សៀមរាបៈ មេបញ្ជាការ​កងទ័ព​ជើងទឹក​ និង​ប្រតិភូ​ក្រសួងការពារជាតិ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​ ១០ ប្រមាណ​ ២០០ ​នាក់​ បាន​មក​ចូលរួម​កិច្ចប្រជុំ​លើក​ទី​ ១៣ នៅ​សណ្ឋាគារ​អង្គរ ខេត្ត​សៀមរាប​កាលពី​ដើម​សប្ដាហ៍​នេះ​ដោយ​បាន​សម្រេច​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើម្បី​សន្តិសុខ​សមុទ្រ​យូរអង្វែង​នៅក្នុង​តំបន់ ប៉ុន្តែ​ឈរលើ​គោលការណ៍​នៃ​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ការគោរព​ឯករាជភាព អធិបតេយ្យភាព ដោយ​គោរព​គ្នា​ទៅវិញទៅមក​។

លោក ទៀ វិញ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បាន​ថ្លែង​ឲ្យ​ដឹង​នៅលើ​គេហទំព័រ​ក្រសួង​ការពារ​ជាតិ​ថា​៖ «​កិច្ចប្រជុំ​កងទ័ពជើងទឹក​អាស៊ាន​នាពេលនេះ​នឹង​បន្ត​ពិភាក្សា​គ្នា​កាន់តែ​ល្អិតល្អន់ ផុលផុស​ថែម​ទៀត​អំពី​បញ្ហា​ប្រឈម​ដែល​ជា​គន្លឹះ​ក្នុង​ការលើកកម្ពស់ ការជឿ​ទុកចិត្ត​គ្នា​ក្នុង​ចំណោម​កងទ័ពជើងទឹក​អាស៊ាន រួមចំណែក​ថែរក្សា​សន្តិភាព សិ្ថរភាព ការអភិវឌ្ឍ និង វិបុលភាព​ក្នុង​តំបន់​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ក៏ដូចជា​ស្ថានភាព​អាសន្ន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ការគោរព​ឯករាជភាព អធិបតេយ្យភាព គោរព​គ្នា​ទៅវិញ​ទៅមក ដែល​ជា​ធាតុ​ចូល​ដ៏សំខាន់​ទាក់ទង​ទៅនឹង​ប្រធានបទ​ (​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិសុខ​សមុទ្រ​យូរអង្វែង​)»​។

លោក ទៀ វិញ ក៏បាន​អះអាង​ផងដែរ​ថា​នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ប្រធានបទ​ជាច្រើន​ដែល​ត្រូវ​យក​មក​ធ្វើ​កិច្ចពិភាក្សា សំខាន់​ពាក់ព័ន្ធ​ដល់​សន្តិសុខ​សមុទ្រ ត្រូវបាន​ពិនិត្យ​ពិចារណា និង​លើក​យក​មក​ពិភាក្សា​ក្នុង​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​សុច្ឆន្ទៈ ភាពចុះសម្រុង​គ្នា ដើម្បី​រិះរក​នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំងឡាយ​លើ​ផ្ទៃសមុទ្រ​។

នៅក្នុង​ពិធី​ថ្លែង​បើក​កិច្ចប្រជុំ​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ទទួលស្គាល់​ថា​បញ្ហា​ប្រឈម​ដែល​កំពុង​បន្ត​កើតឡើង​លើ​លម្ហ​សមុទ្រ​ដូចជា​បញ្ហា​អធិបតេយ្យភាព​លើ​ដែនសមុទ្រ បញ្ហា​ចារកម្ម​ប្រដាប់​អាវុធ អន្តោប្រវេសន៍​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន និង​ការនេសាទ​ខុសច្បាប់ ការបំពុល​​បរិស្ថាន គ្រោះមហន្តរាយ​ធម្មជាតិ និង​អំពើ​ភេរវកម្ម​។

លោក ទៀ បាញ់ ថ្លែង​ថា​៖ «​យើង​ពិតជា​ទទួលស្គាល់​អំពី​បញ្ហា​ប្រឈម​ទាំងឡាយ​ (​នោះ​) ​ដែល​កំពុង​កើតមាន​ឡើងលើ​​លម្ហ​សមុទ្រ (​ដែល​បញ្ហា​ទាំងនោះ​មាន​) ទាំង​សន្តិសុខ​បែប​ប្រពៃណី​ និង​មិន​ប្រពៃណី ដូចនេះ​កិច្ចសហប្រតិបត្តិការ​កងទ័ព​ជើងទឹក​នៃ​បណ្តា​ប្រទេស​អាស៊ាន​តាមរយៈ​នៃ​កិច្ចប្រជុំ Asean Navy Chiefs Meeting (​អេ អិន ស៊ី អិម ANCM ) គឺជា​សក្ខីកម្ម​នៃ​ស្មារតី​ឯកភាពគ្នា និង​ជាការ​ខិតខំ​រួមគ្នា​លើ​វិស័យ​នាវាចរ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​យូរអង្វែង​លើ​ផ្ទៃសមុទ្រ និង​ទទួលខុសត្រូវ​លើ​ជោគវាសនា​របស់​ប្រជាជាតិ​អាស៊ាន​ទាំងមូល​»​។

លោក ទៀ វិញ បាន​អះអាង​ថា​នៅក្នុង​អង្គប្រជុំ​នោះ មេបញ្ជាការ​កងទ័ពជើងទឹក​នៃ​បណ្ដា​ប្រទេស​អាស៊ាន​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ដោយ​ផ្អែកលើ​ស្ថានការណ៍​ជាក់ស្តែង​ដែល​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់ និង​អនុលោម​តាម​គោលការណ៍​ចំនួន​ ៣ ដែល​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​គឺ​កសាង​ភាព​ធន់​ទ្រាំ​រឹងមាំ កសាង​សមត្ថភាព​ឆ្លើយតប និង​កសាង​សមត្ថភាព​នៃ​ការស្តារ​ឡើងវិញ ដើម្បី​បម្រើ​ឲ្យ​គោលបំណង​បង្កើន​ឡើង​នូវ​កាលានុវត្តភាព​ និង​សម្រេចបាន​គោលដៅ​ជាបឋម​គឺ​ត្រូវ​ថែរក្សា​ការពារ សុខសន្តិភាព និង​សុវត្ថិភាព​លើ​ផ្ទៃសមុទ្រ​ក្នុង​តំបន់​។

យោងតាម​គេហទំព័រ​ក្រសួង​ការពារជាតិ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​មេបញ្ជាការ​កងទ័ព​ជើងទឹក​អាស៊ាន អេ អិន ស៊ី អិម (ANCM ) ​បាន​ចាប់​បដិសន្ធិ​នៅក្នុង​ឆ្នាំ​ ២០០១ តាមរយៈ​នៃ​កិច្ចប្រជុំ​លើកដំបូង​របស់​ខ្លួន​នា​ទីក្រុង​បាងកក (ប្រទេស ​ថៃ )​។

មាន​ប្រធានបទ​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​ដល់​សន្តិសុខ​សមុទ្រ​ត្រូវ​បាន​ពិនិត្យ ពិចារណា និង​លើក​យក​មក​ពិភាក្សា​ក្នុង​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​សុច្ឆន្ទៈ ភាពចុះសម្រុង​គ្នា ដើម្បី​រិះរក​ដំណោះស្រាយ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​លើ​ផ្ទៃសមុទ្រ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។

ទោះយ៉ាងណា​ក៏ដោយ​លោក ឃុន សុទ្ធី អ្នកនាំពាក្យ​កងទ័ព​ជើងទឹក​បាន​បដិសេធ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​កិច្ចប្រជុំ​ទេ​៕