី​យើង អាច​កើនឡើង​រហូត​ដល់​ពី​ ៣០០ ទៅ ៤០០ នាក់​ សម្រាប់​ចូលរួម​អនុវត្ដ​យុទ្ធនាការ​នេះ​»​។ លោក​ ពិសី ថា​ការសហការ​គ្នា​នេះ គឺ​ខាង​សាលា​ដំបូង​រាជធានី-ខេត្ដ​ ជា​អ្នកស្នើសុំ​មេធាវី​ពី​គណៈមេធាវី​ហើយ​គណៈមេធាវី​នឹង​ចាត់តាំង​មេធាវី​ស្ម័គ្រចិត្ដ​ទៅ​ជួយ​តាម​ការស្នើសុំ​នោះ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែង​កាលពី​ម្សិលមិញ​ថា ការចូលរួម​ពី​គណៈមេធាវី និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​គឺ​សំខាន់​ណាស់​ក្នុង​ការពន្លឿន​ដំណើរការ​នីតិវិធី​សំណុំរឿង ព្រោះ​ថា​សំណុំរឿង​មួយចំនួន បើ​គ្មាន​មេធាវី​ទេ គឺ​មិន​អាច​ដំណើរការ​ទៅ​បាន​ទេ​។ ជាពិសេស​សំណុំរឿង​ដែល​ច្បាប់​តម្រូវ​ដូចជា​សំណុំរឿង​បទឧក្រិដ្ឋ​ និង​សំណុំរឿង​អនីតិជន​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​មិនមាន​មេធាវី​គឺ​មិន​អាច​ដំណើរការ​សវនាការ​នាំឱ្យ​ស្ទះ​នីតិវិធី និង​ធ្វើឱ្យ​កកស្ទះ​សំណុំរឿង​។ ដូច្នេះ​ការចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ​រួមមាន​គណៈមេធាវី មន្ដ្រី​នគរបាល​យុត្ដិធម៌ និង​មន្ទីរពិសោធន៍​គ្រឿងញៀន​ជាដើម​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​ពន្លឿន​ដំណើរការ​នីតិវិធី​របស់​តុលាការ​។ ព្រោះថា​ការកកស្ទះ​សំណុំ​រឿង​នេះ​មិនមែន​ពាក់ព័ន្ធ​តែ​ការងារ​របស់​មន្ត្រី​តុលាការ​តែប៉ុណ្ណោះ​ទេ គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​មន្ដ្រី​ដែល​ពាក់ព័ន្ធ​ដទៃទៀត​»​។

ទាក់ទិន​នឹង​បច្ចុប្បន្នភាព​នៃ​ការអនុវត្ដ​យុទ្ធនាការ​របស់​ក្រុម​ការងារ​ទាំង ៤ លើ​ការ​អនុវត្ដ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង​រាជធានី-ខេត្ដ លោក ម៉ាលីន ឱ្យ​ដឹង​ថា ក្រុមការងារ​កំពុង​ធ្វើការ​បូក​សរុប​លទ្ធផល​ទូទាំង​ប្រទេស​។ ពេលធ្វើ​រួច​នឹង​ត្រូវ​ប្រកាស​នៅ​បំណាច់​ខែ​នេះ​ជា​សាធារណៈ​តែម្ដង​។

លោក​ កើត រិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌​បាន​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ​កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា​ក្រោយពី​រកឃើញ​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​នៅ​សេសសល់ មិនទាន់​បាន​ចាត់ការ​សរុប​ជិត ៤ ​ម៉ឺន​។ លោក​​រដ្ឋមន្ដ្រី​រំពឹងថា តាមរយៈ​យុទ្ធនាការ​នេះ​នឹង​អាច​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​បាន​ប្រមាណ​ពី ៥០ ទៅ ៧០ ​ភាគរយ​ក្នុង​រយៈពេល ៦ ​ខែ​ខាងមុខ​។

គណៈមេធាវី​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា ក៏​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ ស្ដីពី​ការផ្ដល់​មេធាវី​ជួយ​ការពារ​ក្ដី​ក្នុង​យុទ្ធនាការ​នេះ​ និង​បាន​អំពាវនាវ​ដល់​សមាជិក​គណៈមេធាវី និង​មេធាវី​កម្មសិក្សា​ទាំងអស់​ឲ្យ​ចូលរួម​ជួយ​ការពារ​សិទ្ធិ​ជន​ត្រូវ​ចោទ​ ឬ​ជនជាប់ចោទ​ស្រប​ទៅ​តាម​ច្បាប់​តម្រូវ​ឱ្យ​មាន​មេធាវី ដោយ​អនុវត្តតាម​អភិក្រម​របស់​ក្រសួង​យុត្តិធម៌​ក្នុង​យុទ្ធនាការ​នេះ​គឺ «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើ​ពុករលួយ​» ៕