ស្ទឹងត្រែង: អគ្គមេបញ្ជាការ​នៃ​កងយោពល​ខេមភូមិន្ទ​លោក វង្ស ពិសេន បាន​សម្រេច​ព្យួរ​មុខ​តំណែង​ លោក​វរសេនីយ៍ត្រី សុខ រិទ្ធី មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​សេសាន ដើម្បី​ទុក​លទ្ធភាព​ជូន​តុលាការ​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​មេបញ្ជាការ​រូប​នេះ​បាន​បង្ក​របួសស្នាម​លើ​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ព្រែក សង្កាត់-ក្រុង​ស្ទឹងត្រែង​កាលពី​ថ្ងៃទី ២៤ ​ខែ​វិច្ឆិកា​។

សេចក្ដី​សម្រេច​ចុះ​ថ្ងៃទី ២៥ ខែ​វិច្ឆិកា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឱ្យ​ដឹងថា ត្រូវ​បាន​ព្យួរ​មុខតំណែង វរសេនីយ៍ត្រី សុខ រិទ្ធី អត្ថលេខ ០៣២៣-៣០ ដើម្បី​ទុក​ជូន​សមត្ថកិច្ច​តុលាការ​ចាត់ការ​តាម​នីតិវិធី។

សេចក្ដី​សម្រេច​បញ្ជាក់​ថា៖ «​នាយខុទ្ទកាល័យ នាយក​ទីចាត់ការ​បុគ្គលិក បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្ថាប័ន កងឯកភាព​ដែល​មាន​ការពាក់ព័ន្ធ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្ដី​សម្រេច​នេះ​តាម​ភារកិច្ចរៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ»។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន​កងយោធពល​ខេមភូមិន្ទ​បាន​ចាត់​វិធានការ​តាម​និវិធី​ច្បាប់​ចំពោះ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​កន្លងមក។ លោក​ថា វរសេនីយ៍ត្រី សុខ រិទ្ធី បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ភាគី​ទំនាស់​របស់​ខ្លួន​រហូត​មាន​របួសធ្ងន់ ប៉ុន្ដែ​លោក​មិន​បាន​បញ្ជាក់​ដើមហេតុ​ច្បាស់លាស់​ទេ​។

លោក​បញ្ជាក់​ថា៖ «ការបង្ក​ហិង្សា​នេះ គឺ​មិនមែន​ក្នុង​អំឡុងពេល​គាត់​បំពេញ​តួនាទី ឬ​ភារកិច្ច​បេសកកម្ម​ទេ ពោល​គឺ​គាត់ និង​ភាគី​ទំនាស់​បាន​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​រឿង​ផ្ទាល់ខ្លួន​របស់​គាត់​ទាំង ២ ​នាក់ ប៉ុន្ដែ​ខ្ញុំ​អត់​ដឹង​រឿង​ហេតុ​វា​យ៉ាងណា​ច្បាស់លាស់​​ទេ គឺ​ខ្ញុំ​គ្រាន់តែ​ដឹងថា លោក សុខ រិទ្ធី វ៉ៃ​គេ​ឱ្យ​មាន​របួស​ស្នាម។ អ៊ីចឹង​គាត់​ត្រូវតែ​ទទួល​រង​ពិន័យ​ពី​ថ្នាក់​លើ​បែប​នេះ»។

លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​​បានទេ។ ចំណែក​លោក សុខ រិទ្ធី ក៏​មិន​ទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​បាន​ដែរ​។

ប៉ុន្ដែ​លោក​ រិទ្ធី បាន​សរសេរ​លិខិត​បំភ្លឺ​មួយ​កាលពី​ថ្ងៃទី ២៨ ​ខែ​វិច្ឆិកា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​​ថា លោក​ និង​​មិត្តភក្តិ​ម្នាក់ទៀត​នៅ​យប់​ថ្ងៃទី ២៤ ខែវិច្ឆិកា​បាន​ចូល​ហាង​លក់​បបរ​ ១ កន្លែង​ស្ថិត​នៅ​ភូមិ​ព្រែក សង្កាត់-ក្រុង​ស្ទឹងត្រែង ប៉ុន្ដែ​ម្ចាស់​ហាង​ឈ្មោះ ជី បូណា បាន​ប្រាប់ថា ហាង​គាត់​គ្មាន​អ្វី​លក់​ទេ គឺ​បិទ​ហាង​ហើយ។ ពេល​នោះ​លោក និង​មិត្តភក្តិ​បានចេញ​មកវិញ​ក៏​ទៅរក​ហាង​ផ្សេង​ដែល​នៅ​ជិត​នោះ។

លោក​បន្តថា ក្រោយ​ម្ចាស់​ហាង​ដែល​គ្មាន​អ្វី​លក់​នោះបាន​ស្រែក​ហាម​មិន​ឱ្យ​ពួកលោក​ចតឡាន​នៅ​ខាង​មុខ​ហាង​គាត់ ប៉ុន្ដែ​មិត្ត​លោក​បាន​ប្រាប់​ទៅវិញ​ថា បើ​ហាង​គាត់​មិន​លក់​ទេ មិន​ប៉ះពាល់​អ្វី​ទេ ព្រោះ​ឡាន​ចត​នៅលើ​ផ្លូវ​សាធារណៈ។ ស្រាប់តែ​ម្ចាស់​ហាង​ស្រែក​ឡូឡា ពេល​នោះ​មាន​ការប៉ះទង្គិច​ពាក្យសម្តី​គ្នា ក្រោយមក​ម្ចាស់​ហាង​បាន​កាន់​ដប​ស្រាបៀរ ហើយ​គំរាម​វាយ​ក្បាល​លោក​នឹង​ដប​នោះ ប៉ុន្ដែ​លោក​បាន​ដើរ​ចូល​ទៅជិត​ក្នុង​បំណង​ចាប់​យក​ដប​ស្រាបៀរ​ចេញ​ពី​ដៃ ប៉ុន្ដែ​គាត់​បាន​រើ​បម្រះ ហើយ​បាន​ដួល​ទៅ​ប៉ះ​កៅអី​ជ័រ​ និង​ដួល​ទៅ​លើ​ដី ស្រាប់តែ​មាន​របួស​ស្នាម​ក្រហម​លើ​ផ្ទៃមុខ។

លោក សុខ រិទ្ធី បញ្ជាក់​ថា៖ «ខ្ញុំ​មិនបាន​បង្ក​របួសស្នាម​ទៅ​លើ​បុរស​ម្ចាស់​ហាង​នោះ​ទេ ដោយ​គាត់​បាន​ដួល​ខ្លួន​គាត់ ហើយ​ប៉ះ​កៅអី​ជ័រ​ក្នុង​ហាង​គាត់។ លើសពីនេះ ខ្ញុំ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​រួច​ហើយ ដើម្បី​ប្ដឹង​ម្ចាស់​ហាង​ពី​បទ​ប្រើ​ហិង្សា​មក​លើ​​ខ្ញុំ»។

លោក ជី បូណា ដែល​ជា​ភាគី​ជម្លោះ​ម្ខាង​ទៀត មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕