ភ្នំពេញៈ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ចន្ទ បានចាកចេញពីប្រទេស សម្រាប់ដំណើររយៈពេលពីរសប្តាហ៍ ទៅក្រៅប្រទេសដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ មិនឲ្យទទួលស្គាល់ការបង្កើតសភានិងរដ្ឋាភិបាល ដោយហេតុផលថា មិនគោរពតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា លោក សម រង្ស៊ី បានចាកចេញទៅបណ្តាប្រទេសសមាជិកសហភាព អឺរ៉ុប អាមេរិក និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ជាការតស៊ូមតិជាអន្តរជាតិលើបញ្ហានយោបាយ ដើម្បីដាក់សម្ពាធទៅលើគណបក្សប្រជាជន ឲ្យមានកំណែទម្រង់។
លោក សុវណ្ណ បានថ្លែងថា៖ «លោក [សម រង្ស៊ី] នឹងជួបជាមួយអ្នកនយោបាយមានឥទ្ធិពល នៅប្រទេស សហភាព អឺរ៉ុប សហរដ្ឋ អាមេរិក និងបណ្តាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ដើម្បីជំរុញឲ្យមានការគំាទ្រ ឲ្យមានដំណោះស្រាយបញ្ហានយោបាយដោយសារការបង្កើតរដ្ឋាភិបាល និងសភា មិនគោរពតាមរដ្ឋធម្មនុញ្ញ»។ «យើងបានឃើញថា ប្រទេសតិចតួចគាំទ្រការបោះឆ្នោតនេះ ហេតុដូច្នេះ នេះជាឱកាសសម្រាប់តស៊ូមតិនៅក្នុងកិច្ចការនយោបាយដើម្បី ឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធឲ្យមានកំណែទម្រង់»។
លោក បានថ្លែងទៀតថា៖ «ប្រសិនបើមិនមានប្រទេសច្រើនគាំទ្រការបោះឆ្នោត វាមានន័យថា ប្រទេសកម្ពុជា នឹងមិនមានស្ថិរភាពទាំងសេដ្ឋកិច្ច និងនយោបាយ ហេតុដូច្នេះ គណបក្សប្រជាជនកម្ពុជា ត្រូវតែធ្វើកំណែទម្រង់»។ លោកបន្តថា គណបក្ស សង្គ្រោះជាតិ នឹងបន្តធ្វើពហិការសភា ប្រសិនបើមិនមានការផ្លាស់ប្តូរ គ.ជ.ប និងកំណែទម្រង់ដើម្បីអត្ថប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។
នៅពេលសួរថា តើវាជាពេលវេលាល្អ ឬយ៉ាងណា សម្រាប់លោក សម រង្ស៊ី ក្នុងអំឡុងសភាអាមេរិកមិនអនុម័តថវិកាជាតិឆ្នាំថ្មី សម្រាប់រដ្ឋាភិបាលរបស់ខ្លួន លោក សុវណ្ណ បានថ្លែងថា វាមិនជាបញ្ហាទេ។
លោក បានថ្លែងថា៖ «បើទោះបីជាមានការបិទរដ្ឋាភិបាលអាមេរិក អាមេរិក នៅតែជាប្រទេសមានអំណាច ហើយពលរដ្ឋអាមេរិក នៅតែមានអំណាច ហេតុដូច្នេះ វាមិនមានបញ្ហាទេអំពីដំណើរទស្សនកិច្ចរបស់លោក សម រង្ស៊ី ទៅអាមេរិក»។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្ស សង្គ្រោះជាតិ បានថ្លែងថា គណបក្សនឹងចុះទៅតាមបណ្តាខេត្តនានាដើម្បីប្រមូលយក «ស្នាមមេដៃប្រជាជនយ៉ាងហោចណាស់មួយលាននាក់» ពីក្រុមអ្នកគាំទ្រ។ ញត្តិទាំងនេះ នឹងបង្ហាញទៅអង្គការសហប្រជាជាតិនិងបណ្តាស្ថានទូតបរទេសនានានៅ ថ្ងៃ ទី២៣ តុលា ដែលជាខួបលើកទី ២២ នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស។
លោកបន្តថា៖ «រដ្ឋាភិបាលហាក់បីដូចជាគិតថា ការទាមទាររបស់យើងនឹងសាបបន្តិចម្តងៗ ហើយប្រជាជននឹងភ្លេចវា»។ «យើងចង់បង្ហាញពួកគេថា នោះគឺខុសហើយ»។
ប៉ុន្តែលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា បក្សប្រឆាំងគួរតែផ្តោតលើការចរចាក្នុងស្រុក។ លោកថ្លែងបន្តថា៖ «ខ្ញុំគិតថា ការទៅអង្គការសហប្រជាជាតិនិងការសុំឲ្យអង្គការសហប្រជាជាតិ មិនទទួលស្គាល់អាសនៈរបស់កម្ពុជាមិនប្រាកដជាទៅរួចទេ។ ប្រសិនបើបំណងរបស់គាត់ចង់ឲ្យបាក់មុខ លោក ហ៊ុន សែន និងគណបក្សប្រជាជន ខ្ញុំគិតថា គាត់នឹងបរាជ័យ»។ ការជ្រើសរើសពេលវេលាមិនល្អ នៃដំណើរទស្សនកិច្ចរបស់លោក សម រង្ស៊ី ចំពេលសភា អាមេរិក មិនអនុម័តថវិកាជាតិឆ្នាំថ្មី សម្រាប់រដ្ឋាភិបាលរបស់ខ្លួន «នឹងទទួលបានផលតិចតួចប៉ុណ្ណោះ»។
លោកបន្តថា៖ «នោះគឺជារឿងក្រៀមក្រំមួយ។ ខ្ញុំគិតថា ប្រទេសកម្ពុជា មានអាទិភាពតិចក្នុងបញ្ជីអាទិភាពនៃប្រទេស អាទិភាពផ្សេងៗសម្រាប់អាមេរិក»។
អ្នកនាំពាក្យស្ថានទូត អាមេរិក លោក Sean Mcintosh កាលពីម្សិលមិញបានបង្វែរសំណួរអំពីដំណើរទស្សនកិច្ចរបស់លោក សម រង្ស៊ី ទៅគណបក្សសង្គ្រោះជាតិ។
លោក Peter Tan Keo ស្ថាបនិកនៃស្ថាប័ន Global Strategy Asia បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងទៅក្រៅប្រទេសរបស់លោក សម រង្ស៊ី នឹងទំនងជាមិនទទួលបានការអើពើខ្លាំងទេ។
ទោះយ៉ាងណាក្តី លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមានសុទិដ្ឋិនិយមជាងមុន។ លោកថ្លែងថា៖ «វាអាស្រ័យថា តើគាត់អាចបញ្ចុះបញ្ចូលពួកគេថា ភាពមិនប្រក្រតីនោះ គឺជាទំហំនៃការរំលោភបំពានធ្ងន់ធ្ងរ នៃសិទ្ធិបោះឆ្នោតរបស់ប្រជាជនកម្ពុជា»។
លោក សម រង្ស៊ី បានចាកចេញពីប្រទេសប៉ុន្មានម៉ោង បន្ទាប់ពីលោក បានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ក្នុងអំឡុងការចុះឈ្មោះបញ្ជីបោះឆ្នោតប្រចាំឆ្នាំ នៅភូមិ ព្រែកតាគង់ ទី១ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ។
គណបក្ស សង្គ្រោះជាតិ បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សង្ឃឹមថា គ.ជ.ប នឹងមិនលុបឈ្មោះរបស់លោកពីបញ្ជីឈ្មោះអ្នកបោះឆ្នោតពីមុនការបោះឆ្នោតណាមួយនាពេលខាងមុខ ដូចដែលខ្លួនបានលុបឈ្មោះអ្នកបោះឆ្នោតស្របច្បាប់ចំនួន ប្រមាណ ១,២ លាន ភ្លាមៗមុនការបោះឆ្នោតជាតិថ្ងៃ ទី២៨ កក្កដា នោះទេ»។ ឈ្មោះរបស់លោក សម រង្ស៊ី ត្រូវបានដកចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតកាលពីខែ វិច្ឆិកា ២០១២ ដោយហេតុថា គាត់ជាទណ្ឌិត។ បន្ទាប់ពីលោកបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ លោកបានត្រឡប់មកប្រទេសវិញគ្រាន់តែប៉ុន្មានថ្ងៃ មុនការបោះឆ្នោតតំណាងរាស្រ្តថ្ងៃ ទី២៨ កក្កដា។
លោក ឯក ថា អ្នកនាំពាក្យម្នាក់នៅទីស្តីការគណៈរដ្ឋមន្រ្តីមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
មេដឹកនាំគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ អាទិត្យ ក៏បានអំពាវនាវឲ្យក្រុមគាំទ្ររបស់ខ្លួនត្រៀមខ្លួន ចូលរួមកូដកម្មទូទាំងប្រទេសផងដែរ ហើយដែលមន្រ្តីគណបក្សបានថ្លែងថា អាចនឹងធ្វើឡើងបន្ទាប់ពីនៅថ្ងៃ ទី២៣ តុលា។
បើទោះជាកាលបរិច្ឆេទមិនទាន់បានកំណត់នៅឡើយ អាជីវករនៅតាមផ្សារមួយចំនួន ក្នុងរាជធានី ភ្នំពេញ បានថ្លែងកាលពីម្សិលមិញថា ពួកគេនឹងឈប់លក់ភ្លាម នៅពេលមានសំណើពីបក្សសង្គ្រោះជាតិ។ ឌឿន លុន អាជីវករនៅផ្សារ អូរឫស្សី បានថ្លែងថា៖ «ខ្ញុំអាចនឹងបិទតូបរបស់ខ្ញុំ។ វាមិនបញ្ហាទេបើទោះជាច្រើនថ្ងៃឬច្រើនខែក៏ដោយ ប្រសិនបើយើងគិតតែអំពីការលក់ តើប្រទេសរបស់យើងនឹងក្លាយទៅជាអ្វី?»។
អាជីវករម្នាក់ទៀតឈ្មោះ កុយ ហាយ អាយុ ៥៤ ឆ្នាំ បានថ្លែងដូចអាជីវករមួយចំនួនទៀតដែរថា៖ «ប្រសិនបើយើងមិនបូជានៅពេលនេះទេ យើងនឹងបាត់បង់ច្រើនជាងនេះទៀត នៅពេលក្រោយ»៕ PS