ភ្នំពេញៈ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាមេបក្សខ្មែរក្រោកស្នើឲ្យក្រសួងមហាផ្ទៃបកស្រាយភាពមិនប្រក្រតីជុំវិញអាយុរបស់បេក្ខជនប្រឡងចូលមន្ត្រីនគរបាលសម្រាប់សម័យប្រឡងក្នុងឆ្នាំ ២០១៩ កន្លងទៅនេះដែលមានអាយុវ័យក្មេងផ្ទុយពីលក្ខខណ្ឌច្បាប់អនុញ្ញាត ខណៈលោកក៏គ្រោងនឹងដាក់របាយការណ៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះដែរ។
លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ដែលជាប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការប្រឡងជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិដែលទើបតែប្រកាសលទ្ធផលថ្មីៗនេះហាក់ដូចមានភាពមិនប្រក្រតី និងមានលក្ខណៈមិនស្របច្បាប់។
លោក សាប៊ុង បន្តថា ភាពមិនស្របច្បាប់ដែលលោកសំដៅនោះគឺមានបេក្ខជនមួយចំនួនដែលមានអាយុតិចខុសពីការកំណត់ដោយច្បាប់។ អ្នកខ្លះមានអាយុត្រឹម ១៦ ឆ្នាំ គិតត្រឹមសម័យប្រឡង ឆ្នាំ ២០១៩ និងអ្នកខ្លះទៀតទើបតែមានអាយុ ១៧ ឆ្នាំ គិតដល់ថ្ងៃប្រកាសលទ្ធផលឆ្នាំ ២០២០ នេះប៉ុណ្ណោះ។ លោករំពឹងថាអ្វីដែលលោកបានលើកឡើងនេះនឹងមានការបកស្រាយឲ្យបានត្រឹមត្រូវ និងលើឯកសារគតិយុត្តឲ្យបានច្បាស់របស់ក្រសួងមហាផ្ទៃ ដើម្បីបង្ហាញចំពោះបញ្ហាខុសច្បាប់នេះដល់សាធារណជន។
លោកបញ្ជាក់ថា៖ «យើងនឹងស្រាវជ្រាវទៅលើផ្លូវច្បាប់ ថាតើផ្លូវច្បាប់អាចឲ្យបេក្ខជនអាយុប៉ុន្មានចូលប្រឡង? បើផ្លូវច្បាប់កំណត់ឲ្យចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅហើយស្រាប់តែអាយុ ១៦ ឆ្នាំអាចប្រឡងចូលបាន បានន័យថា ខុសច្បាប់ហើយ។ ដូច្នេះបើខុសច្បាប់បែបនេះគឺយើង មានតែវិធានការធ្វើរបាយការណ៍ទៅសម្តេចតេជោតែម្តង»។
លោកបន្ថែមថា៖ «ខ្ញុំគិតថា វាមិនមានភាពស្របច្បាប់ ព្រោះបើមានភាពស្របច្បាប់គួរតែក្រសួងមហាផ្ទៃបង្ហាញឯកសារគតិយុត្តមួយណា ថាតើមានលក្ខខណ្ឌណា អនុញ្ញាតឲ្យក្មេងអាយុ ១៦ ឆ្នាំចូលប្រឡងធ្វើជាប៉ូលិស។ ប៉ុន្តែបើសិនជាអត់មានទេ នេះគឺមិនមានភាពស្របច្បាប់»។
លោក សាប៊ុង អះអាងថាក្រុមការងារកំពុងបន្តស៊ើបអង្កេត ដើម្បីរកតួលេខបេក្ខជនប្រឡងជាប់ ដែលមានអាយុក្រោម ១៨ ឆ្នាំ ខណៈពេលនេះបានរកឃើញបេក្ខជនប្រឡងជាប់ជាស្ថាពរ និងបម្រុងជិត ១០ នាក់ហើយដែលទទួលបានសិទ្ធិប្រឡង ខុសគោលការណ៍អាយុនេះ។
កាលពីថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០១៩ ក្រសួងមហាផ្ទៃបានរៀបចំដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិទូទាំងប្រទេស សម្រាប់បំពេញនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ នៅចុងសប្តាហ៍មុនក្រសួងបានប្រកាសលទ្ធផលជាបន្តបន្ទាប់ ដែលក្នុងនោះឃើញមានបេក្ខជនខ្លះបានប្រឡងទើបតែមានអាយុ ១៦ និង ១៧ ឆ្នាំប៉ុណ្ណោះ។
សេចក្តីប្រកាសស្តីពីការប្រឡង ជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃចុះថ្ងៃទី ២៦ មិថុនា ២០១៩ ឲ្យដឹងថា លក្ខខណ្ឌដែលបេក្ខជនអាចដាក់ពាក្យប្រឡងបានត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំហើយមិនលើសពី ២៥ ឆ្នាំ។ ការកម្រិតអាយុនេះត្រូវបានរំកិលពី ២៥ ឆ្នាំដល់អាយុ ៣៥ ឬ ៤០ ឆ្នាំអាស្រ័យលើកម្រិតវប្បធម៌របស់បេក្ខជនទទួលបាន។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ការប្រឡងគឺមានគណៈកម្មការមួយដែលត្រូវបានចាត់តាំងសម្រាប់ធ្វើការរៀបចំ និងគ្រប់គ្រងការប្រឡង។ លោកថ្លែងថា៖ «ខ្ញុំយល់ ខ្ញុំនឹងទទួលយកមតិយោបល់របស់គាត់។ ប៉ុន្តែខ្ញុំមិនដឹងដែរ ព្រោះការប្រឡងនេះមានគណៈកម្មការគេរៀបចំ ហើយមានចម្ងល់អីឲ្យគាត់ទាក់ទងទៅគេហ្នឹងទៅ»។
លោក សន ជ័យ នាយកប្រតិបត្តិ អង្គការសម្ព័ន្ធគណនេយ្យភាព សង្គមកម្ពុជាជំរុញឲ្យមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ព្រោះអាយុ ១៦ ឬ ១៧ ឆ្នាំគឺច្បាស់ណាស់ កម្រពួកគេរៀនចប់វិទ្យាល័យ។
លោកថា៖ «បើវាមានលក្ខណសម្បត្តិណាមួយផ្ទុយពីលក្ខខណ្ឌដែលបានស្នើឡើងដោយក្រសួងមហាផ្ទៃខ្ញុំគិតថា នេះជារឿងមួយដែលត្រូវស៊ើបអង្កេត បើសិនជាមានមនុស្សដែលក្រោមអាយុដែលបានកំណត់ដោយលក្ខខណ្ឌសម្រាប់បេក្ខជននោះ»៕