ភ្នំពេញៈ សាលាដំបូងរាជធានីបានចេញដីកាកោះហៅប្រធានអង្គការល្បីឈ្មោះម្នាក់ទៀតដែលសកម្មក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងធ្លាប់ជាសមាជិកនៃគណៈកម្មការរៀបចំពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ឱ្យចូលខ្លួនទៅបំភ្លឺពីដំណើររឿងសូកប៉ាន់សាក្សីនៅពាក់កណ្តាលខែនេះទាក់ទងនឹងសំណុំរឿងកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជារឿងនយោបាយ។
ក្នុងសំណុំរឿង ស្រីមុំ ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិរហូតមកដល់ពេលនេះមានការចាប់ឃុំខ្លួនមនុស្សចំនួន ៦ នាក់ហើយក្នុងនោះមានមេឃុំមកពីគណបក្សប្រឆាំងម្នាក់មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ៤ នាក់ និងមន្ត្រី គជប ម្នាក់ហើយមន្ត្រី គជប គឺលោក នី ចរិយា ត្រូវបាននាំខ្លួនទៅសាលាឧទ្ធរណ៍កាលពីម្សិលមិញ។
ក្នុងដីកាចុះថ្ងៃទី ៣ ខែសីហាចុះហត្ថលេខាដោយចៅក្រមស៊ើបសួរលោក ធាម ច័ន្ធពិសិដ្ឋ បានបង្គាប់ឱ្យលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលជាស្ថាប័នគ្រប់គ្រងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ចូលបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី ១៨ ខែសីហានេះវេលាម៉ោង ៩ ព្រឹក។
ដីកាបានបញ្ជាក់ថា៖ «អញ្ជើញលោក ប៉ា ងួនទៀង ជាសាក្សីចូលបំភ្លឺជុំវិញដំណើររឿងសូកប៉ាន់សាក្សីតាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅរាជធានីភ្នំពេញកាលអំឡុងខែមីនាមេសា ឆ្នាំ ២០១៦»។
លោក ប៉ា ងួនទៀង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកនឹងចូលបំភ្លឺតាមដីកាកោះដោយមិនព្រួយបារម្ភអ្វីនោះទេ។ «ខ្ញុំមិនដឹងថាករណីអីនោះទេគ្រាន់តែគេហៅធ្វើសាក្សីជាទូទៅខ្ញុំអត់មានពាក់ព័ន្ធមួយករណីអីទេហើយខ្ញុំមិនដែលធ្វើអីខុសច្បាប់ផង»។
កាលពីថ្ងៃទី ៩ ខែឧសភាប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ដែលបានចូលរួមក្នុងកម្មវិធីតុមូលវីអូឌីស្តីពីប្រធានបទយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថា៖ «ផ្អែកលើបញ្ហានេះលោក កឹម សុខា ទូរស័ព្ទប្រាប់ទៅលោកមេឃុំឲ្យគាបសង្កត់ ស្រីមុំ កុំឱ្យនិយាយការពិតហើយប្រាប់ថាឱ្យលុយកាក់ខ្លះ និងឱ្យទៅនៅក្រៅប្រទេសទន្ទឹមគ្នានេះក៏លោក កឹម សុខា តាមរយៈលោក ប៉ា ងួនទៀង ឲ្យមកប្រាប់លោក នី ចរិយា ទៅជួបគាត់នៅផ្ទះវេលាម៉ោង ៨ យប់នេះគឺជាការសមគំនិត និងសំណូកមួយហើយ»។

តែកាលពីម្សិលមិញលោក ឱម យ៉ិនទៀង សុំមិនធ្វើអត្ថាធិប្បាយបន្ថែមទេដោយលោកថាផុតដែនសមត្ថកិច្ចរបស់លោកហើយ។
លោកថា៖ «កិច្ចការខ្ញុំចប់ហើយខ្ញុំបានបិទការស៊ើបអង្កេតរបស់ខ្ញុំហើយ នេះជារឿងកិច្ចការរបស់តុលាការចឹងអូនទៅសួរទៅតុលាការ»។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ធពិសិដ្ឋ បានបដិសេធអត្ថាធិប្បាយដោយជំរុញឱ្យទៅសួរអ្នកនាំពាក្យ។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីថ្លែងយ៉ាងខ្លីថា៖ «កោះហៅលោក ប៉ា ងួនទៀង ជាសាក្សីដើម្បីមកបំភ្លឺនៅក្នុងរឿងសូកប៉ាន់សាក្សីរបស់មន្រ្តីអាដហុក»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី យល់ឃើញថាការបន្តកោះហៅមន្ត្រីសង្គមស៊ីវិលនេះគឺជាការដាក់គំនាបដល់អង្គការសង្គមស៊ីវិលជាពិសេសស្ថាប័នធំៗដែលមានប្រព័ន្ធផ្សព្វផ្សាយ។
លោកថា៖ «រដ្ឋាភិបាលមិនទាន់បោះបង់នូវការធ្វើគំនាបទៅលើស្ថាប័នសង្គមស៊ីវិលនៅឡើយទេដោយសារលោក ប៉ា ងួនទៀង គាត់ជាប្រធានវិទ្យុវីអូឌីផងចឹងវាអាចជាមុខសញ្ញាបន្ទាប់ ទោះបីជាលោក ប៉ា ងួនទៀង មិនមានពាក់ព័ន្ធអីសំខាន់ក៏ដោយ»។
លោកសង្កត់ធ្ងន់ថាការធ្វើបែបនេះនឹងធ្វើឱ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពតានតឹងជាងមុនខណៈសហគមន៍អន្តរជាតិកំពុងដាក់គំនាបមករដ្ឋាភិបាលកម្ពុជាឱ្យមានការគោរពសិទ្ធិមនុស្ស។
លោកថា៖ «រដ្ឋាភិបាលពេលនេះហាក់បីដូចជាលែងស្តាប់អ្នកណាទាំងអស់ហើយចេះតែបន្តធ្វើអីដោយខ្លួនឯងគឺជាការគ្រោះថ្នាក់មួយពីព្រោះឥឡូវហ្នឹងមិនត្រឹមតែឯកោក្នុងអាស៊ានទេវានឹងអាចឯកោក្នុងពិភពលោក...»។
លោក មាស នី បានលើកឡើងថាអ្វីដែលតុលាការ ឬ អង្គភាពប្រឆាំងអំពើពុករលួយត្រូវធ្វើគួរស្វែងរកអ្នកបញ្ចេញខ្សែអាត់សំឡេងដែលគេចាត់ទុកថាជាសំឡេងលោក កឹម សុខា និងកញ្ញា ស្រីមុំ។
ក្នុងមួយរយៈពេលចុងក្រោយនេះលោក ប៉ា ងួនទៀង ដែលធ្លាប់ជាអ្នកជិតស្និទ្ធជាមួយលោក កែម ឡី ត្រូវបានគេមើលឃើញថាមានភាពសកម្មយ៉ាងខ្លាំងក្នុងការតស៊ូមតិតាមរយៈយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដោយលោក និងសហការីរបស់លោកតែងតែចេញមុខបង្ហោះរូបភាពពាក់អាវខ្មៅ។ ជាងនេះទៅទៀតលោកគឺជាសមាជិកម្នាក់នៃគណៈកម្មការបុណ្យសពលោក កែម ឡី ហើយលោកតែងតែបង្ហោះ ឬចែករំលែកនូវសារដោយទាមទារឲ្យមានការផ្តល់ភាពយុត្តិធម៌ដល់សពលោក កែម ឡី ។
អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈយល់ថាការកោះហៅរបស់តុលាការអាចមានហេតុផលពីរ។
លោកថា៖ «ព្រោះរដ្ឋាភិបាលដឹងពីទំនាក់ទំនងរវាងលោក ប៉ា ងួនទៀង និងលោក កឹម សុខា ដូច្នេះពួកគេអាចគិតថាគាត់បានដឹងអំពីរឿងក្តីនេះមូលហេតុទីពីរគឺសង្គមស៊ីវិលរក្សាជំហរធ្វើយុទ្ធនាការស្លៀកខ្មៅហើយលោក ប៉ា ងួនទៀង គឺជាផ្នែកមួយនៃយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងរូបគាត់ផ្ទាល់បានបង្ហោះលើបណ្តាញសង្គមដែលអាចធ្វើឱ្យរដ្ឋាភិបាលកត់សម្គាល់ឃើញ»។
លោក វីរៈ មិនមានការភ្ញាក់ផ្អើលចំពោះការកោះហៅនេះទេតែលោកដាក់សំណួរថាការធ្វើបែបនេះនឹងជួយអ្វីដល់រដ្ឋាភិបាល។
ទាក់ទងនឹងករណីនេះដែរកាលពីថ្ងៃទី ២៦ ខែ កក្កដាអ្នកស្រី អ៊ាង គឹម លី មន្ត្រីសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តព្រៃវែងត្រូវបានសាលាដំបូងកោះហៅសាកសួរក្នុងនាមជាសាក្សីករណីរឿងស្រីមុំ និង លោក កឹម សុខា ហើយអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ។
នៅសភាស៊ើបសួរសាលាឧទ្ធរណ៍កាលពីម្សិលមិញលោក សំ សុគង់ មេធាវីរបស់លោក ចរិយា បានសុំឲ្យតុលាការធ្វើមោឃភាពចំពោះនីតិវិធីនៃការស៊ើបអង្កេតរបស់តុលាការថ្នាក់ក្រោមផ្អែកតាមមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញដោយសារការសារភាពត្រូវបានបង្ខំ និងការរំលោភលើសិទ្ធិអ្នកជាប់ឃុំ។
លោក សុគង់ ថ្លែងថា៖ «គាត់ត្រូវបានសួរអស់រយៈពេលយ៉ាងយូរ និងមិនមានអាហារគ្រប់គ្រាន់មានអារម្មណ៍បំភិតបំភ័យអស់កម្លាំង និងមិនអាចស្តាប់យល់សំណួរ ឬការពិតនៃករណីនោះ»។
ប៉ុន្តែទោះជាយ៉ាងណាចៅក្រមស៊ើបសួរសាលាឧទ្ធរណ៍បានច្រានចោលចំពោះបណ្តឹងសុំមោឃភាពនីតិវិធីដែលប្តឹងដោយមេធាវីរបស់លោក នី ចរិយានេះ៕ PS/ រាយការណ៍បន្ថែមដោយ ម៉ិច ដារា