The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មេធាវី​ នួន ជា ស្នើ​ឲ្យ​មាន​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​ចូល​បំភ្លឺ

មេធាវី​ នួន ជា ស្នើ​ឲ្យ​មាន​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​ចូល​បំភ្លឺ

Content image - Phnom Penh Post
លោក Victor Koppe មេធាវី​អន្តរជាតិ​របស់​នួន ជា កំពុង​សាកសួរ​ក្នុង​សាវនាការ​កាល​ពី​ឆ្នាំ ២០១៤។ ECCC

មេធាវី​ នួន ជា ស្នើ​ឲ្យ​មាន​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​ចូល​បំភ្លឺ

ភ្នំពេញៈ ក្រុម​មេធាវី​ការពារក្តី​របស់​ នួន ជា អតីត​បងធំ​ទី ២ ក្នុង​របប​ខ្មែរ​ក្រហម បាន​ធ្វើ​ការ​ស្នើ​​ឲ្យ​មន្រ្តី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​យោធា ដែល​ក្នុង​នោះ​រួម​មាន​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ផងដែរ ឲ្យ​ចូល​មក​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ដើម្បី​ឆ្លើយ​បំភ្លឺ។

នៅ​ក្នុង​លិខិត​ដាក់​ជូន​តុលាការ​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រុម​មេធាវី​ការពារ​ចុង​ចោទ​បាន​លើក​ឡើង​ថា ការ​ស៊ើប​អង្កេត​ទៅលើ​ក្រុមដែល​ពួក​ខ្មែរ​ក្រហម​ហៅថា «ក្រុម​បះបោល​ក្បត់​ជាតិ» ដែល​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​វៀតណាម​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធានា​ឲ្យ​បាន​ថា កូនក្តី​របស់​ខ្លួន​ត្រូវ​បាន​ផ្តល់​នូវ​ការ​ជំនុំ​ជម្រះ​ដ៏​ត្រឹមត្រូវ​ និង​យុត្តិធម៌។

ក្រុម​មេធាវី​ការពារ​ចុង​ចោទ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ធ្វើ​ការ​កោះ​ហៅ​សាក្សី​ចំនួន ៣៥ រូប ដែល​ក្នុង​ចំណោម​នោះ ៤ រូប​គឺ​ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល និង​បីរូប​ទៀត​ជា​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​កងទ័ព ព្រម​ទាំង​លោក Robert Lemkin ជា​អ្នក​ផលិត​ខ្សែរ​ភាពយន្ត​មួយ​រូប​ផងដែរ។

លិខិត​នោះ​​ថ្លែង​ថា៖ «ការ​សម្រេចចិត្ត​មិន​កោះ​ហៅ​សាក្សី​ដែល​ត្រូវ​ទាំង​នោះ​នឹង​មិន​អាច​ឲ្យ ​នួន​ ជា ធ្វើ​បទ​បង្ហាញ​​នូវ​ការ​ការពារ​ក្តី​របស់​ខ្លួ​ន​ទាំង​អស់​បាន។ ការ​ធ្វើ​នេះ​ គឺ​ជា​ការ​រំលោភ​បំពាន​ដោយ​ផ្ទាល់​ទៅ​លើ... សិទ្ធិ​ទទួល​បាន​នូវ​ការ​ជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌​របស់ ​នួន​ ជា»។

លោក Victor Koppe ​មេធាវី​អន្តរជាតិ​របស់​ នួន ជា បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​មិន​មែន​គ្រាន់​តែ​ការ​កោះ​ហៅ​សាក្សី​​ដែល​មាន​ឋានៈ​ខ្ពស់​ប៉ុណ្ណោះ​នោះ​ទេ តែ​វា​ក៏​ជា «ឱកាស​ចុង​ក្រោយ» របស់​ក្រុម​មេធាវី​ការពារ​ចុង​ចោទ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ពី​សំណុំ​រឿង​ទៅ​កាន់​សាធារណជន​ផង​ដែរ។

លោក​​បន្ត​ថា៖ «​យើង​ពុំ​អាច​ធ្វើ​អ្វី​បាន​ទាល់​តែ​សោះ​ក្នុង​រយៈ​ពេល ៩ឆ្នាំ​ចុងក្រោយ​នេះ... យើង​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ខ្លួន​ឯង​ឡើយ ដែល​នោះ​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹងរ៉ឺង​ជា​ទីបំផុត»។

លិខិត​ខាង​លើ​នេះ​បាន​លើក​ឡើង​ទៀត​ថា៖ «បន្ទាប់​ពី​ការ​ឈ្លានពាន​ប្រទេស​កម្ពុជានៅ​ឆ្នាំ ១៩៧៨ ប្រទេស​វៀតណាម​បាន​ត្រួត​ត្រា​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ១ ទសវត្សន៍ និង​បាន​​តែង​តាំង​​រដ្ឋាភិបាល​អាយ៉ង​ដ៏​ស្មោះ​ស្ម័គ្រ​មួយ​ដែល​នៅ​កាន់​អំណាច​មក​ដល់​សព្វថ្ងៃ»។​

លោក Koppe បន្ថែម​ថា លោក​មាន​សុនិដ្ឋិនិយម​តិច​ណាស់​ចំពោះ​ការ​កោះ​ហៅ​នេះ ហើយ​រឹត​តែ​មាន​ក្តី​សង្ឃឹម​តិច​ទៅ​ទៀត​ថា សាក្សី​ដែល​មាន​ឋានៈខ្ពស់​នឹង​ចេញ​មុខ​ឆ្លើយ​បំភ្លឺ ប្រសិន​ជា​ត្រូវបាន​កោះ​ហៅ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ពួកគេ​ខ្លាច​យើង​លាត​ត្រដាង​ពី​តួនាទី​ពិត​របស់​ពួក​គេ» ដោយ​បាន​លើក​ឡើង​ពី​​ការ​បង្ក្រាប​ការ​បះបោល​របស់​ជនជាតិ​ចាម និង​ការ​បង្ខំ​ប្រជាជន​ឲ្យ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ដែល​ចុង​ចោទ​បាន​អះ​អាង​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក ហេង​ សំរិន ជា​ប្រធាន​រដ្ឋសភា​បច្ចុប្បន្ន មក​ធ្វើ​ជា​ឧទាហរណ៍។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា លិខិត​ដែល​ក្រុម​របស់​លោក​បាន​ដាក់​ជូន​តុលាការ​នេះ នឹង​ធ្វើ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ក្លាយ​ទៅ​ជា​រឿង​នយោបាយ​ដែរឬអត់ លោក​ Koppe បាន​ឆ្លើយ​ថា៖ «អង្គជំនុំ​ជម្រះ​នេះ​ចាប់​ផ្តើម​ពី​នយោបាយ ១០០ ភាគរយ​ទៅ​ហើយ... វា​មិនអាច​ធ្វើ​ទៅ​បាន​ឡើយ ដែល​មិន​ឲ្យ​វា​ជាប់​ពាក់ព័ន្ធ នឹង​រឿង​នយោបាយ​នោះ»។

លោក ផៃ ស៊ី​ផាន ​មន្រ្តី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា សមាជិក​សភា​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការ​មិន​បង្ហាញ​ខ្លួន​តាម​ការ​កោះ​ហៅ​ក្នុង​តុលាការ​បាន។

លោកថា សាលាក្តី​គួរ​តែ​សង្កត់​ធ្ងន់​ទៅ​លើ​មូលហេតុ​ដែល​របប ​៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​នេះ ធ្វើ​ការ​សម្លាប់​យ៉ាង​រង្គាល​ទៅ​លើ​ប្រជាជន​ស្លូត​ត្រង់​ជាង ២ លាន​នាក់។

លោក​បន្ត​ថា៖​«វា​គឺ​ជា​យុទ្ធសាស្រ្ត​មួ​យ​របស់​មេធាវី​ការពារ​ចុងចោទ​ ដែល​បាន​លើក​ឡើង​នូវ​រឿង​វៀតណាម​មក​ធ្វើ​ជា​លេស​ក្នុង​ការ​បង្វែរ​ចំណុច​សង្កត់​ធ្ងន់ ​[របស់​សាលាក្តី]»៕ Erin Handley

អត្ថបទគួរចាប់អារម្មណ៍