ក្រចេះ: មេឃុំកំពង់ចាម ក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍រដ្ឋបាល និងមេភូមិចំនួន ៧ ភូមិ ព្រមទាំងប្រជាពលរដ្ឋចំនួន ១២៩៤ គ្រួសារនៅក្នុងស្រុកសំបូរកាលពីថ្ងៃទី ២៨ កញ្ញា បានដាក់ពាក្យប្ដឹងលោក ញ៉ែម វិសាល នាយកដែនជម្រកសត្វព្រៃព្រៃឡង់ទៅអភិបាលខេត្តក្រចេះពីបទគំរាមពលរដ្ឋ និងបើកដៃឲ្យឈ្មួញចូលដឹកឈើយ៉ាងអនាធិបតេយ្យ។ នេះបើតាមពាក្យបណ្ដឹងដែលភ្នំពេញប៉ុស្ដិ៍ទទួលបាន។
លោក ឈិត ណន មេឃុំកំពង់ចាមបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោក និងក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍រដ្ឋបាលទាំងអស់ មេភូមិចំនួន ៧ ភូមិ និងពលរដ្ឋ ១២៩៤ នាក់បានផ្តិតមេដៃដាក់ពាក្យប្ដឹងទៅលោកអភិបាលខេត្ដរួចហើយ ដើម្បីស្នើឲ្យជួយរកយុត្តិធម៌។
លោកបន្ដថា៖ «ខ្ញុំសង្ឃឹមថាឯកឧត្តមអភិបាលខេត្ដ គាត់មិននៅស្ងៀមទេ ព្រោះនេះជាសំណូមពរពីប្រជាពលរដ្ឋដែលគាត់រងទុក្ខលំបាក ហើយខ្ញុំជាអាជ្ញាធរដែនដី បើមិនជួយប្រជាពលរដ្ឋ តើឲ្យខ្ញុំជួយពីណា? ពួកគាត់ពឹងយើង តើឲ្យយើងឱបដៃមើលគេធ្វើបាប ពួកគាត់យ៉ាងម៉េច?»។
តាមពាក្យបណ្តឹងចុះថ្ងៃទី ២០ ខែកញ្ញាដែលបានដាក់ទៅលោក វ៉ា ថន អភិបាលខេត្ដក្រចេះកាលពីថ្ងៃទី ២៨ ខែកញ្ញាបានសរសេរថាសព្វថ្ងៃនេះលោក ញ៉ែម វិសាល បានដឹកនាំមន្ត្រីប្រដាប់អាវុធក៏ដូចជាក្រុមគ្រួសារមកបោះទីតាំងស្នាក់ការឈរជើងនៅចំណុចកំពតគយក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរដោយចាំស្ទាក់ថ្លឹងឈើយកលុយពីពលរដ្ឋដែលដឹកអុស ដឹកឈើតាមម៉ូតូ ឬគោយន្តចេញពីព្រៃ ក្បែរតំបន់ព្រៃឡង់ដោយអាជា្ញធរឃុំបានលើកឡើងថា សកម្មភាពរបស់ក្រុមមន្ត្រីទាំងនោះធ្វើមកលើពលរដ្ឋប្រៀបដូច «ចោរប្លន់»។
ពាក្យបណ្តឹងដដែលសរសេររៀបរាប់អំពីសកម្មភាពមួយចំនួនរបស់ក្រុមមន្ត្រីបរិស្ថានថា៖ «កន្លងមកពួកក្រុមមន្ត្រីទាំងនោះធ្លាប់បានចាប់កូនលោកមេភូមិធ្វើបាបព្រមានបាញ់នៅពេលដែលរកស៊ីដឹកជញ្ជូនឈើមិនបានបង់លុយឲ្យទៅពួកគេ និងសកម្មភាពចាប់ពលរដ្ឋក្នុងភូមិវាយដំដាក់ខ្នោះ បង្អត់បាយ និងជំរិតទារលុយដោយសារតែរកស៊ីមិនបង់លុយឲ្យទៅពួកគេគ្រប់ចំនួន»។
លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្ដក្រចេះឲ្យដឹងថា លោកបានទទួលព័ត៌មានអំពីប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងឃុំកំពង់ចាមប្ដឹងនោះហើយ ប៉ុន្ដែលោកបានបដិសេធធ្វើអធិប្បាយលម្អិតអំពីរឿងនេះដោយលើកឡើងថា លោកនឹងធ្វើរបាយការណ៍បំភ្លឺវិញ។
លោកថា៖ «ខ្ញុំអត់មានអីត្រូវដោះស្រាយទេ ខ្ញុំនឹងធ្វើរបាយការណ៍បំភ្លឺ។ មិនដូចពួកគាត់និយាយទេ ពួកគាត់...ជួញដូរសត្វព្រៃអីសោះដល់ពេលគេបង្ក្រាបតាមនីតិវិធី គាត់ថាគេហ្នឹងគាបសង្កត់ ថាគេហ្នឹងដាក់ខ្នោះ»។
លោកបន្តថា៖ «ខ្ញុំមានរបាយការណ៍គ្រប់គ្រាន់ទាំងអស់។ ខ្ញុំឲ្យយកមកអស់ហើយ មានទាំងរូបថតអីក៏មាន...ខ្ញុំមិននិយាយទេ។ បើចង់ជួបៗផ្ទាល់មាត់ ខ្ញុំមិនអាចសម្ភាសតាមហ្នឹងទេ...។ បងឯងចង់ច្បាស់ បងឯងមកមន្ទីរបរិស្ថានខេត្ដក្រចេះ។ ខ្ញុំទទួលបងឯង ២៤ ម៉ោង។ ខ្ញុំអត់អាចបំភ្លឺបានទាំងអស់...មក ខ្ញុំមានឯកសារឲ្យមើលទាំងអស់»។
ទាក់ទងនឹងបញ្ហានេះដែរលោកនាយករដ្ឋបាលខេត្ដក្រចេះដែលទើបឡើងកាន់តំណែងបានរយៈពេលជាង ២ ខែ ដែលបានបដិសេធប្រាប់ឈ្មោះបានថ្លែងថា៖ «បើចង់ដឹងទាល់តែទៅដល់ទីតាំងនោះ ទើបដឹងថា ប្រជាពលរដ្ឋនៅតំបន់នោះពួកគាត់កំពុងធ្វើអ្វី។ គេទៅឃាត់ គេមិនទៅគំរាមអីទេ គ្រាន់តែទៅឃាត់ ទៅណែនាំច្រើនលើកច្រើនសា»។
លោកលើកឡើងថា កន្លងមកពលរដ្ឋនៅឃុំកំពង់ចាមបានចុះទៅកាប់ឈើនៅតំបន់អភិរក្ស និងបានសាងសង់ខ្ទមនៅទីនោះថែមទៀត ទើបមានការហាមឃាត់ពីអាជ្ញាធរ។ «គាត់ប្ដឹងជារឿងរបស់គាត់ ប៉ុន្ដែត្រង់គាត់រំលោភព្រៃឈើ គាត់អត់ដឹងថា ព្រៃនោះគេអភិរក្សទុក។ គេមិនគំរាមទេកាលណាគាត់ធ្វើល្មើសច្បាប់គេទៅប្រាប់អ៊ីចឹង ហើយបែរជាថាគេគំរាមពួកគាត់»។
លោក វ៉ា ថន មិនអាចទាក់ទងសុំអធិប្បាយបានទេ ហើយលោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះថ្លែងថាលោកនៅមិនទាន់ទទួលបានពាក្យបណ្ដឹងនោះនៅឡើយ៕