ភ្នំពេញៈ ប្រធាន​សហភាព​សហជីព​ការងារ លោក រ៉ុង ឈុន បាន​ស្នើសុំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ទទួល​រូបលោក​ និង​គ្រូបង្រៀន​សរុប​ ១០​ ​នាក់​ឱ្យ​ចូល​បម្រើ​ការងារ​វិញ​ក្រោយ​ពួកគាត់​ត្រូវ​ក្រសួង​អប់រំ​បញ្ឈប់​ពី​ការងារ​កាលពី​ខែមករា ឆ្នាំ ២០១៨ ។

លោក​ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​ការងារ​កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ បាន​សរសេរ​លិខិត​ ១ ​ច្បាប់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើសុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ទទួល​យក​បុគ្គលិក​អប់រំ​ដែល​មាន​រូបលោក និង​គ្រូបង្រៀន​ចំនួន​ ១០ ​នាក់​មកពី​ខេត្ត​កំពង់ចាម ព្រះសីហនុ ព្រៃវែង សៀមរាប កំពត និង​បាត់ដំបង ដើម្បី​បាន​ចូល​បម្រើ​ការងារ​វិញ ។ លោក​បញ្ជាក់​ថា រូបលោក និង​បុគ្គលិក​អប់រំ​ទាំង​ ១០ ​នាក់​ត្រូវ​បាន​បញ្ឈប់​ទាំង​អយុត្តិធម៌​ក្រោម​ការចោទប្រកាន់​ថា​បាន​ឈប់​ពី​ការងារ​ដោយ​មិន​មាន​ការអនុញ្ញាត និង​បោះបង់​ការងារ​។

លិខិត​លោក រ៉ុង ឈុន សរសេរ​ថា​៖ «​ចំពោះ​បុគ្គលិក​អប់រំ​ទាំងអស់​ខាង​លើ​នេះ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នោះទេ​»​។

លោក​បន្ថែម​ថា​ចំណាត់ការ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​ចេញ​ប្រកាស​លុប​ឈ្មោះ​បុគ្គលិក​អប់រំ​ចេញ​ពី​ក្របខ័ណ្ឌ​ទាំង​គ្មាន​កំហុស​ និង​ដោយ​អយុត្តិធម៌​នេះ​មិន​បាន​អនុវត្ត​តាម​នីតិវិធី និង​ជា​ការ​រំលោភ​លើ​អនុក្រឹត្យ​ស្តីពី​ការ​ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ​ដើម​ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​លោក រ៉ុង ឈុន ឲ្យ​ដឹងថា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ធ្លាប់​បាន​សរសេរ​លិខិត​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី និង​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ម្តង​រួច​មក​ហើយ​កាលពី​ដើម​ឆ្នាំ​នេះ​ ប៉ុន្តែ​គ្មាន​លទ្ធផល​។ លោក​ថា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ក៏ដូចជា​សហភាព​សហជីព​ការងារ​ក៏​បាន​សរសេរ​លិខិត​សុំ​អន្តរាគមន៍​ទៅ​អង្គការ​ស្ថាប័ន​អន្តរជាតិ​ដើម្បី​សុំ​ឲ្យ​ក្រសួង​អប់រំ​ទទួល​ពួកគាត់​ធ្វើការ​នៅ​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​វិញ​ដែរ​។

លោក​និយាយ​ថា​ការ​លុបឈ្មោះ​គាត់ និង​គ្រូបង្រៀន​ ១០ ​នាក់​ទៀត ដោយសារ​តែ​ឥទ្ធិពល​នៃ​រឿង​នយោបាយ​គឺ​ដោយសារ​លោក​ធ្លាប់​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គ្រូបង្រៀន​ ១០ ​នាក់​ផ្សេង​ទៀត​គឺជា​មន្ត្រី​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​នៅ​ថា្នក់​ឃុំ ស្រុក និង​ខេត្ត​។

លោក​ រ៉ុង ឈុន ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​វា​ងាយស្រួល​ទេ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ការដោះស្រាយ​រឿង​នេះ ព្រោះ​វា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​តុលាការ​ទេ​។ ករណី​នេះ​គឺ​ស្ថិត​ក្រោម​អំណាច​របស់​គាត់ ហើយ​ការ​លុប​ឈ្មោះ​វា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ។ គ្រូបង្រៀន​ទាំងអស់​ហើយ​និង​ខ្ញុំ​បាន​បញ្ចប់​ការងារ​នៅ​កន្លែង​ថ្មី ហើយ​យើង​អាច​សុំ​ទៅ​ធ្វើការ​នៅ​កន្លែង​ដើម​វិញ​បាន​។ ប្រកាស និង​ច្បាប់​អនុញ្ញាត​ឲ្យ​យើង​មក​ធ្វើការ​កន្លែង​ចាស់​វិញ​បាន ពេល​យើង​បញ្ចប់​ការងារ​កន្លែង​ថ្មី​បាន​»​។

កាលពី​ខែ​មីនា​អង្គការ​អន្តរជាតិ​ ២ ​រួម​មាន​សម្ព័ន្ធ​សហភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ហៅ​កាត់​ថា ITUC និង​អង្គ​ការអប់រំ​អន្តរជាតិ​ហៅ​កាត់​ថា EI បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ទទួល​យក​បុគ្គលិក​អប់រំ​ទាំង​ ១១ ​រូប​ចូល​បម្រើ​ការងារ​វិញ​។

នៅពេល​ទាក់ទង​ពី​ម្សិលមិញ​លោក​ ឌី ខាំបូលី អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ក្រសួង​មិន​ទាន់​បាន​ទទួល​លិខិត​នោះ​ទេ ប៉ុន្តែ​លោក​ថា​លិខិត​នោះ​គឺ​សរសេរ​ទៅកាន់​លោក​នាយក​រដ្ឋមន្ត្រី​៕