ភ្នំពេញៈ កងរាជអាវុធហត្ថស្នងការដ្ឋាននគរបាល និងអាជ្ញាធរនៅទូទាំងប្រទេសកាលពីថ្ងៃចន្ទម្សិលមិញបានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីបញ្ហាសន្តិសុខ ការរក្សាសណ្ដាប់ធ្នាប់សម្រាប់ពេលសវនាការលោក កឹម សុខា ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ។
នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង ១៤។
លោក ឃួង ស្រេង បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា កិច្ចប្រជុំនោះគឺធ្វើឡើងដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹងគ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ។
នៅខេត្តបន្ទាយមានជ័យលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានផ្សព្វផ្សាយផែនការសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយដោយមានការចូលរួមពីសំណាក់អាវុធហត្ថគ្រប់លំដាប់ថ្នាក់ដែលបម្រើការងារនៅក្នុងជួរកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ហ្វេសប៊ុករបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជាក់ថា៖ «ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ (បោន ប៊ិន) បានដាក់ចេញនូវវិធានការដល់គ្រប់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ តាមដាន និង ក្ដាប់រាល់ព័ត៌មាន មុខសញ្ញាអមិត្ត និងក្រុមប្រឆាំង ព្រមទាំងសហការឱ្យបានល្អ ជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ និងចាត់វិធានការចំពោះការប្រមូលផ្ដុំ គាំទ្រ ទាមទារតវ៉ាផ្សេងៗដែលអាចកើតឡើងជាយថាហេតុក្នុងការដំណើរការបើកសវនាការជម្រះក្ដី ជនជាប់ចោទ កឹម សុខា នាពេលខាងមុខ»។
លោក អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងប្រាប់កាលពីម្សិលមិញថាការផ្សព្វផ្សាយអំពីផែនការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់សវនាការកាត់ទោសលោក កឹម សុខា នេះធ្វើឡើងគ្រប់រាជធានីខេត្តទូទាំងប្រទេស។
កិច្ចប្រជុំបែបនេះក៏មានធ្វើឡើងនៅឯនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែរ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ឲ្យដឹងថា ការរឹតបន្តឹងសន្តិសុខនេះជាវិធានការធានាសន្តិសុខរបស់នគរបាលជាតិ ចំណែកការប្រជុំនៅតាមស្នងការគឺជាការបែងចែកការដឹកនាំដើម្បីធានាសុវត្ថិភាពនៅក្នុងភូមិសាស្ត្ររបស់គេ។
លោកបន្តថា៖ «សម្រាប់ការកាត់ក្ដីលោក កឹម សុខា យើងបានត្រៀមរៀបចំផែនការរួចហើយដើម្បីរក្សាសណ្ដាប់ធ្នាប់ ធានាសុវត្ថិភាព ដើម្បីឲ្យដំណើរការក្ដីកុំឲ្យមានអ្នកមកឆាឆៅ។ ប្រសិនបើមានប្រជាពលរដ្ឋគាត់មកស្ដាប់ច្រើនពេក យើងនឹងរៀបចំសណ្ដាប់ធ្នាប់។ យើងអត់មានហាមឃាត់គាត់មិនឲ្យគាំទ្រទេ កុំឲ្យតែគាត់មកប្រឆាំងនឹងដំណើរការក្ដី ឬគាត់មកអុកឡុកធ្វើបាតុកម្មអី គឺអត់បានទេ។
លោកបន្តថា៖ «យើងធានាសណ្ដាប់ធ្នាប់ បើគាត់រំខានច្រើនពេកយើងរៀបចំសណ្ដាប់ធ្នាប់ តែបើគាត់ធ្វើបាតុកម្ម យើងត្រូវរំសាយហើយ ព្រោះគាត់ធ្វើបាតុកម្មប្រឆាំងនឹងការកាត់ក្ដីបានន័យថាគាត់ប្រឆាំងនឹងច្បាប់បាត់ហើយ»។
យោងតាមឯកសារស្ដីពីសន្តិសុខ សណ្ដាប់ធ្នាប់នាពេលសវនាការលោក កឹម សុខា ដែលមានហត្ថលេខាលោក សៅ សុខា និងលោក នេត សាវឿន ចុះថ្ងៃទី ១៦ ធ្នូ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានសមត្ថកិច្ចបានព្យាករថា «ក្រុមជ្រុលនិយមក្នុង និងក្រៅប្រទេស» នៅតែព្យាយាមរិះរកគ្រប់ឧបាយកលដើម្បីអូសទាញប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមកប្រមូលផ្ដុំនៅភ្នំពេញធ្វើការប្រឆាំងនឹងការកាត់ក្ដី។ សមត្ថកិច្ចព្យាករបានដែរថា នឹងមានក្រុមបង្កចលាចល បង្កការប៉ះទង្គិចគ្នា រំខានដល់សវនាការ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅតាមបណ្ដាញសង្គម។
ដើម្បីរក្សាសណ្ដាប់ធ្នាប់នាពេលនេះថ្នាក់ដឹកនាំអាវុធហត្ថ និងនគរបាលបានឲ្យសមត្ថកិច្ចសហការគ្នាត្រៀមខ្លួនរួចរាល់នូវគ្រប់សម្ភារ និងដាក់កម្លាំងនៅកន្លែងដែលអាចមានការប្រមូលផ្ដុំគ្នា។ សវនាការសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» លើលោក កឹម សុខា នឹងត្រូវធ្វើឡើងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៥ និងទី ១៦ ខែមករា ទាំងព្រឹក និងល្ងាច៕