សៀមរាបៈ អភិបាលស្រុក​បន្ទាយស្រី​លោក​ ឃឹម ហ្វីណង់ បាន​តម្រូវ​ឲ្យ​មេភូមិ​ម្នាក់​សារភាព​កំហុស និង​ផាកពិន័យ​មនុស្ស​ ១០ ​នាក់​ផ្សេងទៀត​ជា​ទឹកប្រាក់​ចំនួន​ ១២ ​លាន​រៀល ដោយ​ទុកពេល​ឲ្យ​យកលុយ​មក​បង់ពិន័យ​ត្រឹម​ថ្ងៃទី​ ២២ ខែកុម្ភៈ​នេះ បន្ទាប់ពី​ពួកគេ​ជាប់​ពាក់ព័ន្ធ​ការកាប់​ព្រៃ​លិចទឹក​ទន្ទ្រាន​យក​ដី​រដ្ឋ​ខុសច្បាប់​នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

លោក​ ឃឹម ហ្វីណង់ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ទី​ ១៧ ខែកុម្ភៈ​ ថា​ លោក​បាន​តម្រូវ​ឲ្យ​មេភូមិ​ស្គន់​ម្នាក់​ឈ្មោះ​ ឃី សុខុម សរសេរ​លិខិត​ទទួលស្គាល់ និង​សារភាព​កំហុស​ជុំវិញ​ការមិន​ព្រម​រាយការណ៍​ពី​បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ ៦ ​ហិកតា​ នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ដោយ​មេភូមិ​រូប​នោះបាន​បិទបាំង​ព័ត៌មាន​ពី​មូលដ្ឋាន​គាត់​។

លោក​ថា ចំពោះ​មនុស្ស​ ១០ ​នាក់​ផ្សេងទៀត​ ដែលជា​អ្នក​លួច​ចូល​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នោះ​ត្រូវបាន​តម្រូវ​ឲ្យ​ចុះ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​កាប់ទន្ទ្រាន និង​ប្រគល់​ដី​ដែល​កាប់ទន្ទ្រាន​បាន​នោះមក​ឲ្យ​រដ្ឋ​វិញ​។ លើស​ពី​នេះ​អ្នក​ទាំង​ ១០ ​នាក់​ត្រូវតែ​បង់ពិន័យ​ការខូចខាត​ព្រៃឈើ​ចំនួន​ ១២ ​លាន​រៀល ដែល​ជា​ចំនួន​កំណត់​ដោយ​ច្បាប់រដ្ឋបាល​ព្រៃឈើ​។

យ៉ាងយូរ​បំផុត​ក្នុង​រយៈពេល​ ១ ​សប្តាហ៍​ (​ត្រឹម​ថ្ងៃទី​ ២២ កុម្ភៈ ឆ្នាំ​ ២០២០) ដើម្បី​យកមក​ប្រគល់​ជូន​សហគមន៍​នៅ​ភូមិ​ស្គន់ ធ្វើការ​ដាំ និង​ស្តារ​ព្រៃ​លិច​ទឹក​ដែល​បាន​កាប់បំផ្លាញ​នេះ​ឡើងវិញ​។ លោក​ថា​ពលរដ្ឋ​ទាំង​ ១០ ​នាក់​ ដែល​តម្រូវ​ឲ្យ​បង់ថ្លៃ​ផាកពិន័យ​គឺ​ពួកគេ​ព្រម​ទទួល​យក​ការផាកពិន័យ​នេះ​។

លោក​ ហ្វីណង់ បញ្ជាក់ថា​៖ «​អ្នកមាន​ទោសកំហុស​មុនគេ​គឺ​មន្ត្រី​នៅក្នុង​ភូមិ​ស្គន់​គឺ​ខុស​ដោយសារ​មិនបាន​រាយការណ៍​។ ខុស​ដោយ​ឆ្លើយថា​មិនដឹង ទោះបី​ជា​បទល្មើស​នេះ​បាន​កើតឡើង​ជាង​ ១ ​សប្តាហ៍​នៅក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង និង​មាន​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ភូមិ​។ រហូតដល់​អ្នកភូមិ​អស់ជំនឿ​ចិត្ត ទើប​សម្រេចចិត្ត​រាយការណ៍​ដោយផ្ទាល់​មក​ខ្ញុំ​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​បាន​តម្រូវ​ឲ្យ​មេភូមិ​ចេញ​លិខិត​ទទួល​ស្គាល់​ទោសកំហុស​របស់ខ្លួន​ចំពោះ​ការដែល​មិនបាន​បំពេញ​តួនាទី​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​។ លិខិត​នេះ​នឹង​ក្លាយ​ទៅ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ក្រុមប្រឹក្សាឃុំ​ត្រួតពិនិត្យ​តួនាទី​របស់គាត់​ឡើងវិញ​តាម​នីតិវិធី​ច្បាប់​ប្រសិនបើ​បន្ត​មានទោស​កំហុស​ផ្សេងៗ​ទៀត​នៅ​ថ្ងៃ​ខាងមុខ​»​។

លោក​ ហ្វីណង់ សរសេរ​លើ​ហ្វេសប៊ុក​ថ្ងៃទី​ ១៥ កុម្ភៈ ​ថា ចំណាត់ការ​នេះ ធ្វើឡើង​ដោយ​មាន​ការថ្លឹងថ្លែង និង​យោគយល់​ខ្ពស់បំផុត ហើយ​ចាត់ទុក​ជាការ​ជូនដំណឹង​លើក​ទី​ ១ និង​លើកចុងក្រោយ​ផងដែរ​។ រាល់​បទល្មើស ក្រោយៗ​នៅក្នុង​ស្រុក​បន្ទាយស្រី​ចាប់ពី​ថ្ងៃនេះ​ទៅ​រដ្ឋបាល​ស្រុក​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត មិន​ថា​ចំពោះ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស ឬ​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ឡើយ​។

លោក​ ឃី សុខុម មេភូមិ​ស្គន់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ១២ កុម្ភៈ ថា​លោក​សុំ​ឲ្យ​អភិបាលស្រុក​បន្ទាយស្រី​លោក​ ឃឹម ហ្វីណង់ អនុគ្រោះ​ចំពោះ​កំហុសឆ្គង​ដែលមាន​តួនាទី​ជា​មេភូមិ​ស្គន់ ក្នុង​កង្វះខាត​ការទទួល​ខុសត្រូវ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​កន្លងមក​។ លោក​ថា​ ជាក់ស្ដែង​កាលពី​ដើម​ខែកុម្ភៈ លោក​បាន​បណ្ដោយ​ឲ្យ​ឈ្មោះ​ ខាំ ហឿន និង​បក្ខពួក លួចចូល​ទៅ​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​រំលោភ​យក​ដីធ្លី​ខុសច្បាប់ និង​ប៉ះពាល់​ព្រៃឈើ​ធម្មជាតិ ដែល​ជា​ប្រភព​ធនធាន​ធម្មជាតិ​ដ៏សំខាន់​របស់​ស្រុក​បន្ទាយស្រី​។

លោក​ថា​៖ «​ខ្ញុំបាទ​មាន​កំហុស​ផ្ទាល់ខ្លួន​ដោយ​ពុំបាន​រាយការណ៍​ពី​សកម្មភាព​ដែល​ឈ្មោះ​ ខាំ ហឿន លួច​ចូល​កាប់​ព្រៃ​លិច​ទឹក​ជូន​លោក​មេឃុំ​ត្បែង​បាន​ទាន់​ពេលវេលា ដើម្បី​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​។ ខ្ញុំ​សូម​ទទួលកំហុស​សារភាព​ទាំងស្រុង​ដែល​ខ្ញុំ​ខ្វះខាត​ការយក​ចិត្ត​ទុកដាក់​ត្រួតពិនិត្យ​តាមដាន​សកម្មភាព​កើតឡើង​នេះ ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ ខ្ញុំ​សន្យា​រាយការណ៍​ពី​បទល្មើស​នានា គោរព​ច្បាប់ និង​បម្រើ​រាស្ត្រ​ដោយមាន​ការទទួល​ខុសត្រូវ​ខ្ពស់​»​។

លោក​ ចាន់ ចំរើន មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ (​អាដហុក​) ​ប្រចាំខេត្ត​សៀមរាប​ថ្លែងថា មន្ត្រី​មាន​សិទ្ធិ​អនុវត្ត​ច្បាប់​ទៅលើ​ជនខិលខូច​ទាំងឡាយណា​ដែល​រំលោភច្បាប់ ប៉ុន្ដែ​លោក​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​តម្លាភាព និង​យុត្តិធម៌​។

លោក​បន្តថា​នៅ​ខេត្តសៀមរាប​ទាំងមូល គេ​សង្កេត​ឃើញ​មាន​ការរំលោភ​ដីធ្លី​ជាច្រើន​ករណី ហើយ​ក្នុង​នោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ភាគច្រើន​ជា​មន្ត្រី​មានអំណាច និង​អ្នកមាន​លុយ​ច្រើន រីឯ​ពលរដ្ឋ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ ដូច្នេះ អាជ្ញាធរ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើគ្នា​ពោល​គឺ​ទាំង​រាស្ត្រ និង​មន្ត្រី ប្រើ​ច្បាប់​តែមួយ​ដោយ​ចៀសវាង​ការប្រើប្រាស់​ច្បាប់​ស្ដង់ដា​ ២​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ពេញចិត្ត​ការអនុវត្ត​ច្បាប់​នេះ ហើយ​នៅ​ស្រុក​ ឬ​ខេត្ត​ផ្សេងៗ​ទៀត​គួរតែ​រៀនសូត្រ​តាម​។ លើស​ពីនេះ​ទៀត​គឺ​មិនមែន​មាន​តែ​មេភូមិ​ម្នាក់​ទេ គឺ​នៅ​ខេត្ត​សៀមរាប​ក៏មាន​អ្នក​មាន​អំណាច​ទៅ​រំលោភ​យក​ដី​រដ្ឋ​ដែរ​។ ចំពោះ​ការពិន័យ​ពលរដ្ឋ​គឺ​គួរ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង បើ​តិចតួច​ទេ គួរ​ត្រឹម​ព្រមាន ឬ​កិច្ចសន្យា​បាន​ហើយ​កុំ​ពិន័យ​ជា​ប្រាក់ ព្រោះ​គាត់​ជា​អ្នកក្រ​គ្មាន​ប្រាក់​បង់​ទេ​»​។

លោក​ ឃឹម ហ្វីណង់ នៅ​ថ្ងៃទី​ ១០ ​កុម្ភៈ​ បាន​ចុះទៅ​ស្រាវជ្រាវ​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ទីតាំង​ខាងលើ​ដោយ​ប្ដេជ្ញា​ទប់ស្កាត់​សកម្មភាព​កាប់​ព្រៃកោងកាង លិច​ទឹក និង​ព្រៃ​ក្បាល​ជប់​ដោយ​ខុសច្បាប់ រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​។ លោក​ថា​ នឹងមិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​បំពាន​ច្បាប់​តាមរយៈ​សកម្មភាព​ឈូសឆាយ​កាប់​ព្រៃ​បែបនេះ​ជាដាច់ខាត​៕