
លោក ជូង ជូងី ពេលទៅការពារក្តីឲ្យលោក កឹម សុខា នៅឧទ្ធរណ៍កន្លងមក។ ហុង មិនា
ភ្នំពេញៈ មេធាវីការពារក្តីលោក កឹម សុខា ចំនួន ៤ រូបបានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃម្សិលមិញដើម្បីសុំឈប់ធ្វើជាតំណាងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះនៅក្នុងសំណុំរឿង «ក្បត់ជាតិ» ដោយមិនបានពន្យល់អំពីមូលហេតុនៃការលាលែងនេះឡើយ។
មេធាវីទាំង ៤ រូបនេះរួមមាន លោក ជូង ជូងី លោក សំ សុគង់ លោក កែត ឃី និងលោក ហែម សុជាតិ បានលាលែងឈប់ពីការធ្វើជាតំណាងលោក កឹម សុខា ដោយមិនមានការពន្យល់អ្វីទាំងអស់។ លោក ជូង ជូងី បានថ្លែងថា៖ «យើងទាំង ៤ នាក់បានដាក់សំណើសុំឈប់ការពារក្តីរបស់គាត់ [លោក កឹម សុខា]។ យើងបានដាក់លិខិតនារសៀលនេះ (ថ្ងៃអង្គារ) នៅសាលាដំបូងរាជធានីភ្នំពេញ»។
នៅពេលសួរថា ហេតុអ្វីអ្នកទាំង ៤ ឈប់ធ្វើជាមេធាវីរបស់លោក កឹម សុខា ឬក៏ដោយសារតែទទួលរងសម្ពាធ លោក ជូងី គ្រាន់តែឆ្លើយថា លោកសូមបដិសេធធ្វើអត្ថាធិប្បាយអំពីមូលហេតុដែលពួកលោកលាឈប់។ «សូមយល់ ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទៅប្រព័ន្ធផ្សព្វផ្សាយទេ។ ខ្ញុំមិនអាចនិយាយច្រើនជាងនេះបានទេ»។
មេធាវី ៣ រូបផ្សេងទៀតដែលលាឈប់ដែរនោះមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក ផែង ហេង មេធាវីដែលនៅតែតំណាងលោក កឹម សុខា បានថ្លែងថា លោកមិនបានដឹងអំពីមូលហេតុនៃការលាឈប់នេះទេ ហើយលោកស្រី ម៉េង សុភារី ដែលនៅតែបន្តធ្វើជាមេធាវីតំណាងលោក កឹម សុខា ដែរនោះក៏មិនបានដឹងពីមូលហេតុនៃការលាលែងនេះដូចគ្នាផងដែរ។ លោកស្រី សុភារី បានថ្លែងថា៖ «ខ្ញុំមិនដឹងអំពីព័ត៌មាននោះទេ។ យើងគ្រោងជួបលោក កឹម សុខា នៅចុងខែនេះ។ កាលចូលឆ្នាំខ្មែរ យើងមិនបានទៅជួបលោក កឹម សុខា ទេ»៕ PS