មណ្ឌលគិរីៈ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បង្ហើបរឿងអំពើពុករលួយ លួចធ្វើលិខិតខុសច្បាប់ ដើម្បីលក់ដីរដ្ឋរាប់សិបហិកតាពីសំណាក់អភិបាលស្រុកអូរាំងនៃខេត្តមណ្ឌលគិរី ដែលមានមន្ត្រីចំនួនជាង ១០ នាក់ទៀតជាប់ពាក់ព័ន្ធ ប៉ុន្តែអភិបាលស្រុករូបនេះបានបដិសេធ។
តាមគណនីហ្វេសប៊ុករបស់លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានបង្ហោះកាលពីថ្ងៃទី ៦ មីនា អះអាងថាអភិបាលស្រុកអូរាំងនៃខេត្តមណ្ឌលគិរីលោក សៀក មុន្នី រួមនឹងមន្ត្រីមួយចំនួនទៀតលួចដីរដ្ឋលក់រាប់សិបលានដុល្លារ។
ការអះអាងយ៉ាងដូច្នេះដោយលោកសំអាងថា ក្រោយការស្រាវជ្រាវស៊ើបអង្កេតយ៉ាងល្អិតល្អន់បានពិនិត្យលើភ័ស្តុតាងឃើញថា អភិបាលស្រុកអូរាំងលោក សៀក មុន្នី និងបក្ខពួកជាង ១០ នាក់បានរៀបចំឯកសារខុសច្បាប់ វាយត្រាមុនលើឯកសារជាច្រើនច្បាប់ទាំងគ្មានចុះថ្ងៃ ខែ។ ករណីនេះមានការសហការគ្នាជាប្រព័ន្ធក្នុងការលួចដីរបស់រដ្ឋរាប់រយហិកតា ដែលមានទឹកប្រាក់រាប់សិបលានដុល្លារ។
តាមការរកឃើញនេះលោក សាប៊ុង ក៏បានបង្ហើបឈ្មោះអ្នកពាក់ព័ន្ធ មានដូចជា លោក ខាត់ សាក់ មេបញ្ជាការប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី លោក សុខ សុវណ្ណារិទ្ធ ជានាយករងរដ្ឋបាលសាលាស្រុកអូរាំងលោក យាន សុខ ប្រធានរដ្ឋបាលសាលាស្រុកអូរាំង និងលោក សាលី ប៉ោ មន្ត្រីក្នុងសាលាស្រុកអូរាំង និងឈ្មោះ ង៉ែត ប៊ុនធឿន មន្រ្តីពន្ធនាគារខេត្ត។ ពួកគេមានឈ្មោះលើឯកសារខុសច្បាប់ដើម្បីយកដីរបស់រដ្ឋ ខណៈឈ្មោះ កែវ ប៊ុនថន ជាអ្នកឈរឈ្មោះឲ្យលោកអភិបាលស្រុកអូរាំង ដើម្បីរៀបចំឯកសារខុសច្បាប់យកដីទាំងនោះ។
ក្រៅពីមន្ត្រីពាក់ព័ន្ធទាំងនេះលោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង បង្ហើបទៀតថា ក្នុងនោះក៏មានមន្ត្រីពាក់ព័ន្ធផ្សេងទៀតក្នុងការចុះហត្ថលេខាដើម្បីរៀបចំឯកសារខុសច្បាប់នេះ។ ក្នុងនោះមានលោក សៀក មុន្នី ដែលជាអភិបាល ស្រុកអូរាំងផ្ទាល់ដែលមានភ័ស្តុតាងជាសំឡេងបានបញ្ជាដោយខុសច្បាប់ឲ្យកូនចៅក្រោមឱវាទចុះហត្ថលេខា បោះត្រាលើឯកសារដីចំហថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី និងបានបោះត្រាខុសច្បាប់លើលិខិតទាំងនោះដោយរួមមានការសហការជាមួយមេភូមិ ចៅសង្កាត់ជាច្រើនរូបផងដែរ។
ពាក់ព័ន្ធនឹងការរកឃើញនេះលោក សាប៊ុង ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញបន្ថែមថា ករណីនេះជាការបំពានអំណាចជាការប្រើអំណាចដោយទុច្ចរិតលួចយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ លោកអះអាងថាលោកមានឯកសារខុសច្បាប់ ជាភ័ស្តុតាងសរុប ៥០ សន្លឹក។ បើតាមការបញ្ជាក់ពីមេបក្សរូបនេះ គឺករណីនេះលោកនឹងរៀបចំឯកសារបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងស្នើឲ្យមានវិធានការតាមច្បាប់ដោយលោកចាត់ទុកថា អំពើទាំងនេះគឺជាអំពើខុសច្បាប់។
លោកបន្ថែមថា៖ «ឯកសារទាំងនេះយើងមិនដឹងតួលេខ ទំហំដី ប៉ុន្មានទេ ព្រោះតែឯកសារទាំងអស់សុទ្ធតែឯកសារចំហដែលបានន័យថា យកប៉ុន្មានក៏បានដែរយកធំក៏បាន យកតូចក៏បាន អត់មានជាប់ពាក់ព័ន្ធអ្វីទេ ហើយចង់យក ១ សន្លឹក ១០០ ហិកតាក៏បានដែរ។ ទាំងនេះមិនអាចប្រកែកបានទេ ដោយសារតែមានភ័ស្តុតាងអស់ហើយនេះជានីតិវិធីខុសច្បាប់ ព្រោះតាមនីតិវិធីរដ្ឋបាលយើងគឺចុះថ្ងៃខែហើយបានយើងបោះត្រា តែនេះ អត់អ៊ីចឹងទេ»។
ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក លោកអំពាវនាវដល់សាធារណជនគួរផ្អាកការទិញអចលនទ្រព្យដីនៅតំបន់ស្រុកអូរាំង ខេត្តមណ្ឌលគិរី ប្រសិនជាពិនិត្យឃើញឯកសារពាក់ព័ន្ធមិនត្រឹមត្រូវ ព្រោះឯកសារទាំងនេះអាចជាឯកសារខុសច្បាប់ទេ។
ទោះយ៉ាងណាលោក សៀក មុន្នី អភិបាលស្រុកអូរាំងបានបដិសេធចំពោះការចោទប្រកាន់ទាំងនេះដោយបានអះអាងថា លិខិតទាំងនេះមិនមែនជាលិខិតផ្លូវការដែលចេញដោយអាជ្ញាធរនោះទេ។ ក្រៅពីអះអាងដូច្នេះលោកបន្តថា ជាទូទៅអាជ្ញាធរមានឯកសារជាច្រើនដែលចុះហត្ថលេខា ដូច្នេះឯកសារទាំងនោះមិនមែនជាលិខិតផ្លូវការរបស់អាជ្ញាធរដែលអាចយកទៅប្រើប្រាស់ជាផ្លូវការបាននោះទេ។
លោកបញ្ជាក់ថា៖ «ជាមួយនឹងការពាក់ព័ន្ធនឹងដីរដ្ឋដីអីហ្នឹង ក៏អត់មានដែរ។ ការដែលមានឯកសារបោះត្រា អត់មានចុះថ្ងៃខែនោះ ព្រោះជាធម្មតាយើងមានឯកសារច្រើន ដែលយើងចុះហត្ថលេខាសិនទៅ ទើបយើងពិនិត្យមើលសិន។ ប៉ុន្តែមិនទាន់ចេញ ដើម្បីដឹងថា តើវាធំឬយ៉ាងម៉េច។ ម្យ៉ាងទៀត វាគ្រាន់តែជាការធ្វើការរបស់ស្មៀនឃុំ ព្រោះពេលខ្លះការងារគាត់ច្រើន»។
បន្ថែមពីនេះលោក សៀក មុន្នី ក៏អះអាងដែរថា លោកនឹងមិនខ្លាចចូលទៅបំភ្លឺរាល់ការកោះហៅពីមន្ត្រីណាមួយ ជុំវិញករណីនេះនោះទេ។
លោក អ៊ុង សេរីវុទ្ធី មេភូមិពូវ៉ាងលោក ញ៉ាង ម្យក់ មេភូមិពូហ្យាម លោក ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ និងលោក ច្រូត ខន មេឃុំស្ដីទីដែលរងការចោទថា មានជាប់ពាក់ព័ន្ធក្នុងការចុះហត្ថលេខាបោះត្រាលើលិខិតខុសច្បាប់ ដែលចំហថ្ងៃ ខែ ឆ្នាំ និង ចំហទំហំដីទាំងនេះពីម្សិលមិញ មិនអាចទាក់ទងបានទេ ព្រោះមួយចំនួនលេខទូរស័ព្ទមិនអាចទាក់ទងចូល និងមួយចំនួនទៀត មិនមានប្រភពទាក់ទង។
លោក សុខ សេរ៉ា អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកមិនទាន់ទទួលព័ត៌មាននេះនៅឡើយទេ។ ប៉ុន្តែក្នុងនាមរដ្ឋបាលខេត្តនឹងធ្វើការស្រាវជ្រាវលើករណីនេះនៅថ្ងៃចន្ទ ដើម្បីឲ្យប្រាកដថា ការចោទប្រកាន់នេះ ពិត ឬមិនពិត។
លោកបញ្ជាក់ថា៖ «តែកាលណាមានភាពមិនប្រក្រតីបែបនេះ យើងនឹងធ្វើការផ្នែកផ្លូវច្បាប់។ បើសិនជាបានដឹងបុគ្គលច្បាស់យ៉ាងណានោះ ចាំមើលខ្ញុំចូលធ្វើការវិញថ្ងៃចន្ទ យើងនឹងឆ្លើយជូនបន្ថែមទៀត»៕