
លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រូបថត ហ្វេសប៊ុក
ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានបញ្ជាទិញម៉ូតូចំនួន ១២៥ គ្រឿង សម្រាប់ឲ្យកងកម្លាំងអាវុធហត្ថជិះល្បាតរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងធ្វើកិច្ចការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ដោយសារជំងឺកូវីដ ១៩។
លោក សៅ សុខា ឲ្យដឹងថា ម៉ូតូដែលលោកបញ្ជាទិញនោះ ជាប្រភេទម៉ូតូហុងដា កម្លាំង ១៥០ សេសេ។ ក្នុងនោះចំនួន ១០០ គ្រឿង សម្រាប់បំពាក់ឲ្យកងរាជអាវុធហត្ថចល័តរាជធានីភ្នំពេញ។ កម្លាំងនេះ ស្ថិតក្រោមការបញ្ជាផ្ទាល់របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ចំណែក ២៥ គ្រឿងទៀត មាន ១៣ គ្រឿង បំពាក់ឲ្យអាវុធហត្ថខេត្តបន្ទាយមានជ័យ និង ១២ គ្រឿង សម្រាប់អាវុធហត្ថនៅខេត្តស្វាយរៀង ដែលកំពុងត្រូវការប្រើប្រាស់បន្ទាន់។
លោកថ្លែងថា៖ «ខ្ញុំទិញម៉ូតូហ្នឹងមក ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប៉ុន្តែមានការងារមួយទៀត គឺជំនួយមនុស្សធម៌ ព្រោះនេះជាប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយដែលកើតឡើងដោយសារជំងឺកូវីដ ១៩។
តាមរយៈម៉ូតូនេះ យើងអាចដឹកជញ្ជូនស្បៀងបណ្តោះអាសន្នទៅកន្លែងដែលចាំបាច់ហើយឡានចូលមិនដល់ ដើម្បីដោះស្រាយបានបញ្ហាបន្ទាន់ជូនពលរដ្ឋ ទម្រាំនឹងជំនួយធំរបស់រាជរដ្ឋាភិបាលមកដល់ជូយពួកគាត់»។
លោក សៅ សុខា បញ្ជាក់ថា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលកម្លាំអាវុធហត្ថដឹកជញ្ជូនសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋនោះ មិនមែនផ្តល់ដោយរាជរដ្ឋាភិបាលទេ។ វាគឺជាជំនួយសប្បុរសធម៌ដែលបានផ្តល់មកឲ្យកងកម្លាំងអាវុធហត្ថ ប៉ុន្តែដោយសារចាំបាច់ជួយប្រជាពលរដ្ឋ ទើបបង្វែរគ្រឿងឧបភោគបរិភោគទាំងនោះ ជួយទៅដល់ពលរដ្ឋ។
បើតាម លោក សៅ សុខា ថវិកាដែលទិញម៉ូតូនេះមានចំនួនជិត ៥០ ម៉ឺនដុល្លារ ជាថវិកាសប្បុរសធម៌ដែលលោកកៀរគរបានសម្រាប់សាងសង់មន្ទីរពេទ្យនៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានតម្លៃ ៨៩ ម៉ឺនដុល្លារ។ ប៉ុន្តែដើម្បីជួយដោះស្រាយបញ្ហាចំពោះមុខ ទើបលោកសុំពន្យារពេលសាងសង់មន្ទីរពេទ្យសិន ដោយបង្វិលលុយជិត ៥០ ម៉ឺនដុល្លារនោះ ទៅទិញម៉ូតូ ដើម្បីធ្វើភារកិច្ចជួយប្រជាជន។
លោកបញ្ជាក់ថា ក្រៅពីម៉ូតូ កម្លាំអាវុធហត្ថបានត្រៀមរួចជាស្រេចនូវមធ្យោបាយសង្គ្រោះផ្សេងៗទៀត ក្នុងនោះមាន ម៉ូតូកង់បីចំនួន ១០០ គ្រឿង សម្រាប់ល្បាតពេលភ្លៀង និងអាចដឹកជញ្ជូនស្បៀងបានច្រើនជាងម៉ូតូ។ ក្រៅពីនោះលោកក៏បានគិតគូរដល់ការសង្គ្រោះគ្រោះមហន្តរាយតាមផ្លូវទឹកផងដែរ ក្នុងនោះលោកគ្រោងបង្កើតអូប័រខ្នាតតូច ១០០ គ្រឿងបន្ថែមទៀត បើសិនជាមានជំនួយថវិកាមនុស្សធម៌គ្រប់គ្រាន់។
លោកថ្លែងថា៖ «ខ្ញុំបានគិត និងរកវិធី ធ្វើការរៀបចំផលិតអូប័រ ដែលពួកខ្ញុំនឹងធ្វើដោយខ្លួនឯង ព្រោះពួកខ្ញុំធ្វើបានសម្បកវា។ ប៉ុន្តែត្រូវទិញម៉ាស៊ីនដើម្បីយកមកបំពាក់វា។ អូប័រតូចៗដែលអាចដឹកបានក្នុងរង្វង់ ១០នាក់ វាអាចជួយបានភ្លាមៗ។ បើយើងធ្វើធំពេក ត្រូវការពេលស្ទូច អាហ្នឹងយឺត»៕