ភ្នំពេញៈ ខណៈពេលដែលការជួយទំនុកបម្រុង និងឧបត្ថម្ភផ្សេងៗត្រូវបានកាត់បន្ថយជនជាតិម៉ុងតាញ៉ាជាង ១០ នាក់ផ្សេងទៀតកំពុងពឹងឲ្យតំណាងអង្គការសហប្រជាជាតិ និងអាជ្ញាធរកម្ពុជាជួយបញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ។
ប្រភពជិតស្និទ្ធនឹងជនភៀសខ្លួនម៉ុងតាញ៉ាក្នុងរាជធានីភ្នំពេញបានឲ្យដឹងថាម៉ុងតាញ៉ាវៀតណាមជិត ២០០ នាក់ដែលស្វះស្វែងរកសិទ្ធិជ្រកកោននោះកំពុងតែមានស្ថានភាពមិនល្អដែលមានរួមទាំងការខ្វះខាតម្ហូបអាហារផងដែរ។
ប្រភពបានបញ្ជាក់ថា៖ «អង្គការនិង UN ធ្លាប់ជួយពួកគាត់ហ្នឹងបានកាត់បន្ថយហើយដូចជាអាហារហូបចុក។ ពួកគាត់រស់នៅជាក្រុមៗនៅភ្នំពេញ។ ក្រុមខ្លះ ១០ នាក់ធ្លាប់បានអង្ករ ២ បាវតែថ្មីៗនេះកាត់នៅសល់តែ ១ បាវទេ»។
លោកថា ជនភៀសខ្លួនម៉ុងតាញ៉ាទាំងនោះបានអំពាវនាវសុំឲ្យអង្គការ ឬរដ្ឋាភិបាលជួយដល់ពួកគាត់ផងព្រោះថាពួកគាត់មិនហ៊ានចេញក្រៅដើម្បីប្រកបរបររកស៊ីអីបាននោះទេ។
អ្នកស្រី Vivian Tan ដែលជាអ្នកនាំពាក្យប្រចាំតំបន់របស់ UNHCR បានទទួលស្គាល់ថាជំនួយឧបត្ថម្ភមួយចំនួនពិតជាត្រូវបានកាត់បន្ថយមែន។
លោកស្រីបានថ្លែងតាមសារអេឡិចត្រូនិកថា៖ «នាពេលបច្ចុប្បន្ននេះមានម៉ុងតាញ៉ាក្រោម ២០០ នាក់មិនទាន់បានទទួលការចុះឈ្មោះនៅភ្នំពេញនៅឡើយទេ។ វាពិតណាស់ថាការជួយឧបត្ថម្ភមួយចំនួនត្រូវបានកាត់បន្ថយដោយសារតែថវិកាមានកម្រិត»។
លោកស្រីក៏បានឲ្យដឹងផងដែរថាម៉ុងតាញ៉ាជាង ១០ នាក់ផ្សេងទៀតបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសវៀតណាមវិញហើយក៏កំពុងស្វះស្វែងរកឲ្យ UNHCR ជួយក្នុងការបញ្ជូនទៅវៀតណាមវិញ។
លោកស្រីបញ្ជាក់ថា ដូចដែលបីក្រុមមុនៗអ៊ីចឹងដែរគឺ UNHCR នឹងជួយសម្រួលឲ្យបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញដោយស្ម័គ្រចិត្តរបស់ពួកគេនោះ។ ប៉ុន្តែមិនទាន់ដឹងថាថ្ងៃណានឹងអាចបញ្ជូនពួកគេទៅវិញច្បាស់លាស់នៅឡើយទេ។
រដ្ឋាភិបាលកម្ពុជាបានកំណត់ឲ្យជនជាតិម៉ុងតាញ៉ាទាំងនោះត្រឡប់ទៅវៀតណាមវិញឲ្យបានមុនថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០១៦ ខាងមុខនេះ។
ជនជាតិ ម៉ុងតាញ៉ា មួយចំនួនធ្លាប់បានអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ថាពួកគេនឹងមិនត្រឡប់ទៅប្រទេសវៀតណាមវិញនោះទេដោយខ្លាចថានឹងត្រូវអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញខ្លាំងជាងមុនថែមទៀត៕