កំពង់ឆ្នាំង លោក​ ​ញ៉េប​ សុខុម​ អាយុ​​ ៦៧​ ឆ្នាំ​ មេភូមិ​គ្រាំ​កន្ទ្រោល​ ក្នុង​ឃុំ​ពាម​ ស្រុក​សាម​គ្គី​មាន​ជ័យ​ ខេត្ត​កំ​ពង់​ឆ្នាំង​ ត្រូវ​បាន​សាលា​ដំ​បូង​ខេត្ត​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នា​គារ​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​នេះ ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​សង្ស័យ​ពាក់​ព័ន្ធ​ជា​មួយ​អំ​ពើ​ឃាត​កម្ម​។​

​​លោក ​ហង្ស​ ​សុជាតិ​ មេ​បញ្ជា​ការ​រង​ នៃ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ ជន​សង្ស័យ​ឈ្មោះ​ ញ៉េប ​សុខុម ​អាយុ​ ៦៧​ ឆ្នាំ​ ជា​​មេភូមិ​ក្រាំង​កន្រ្ទោល ​ត្រូវ​បាន​​​ចៅ​ក្រម​ស៊ើប​សួរ​​ សម្រេច​ចោទ​ប្រ​កាន់​ពី​បទ​ឃាត​កម្ម​ តាម​បញ្ញត្ត​មាត្រា ​​១៩៩​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​និង​បាន​ឃុំ​គាត់​នៅ​ពន្ធនា​គារ​​ហើយ។​

យោង​តាម​មាត្រា​នេះ ​​ប្រសិន​បើ​តុលា​ការ​រកឃើញ​ថា ​ជន​សង្ស័យ​​រូបនេះ​​ពិត​ជា​បាន​​ប្រព្រឹត្ត​អំ​ពើ​ឃាត​កម្ម​មែន​នោះ​នឹង​ត្រូវ​​ជាប់​ពន្ធនា​គារ​​ពី​ ១០ ឆ្នាំ​ទៅ​ ១៥ ​ឆ្នាំ​​។​

លោក​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយ​ពី​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​ករណី​ភ្លើង​ឆេះ​ខ្ទ​ម​ចាំ​ស្រែ​មួយក​ន្លែង​ នៅ​ថ្ងៃ​ទី ២១​ ​ខែ​មិថុនា​ ​ក្នុង​ភូមិ​គ្រាំ​កន្ទ្រោល​ ឃុំ​ពាម​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំ​ពង់​ឆ្នាំង​ ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ​ជា​ ​ថន​ អាយុ​ ៥​៦ ​ឆ្នាំ​ ស្លាប់​ក្នុង​ភ្នក់​ភ្លើង​នោះ៕​