The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មេ​សហជីព​មិន​ទាន់​ស្រប​គ្នា​ចំពោះ​ការ​ធ្វើ​កូដកម្ម​នៅ​ផ្ទះ




មេ​សហជីព​មិន​ទាន់​ស្រប​គ្នា​ចំពោះ​ការ​ធ្វើ​កូដកម្ម​នៅ​ផ្ទះ

មេ​សហជីព​មិន​ទាន់​ស្រប​គ្នា​ចំពោះ​ការ​ធ្វើ​កូដកម្ម​នៅ​ផ្ទះ

20140311_04b
កម្មករឈរសាទរនៅមុខផ្ទះដែលគេជួលស្នាក់នៅពេលតវ៉ាកាលពីខែមករា ផា លីណា

ភ្នំពេញៈ ការ​ធ្វើ​កូដកម្ម​នៅ​ផ្ទះ​មិន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​នេះ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​បន្ទាប់​ពី​កម្មករ​និង​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន ជំរុញ​ឲ្យ​មាន​ការ​ពន្យារ​ពេល​រហូត​ដល់​ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច។ នេះ​បើ​តាម​មេ​ដឹក​នាំ​សហជីព​ម្នាក់ ដែល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ (CUMW) បាន​ថ្លែង​ថា កម្មករ​មួយ​ចំនួន​ភ័យ​ខ្លាច​ថា កូដកម្ម​នេះ នឹង​ធ្វើ​ឲ្យ​ពួក​គេ​មិន​មាន​ប្រាក់​សម្រាប់​ពិធី​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ។

លោក​បន្ថែម​ថា មេ​ដឹក​នាំ​សហជីព​ចំនួន ១៨ ដែល​ដឹក​នាំ​ឲ្យ​មាន​កូដកម្ម​នេះ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​សម្រេច​ថា តើ​នឹង​ត្រូវ​បន្ត​ធ្វើ​កូដកម្ម​ឬ​អត់?

លោក​បន្ត​ថា៖ «យើង​ចង់​បន្ត​ការ​គ្រោង​ធ្វើ​កូដកម្ម​នេះ ប៉ុន្តែ​យើង​បាន​ទទួល​សំណូមពរ​នេះ​ពី​សមាជិក​និង​កម្មករ​ឲ្យ​ពន្យារ​ពេល​រហូត​ដល់​បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​ខែ​ក្រោយ»។

អស់​រយៈ​ពេល​ជាច្រើន​សប្តាហ៍​សហជីព​បាន​គំរាម​ថា កូដកម្ម​នៅ​ផ្ទះ​មិន​ទៅ​ធ្វើ​ការ​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក ហើយ​នឹង​បន្ត​រហូត​ដល់​យ៉ាង​ហោច​ណាស់​ថ្ងៃ ទី១៩ ខែ មីនា។ សហជីព និង​កម្មករ ដែល​ចង់​ធ្វើ​កូដកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ប្រាក់​ខែ​អប្បបរមា​ចំនួន ១៦០ ដុល្លារ​និង​ការ​ដោះលែង​សកម្មជន​សហជីព​និង​កម្មករ​កំពុង​ជាប់​ឃុំ​ចំនួន ២១ នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​អំឡុង​បាតុកម្ម​កាល​ពី​ដើម​ខែ មករា។ កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សហជីព ដើម្បី​ប្រារព្ធ​ធ្វើ​វេទិកា​សាធារណៈ​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ ដោយ​សារ​អាជ្ញាធរ​បាន​ធ្វើ​ការ​បិទ​តំបន់​នោះ។

លោក ប៉ាវ ស៊ីណា បាន​ថ្លែង​បន្ត​ថា៖ «ប្រសិន​បើ​យើង​បន្ត​ទៅ​មុខ​ថា នឹង​ធ្វើ​កូដកម្ម យើង​នឹង​ប្រកាស​ទៅ​កម្មករ​ទាំង​អស់​ឲ្យ​នៅ​ផ្ទះ​ដើម្បី​ចៀស​វាង​បញ្ហា​ណា​មួយ​ជាមួយ​នគរបាល​ឬ​កង​រាជ​អាវុធហត្ថ»។

ប៉ុន្តែ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា មិន​មាន​ពាក្យ «ប្រសិន​បើ» ទេ កូដកម្ម​នឹង​ត្រូវ​ធ្វើ​ឡើង។

លោក​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​នឹង​មិន​បោះបង់​ផែនការ​របស់​ខ្ញុំ ក្នុង​ការ​ធ្វើ​កូដកម្ម​នេះ​នៅ​ថ្ងៃ​ពុធ​ទេ បើ​ទោះ​បី​ជា​មេ​ដឹក​នាំ​សហជីព​ដទៃៗ​ទៀត​សម្រេច​ពន្យារ​ពេល​រហូត​ដល់​ខែ​ក្រោយ​ក៏​ដោយ»។ «ការ​ពន្យារ​ពេល​នឹង​ធ្វើ​ឲ្យ​ចំណាយ​ពេល​ឥត​ប្រយោជន៍ និង​មាន​ន័យ​ថា យើង​នឹង​មិន​ទទួល​បាន​លទ្ធផល»។

អ្នក​នាង អៀរ លីម អាយុ ២៥ឆ្នាំ ជា​កម្មការិនី​ម្នាក់​នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា នៅ​ជិត​កន្លែង​ដែល​កម្លាំង​ប្រដាប់​អាវុធ​បាន​បាញ់​មនុស្ស​យ៉ាង​ហោច​ណាស់ ៤នាក់ ស្លាប់​កាល​ពី​ថ្ងៃ ទី៣ ខែ មករា គឺជា​កម្មករ​ម្នាក់​ដែល​មិន​បោះបង់​ផែនការ​ធ្វើ​កូដកម្ម​នេះ​ទេ។

អ្នក​នាង​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច ប៉ុន្តែ​យើង​ត្រូវ​ការ​ប្រាក់​ខែ​ខ្ពស់​ជាង​មុន និង​អត្ថ​ប្រយោជន៍​ច្រើន​ជាង​មុន។ ខ្ញុំ​នឹង​ចូល​រួម​កូដកម្ម​នេះ។ វា​មិន​ល្អ​ប្រសិន​បើ​យើង​ពន្យារ​ពេល​នោះ»៕ PS

អត្ថបទគួរចាប់អារម្មណ៍