បន្ទាយ​មាន​ជ័យៈ លោក ឌិន ពុ​ទ្ធី មេដឹកនាំ​សហជីព ១ រូប នៅ​ក្រុង​ប៉ោយប៉ែត បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ប្តឹង​ទាស់​នឹង​សាល​ក្រម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ ដែល​សម្រេច​ឲ្យ​រូប​លោក​មាន​ទោស ពាក់ព័ន្ធ​នឹង​ករណី​អតីត​មន្ត្រី​នគរបាល​ម្នាក់​ដែល​លោក​ថា «បាន​ធ្វើ​ពុត​ដួល​សន្លប់» នៅ​មុខ​ឡាន​របស់​លោក កាល​ពី​ឆ្នាំ ២០១៦។

កាលពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​សាល​ក្រម ដោយ​សម្រេច​កាត់​ទោស​លោក ឌិន ពុទ្ធី ហៅ ម៉ង់ ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ពីបទ​ហិង្សា​ដោយ​ចេតនា​តាម​មាត្រា ២១៧ ឲ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ ប៉ុន្តែ អនុវត្ត​ទោស ២១ ថ្ងៃ និង​ព្យួរ​ទោស​ដែល​នៅ​សេស​សល់ ក្នុង​ករណី​អតីត​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ ឈាន ពិសិដ្ឋ បាន​ដួល​សន្លប់​នៅ​មុខ​រថយន្ត​របស់​លោក កាល​ពី ២២ ខែធ្នូ ឆ្នាំ ២០១៦។

លោក ឌិន ពុ​ទ្ធី បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយ​មេធាវី​របស់​លោក​ទទួល​បាន​សាល​ក្រម ដែល​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ ប្រកាស​ដាក់​ទោស​រូប​លោក លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​រួច​ហើយ កាល​ពី​ថ្ងៃទី ១៧ មករា ឆ្នាំ ២០១៩ ដោយ​ប្តឹង​ទាស់​ត្រង់​សេចក្តី​សម្រេច​ទាំង​មូល។

លោក​ ពុ​ទ្ធី បញ្ជាក់ថា៖ «សាលក្រម​ហ្នឹង​អយុត្តិធម៌ ខ្ញុំ​គ្មាន​កំហុស​អី​សោះ មក​ដួល​មុខ​ឡាន​ខ្ញុំ​សោះ ឡាន​ខ្ញុំ​អត់​បាន​បុក អត់​បាន​ប៉ះ​អី​សោះ មក​ចោទ​ខ្ញុំ កាត់​ទោស​ខ្ញុំ មិន​ត្រឹមត្រូវ ដែល​វា​មិន​បាន​ចូល​ពន្ធនាគារ​ទៀត​ទេ ប៉ុន្តែ​អ្វី​ដែល​ខូច​ខាត​គឺថា បាត់បង់​កេរ្តិ៍​ឈ្មោះ កិត្តិយស ដែល​មានន័យ​ថា ខ្ញុំ​ជា​មនុស្ស​ខូច។ សាល​ក្រម​ហ្នឹង បើ​ទុក​ឲ្យ​ចូល​ជា​ស្ថាពរ នឹង​ប៉ះពាល់​ដល់​ការងារ​របស់​ខ្ញុំ ព្រោះ​តែ​យើង​ធ្វើ​ការងារ​សង្គម ហើយ​ជា​ប្រធាន​សហជីព​ទៀត តាម​លក្ខខណ្ឌ កាល​ណា​មាន​ទោស គឺ​អាច​ប៉ះពាល់​ដល់​ការងារ​របស់​ខ្ញុំ»។

លោក គួ​យ ធុន​ណា មេធាវី​ការពារ​ក្តី​លោក ឌិន ពុ​ទ្ធី ក៏បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា វា​ជា​រឿង​អយុត្តិធម៌ ដែល​កូន​ក្តី​លោក​ត្រូវ​មាន​ទោស ខណៈ​មាន សាក្សី និង​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា កូន​ក្តី​លោក​គ្មាន​ទោស ព្រោះ​តែ​អង្គ​ហេតុ​វា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។

លោក​បញ្ជាក់​ថា៖ «វា​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​ទោស​គាត់​ទេ វា​គ្មាន​ធាតុ​ផ្សំ​បទ​ល្មើស​សោះ ព្រោះ​មនុស្ស​អត់​នៅ​ក្នុង​ឡាន (ពេល​កើត​ហេតុ) ហើយ​ណាមួយ ដើម​បណ្តឹង​មិន​ចូល​ខ្លួន​ទៅ​ទៀត​ផង។ ដូច្នេះ​ការ​ប្តឹង​បន្ត គឺ​យើង​មាន​សាក្សី ២-៣ នាក់ ដែល​យើង​មាន​សង្ឃឹម​ថា ខាង​សាក្សី​ទាំង​អស់ បាន​ឃើញ​ថា គាត់ (កូន​ក្តី​លោក) អត់​បាន​បុក​ផង»។

លោក រឿន លី​ណា ប្រធាន​លេខាធិ​ការដ្ឋាន​ផ្នែក​រដ្ឋបាល​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ បាន​ថ្លែង​ថា លោក​បាន​ទទួល​ពាក្យ​បណ្តឹង​នេះ​ហើយ ដោយ​កំពុង​រៀបចំ​សំណុំ​រឿង​នេះ​បញ្ជូន​ទៅ​សាលា​ឧទ្ធរណ៍។ តែ​លោក​មិន​អាច​ឆ្លើយ​តប​បានទេ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា តុលាការ​កាត់​ក្តី​លើ​សំណុំ​រឿង​នេះ​យ៉ាង​ណា​នោះ ព្រោះ​ជាការ​សម្រេច​របស់​ចៅក្រម។ លោក​បញ្ជាក់​ថា៖ «យើង​ទុក​ពេល​ឲ្យ​គាត់​ប្តឹង​ឧទ្ធរណ៍ ហើយ​ការ​សម្រេច​ចំពោះ​យើង បើ​មាន​ការ​ប្តឹង​ឧទ្ធរណ៍ គឺ​ហួស​សមត្ថកិច្ច​ហើយ»។

លោក ទូច ថា​រិ​ទ្ធ អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍ ថ្លែង​កាលពី​ម្សិលមិញ​ថា បណ្តឹង​ទាស់​ទើប​តែ​ដាក់​ដូច្នេះ​សាលា​ដំបូង មិន​ទាន់​បញ្ជូន​សំណុំ​រឿង មក​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ទេ ដូច្នេះ លោក​មិន​អាច​បកស្រាយ​អ្វី​បាន​ទេ។ លោក​បញ្ជាក់​ថា៖«ខ្ញុំ​មើល ខ្ញុំ​សិក្សា​ស្អែក​សិន​ថ្ងៃ​ចូល​ធ្វើការ​វិញ។ ចាំមើល​អង្គហេតុ​សិន​ហើយ​មើល​តាម​អង្គ​ច្បាប់​សិន ថាបើ​បាន​ខ្ញុំ​ជម្រាប​ជូន​វិញ»។

លោក ស៊ុំ ចាន់​គា មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ ដែល​តាម​ឃ្លាំ​មើល​សំណុំ​រឿង​នេះ​បាន​លើក​ឡើង​ថា ការ​សម្រេច​របស់​តុលាការ​គឺជា​ឆន្ទានុ​សិទ្ធិ​របស់​គាត់ តែ​យ៉ាង​ណា​ក្នុង​ករណី​នេះ តុលាការ ពិតជា​រង​នូវ​ភាព​អាម៉ាស់ ដែល​សម្រេច​ដាក់​ទោស​អ្នក​ដែល​គ្មាន​កំហុស ព្រោះ​កន្លង​ទៅ​ករណី​នេះ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ច្រើន ពី​សំណាក់​មហាជន ហើយ​ក៏បាន​បង្ហាញ​ថា ការ​ចោទ​ប្រកាន់​នេះ ពុំ​ត្រឹមត្រូវ​ដែរ ។ លោក ចាន់​គា សង្ឃឹម​ថា នៅ​ពេល​បណ្តឹង​នេះ​ឡើង​ដល់​សាលា​ឧទ្ធរណ៍ ជន​រង​គ្រោះ​នឹង​ទទួល​បាន​យុត្តិធម៌។

លោក​បញ្ជាក់​ថា៖ «ការ​ប្រើប្រាស់​យន្តការ​ឆន្ទានុ​សិទ្ធិ​របស់​ចៅក្រម របស់​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​ជា​តុលាការ​គំរូ វា​ហាក់​ដូចជា​ប្រើប្រាស់​ជ្រុល​ហួស ព្រោះ​មនុស្ស​យើង បើ​ទោះ​ជា​ដាក់​ទោស​ព្យួរ កំណត់​ប៉ុនណា​ក៏ដោយ ក៏​ជា​បទ​ល្មើស​ដែរ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ដែរ ព្រោះ​ថា ធ្លាប់​ជាប់​គុក ឬ​ទទួល​នូវ​ទោស​ទណ្ឌ​ណាមួយ​ក្នុង​លិខិត​ថ្កោល​ទោស​របស់​គាត់។ យើង​សុំ​ឲ្យ​ខាង​តុលាការ​ជា​កន្លែង​យុត្តិធម៌ សូម​ឲ្យ​ពិចារណា​រក្សា​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន»។

តាម​របាយការណ៍​នគ​របាល​បាន​ឲ្យ​ដឹងថា កាលពី​ខែធ្នូ ឆ្នាំ២០១៦ លោក ឌិន ពុទ្ធី បាន​បិទ​ស្ពាន​មួយ​នៅ​ជិត​ច្រក​ព្រំដែន នៅ​ពេល​ដែល​នាយរង​នគរបាល​អន្តោ​ប្រវេសន៍​ឈ្មោះ ឈាន ពិសិដ្ឋ បាន​សុំ​ឲ្យ​លោក ពុទ្ធី យក​ឡាន​របស់​លោក​ចេញ។ ប៉ុន្តែ​បើ​តាម​វីដេអូ​ឃ្លីប​មួយ ដែល​បាន​ចែក​ចាយ​ពេញ​បណ្តាញ​សង្គម បាន​បង្ហាញ​ថា លោក ពិសិដ្ឋ ត្រូវ​បាន​ឃើញ​ដួល​នៅ​មុខ​ឡាន​របស់​លោក ពុទ្ធី ខណៈដែល​ឡាន​ពុំមាន​ចលនា​នោះ​ទេ។ ភ្លាមៗ​ក្រោយ​ពី​កើត​ហេតុ លោក ឌិន ពុទ្ធី ត្រូវ​បាន​ចាប់​ខ្លួន និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បើក​ឡាន​បុក​លោក ឈាន ពិសិដ្ឋ សន្លប់ ប៉ុន្តែ​ក្រោយ​មក គឺ​នៅ​ដើម​ខែ​មករា ឆ្នាំ ២០១៧ លោក​ត្រូវ​បាន​ដោះ​លែង ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​វិញ។ លោក ពុទ្ធី បាន​អះអាង​ជា​បន្ត​បន្ទាប់​ថា លោក ពិសិដ្ឋ​បាន «ធ្វើ​ពុត​ជា​ដួល​សន្លប់» នៅ​មុខ​ឡាន​របស់​លោក៕

(កែសម្រួល​ដោយ សូ វិសាល)