បាត់ដំបងៈ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តបាត់ដំបង​លោក មាស សុវណ្ណ និង​មន្ត្រីក្រោមឱវាទ​របស់​គាត់​ ៤ ​នាក់​ទៀត ត្រូវ​បាន​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​សម្រេច​ដាក់ទណ្ឌកម្ម​ផ្នែក​វិន័យ​ដោយ​ស្ដីបន្ទោស​ជា​លាយលក្ខណ៍អក្សរ​ពាក់ព័ន្ធ​បាតុភាព​មិន​ប្រក្រតី​ក្នុង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​នៅក្នុង​អង្គភាព​។

ការដាក់ទណ្ឌកម្ម​នេះ​បាន​ធ្វើឡើង​តាមរយៈ​សេចក្ដី​សម្រេច​របស់លោក សៅ សុខា ចុះ​ថ្ងៃទី​ ៦ ​ធ្នូ ឆ្នាំ​ ២០១៩ ដែល​ទើប​ប្រកាស​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ១៧ ​ខែ ​ធ្នូ ឆ្នាំ​ ២០១៩ ​ថ្មីៗ​នេះ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​។

ក្នុង​លិខិត​នោះ​បាន​លើកឡើង​ថា​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ក្រោមឱវាទ​របស់​គាត់​ ៤ ​នាក់​ទៀត​រួម​មាន លោក សាម ប៊ុនធឿន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​,​លោក ជួប ណូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​, ​លោក​ ឈឿន សុផាត មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​ និង​លោក​ ណុប សំអឿន ជំនួយការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​មួយ​ចំនួន​ដូចជា ខ្វះ​ការជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​សកម្ម​ការងារ និង​ការអនុវត្ត​​រំលោភ​លើ​នីតិវិធី​ការងារ​ក្នុង​នាម​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់​។

យោង​ប្រការ​ ៣ ​នៃ​សេចក្ដី​សម្រេច​នោះ​ «​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​​កសាង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវ​កត់ត្រា​នូវ​ការដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យ​នេះ​នៅក្នុង​សៀវភៅ​សិក្ខាគារិក​របស់​កងរាជអាវុធហត្ថ​»​។

សេចក្ដី​សម្រេច​នោះ​បាន​តម្រូវ​ឲ្យ​មន្ត្រី​ទាំងនោះ​ធ្វើ​កិច្ចសន្យា​កែប្រែ​កំហុស​ទាំងអស់​ជាបន្ទាន់ ហើយ​ត្រូវ​ពង្រឹង​ការគោរព​ច្បាប់ របៀបរបប​ការងារ​ឲ្យ​ស័ក្ដិ​សម​ជា​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់​នៃ​កងរាជអាវុធហត្ថ ព្រមទាំង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៃ​ច្បាប់​ស្ដីពី​លក្ខន្តិក:​ទូទៅ​ចំពោះ​យោធិន​នៃ​កងខេមរភូមិន្ទ និង​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​។

ទាក់ទង​នឹង​បញ្ហា​នេះ​នៅលើ​បណ្ដាញ​​សង្គម​មួយចំនួន​ក៏បាន​បញ្ចេញមតិ​រិះគន់​ផងដែរ​ថា ការសម្រេច​ដាក់​ទណ្ឌកម្ម​នេះ​គឺ​ផ្ដើម​ចេញ​ពី​ជម្លោះ​ផលប្រយោជន៍​មួយ​ក្រោយ​ការបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ស្រុក​សំឡូត​កាលពី​ខែ​ឧសភា​ដែល​កាលនោះ​​គឺ​តម្រូវ​ឲ្យ​មាន​ការដុតបំផ្លាញ​វត្ថុតាង​នៃ​បទល្មើស​នៅនឹង​កន្លែង​។

យ៉ាងណា​ក៏ដោយ​កាលពី​ថ្ងៃទី​ ២០ ​ខែ​ធ្នូ ឆ្នាំ ​២០១៩ លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដោយ​ចាត់ទុក​ការបញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​បែបនេះ​ថា ជា​ករណី​មួលបង្កាច់ បង្ខូច​កេរ្ដិ៍ឈ្មោះ​លាប​ពណ៌​ញុះញង់​ក្នុងន័យ​បំបែកបំបាក់​ផ្ទៃក្នុង​របស់​កងរាជ​អាវុធហត្ថ​។

លោក អេង ហ៊ី បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​បញ្ឈប់​ការរិះគន់​បែប​នោះ​ទៀត ប៉ុន្តែ​បាន​ស្វាគមន៍​ការរិះគន់​បែប​ស្ថាបនា​។ លោក​បាន​គូសបញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ថា​៖ «​ការបញ្ចេញមតិ​គឺជា​សិទ្ធិសេរីភាព ប៉ុន្តែ​សូម​គោរព​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​។ ការប្រើ​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​​មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព កិត្តិយស កេរ្តិ៍ឈ្មោះ របស់​អ្នកដទៃ​ឡើយ ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ច្បាប់​។ រីឯ​បុគ្គល​ដែល​បញ្ចេញមតិ​មួលបង្កាច់ បង្ខូច​កេរ្តិ៍ឈ្មោះ លាប​ពណ៌ ញុះញង់ ក្នុងន័យ​បំបែកបំបាក់​ផ្ទៃក្នុង​កងរាជអាវុធហត្ថ យើងខ្ញុំ​មិនអាច​ទទួល​យក​បាន​ទេ​។ យើងខ្ញុំ​រីករាយ និង​ស្វាគមន៍​ទទួល​យក​រាល់​ការរិះគន់​មតិ​ដើម្បី​ស្ថាបនា​»​។

មន្ត្រី​ជាន់ខ្ពស់​កងរាជ​អាវុធហត្ថ​ខេត្ត​បាត់ដំបង​ម្នាក់​សុំ​មិន​បញ្ចេញឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា កន្លងមក​លោក មាស សុវណ្ណ បាន​ប្រព្រឹត្ត​កំហុសឆ្គង​ជាច្រើន​ដែល​ធ្វើឲ្យ​មន្ត្រី​ក្រោម​ឱវាទ​មិន​ពេញចិត្ត ប៉ុន្ដែ​ម្នាក់ៗ​ខំអត់​ធ្មត់ ព្រោះ​ខ្លាច​គាត់​ដក​បញ្ឈរជើង​ ឬ​ផ្លាស់ប្ដូរ​ចេញពី​តំណែង​។

មន្ត្រី​ដដែល​នោះបាន​បញ្ជាក់ថា​៖ «​ថ្វីដ្បិតតែ​ទណ្ឌកម្ម​ផ្នែក​វិន័យ​នោះ​នៅ​មាន​លក្ខណៈ​ធូរស្រាល ប៉ុន្តែ​វា​​បាន​ផ្ដល់នូវ​ភាពយុត្តិធម៌​មួយ​សម្រាប់​មន្ត្រី​កងកម្លាំង​ថ្នាក់ក្រោម​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​តែ​ភាពមិនប្រក្រតី​របស់គាត់​ [​លោក មាស សុវណ្ណ​] ​កាលពី​មុន​»​។

យ៉ាងណាក្ដី​លោក មាស សុវណ្ណ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​​មិនអាច​អត្ថាធិប្បាយ​អ្វី​លើសពី​អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​ការប្ដេជ្ញាចិត្ត​រួចរាល់​ហើយ​ក្នុង​ការកែប្រែ​កំហុសឆ្គង​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​អាចធ្វើ​អត្ថាធិប្បាយ​បានទេ​ថា ត្រូវធ្វើ​អ្វី​​ខ្លះ​នោះ​»៕