The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មេសហជីព​ព្រមព្រៀង​គ្នា​ទាមទារ​ដំឡើង​ប្រាក់​ខែ $១២០

មេសហជីព​ព្រមព្រៀង​គ្នា​ទាមទារ​ដំឡើង​ប្រាក់​ខែ $១២០

មេសហជីព​ព្រមព្រៀង​គ្នា​ទាមទារ​ដំឡើង​ប្រាក់​ខែ $១២០

130221_02
កម្មករតវ៉ាទាមទារដំឡើងប្រាក់ខែពី ៦១ ដល់ ១៥០ ដុល្លារ នៅសួនសេរីភាព កាលពីចុងឆ្នាំមុន ម៉ៃ វីរៈ

ភ្នំពេញៈ បន្ទាប់​ពី​ជួប​ប្រជុំ​គ្នា អស់​រយៈ​ពេល​ពីរ​ថ្ងៃ ក្រុម​មេ​ដឹក​នាំ​សហជីព កាល​ពី​ម្សិលមិញ បាន​ឯកភាព​គ្នា ដើម្បី​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល ឲ្យ​ធ្វើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​ទ្វេ​ដង​ ដល់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ។ នេះ​បើ​យោង​តាម​តំណាង​កម្មករ​ដែល​បាន​ថ្លែង។​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា  បាន​ថ្លែង​ថា ក្រុម​ប្រតិភូ​សហជីព បាន​ឯកភាព​គ្នា​លើ​ចំនួន ១២០​ ដុល្លារ​ ក្នុង​មួយ​ខែ មុន​កិច្ច​ប្រជុំ​រដ្ឋាភិបាល ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ លោក រ៉ុង ឈុន ដែល​ធ្លាប់​ដឹក​នាំ​កម្មករ​ធ្វើ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​កាល​ពី​ ចុង​ឆ្នាំ​មុន បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​បាន ១៥០​ ដុល្លារ​ ក្នុង​មួយ​ខែ​ សម្រាប់​កម្មករ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ទទួល​យក​ការ​ឯក​ភាព​រួម​គ្នា ដែល​បាន​ឯកភាព​នៅ​ចំនួន ១២០ ដុល្លារ»។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា និយោជក​ នឹង​មាន​លទ្ធភាព​ ផ្តល់​ឲ្យ​កម្មករ ក្នុង​ចំនួន​នេះ»។

រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច​ លោក អ៊ិត សំហេង បាន​ថ្លែង​កាល​ពី​ខែ​មុន​ថា ​ក្រុម​សហជីព​ ត្រូវ​តែ​ធ្វើ​ការ​ឯកភាព​គ្នា​ជាក់​លាក់​មួយ អំពី​ចំនួន​ ដែល​ពួក​គេ​ចង់​បាន​ នៅ​មុន​ពេល​ក្រុម​ការងារ​រដ្ឋាភិបាល ជួប​ប្រជុំ​គ្នា។ ការ​ថ្លែង​របស់​លោក អ៊ិត សំហេង បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​សហភាព​សហជីព​កម្ពុជា​ ដែល​ទាមទារ​ឲ្យ​ដំឡើង​ដល់​ចំនួន ១៥០ ដុល្លារ​ ក្នុង​មួយ​ខែ និង​សហជីព​សេរី​កម្មករ បាន​ទាមទារ​ចំនួន​ ១២០​ ដុល្លារ​ក្នុង​មួយ​ខែ។

ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) ​ដែល​ពាក់​ព័ន្ធ​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ការ​ចរចា​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ក្នុង​ឧស្សាហកម្ម​នេះ ជាមួយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​មុន​បាន​សុំ​ឲ្យ​មាន​ការ​ដំឡើង​ត្រឹម​ចំនួន ៩៥​ ដុល្លារ។

លោក ខេន លូ អគ្គ​លេខាធិការ នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា គ្មាន​ប្រទេស​ណា​ក្នុង​ពិភពលោក អាច​យល់​ព្រម​មួយ​រយ​ភាគរយ ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នោះ​ទេ​។ លោក​បាន​ថ្លែង​បន្ត​ថា​៖«នោះ​បង្ហាញ​ពី​ភាព​មិន​ទាន់​យល់​ដឹង​គ្រប់គ្រាន់​របស់​សហជីព»។

តែ ទោះ​យ៉ាង​ណា​ក្តី លោក​បាន​ថ្លែង​ថា សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​គាំទ្រ​ចំពោះ​​ការ​ឲ្យ​មាន​ការ ដំឡើង​ប្រាក់​ឈ្នួល ប៉ុន្តែ​ពេលវេលា ដែល​ត្រូវ​ដំឡើង​ត្រឹម​ត្រូវ​ គឺ​នៅ​ឆ្នាំ​ក្រោយ។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «យើង​ចង់ឲ្យ​កម្មករ​ មាន​ការ​យល់​ដឹង អំពី​ភាព​ប្រាកដ​ប្រជា» ប៉ុន្តែ​លោក​បាន​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​អ្វី​ទៅ​ដែល​ជា​ការ​ដំឡើង​ប្រាក់​ឈ្នួល​មាន ភាព​ប្រាកដ​ប្រជា​នោះ​ឡើយ។

យុទ្ធនាការ​សម្លៀក​បំពាក់​ស្អាត​ស្អំ ដែល​ជា​ក្រុម​បញ្ចុះ​បញ្ចូល មាន​មូលដ្ឋាន​នៅ​អឺរ៉ុប បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ម្សិលមិញ​ថា ខ្លួន​គាំទ្រ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៥០ ​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ដែល​ចំនួន​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ នៅ​មាន​កម្រិត​ទាប​ខ្លាំង​ជាង«ប្រាក់​ឈ្នួល​រស់​នៅ​សមរម្យ»។​

លោក Dave Welsh ប្រធាន​ប្រចាំ​ប្រទេស​នៃ​មជ្ឈមណ្ឌល​អាមេរិក ដើម្បី​សាមគ្គីភាព​ការងារ អន្តរជាតិ (ACILS) បាន​ថ្លែង​ថា អង្គការ​របស់​លោក បាន​ផ្តល់​គំនិត​ឲ្យ​មាន​ការ​ផ្តួចផ្ដើម​មួយ​ចំនួន ក្នុង​អំឡុង​ការ​ជជែក​ពិភាក្សា​គ្នា ​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ។​ លោក​បាន​ថ្លែង​ថា​៖ «យើង​បាន​ជំរុញ​មិន​ត្រឹមត្រូវ ការ​ដំឡើង​ប្រាក់​ឈ្នួល នៅ​ក្នុង​វិស័យ​កាត់​ដេរ ប៉ុន្តែ​ក៏​ថែម​ទាំង​ប្រាក់​ឈ្នួល​ជាតិ និង​វិធីសាស្រ្ត​ជា​ប្រព័ន្ធ​មួយ សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល ដោយ​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ​ម្តង​ឬ​ ១៨ ខែ​ម្តង​»។

ក្រុម​មន្ត្រី​សហជីព និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ ធ្វើ​ឲ្យ​ពួក​គេ អាច​រស់​នៅ​បាន​សមរម្យ​ គឺជា​វិធានការ​ ដែល​មាន​ប្រសិទ្ធភាព​ចំបង​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​ដួល​សន្លប់​ របស់​កម្មករ ដែល​តែង​តែ​កើត​ឡើង​ជា​ហូរហែ នៅ​តាម​បណ្តា​រោងចក្រ​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​នេះ​៕ PS

អត្ថបទគួរចាប់អារម្មណ៍